ភ្នំពេញៈ អាជ្ញាធរ​រាជធានី-ភ្នំពេញ​បាន​ប្រកាស​ពី​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ឆ្លង​ផ្លូវ​ចំនួន​ ២ ​ទីតាំង​បន្ថែម​ទៀត លើ​មហាវិថី​ម៉ៅ​សេទុង​នៅត្រង់​ចំណុង​សាលាបឋមសិក្សា​សន្ធរម៉ុក​ និង​នៅ​ខាងលិច​ផ្សារ​ដើម​គ ដើម្បី​សម្រួល​ដល់​ការធ្វើ​ដំណើរ​ឆ្លងផ្លូវ​របស់​ប្រជាពលរដ្ឋ​។

គម្រោង​សាងសង់​ស្ពាន​នេះ​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ប្រកាស​នៅលើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍ​កាន់តែ​រីកចម្រើន​ទីក្រុង​កាន់តែ​ស៊ីវិល័យ​។ រដ្ឋបាល​រាជធានី​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​​ ២ ​ទីតាំង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឆ្លងកាត់​តំបន់​នោះ​ប្រកប​ដោយ​សុវត្ថិភាព​។

សាលា​រាជធានី​បញ្ជាក់​ថា​៖ «​ស្ពាន​ថ្មើរជើង​ទាំង​ ២ ​នេះ​នឹង​បង្កើន​សម្រស់​រាជធានី​ភ្នំពេញ​មួយកម្រិត​ទៀត ហើយ​ស្ពាន​នេះ​ក៏​ជា​កន្លែង​ផ្តល់​សុវត្ថិភាព​ជូន​អ្នក​ថ្មើរជើង​បាន​ល្អ​ផង​ដែរ​»​។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា គម្រោង​នេះ​នឹង​ចាប់ផ្ដើម​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​បើ​គំនូស​ប្លង់​រចនា​នេះ គ្មាន​បញ្ហា ឬ​គ្មាន​ការកែប្រែ​អ្វី​នោះទេ​។

តាម​គណនី​ហ្វេសប៊ុក​មួយ​ចំនួន​បាន​សរសេរ​គាំទ្រ​ចំពោះ​ការប្រកាស​ពី​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នេះ​ដោយ​ពួកគេ​ដែល​បាន​ចូល​បញ្ចេញ​មតិ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​សាលា​រាជធានី​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ស្ពាន​ទាំងនេះ​ឲ្យ​បាន​ច្រើន​ក្នុង​តំបន់​របស់​ពួកគេ​ជាពិសេស​នៅ​ក្បែរ​សាលារៀន​។

គណនី​មួយ​ដែល​មាន​ឈ្មោះ​ថា ចាន់ បណ្ឌិត ​សរសេរ​ថា​៖ «​ខ្ញុំ និង​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌ​ទួលគោក​ក៏ដូចជា​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​សង្ឃឹមថា​នឹង​បាន​ស្ពាន​ដ៏ល្អ​នេះ​នាពេល​ឆាប់ៗ​ដើម្បី​កាត់បន្ថយ​នូវ​បញ្ហា​ចរាចរណ៍​នៅ​តំបន់​នោះ​»​។

ចំណែក​គណនី​មួយ​ទៀត​ដែល​មាន​ឈ្មោះ David Lim បាន​បញ្ចេញមតិ​ថា​៖ «​សូម​ចូលរួម​អបអរសាទរ និង​គាំទ្រ​ចំពោះ​គម្រោង​នេះ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​សូម​ប្រជាពលរដ្ឋ​យើង​ចូលរួម​ថែរក្សា​ព្រមទាំង​ការរក្សា​អនាម័យ​ឲ្យ​បាន​ខ្ពស់​ដើម្បី​សុខភាព និង​សោភណភាព​ទីក្រុង​...»​។

រហូត​មក​ដល់​បច្ចុប្បន្ន​កម្ពុជា​មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន ២ ​កន្លែង​រួចមក​ហើយ​ដោយ​ទី​ ១ ​គឺ​ស្ពាន​អាកាស​ថ្មើរជើង​កាត់​លើ​ផ្លូវ​ជាតិ​លេខ​ ៤ ចំនួន​ ២ ​កន្លែង​ត្រង់​សាលា​បឋមសិក្សា​ជម្ពូវ័ន និង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ហ៊ុនសែន​ជម្ពូវ័ន ស្ថិតក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ដោយ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​ ២០១៧​។ រីឯ​ស្ពាន​អាកាស​ថ្មើរជើង​ទី​ ២ គឺ​ស្ពាន​នៅ​នាងគង្ហីង ជាប់​ស្តាត​អូឡាំពិក​ស្ថិត​ក្នុង​ខណ្ឌ​៧​មករា​ដែល​បំពាក់​ដោយ​ជណ្តើរយន្ត​ដ៏ទំនើប​ដោយ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​ ២០១៩ ​នេះ​។

លោក​ គង់ សុវណ្ណ ​ជា​ទីប្រឹក្សា​ជំនាញ និង​ជា​អនុប្រធាន​ក្រុម​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ជំហាន​ទី​ ២ ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​តាមរយៈ​ប្លង់ និង​រចនាប័ទ្ម​របស់​គម្រោង​ថ្មី​នេះ​គឺ​អាច​ទទួល​យក​បាន​។ ប៉ុន្តែ​ចំពោះ​បច្ចេកទេស និង​ការសាងសង់​ជាក់ស្តែង​យ៉ាងណា​នោះ​លោក​រំពឹង​ថា​អាជ្ញាធរ​រាជធានី​នឹង​ធ្វើឲ្យ​ស្ពាន​ថ្មើរជើង​នេះ​មាន​លក្ខណៈ​ងាយស្រួល​ និង​មាន​ស្តង់ដា​ជាង​មុន​ព្រោះ​អាជ្ញាធរ​ធ្លាប់​មាន​បទពិសោធ​រួច​មកហើយ​ក្នុង​ការសាងសង់​ស្ពាន​ប្រភេទ​នេះ​នាពេល​កន្លងទៅ​។

លោក​ថា​៖ «​តើ​ការប្រើប្រាស់​មាន​ភាពងាយស្រួល​កម្រិត​ណា​មាន​ឧបសគ្គ​អ្វីខ្លះ​ហើយ​ទាក់ទង​នឹង​ការថែទាំ ឬ​មួយ​ក៏​ការធានា​សុវត្ថិភាព​អីហ្នឹង​ក្នុង​ការដើរ​ឆ្លង​? បទពិសោធ​ដែល​យើង​ទទួល​បាន​លើក​ទី​ ១ ខ្ញុំ​ជឿជាក់​ថា​សាលាក្រុង​នឹង​ធ្វើការ​សិក្សា​ស្វែងយល់​ហើយ​យក​មក​ធ្វើការ​កែលម្អ ដើម្បី​ឲ្យ​គម្រោង​លើក​ទី​ ៣ ​នេះ​អាច​នឹង​ធ្វើ​ទៅ​វា​ដូច​ទៅ​នឹង​ក្នុង​ប្លង់​ហ្នឹង និង​មិនមាន​បញ្ហា​»​។

បើ​តាម​លោក សុវណ្ណ គម្រោង​ស្ពាន​ថ្មើរជើង​ថ្មី​នេះ​គួរតែ​បំពាក់​ជណ្តើរយន្ត ភ្លើង​បំភ្លឺ​ផ្លូវ​ និង​មិន​គួរ​មាន​កម្ពស់​ខ្ពស់​ពេក​នោះ​ទេ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នក​ថ្មើរជើង​ជាពិសេស​សម្រាប់​មនុស្ស​ចាស់ ខណៈ​លោក​ចាត់ទុក​ស្ពាន​អាកាស​ថ្មើរជើង​ទាំងនេះ​ពិតជា​បាន​ចូលរួម​ចំណែក​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ដល់​អ្នក​ថ្មើរជើង​។

លោក​បន្ត​ថា​បើ​ទោះ​ជា​របាយការណ៍​មិន​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​លើ​អ្នក​ថ្មើរជើង​ច្រើន​ដូច​ទៅ​អ្នកបើកបរ​ម៉ូតូ ប៉ុន្តែ​វា​បាន​បង្ហាញ​ថា​អ្នក​ថ្មើរជើង​មាន​ការប្រឈម​ខ្លាំង​ទៅ​នឹង​ការបាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​ថា​៖ «​កន្លែង​ដែល​ជា​ទីប្រជុំជន​ ឬ​ផ្លូវធំ​មាន​មនុស្ស​ច្រើន​ហ្នឹង គួរតែ​មាន​ស្ពាន​ហ្នឹង​ឲ្យ​ច្រើន​ដែរ ព្រោះ​វា​ផ្តល់​សុវត្ថិភាព​ដល់​អ្នក​ថ្មើរជើង​គ្រប់រូប​។ ទម្លាប់​អ្នក​បើកបរ​នៅ​ពេល​ផ្លូវធំ ផ្លូវ​ស្មើ គ្រប់​យានយន្ត​តែងតែ​បើក​លឿន ដូច្នេះ​នៅ​ពេល​អ្នក​ថ្មើរជើង ដើរកាត់​យានយន្ត​បែប​នេះ​គឺ​គ្រោះថ្នាក់​ណាស់​»៕