ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីណែនាំ​ចំនួន​ ៧ ​ចំណុច​ ទៅដល់​អាជ្ញាធរ​ក្នុង​ខណ្ឌ​ទាំង ​១៤ ឱ្យ​​ចុះ​អប់រំ​ប្រជា​ពលរដ្ឋ​ឱ្យ​បន្ត​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ​រល​ក​ទី​ពីរ​ នៃ​ជំងឺ​កូ​វីដ ​១៩​​។​

​សេចក្ដីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃទី​ ២៥​​ ខែ​ឧសភា គឺ​បាន​បញ្ជា​ឱ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ ​រួមទាំង​មន្ទីរ​ និង​អង្គភាព​ចំណុះ ត្រូវតែ​បន្ត​ចាត់​កម្លាំង​ចុះ​អប់រំ​ និង​ណែនាំ​ពលរដ្ឋ ឱ្យ​កែប្រែ​ឥរិយាបថ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ ដូចជា សម្អាត​ដៃ​ជាប្រចាំ ពាក់​ម៉ាស់​ និង​ក្រមា នៅពេល​កណ្ដាស់​ឬ​ក្អក និង​ត្រូវអនុវត្ត​គ​ន្លាត​សង្គម​ជា​ចាំ​បាច់​។​

​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ឱ្យ​អាជ្ញាធរ​ បន្ត​ចុះ​ហាមឃាត់​ការជួបជុំ​ និង​ប្រមូលផ្ដុំ​នៅតាម​មូលដ្ឋាន ដូចជា​តាម​កម្មវិធី​ជប់លៀង ឬ​តាមបែប​សាសនា ហើយ​ត្រូវ​បិទ​បណ្ដោះអាសន្ន​ ចំពោះ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់ដូរ​នានា ដែល​មិនបាន​អនុវត្ត​តាម​វិធានការ​បង្ការ​ដូចជា ដាក់​អាល់កុល​លាងដៃ​នៅ​ច្រក​ចេញ​ចូល និង​វាស់​កម្ដៅ​ភ្ញៀវ​ជាដើម​។​

​សេចក្ដី​ណែនាំ​បានសរសេរថា​៖ «​ត្រូវ​បន្ត​ត្រួតពិនិត្យ និង​តាមដាន​ការអនុវត្ត​នូវ​វិធាន​ការផ្អាក​បណ្ដោះអាសន្ន​នូវ​ទីតាំង​អាជីវកម្ម​មួយ​ចំនួន ដូចជា ក្លិប​ហាត់​ប្រាណ រោង​ភាព​យន្ត ក្លិប​កម្សាន្ត ដូចជា រង្គសាល ខារ៉ាអូខេ ឌី​ស្កូ​តែ​ក និង​បៀរ​ហ្គាឌិន អាជីវកម្ម​ម៉ាស្សា​សុខ​ភាព​និង​ស្ប៉ា​»។

​ក្រៅ​ពី​នោះ សមត្ថ​កិច្ច​គ្រប់​ខណ្ឌ ត្រូវ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ដែល​ទើប​ត្រឡប់​ពី​ក្រៅប្រទេស ដើម្បីណែនាំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​រយៈពេល ​១៤​ ថ្ងៃ និង​ចុះ​ពិនិត្យ​ស្ថានភាព​កន្លែង​ស្នាក់នៅ​របស់​ពលរដ្ឋ​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅតាម​ផ្ទះ​ជាដើម​។​

​កម្ពុជា​បាន​រាយការណ៍​ពីការ​គ្មាន​ករណី​ថ្មី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩ នៅ​ថ្ងៃទី ​២៣ ទី ​២៤ ទី​ ២៥ និង​ថ្ងៃទី ​២៦ ​ខែឧសភា​ បន្ទាប់ពី​មាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ ​ពីរ​នាក់​នៅ​ថ្ងៃទី​ ២១​ និង​ ២២ ​ខែ​ឧសភា ដែល​ម្នាក់​ធ្វើដំណើរ​ត្រឡប់​ពី​ប្រទេស​ហ្វីលីពីន និង​ម្នាក់ទៀត​ ធ្វើដំណើរ​ត្រឡប់​ពី​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​។ ២​ ករណី​បន្ថែម​នេះ បានធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​នៅ​កម្ពុជា​កើន​ឡើង​​ដល់​ ១២៤ ​នាក់ ក្នុងនោះ​ព្យាបាល​ជាសះ​ស្បើយ​ ១២២​ នាក់​។​

​ការរកឃើញ​ករណី​ថ្មី​នាំចូល​ទាំងពីរ​នេះ គឺ​ក្រោយ​មួយថ្ងៃ បន្ទាប់ពី​រដ្ឋាភិបាល ​បានប្រកាស​ដកចេញ​វិធានការ​ហាម​ឃាត់​អ្នក​ដំណើរ​មកពី​សហរ​ដ្ឋ​អា​មេរិក បារាំង អីុតាលី អីុរ៉ង់ អេស្បា​៉ញ និង​អាល្លឺម៉ង់​។

​ថ្វី​ដ្បិត​មាន​ការដក​វិធានការ​ទាំងនេះ​ក្ដី ប៉ុន្តែ​ក្រសួង​សុខាភិបាល​ បាន​អះអាងថា អ្នកដំណើរ​ជនបរទេស​ដែល​អនុញ្ញាត​ឱ្យចូល​កម្ពុ​ជា គឺ​ត្រូវមាន​លិខិតបញ្ជាក់​សុខភាព​គ្មាន​​ជំងឺ​កូ​វីដ​ ១៩ ត្រូវមាន​ឯកសារ​ធានារ៉ាប់រង​សុខភាព​យ៉ាង​​តិច​៥​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​បញ្ជូនទៅ​មណ្ឌល​រង់ចាំ ដើម្បី​ធ្វើតេស្ដ​រក​ជំងឺ​កូ​វីដ ១៩​ និង​រង់​​ចាំ​​ទទួល​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​ពី​មន្ទីរ​ពិសោធន៍​ប៉ាស្ទ័រ​។​

​ក្រសួង​បញ្ជាក់​ទៀត​ថា ប្រសិនបើ​មាន​អ្នកដំណើរ​ម្នាក់​ឬ​ច្រើន ត្រូវបាន​រកឃើញ​ជំងឺ​កូ​វីដ​ ១៩ គឺ​អ្នករួមដំណើរ​ទាំងអស់​ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​ទីតាំង​ដែល​កំណត់ដោយ​គណៈកម្មកា​រ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​

កូ​វីដ​១៩ ហើយ​ប្រសិន​អ្នកដំណើរ​ទាំងអស់​ ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ ជំងឺ​កូ​វីដ​ពី​មន្ទីរពិសោធន៍ ត្រូវ​អនុញ្ញាត​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​។​

​លោក​ស្រី យស់ សម្បត្តិ រដ្ឋលេខាធិការ​ ក្រសួង​សុខា​ភិបាល​ បានបញ្ជាក់​​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ចាប់ពី​ថ្ងៃទី​ ២០​​ ខែ​ឧសភា មាន​អ្នកដំណើរ​ជិត​១​ពាន់​នាក់ មាន​ទាំង​ខ្មែរ​និង​ជនបរទេស បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ ចូលមក​ព្រលាន​យន្ត​ហោះ​កម្ពុជា ហើយ​អ្នក​ទាំងនោះ គឺ​ត្រូវបាន​ណែនាំ​ឱ្យ​​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​លោកស្រី​បន្តថា នៅក្នុង​ខែ​មិថុនា​ខាង​មុខ​ នឹងមាន​​ពលរដ្ឋ​កម្ពុជា​ជា​ពិ​សេ​សក្រុម​និស្សិត នឹង​អាច​សម្រុក​វិល​ត្រឡប់​មក​លេង​នៅ​កម្ពុជា ដោយសារតែ​ជា​ពេលវេលា​វិស្សម​កាល ហើយនឹង​អាចធ្វើ​ឱ្យ​ក្រសួង​សុខាភិបាល​និង​សាលា​រាជធានី​ភ្នំពេញ រៀបចំ​ទីតាំង​សាលារៀន​បន្ថែម ​ធ្វើជា​មណ្ឌល​រង់ចាំ​ នៅពេល​ត្រូវយក​សំណាក​ទៅ​ធ្វើ​តេស្ដ​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​៕