ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ បាន​ទុក​ពេល ១ ខែ គិត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២២ មករា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាង​ណា​បញ្ឈប់​ការ​រំលោភ​លើ​ដង​ផ្លូវ និង​ចិញ្ចើម​ផ្លូវ​សាធា​រណៈ​បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​ប្រឈម​ចំពោះ​ការ​បិទ​អាជីវកម្ម ផ្អាក​ការដ្ឋាន ដក​ហូត​សម្ភារ និង​រុះរើ​សំណង់ ឬ​អាច​ត្រូវ​ប្រឈម​ទៅ​នឹង​ផ្លូវ​ច្បាប់ ដែល​ការ​ព្រមាន​បែប​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បាន​ធ្វើ​ឡើង​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មិន​ឃើញ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នោះ​ទេ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា អាជ្ញាធរ​នៅ​តាម​បណ្ដា​ខណ្ឌ​ទាំង ១២ បាន​ចាប់​ផ្ដើម​ចុះ​ធ្វើ​កំណត់​ហេតុ នៅ​តាម​បណ្ដា​ដង​ផ្លូវ​ទាំង​អស់​ក្នុង​ក្រុង ចំពោះ​ទីតាំង​ណា ដែល​មាន​ការ​រំលោភ​ចិញ្ចើម​ផ្លូវ​សាធា​រណៈ។ លោក​ថា៖ «យើង​គិត​ចាប់​ពី​ថ្ងៃ​យើង​ផ្សព្វផ្សាយ​ទៅ (ថ្ងៃ​ទី ២២ មករា) នេះ​ទៅ​ម៉ា​ខែ គាត់ (គណៈ​បញ្ជាការ​ខណ្ឌ​ទាំង ១២) ដើរ​ធ្វើ​កំណត់​ហេតុ នៅ​ទីតាំង​រំលោភ​ចិញ្ចើម​ផ្លូវ​សាធា​រណៈ ក៏​ដូចជា​ទ្រូង​ផ្លូវ គិត​ចាប់​ពីថ្ងៃ​ផ្សាយ​ហ្នឹង​ទៅ»។

នៅក្នុង​សេចក្ដីជូនដំណឹង​របស់​សាលាក្រុង ចេញផ្សាយ​ថ្ងៃ​ម្សិល​ម៉ៃ្ង បង្ហាញ​ថា ប្រជា​ពលរដ្ឋ ដែល​ជា​ម្ចាស់​លំនៅ​ឋាន ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ការដ្ឋាន អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ គ្រឹះស្ថាន​អប់រំ អគារ​សាធា​រណៈ វិស័យ​ឯកជន និង​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​ទាំង​អស់​ត្រូវ​កែ​សម្រួល និង​រៀបចំ​ទីតាំង​របស់​ខ្លួន ឱ្យបាន​ត្រឹមត្រូវ ស្រប​តាម​ខ្លឹមសារ​ណែនាំ ដូចជា ត្រូវ​ចៀស​វាង​ដាច់​ខាត ការ​ឈប់ ឬ​ចត​យាន​ជំនិះ​នៅ​កន្លែង​ហាម​ឃាត់​ដូចជា នៅ​លើ​ទ្រូង​ផ្លូវ ចិញ្ចើម​ផ្លូវ ដែល​ទុក​បម្រុង​សម្រាប់​អ្នក​ថ្មើរ​ជើង។ ហាម​ដាច់​ខាត ម្ចាស់​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ធ្វើការ​ហ៊ុមព័ទ្ធ​ការដ្ឋាន​លើ​ចិញ្ចើម​ផ្លូវ​លើស​ពី ១ ភាគ ៣ ប្រើប្រាស់​ទ្រូង​ផ្លូវ​ដាក់​សម្ភារ​សំណង់​របស់​ខ្លួន ដូចជា ដែក ខ្សាច់ ក្រួស ថ្ម។ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ រថយន្ត​កុងតឺន័រ រថយន្ត​បាញ់​បេតុង និង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ត្រូវ​ចេញ​ចូល​ក្រុង​ដោយ​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ចៀស​វាង​ការ​ប្រើប្រាស់​ទ្រូង​ផ្លូវ​ក្នុងការ​លើក​ដាក់​ផ្ទេរ​ទំនិញ បាញ់​បេតុង ឬ​ឈប់​សំចត ដោយ​អនាធិប​តេយ្យ។

សេចក្តីជូនដំណឹង​បន្តថា ការរៀបចំ​សម្ភារ ទំនិញ ម៉ូតូ និង​រថយន្ត​ដាក់​តាំង លក់ អាច​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ត្រឹម ១ ភាគ ៣ ជា​លក្ខណៈ​បណ្ដោះ​អាសន្ន ហើយ ២ ភាគ ៣ សម្រាប់​ថ្មើរ​ជើង និង​ចរាចរណ៍។ រាល់​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ជា​ទីតាំង​ផ្ញើ​កង់​ម៉ូតូ មិន​ត្រូវ​លើស​ពី ១ ភាគ ៣ នៃ​ចិញ្ចើម​ផ្លូវ​ឡើយ។

ប៉ុន្តែ​សេចក្ដីជូនដំណឹង​នេះ​បញ្ជាក់ថា ចិញ្ចើមផ្លូវ​នៅតែ​អាច​យកទៅ​ប្រើប្រាស់​បាន​សម្រាប់​បម្រើ​សកម្មភាព​មួយ​ចំនួន​ដូចជា ការ​ធ្វើ​ចរាចរណ៍​ដោយ​ថ្មើរ​ជើង ធ្វើ​សកម្មភាព​វប្បធម៌ កីឡា ការ​តាំង​ពិព័រណ៍ និង​ពិធី​បុណ្យ​ផ្សេង​ទៀត នៅ​លើ​ដង​ផ្លូវ ប៉ុន្តែ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ទៅ​តាម​កម្រិត​នៃ​ពិធី និង​ភាព​ចាំបាច់។

ការបម្រើ​សកម្មភាព​ជីក​កប់​បណ្ដាញ​ក្រោម​ដី ដូចជា បណ្ដាញ​ទឹកស្អាត ប្រព័ន្ធ​លូ ខ្សែ​បញ្ជូន​អគ្គិសនី បំពង់​ទុយោ ខ្សែ​កាប្លិ៍​អុបទិក គ្រប់​ប្រភេទ និង​បរិក្ខារ​ក្រោម​ដី​ផ្សេង​ទៀត អាច​ធ្វើ​សកម្មភាព​សាង​សង់​ក្នុង​គម្រោង​ចាំបាច់​មួយ​ចំនួន ដូចជា បរិក្ខារ​បម្រើ​ឱ្យ​វិស័យ​ការពារ​ជាតិ សន្ដិសុខ​ជាតិ​តាម​ការ​ចាំបាច់​ផ្សេងៗ។

ដោយឡែក​ចាប់ពី​ថ្ងៃទី ១ ខែកក្កដា​ខាងមុខ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​បញ្ឈប់​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​រៀបចំ​រោងការ និង​រោង​បុណ្យ​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​ទ្រូង​ផ្លូវ​ទៀត​ឡើយ ដោយ​តម្រូវ​ឱ្យ​ពលរដ្ឋ​ត្រូវ​ទៅ​ស្វែងរក​ទីតាំង​សម​ស្រប​ណាមួយ ដូចជា​នៅ​ក្នុង​វត្ត​អារាម​ឬ​រក​ទីតាំង​ឯកជន។

សាលា​រាជធានី​ភ្នំពេញ​អះអាងថា ការចេញ​សេចក្ដីណែនាំ ដើម្បី​កុំឱ្យ​មានការ​រំលោភ​លើ​ចិញ្ចើម និង​ដង​ផ្លូវ​សាធា​រណៈ​នៅ​ទូទាំង​ក្រុង​នេះ គឺ​ដោយសារ​ការ​ចេញ​សេចក្ដី​ណែនាំ​មួយ​កាល​ពី​ឆ្នាំ ២០១៧ ដោយ​ជ្រើស​យក​ផ្លូវ​សំខាន់ ១១ ខ្សែ ទទួល​បាន​ការ​ចូលរួម​អនុវត្ត​ច្រើន​ពី​ពលរដ្ឋ។

លោក គង់ រតនៈ អនុប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​លើក​ឡើង​ថា សេចក្ដី​ណែនាំ​បែប​នេះ ហាក់​មិន​មាន​អ្វី​ថ្មី​ឡើយ ហើយ​ការ​អនុវត្ត​កន្លង​មក ហាក់​មាន​ឧបសគ្គ​ច្រើន ដែល​ធ្វើឱ្យ​អាជ្ញាធរ​តែង​មិន​បាន​ជោគ​ជ័យ។

លោក​ថា៖ «ធ្លាប់​បាន​ឃើញ​កន្លង​មក​ដែល​គាត់​ប្រកាស​គ្រោង​ចាត់​វិធានការ ក៏ប៉ុន្តែ​គ្រាន់​ថា ការ​អនុវត្ត​ហ្នឹង​ត្រឹមតែ​ថ្នាក់​ខណ្ឌ ឬក៏​ថ្នាក់​ក្រុង​អ៊ីចឹង​ទៅ ដល់​ពេល​ធ្វើ​ទៅ​ច្រើន​តែ​ប៉ះពាល់ (អ្នក​មាន​អំណាច) ហើយ​ច្រើន​តែ​មាន​ការ​អន្តរា​គមន៍​ពី​លើ។ ខ្ញុំ​សាទរ បើសិន​ជា​គាត់ (សាលា​ក្រុង) ទទួល​បាន​ជោគជ័យ ក៏ប៉ុន្តែ​ឆ្លង​តាម​បទ​ពិសោធ​កន្លង​មក យើង​ឃើញ​ថា នឹង​លែង​ឱ្យ​មាន​ការ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​ទៀត​ណាស់»។

លោក​បន្ថែមថា ដើម្បី​បញ្ឈប់​ការលក់ដូរ​នៅតាម​ចិញ្ចើមផ្លូវ​បាន​អាជ្ញាធរ​គួរ​ត្រូវ​តែ​ស្វែងរក​ទីតាំង​ណា​ផ្សេង ដើម្បី​ឱ្យ​ពួកគាត់​ទៅ​លក់​ដូរ នៅ​ទីតាំង​នោះ​ជំនួស​វិញ ព្រោះ​ការ​ធ្វើ​បែប​នេះ នឹង​ចៀស​វាង​ពលរដ្ឋ​យំ​ស្រែក ហើយ​បង្ក​ជា​រូបភាព​មិន​ល្អ៕