ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ កាលពី​ម្សិល​មិញ​បាន​រៀប​ចំ​វេទិ​កា​ពិគ្រោះ​យោបល់​ស្ដីពី​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល (NGOs) ដែល​ជា​ជំនួប​លើក​ទី១ នៅ​ដើម​ឆ្នាំ​នេះ ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ៧០០ នាក់​មក​ពី​គ្រប់​ស្ថាប័ន​ក្នុង​រាជធានី​ភ្នំពេញនិង​ NGO ​ប្រមាណ ៥០ អង្គការ/សមាគម ស្របពេល​សង្គម​ស៊ីវិល​ដែល​ធ្វើការ​សកម្ម​លើ​បញ្ហា​សិទ្ធិ​មនុស្ស ការ​បោះ​ឆ្នោត និង​ការ​តស៊ូ​មតិ​មួយ​ចំនួន មិន​មាន​វត្តមាន។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អះអាងថា វេទិកា​ពិគ្រោះ​យោបល់​ស្ដីពី​ភាពជា​ដៃគូ​នេះ​គឺជា​យន្តការ​ដោះស្រាយ​បញ្ហា​មិន​ស្របគ្នា​រវាង​អាជ្ញាធរ និង​សង្គម​ស៊ីវិល ខណៈ​ដែល​សង្គម​ស៊ីវិល​ក៏បាន​រំពឹង​ដែរ​ថា​បញ្ហា​ដែល​ពួកគេ​បាន​លើក​ឡើង​នឹង​ត្រូវ​បាន​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក ឃួ​ង ស្រេង បាន​ថ្លែងថា អង្គការ​សង្គម​ស៊ីវិល បាន​ចូលរួម​ចំណែក​ជា​អាទិភាព​ក្នុង​ការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ​ជាមួយ​រដ្ឋាភិបាល ដូច្នេះ​អាជ្ញាធរគ្មាន​ចេតនា​ណាមួយ​ក្នុង​ការ​រឹត​ត្បិត គាប​សង្កាត់ សិទ្ធិ​សេរីភាព ការ​បញ្ចេញ​មតិ​ពួកគេ​ឡើយ។ លើស​ពី​នេះ លោក​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទាំង ១២ ខណ្ឌ ត្រូវ​តែ​ជួយ​សម្រប​សម្រួល​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សង្គម​ស៊ីវិល​ក្នុង​ការ​ធ្វើ​សកម្មភាព​ដោយ​សេរី និង​គ្មាន​ការ​គំរាម​កំហែង​ទៀត​ផង។

លោក​បញ្ជាក់ថា៖ «អង្គការ ៧២៩ អង្គភាព ក្នុង​រាជធានី​ភ្នំពេញ បាននិងកំពុង​ប្រតិបត្តិការ​សកម្មភាព​របស់​ខ្លួន​ដោយ​គ្មាន​ការ​ហាម​ឃាត់​ឬ​ការ​រារាំង​ណាមួយ​ឡើយ។ ជាមួយ​គ្នា​នេះ តាមរយៈ​តួលេខ​នេះ​បាន​បង្ហាញ​ថា ចំនួន​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល គ្មាន​ការ​ថយ​ចុះ​ដូច​ការ​ព្រួយបារម្ភ​របស់​បុគ្គល​មួយ​ចំនួន​ដែល​តែង​តែ​ចោទ​ប្រកាន់​មក​រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​មូលដ្ឋាន»។

យ៉ាងណា លោក ឃួ​ង ស្រេង ទទួលស្គាល់ថា ការដែល​កើតមានបញ្ហា​កន្លងមក ព្រោះ​តែ​មិន​មាន​ការ​យល់​គ្នា ដូច្នេះ វេទិកា​នេះ​នឹង​ចូលរួម​ដោះស្រាយ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ កាន់​តែ​យល់​គ្នា​ថែម​ទៀត​ជាមួយ​ក្រុម​សង្គម​ស៊ីវិល ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​ភាព​ស្មោះត្រង់។

តាម​ការជជែក​ដេញដោល​ពេញ​មួយ​ព្រឹក មាន​មន្ត្រី​សង្គម​ស៊ីវិល​ចំនួន ៨ រូប បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម និង​កង្វល់​របស់​ពួកគេ​រៀងៗ​ខ្លួន ដែល​ភាគ​ច្រើន គឺ​បញ្ហា​ទាក់ទង​នឹង​ភាព​ស្មុគស្មាញ​ផ្នែក​រដ្ឋបាល បញ្ហា​រឹត​ត្បិត​សិទ្ធិ​សេរីភាព និង​បញ្ហា​នានា​ទាក់ទង​នឹង​តថភាព​សង្គម​ជាដើម​ហើយ​ក្នុង​ចំណោម​ការ​លើក​ឡើង​ទាំង​នេះ​ក៏មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​នៅ​ក្នុង​អង្គប្រជុំ​ដោយ​បញ្ហា​ខ្លះ ត្រូវ​បាន​ដោះស្រាយ និង​បញ្ហា​ខ្លះទៀត ត្រូវ​បាន​អាជ្ញាធរ​សន្យា​ថា​នឹង​ពិនិត្យ​ដោះស្រាយ​នៅ​ពេល​ក្រោយ។

លោក ដេ​ត ប៊ុន​ថុ​ន អគ្គលេខាធិការ​អង្គការ​សមាគមយុវជន​គ្រិ​ស្ទា​ន​កម្ពុជា បាន​ថ្លែង​ថា បញ្ហា​ដែល​លោក និង​សង្គម​ស៊ីវិល​ដទៃ​ទៀត​លើក​ឡើង​គឺ​សុទ្ធ​តែ​ជា​បញ្ហា​ប្រឈម ដែល​ចាំបាច់​ត្រូវការ​ការ​ដោះស្រាយ​ពី

អាជ្ញាធរ។​លោក​សង្ឃឹម​ថា អ្វីៗ​ដែល​បាន​លើក​ឡើង​ហើយ​បញ្ហា​ទាំង​នោះ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​មិន​ត្រូវ​គេច​វេះ ឬ​អូស​បន្លាយ​ទៀត​ទេ។

លោក​បាន​បញ្ជាក់ថា៖ «អ្វីដែលយើង​បាន​ស្នើសុំ ហើយ​អ្វីដែល​យើង​បាន​ដាក់​ជូន​ទៅ នឹង​ត្រូវ​បាន​ដោះស្រាយ ព្រោះ​តែ​បញ្ហា​ផ្នែក​រដ្ឋបាល​ជាមួយ​ថ្នាក់​ក្រោម​ជាតិ ដូចជា​សង្កាត់​អីហ្នឹង គឺមាន​ភាព​ពិបាក​មែន​ទែន ដោយ​គ្រាន់​តែ​ចងក្រង​ក្រុម​មនុស្ស​ចាស់​នៅ​ក្នុង​សហគមន៍​ក៏មាន​ការ​បដិសេធ។ ដូច្នេះនៅ​ពេល​លើក​ឡើង​ហើយ អាជ្ញាធរ​ថ្នាក់​ក្រោម​នឹង​ចូលរួម​សហការ»។

លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ដែល​អវត្តមាន​ក្នុង​វេទិកា​បាន​ថ្លែង​ថា វា​ជា​រឿង​ល្អ​មួយ​ដែល​កន្លង​មក​មិន​សូវ​ឃើញ​មាន​ធ្វើ​វេទិកា​បែបនេះ។ ប៉ុន្តែលោក​សោក​ស្តាយ ដែល​អង្គការ​លោក​ក៏​ដូចជា​អង្គការ​ធ្វើ​លើ​ការ​តស៊ូ​មតិ​និង​សិទ្ធិ​មនុស្ស​ខ្លះ​ទៀត​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម។

លោក​បញ្ជាក់ថា៖ «ការ​កត់សម្គាល់​ចំពោះ​ការរៀបចំ​នេះ​វិញ មិនទាន់​បាន​ល្អ​ប្រសើរ​នោះ​ទេ ជា​ពិសេស​មិន​បាន​អញ្ជើញ​អង្គការ​ដែល​ធ្វើ​លើ​វិស័យ​សិទ្ធិ​មនុស្ស វិស័យ​ឃ្លាំ​មើល​ការ​បោះឆ្នោត និង​តស៊ូ​មតិ​ផ្សេងៗ ដោយសារ​ក្រុម​អង្គការ​ខាង​លើ​នេះ សកម្ម​ហ៊ាន​រិះគន់​ទៅ​លើ​រដ្ឋាភិបាល។ ការ​រៀបចំ​របៀប​នេះ ខ្ញុំ​មើល​ឃើញ​មិន​ទាន់​បាន​ធ្វើ​ឡើង​ដោយ​កើត​ចេញ​ពី​ឆន្ទៈ និង​មាន​ភាព​ស្មោះត្រង់ ពី​សំណាក់​ខាង​សាលា​ក្រុង​នៅ​ឡើយ​ទេ»។

យ៉ាងណាក្ដី អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​បដិសេធ និង​អះអាង​ថា ការ​រៀបចំ​វេទិកា​នេះ​គ្មាន​បែង​ចែក​បក្ខពួក​និន្នាការ​នយោបាយ ឬ​រើស​អើង​ឡើយ​ឲ្យ​តែ​សង្គម​ស៊ីវិល​អាច​ចុះ​ឈ្មោះ​ចូលរួម​បាន។

លោក​បន្តថា ការមិន​បាន​ចូលរួម​របស់​អង្គការ​ទាំងនេះ ព្រោះតែ​ពួកគេ​មិន​ព្រម​ចុះ​ឈ្មោះ​ដោយ​ខ្លួនឯង តែ​យ៉ាង​ណា​ក្នុង​ឱកាស​ក្រោយៗ សាលា​រាជធានី​ភ្នំពេញ​នឹង​ទុក​ពេលវេលា​នៃ​ការ​ចុះ​ឈ្មោះ​ឲ្យ​បាន​យូរ​ជាង​នេះ​ដើម្បី​សម្រួល​ឲ្យ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នោះ​បាន​ចូលរួម​ឲ្យ​បាន​គ្រប់ៗ​គ្នា ចៀស​វាង​ចោទ​ប្រកាន់​មក​លើ​អាជ្ញាធរ​ថា រើសអើង៕