ភ្នំពេញៈ ដើម្បីបញ្ចៀសកុំឱ្យមានរថយន្តធំៗបើកបរចូលក្នុងក្រុង បង្កការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញកំពុងរៀបចំគម្រោងឱ្យឃ្លាំងផ្ទុកទំនិញ និងរោងចក្រវាយនភណ្ឌទាំងអស់ ដែលកំពុងស្ថិតនៅក្នុងក្រុងត្រូវប្ដូរទីតាំងទៅនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី ៣ វិញ បន្ទាប់ពីផ្លូវនេះត្រូវស្ថាបនារួចរាល់។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញដោយទទួលស្គាល់ថា បច្ចុប្បន្ននៅមានរថយន្តធុនធំមួយចំនួន អាចបើកបរចូលក្នុងក្រុងស្ថិតក្នុងម៉ោងហាមឃាត់ដដែលថ្វីបើមានបម្រាមក្ដី ប៉ុន្តែលោកថា ករណីនេះកើតឡើងតិចតួចប៉ុណ្ណោះ ហើយក្នុងនោះក៏មានរថយន្តធំមួយចំនួន ត្រូវបង្ក្រាបបានជាបន្តបន្ទាប់ដែរ។
លោកបន្តថា នៅពេលខាងមុខ អាជ្ញាធរអាចនឹងទប់ស្កាត់បាន ១០០ ភាគរយចំពោះ រថយន្តដឹកទំនិញធំៗដែលលួចបើកចូលក្រុង ក្រោយពីមានការរៀបចំឱ្យឃ្លាំងផ្ទុកទំនិញ និងរោងចក្រវាយនភណ្ឌទាំងអស់ ប្ដូរទីតាំងពីក្នុងក្រុងទៅនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី ៣។
លោកថា៖ «ប៉ុន្តែដើម្បីកុំឱ្យ (រថយន្តធំ) ចូលតែម្ដង លុះត្រាតែផ្លូវក្រវាត់ក្រុងធ្វើហើយ។ រាជរដ្ឋាភិបាល បានមើលទៅទស្សនៈវែងឆ្ងាយ ហើយក៏បានរៀបចំការអភិវឌ្ឍរួចហើយ មិនមែនព្រងើយកន្ដើយបញ្ហាហ្នឹងទេ ឃើញសម្ដេចរៀបចំឱ្យមានការសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ ហ្នឹង គឺគោលដៅឱ្យឃ្លាំងទាំងអស់នេះ ទៅនៅក្រៅក្រុងតាមដងផ្លូវហ្នឹង ហើយមិនឱ្យរថយន្តធុនធំហ្នឹងចូល យើងធ្វើ អាហ្នឹង (ផ្លូវក្រវាត់ក្រុង) បាន យើងនឹងប្រិតប្រៀងឱ្យបាន ១០០ ភាគរយ»។
សាលារាជធានីភ្នំពេញ បានចេញបម្រាមចំពោះរថយន្តធុនធ្ងន់ចូលក្រុង ចាប់ពីម៉ោង ៥ ព្រឹកដល់ម៉ោង ៩ យប់ ចាប់តាំងពីឆ្នាំ ២០១៣ មក ដែលបម្រាមនេះធ្វើឡើងក្នុងបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍។ ប៉ុន្តែទោះយ៉ាងណាគេនៅតែឃើញរថយន្តធុនធំនៅតែបន្តបើកចូលក្រុងនៅក្នុងម៉ោងហាមឃាត់ជារៀងរាល់ថ្ងៃដដែល។
ចំពោះបញ្ហានេះ លោក ឃួង ស្រេង អះអាងថា មូលហេតុនៅតែមានរថយន្តធំខ្លះលួចចូលក្រុងខុសម៉ោងខុសពេល កើតឡើងដោយសារភាពខ្វះចន្លោះរបស់មន្ត្រីប៉ូលិស។ លោកថា៖ «ខ្ញុំចង់ជម្រាបជូន ប៉ូលិស និងកងកម្លាំងសមត្ថកិច្ចខ្ញុំឈរហ្នឹងប្រហែលជាមានខ្វះចន្លោះ ព្រោះគ្នាជាមនុស្សមិនមែនជាគ្រឿងម៉ាស៊ីន បើ ម៉ាស៊ីន បើយើងឱ្យឈរ ២៤ ម៉ោងឈរ ២៤ ម៉ោង ដល់មនុស្សជួនកាលវាទៅបត់ជើងតូច ទៅហូបបាយ អ៊ីចឹងវាចន្លោះប្រហោងត្រង់ហ្នឹង»។
កាលពីថ្ងៃទី ១៤ ខែមករា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ មានប្រវែងជាង ៥២ គីឡូម៉ែត្រ។ ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ផ្លូវនេះគឺជាផ្លូវក្រវាត់ក្រុងដ៏ធំ បម្រើដល់ការដឹកជញ្ជូនដែលតភ្ជាប់ពីផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ២១ ផ្លូវជាតិលេខ ១ និងតទៅដល់ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ។ ផ្លូវក្រវាត់ក្រុងទី ៣ នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែធ្នូ ឆ្នាំ ២០២១។
លោក ស្រេង បញ្ជាក់ទៀតថា គោលបំណងពិតប្រាកដរបស់សាលារាជធានីក្នុងការធ្វើផ្លូវក្រវាត់ក្រុងទី ៣ គឺដើម្បីបញ្ចេញឃ្លាំងទំនិញ និងរោងចក្រវាយនភណ្ឌពីក្នុងក្រុងទៅនៅខាងក្រៅ។
លោកថា៖ «ខ្ញុំកំពុងរៀបចំប្រជុំកិច្ចការងារនេះ ហើយយើងនឹងរៀបចំលិខិតជូនដំណឹង ឬបើកសិក្ខាសាលាមួយជាមួយអ្នកមានឃ្លាំង រោងចក្រវាយនភណ្ឌនៅក្នុងក្រុងឬអ្នកដែលត្រូវដឹកជញ្ជូនសម្ភារចូលក្រុងនេះ ដើម្បីឱ្យដឹង ចំពោះមុខរាជធានីត្រូវការឱ្យអស់លោក ចូលទៅផ្លូវក្រវាត់ក្រុង ដើម្បីកុំឱ្យឡានធំចូលក្រុង ដើម្បីកុំឱ្យពិបាកដឹកជញ្ជូនចុះឡើង»។
លោក គង់ រតនៈ អនុប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍បានគាំទ្រគម្រោងនេះ។ លោកថា៖ «វាជាវិធានការល្អ ប្រសិនបើឃ្លាំងទំនិញ និងរោងចក្រធំៗមួយចំនួនអាចផ្ទេរទៅផ្លូវក្រវាត់ក្រុង ក៏ប៉ុន្តែជាក់ស្ដែង បម្រាម និងបទប្បញ្ញត្តិផ្សេងៗ ច្រើនតែមានរយៈពេលខ្លីឬក៏គាត់អាចពង្រឹងក្នុងរយៈពេលមួយហើយបន្ទាប់មក អត់សូវមានប្រសិទ្ធភាពទៅតាមបទប្បញ្ញត្តិដែលចែងនៅក្នុងសេចក្ដីប្រកាសឬជូនដំណឹងហ្នឹង»។
លោក បន្តថា មូលហេតុដែលសព្វថ្ងៃ នៅតែមានរថយន្តធំបើកបរចូលក្រុងក្នុងម៉ោងហាមឃាត់ អាចដោយសារការឃុបឃិតគ្នា និងភាពព្រងើយកន្ដើយពីកងកម្លាំងសមត្ថកិច្ចមួយចំនួន។
ប៉ុន្តែ លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានថ្លែងថា ចំពោះអ្នកចុះបង្ក្រាបរថយន្តធុនធំចូលក្រុង គឺមិនដែលអាចបំពេញចិត្តរបស់អ្នកចាំមើលទាំងអស់បានឡើយ ហើយលោកថា កងកម្លាំងតែងចុះឃាត់ទុកចំពោះរថយន្តធុនធំ ដែលតែងបើកចូលក្រុងក្នុងម៉ោងហាមឃាត់ ហើយលោកអះអាងទៀតថា កាលពីពេលថ្មីនេះ ខាងសមត្ថកិច្ចទើបតែបង្កើតកន្លែងសម្រាប់ទុករថយន្តធំដែលឃាត់បានផងដែរ។
លោកថា៖ «ទី២ វាអញ្ចេកវាខ្វះកន្លែងដាក់ ឥឡូវយើងរកបានទីតាំងសម្រាប់ឃាត់រថយន្តធំៗរួចអស់ហើយ នៅខណ្ឌមានជ័យ ១ កន្លែង និងខណ្ឌសែនសុខ មាន ១ កន្លែង។ ឥឡូវយើងនៅតែអនុវត្តតឹងរឹងបំផុត ចំពោះករណីនេះ ប៉ុន្តែគាត់ឃើញរថយន្តធំក្រែងក្រោយម៉ោង ៩ យប់ទេដឹង បើក្រោយម៉ោង ៩ យប់អនុញ្ញាតឱ្យគេចូល»៕
(កែសម្រួល សូ វិសាល)