ភ្នំពេញៈ មន្ត្រីសាលារាជធានីកាលពីម្សិលមិញបានបញ្ចេញប្រតិកម្មភ្លាមៗទៅនឹងសារព័ត៌មានក្នុងស្រុក និង មតិមួយចំនួនដែលរិះគន់ទៅលើស្ថាប័ននេះថាមិនអនុញ្ញាតឱ្យសម្តេចសង្ឃរៀបចំពិធីដង្ហែក្បួនមាឃបូជាដោយអះអាងថាសម្តេចសង្ឃជាអ្នកសុំផ្អាកដោយអង្គឯង។
ការប្រតិកម្មនេះធ្វើឡើងភា្លមៗជាការឆ្លើយតបទៅមតិមួយចំនួនជាពិសេសនៅតាមបណ្តាញហ្វេសប៊ុកដែលបានបង្ហោះតៗគ្នាថាព្រះពុទ្ធសាសនាជាសាសានារបស់រដ្ឋបែរជាសាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យហែក្បួនមាឃបូជាតែបែរជាអនុញ្ញាតឱ្យមានពិធីហែក្បួនអ្នកតាយួន ចិននៅលើផ្លូវសាធារណៈដែលជាប្រពៃណីរបស់ចិន និងយួនទៅវិញ។
ក្នុងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះស្រដៀងៗគ្នាថា «មាឃបូជាបុណ្យជាតិដ៏ធំរបស់ខ្មែរតែសាលាក្រុងមិនអនុញ្ញាតឲ្យដង្ហែក្បួនដូចរាល់ឆ្នាំរីឯការឡើងអ្នកតា យួន ចិន ដង្ហែក្បួនម៉ាសេរីដោយឥតបញ្ហានេះ ឬជាការថែរក្សាការពារមរតកដូនតាខ្មែរ»។
ជាការកត់សម្គាល់នៅថ្ងៃដង្ហែក្បួនអ្នកតាចិន យួនត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។
អ្នកនាំពាក្យសាលារាជធានីលោក ឡុង ឌីម៉ង់ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញដោយបកស្រាយថាក្រោយពីទទួលបានលិខិតជូនដំណឹងពីសម្តេចសង្ឃ សាលាក្រុងបានអនុញ្ញាតឱ្យមានការហែក្បូនមាឃបូជាជាធម្មតាហើយសាលាក្រុងបានត្រៀមកម្លាំងសន្តិសុខដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈទៀតផង។
តែលោកថា គ្រាន់តែមិនអនុញ្ញាតឱ្យមានការហែក្បួនលើផ្លូវព្រះនរោត្តមតែមួយប៉ុណ្ណោះដោយខ្លាចប៉ះពាល់ដល់គណៈប្រតិភូកម្ពុជាស្របពេលដែលព្រះអង្គម្ចាស់ក្សត្រិយ៍ថៃធ្វើទស្សនកិច្ចនៅកម្ពុជា។
លោកបញ្ជាក់ថាក្រោយពីលោកបានជូនដំណឹងនេះត្រឡប់ទៅវិញសម្តេចសង្ឃបានសម្រេចចិត្តសុំផ្អាកហែក្បួនដោយខ្លួនឯង។ លោកថ្លែងថា៖ «អ៊ីចឹងទេព្រះអង្គលោកសពព្រះទ័យថាសុំកែតម្រូវវិញអត់ធ្វើវិញចាំឆ្នាំក្រោយវិញ»។
កាលពីថ្ងៃទី ១៧ ខែកុម្ភៈសម្តេចសង្ឃ នន្ទ ង៉ែត ជាសម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរលិខិតទៅអភិបាលរាជធានីលោក ប៉ា សុជាតិវង្ស ដោយស្នើសុំដង្ហែក្បួនពិធីមាឃបូជាដែលមានព្រះសង្ឃ ពុទ្ធបរិស័ទ សិស្ស និស្សិត ចូលរួមដង្ហែក្បួនចន្លោះពី ៤០០ ទៅ ៦០០ នាក់។
លិខិតបញ្ជាក់ថា៖ «វត្តបទុមវតីបានរៀបចំពិធីបុណ្យមាឃបូជា និងក្បួនដង្ហែមាឃបូជាដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៣ និង ៣០ នាទីរសៀលនាថ្ងៃ ១៥ កើតខែមាឃ ឆ្នាំមមែ សូមឯកឧត្តមជួយសម្រួលផ្នែកសន្តិសុខចរាចរណ៍តាមដងផ្លូវ»។
លិខិតបន្តថា ក្បួនដង្ហែ មាឃបូជា នឹងចាប់ផ្តើមហែចេញពីវត្តបទុមវតីឆ្ពោះទៅជើងដល់របងព្រះបរមរាជវាំងបត់ស្តាំទៅកើតត្រង់ដល់ក្រសួងធម្មការ និងសាសានាបត់ស្តាំទៅត្បូងតាមដងវិថីព្រះស៊ីសុវត្ថិឆ្ពោះទៅត្បូងដល់រូបសំណាកសម្តេចព្រះសង្ឃ ជួន ណាត បត់ស្តាំតាមមហាវិថីព្រះសុរាម្រិតត្រង់ទៅលិចដល់វិមានឯករាជ្យបត់ស្តាំទៅជើងតាមមហាវិថីព្រះនរោត្តមដល់ផ្លូវឧកញ៉ា ឈុន បត់ស្តាំត្រង់ទៅកើតដល់ផ្លូវ ឧកញ៉ា សួរ ស្រ៊ុន រួចបត់ស្តាំត្រឡប់ចូលវត្តវិញ។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំអត្ថាធិប្បាយពីសម្តេចសង្ឃ នន្ទ ង៉ែត បានទេពីម្សិលមិញដោយព្រះអង្គមានសង្ឃដីកាថាជាប់រវល់។ កាលពីម្សិលមិញនៅវត្តបទុមវតីមានព្រះសង្ឃ ពុទ្ធបរិស័ទ សិស្ស និស្សិត ជាង ១០០០ អង្គ-នាក់បានប្រារព្ធពិធីមាឃបូជាដូចធម្មតា និងហែក្បួនជុំវិញវត្តប៉ុណ្ណោះមិនបានហែក្បួនទៅតាមគោលដៅដែលត្រៀមទុកនោះទេ។
ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គមលោក ប៉ូ សំណាង បានថ្លែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជាទាំងមូលដូចនេះសាលាក្រុងគួររៀបចំកាលវិភាគឱ្យសមស្របធ្វើយ៉ាងណាឱ្យសម្តេចសង្ឃដង្ហែក្បួនមាឃបូជាតាមគ្រប់ផ្លូវ។
លោកថា៖ «ទោះបីជាអ្នកណា ឬស្តេចណាអញ្ជើញមកកម្ពុជាក៏ដោយត្រូវតែអនុញ្ញាតឱ្យសម្តេចសង្ឃធ្វើការហែក្បួនពុំគួរបិទផ្លូវមួយនេះ ឬមួយនោះទេ»។ «បើសិនយើងបិទផ្លូវដើម្បីគេចំថ្ងៃពិសេសរបស់យើងធ្វើឱ្យព្រះមហាក្សត្រអង្គគេថាគាត់មានអំណាចខ្លាំងជាងវិស័យព្រះពុទ្ធសាសនាទៀត»។
ប្រជាជនកម្ពុជាប្រមាណ ៩៥ ភាគរយមានជំនឿលើព្រះពុទ្ធសាសនាហើយរដ្ឋធម្មនុញ្ញបានចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ចំណែកនៅថ្ងៃមាឃបូជាកម្ពុជាក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរឈប់សម្រាកពីការងារដើម្បីទៅចូលរួមធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនានេះផងដែរ៕