ភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ​ បាន​ផ្ដល់​ជម្រើស​ ២ ​ដល់​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ ដែល​ស្នើ​សុំ​រៀបចំ​ពិធី​រំឭក​​ខួប ២៩ ឆ្នាំ​ នៃកិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី​ ២៣ ខែ​តុលា ខណៈ​ពេល​ដែល​អាជ្ញា​ធរ​ កំពុង​មមាញឹក​ក្នុង​ការ​ចុះជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់។

អង្គការ សមាគម​ សហគមន៍ និង​សហព័ន្ធ​សហជីព​ ចំនួន ៧ បាន​ជួប​ប្រជុំ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​ ១៦ តុលា ដើម្បី​បញ្ជាក់​ពី​​គម្រោង​រៀបចំ​ពិធី​រំឭក​​ខួប ២៩ ឆ្នាំ​ នៃកិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា។

តាម​គម្រោង​ដើម ក្រុម​អង្គការ​សង្គម​ស៊ីវិលគ្រោង​នឹង​ប្រារព្ធ​ពិធី​នេះ​​ នៅ​​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ខណ្ឌ​ឫស្សី​កែវ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ ១ ០០០​ នាក់។ នេះ​បើ​តាម​កំណត់​ហេតុ​ប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ។

ក្រៅ​ពី​ការ​ជួប​ជុំ​នៅ​ទី​លាន​ប្រជាធិបតេយ្យ ពួកគេ​ក៏គ្រោងហែ​ក្បួន​ទៅ​តាម​ស្ថាប័ន​ពាក់​ព័ន្ធ ដើម្បី​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​សំខាន់ៗ ដែល​បាន​កើត​ចេញ​ពី​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ និង​គោល​ការណ៍​ចម្បង​នៃ​កិច្ច​ព្រម​ព្រៀង​ ដើម្បី​បន្ត​ធានា​​នូវ​ដំណើរ​ការ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​កម្ពុជា។

ប្រធានបទ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី ​២៩ គ្រោង​នឹង​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ «២៣​ តុលា នាំ​មក​នូវ​ការ​រួប​រួម​ជាតិ សន្តិភាព ប្រជាធិប​តេយ្យ និង​ការ​អភិវឌ្ឍ»។

ប៉ុន្តែ​​លោក កើត ឆែ អភិបាល​រង​នៃគណៈ​អភិបាល​រាជធានី​ភ្នំពេញ មិន​បាន​យល់​ស្រប​លើ​គម្រោង​នេះ​ទេ ដោយ​លោក​លើ​ក​​ឡើង​នូវ​ជម្រើ​ស​ ២ សម្រាប់​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជ្រើស​យក។

ជម្រើស​ទី១ គឺ​ការ​ប្រារព្ធ​ខួប​អាច​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យចាប់​ពី​ម៉ោង​ ៧ ​កន្លះ​ព្រឹក​ដល់​ម៉ោង​ ១២​ ថ្ងៃ​ត្រង់ ដោយ​មាន​អ្នក​ចូលរួម​មិន​លើស​ពី ​១២០​ នាក់។ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ស្នើ​សុំ​តំណាង​ស្ថាប័ន​ពាក់​ព័ន្ធ ទៅ​​ទទួល​ញត្តិ​នៅ​ទី​លានប្រជាធិបតេយ្យ​ផ្ទាល់។

ជម្រើស​ទី​២ ក្រុម​អង្គការ​សង្គម​ស៊ីវិល អាច​រៀប​ចំ​ពីធី​នេះ​នៅ​ស្នាក់​ការរ​បស់​ខ្លួន ឬ​នៅ​ទីតាំង​ឯកជន ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យល់​ព្រម​ទទួល​យក​ញត្តិ​ពី​សមាគម អង្គការ​ទាំង​​៧ ដើម្បី​ដាក់​ជូន​ស្ថាប័ន​​ពាក់​ព័ន្ធ។ ក្នុង

​ជម្រើ​ស​​ទាំង​ ២ ​នេះ សាលា​រាជធានី​ មិន​អនុញ្ញាត​ឲ្យ​មានការ​ដង្ហែ​ក្បួន​ទេ។

កំណត់​ហេតុ​អង្គប្រជុំ​បាន​បញ្ជាក់​ថា៖​ «ឯក​ឧត្តម​ កើត ឆែ ប្រធាន​អង្គ​ប្រជុំ ​​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា ដោយ​សារ​ស្ថានភាព​បច្ចុប្បន្ន​​នៅ​ក្នុងរាជ​ធានី​ភ្នំពេញ​ កំពុង​ទទួល​រង​គ្រោះ​មហន្តរាយ​ដោយ​សារ​ជំនន់ទឹក​ភ្លៀង​ បាន​លិច​ជន់​នៅ​តាម​តំបន់​មួយ​ចំនួន ​តម្រូវ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដោះ​ស្រាយ​ជា​បន្ទាន់ ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ។ ហេតុ​ដូច្នេះ​រដ្ឋបាល​រាជធានី​ ស្នើ​ឲ្យ​តំណាង​គណៈ​កម្មការ​រៀប​ចំ​ពិធី​ខាង​លើ​ អាច​រក​ទីតាំង​ឯកជន ឬ​ទីស្នាក់​ការ​របស់​ខ្លួន​ដើម្បី​ប្រារព្ធ​ពិធី​ឬ​អាច​លើក​ពេល​ការ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​នៅពេល​ក្រោយ»។

សម្រាប់​​ជម្រើស​ទាំង ​២​ នេះ សាលា​រាជធានី​ភ្នំពេញ​ប្រាប់​ដល់​ម្ចាស់​សំណើ​សុំ​រៀប​ចំ​ពិធីនេះ​ឲ្យ​គោរព​តាម​​វិធាន​សុវត្ថិភាព​ពាក់​ព័ន្ធ​នឹង​ការការពារ​ជំងឺ​កូវីដ ១៩ ដូច​ដែល​ក្រសួង​សុខាភិបាល​បាន​ណែនាំ ព្រម​ទាំង​ទទួល​ខុស​ត្រូវ​ចំពោះ​កិច្ច​ការ​ពារ​សន្តិសុខ សុវត្ថិភាព​ផ្ទៃ​ក្នុង ខណៈ​ដែល​សមត្ថកិច្ច​ទទួល​ខុស​ត្រូវ​ការ​ពារ​ពី​ខាង​ក្រៅ។

ការ​រៀបចំ​ពិធី​នេះ ត្រូវ​គោរព​ក្រម​សីលធម៌ ដោយ​មិន​ត្រូវ​យក​កម្មវិធី​នេះ​ទៅ​វាយ​ប្រហារ​ដល់​ព្រះ​មហាក្សត្រ ឥស្សរជន​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល ឬបំផុស​ញុះ​ញង់​ប្រជា​ពលរដ្ឋ​ឲ្យ​កើត​អំពើហិង្សា បំបែក​បំបាក់​សាមគ្គី​ជាតិ ប្រើ​សារ​នយោបាយ ឬ​អនុញ្ញាត​​ឲ្យ​អ្នក​ហាម​ធ្វើ​នយោបាយ​ចូលរួម។ អ្នក​ចូលរួម​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ ​លើ​ខ្លឹមសារ​បដា ឧបករណ៍​បំពង​សំឡេង និង​​ការ​ចត​នៅ​លើ​ដង​ផ្លូវ។

លោក យី សុខសាន្ត តំណាង​អង្គការ​អាដហុក បាន​ថ្លែង​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​តុលា ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ស្នើ​សុំ​រៀប​ចំ​ពិធីនេះ នឹង​ជួប​ប្រជុំ​គ្នា​នៅថ្ងៃចន្ទ​នេះ ដើម្បី​សម្រេច​លើ​ជម្រើស​ទាំង​ពីរ​នេះ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «យើង​មើល​ឃើញ​ហើយ ការ​អង្វរករ​ពី​អាជ្ញាធរ​សម​ហេតុ​ផល​ខ្លះ។ ពេល​ហ្នឹង​កំពុង​មាន​ទឹក​ជំនន់​អ៊ីចឹង ហើយ​​មួយ​រយៈ​នេះ​ អាជ្ញាធរ​គាត់​បាន​ចុះ​ទៅ​អស់​ហើយ ជួយ​ប្រជាជន​។ ដូច្នេះ​គាត់​អត់​​សូវ​មាន​ពេល​ជួយ​មក​ខាង​យើង​ទេ ពេល​យើ​ងធ្វើ។ សម្រាប់​យើង អ្វី​ដែល​សាលារាជធានី​ស្នើ​សុំ​មក​ពួក​យើង យើង​ពិចារណា​ពិភាក្សា​គ្នា​នៅថ្ងៃ​ចន្ទ ដើម្បី​សម្រេច​ថា យើង​យក​ជម្រើស​ទី​១ ឬ​ទី២»៕