ភ្នំពេញៈ បន្ទាប់ពី​រកឃើញ​អាជីវករ និង​កម្លាំង​សន្តិសុខ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូរឫស្សី​មាន​វិជ្ជមាន​ជំងឺ​កូវីដ ​១៩ ​ជា​បន្ត​បន្ទាប់មក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​នេះ​រយៈពេល​ ១៤ ​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ម្សិលមិញ​រហូតដល់​ថ្ងៃទី​ ១៧ ខែមេសា ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការឆ្លង​រីករាលដាល​វីរុស​កូវីដ​១៩ ទៅដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​ចេញ​-ចូល​ផ្សារ​នេះ​។

នៅ​ថ្ងៃ​ម្សិលមិញ​នេះដែរ ក្រុមគ្រូពេទ្យ គណៈកម្មការ​ផ្សារ និង​អាជ្ញាធរ​ខណ្ឌ​៧​មករា បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ខាងក្នុង​ផ្សារ​នេះ និង​បាញ់​ទឹកសាប៊ូ​នៅ​ខាងក្រៅ​បរិវេណ​ផ្សារ​។

លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ពី​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូរឫស្សី​រយៈពេល​ ២ ​សប្តាហ៍ បន្ទាប់ពី​មាន​អាជីវករ​ចំនួន​ ៥ ​នាក់ និង​កម្លាំង​សន្តិសុខ​ផ្សារ​មួយចំនួន​ ៣ ​នាក់​ បាន​ឆ្លង​វីរុស​កូវីដ​ ១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។

ក្នង​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ឃួង ស្រេង កាលពី​ថ្ងៃទី​ ៣ ខែ មេសា ឆ្នាំ​ ២០២១ ​លើក​ឡើង​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​មាន​អាជីវករ និង​សន្តិសុខ​ផ្សារ​អូរឫស្សី​បាន​ឆ្លង​វីរុស​កូវីដ​១៩ ដែល​ស្ថានភាព​បាន​រីករាលដាល​ជា​បន្តបន្ទាប់​ច្រើន​តូប​ និង​ទីតាំង​ខុសៗ​គ្នា​ក្នុង​បរិវេណ​ផ្សារ​គួរឱ្យ​ព្រួយបារម្ភ និង​ចាំបាច់​ត្រូវមាន​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ជាបន្ទាន់​។

លោក​ ឃួង ស្រេង បញ្ជាក់ថា​៖ «​ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ផ្អាក​ដំណើរការ​ជាបណ្តោះអាសន្ន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូរឫស្សី​រយៈពេល​ ១៤ ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​ ៤ ដល់​ថ្ងៃទី​ ១៧ ខែមេសា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីករាលដាល​វីរុស​កូវីដ​ ១៩ ទៅ​ដល់​អាជីវករ អតិថិជន ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ចេញ-ចូល​ផ្សារ​នេះ​»​។

ក្នុងអំឡុងពេល​នៃ​ការផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធានារ៉ាប់រង​លើ​ការងារ សន្តិសុខ និង​សុវត្ថិភាព​ចំពោះ​សម្ភារ និង​អីវ៉ាន់​គ្រប់​ប្រភេទ​របស់​បងប្អូន​អាជីវករ ដែល​បាន​រក្សាទុក​ក្នុង​តូប​នីមួយៗ​មិន​ឱ្យ​មាន​ការបាត់បង់ និង​មិន​តម្រូវ​ឱ្យ​មាន​ការបង់ថ្លៃ​សេវា​ទៅឱ្យ​ភាគី​ពាក់ព័ន្ធ​ណាមួយ​ឡើយ​។

លោក​ ឃួង ស្រេង បាន​បន្ថែមថា ដោយឡែក ចំពោះ​ផលិតផល​ដែល​អាច​ខូចគុណភាព​ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត​អាជីវករ​ត្រូវ​ទំនាក់ទំនង​ជាមួយ​គណៈកម្មការ​ផ្សារ ដើម្បី​យក​ទៅ​រក្សាទុក​ដោយ​ខ្លួនឯង ចៀសវាង​ការខូចខាត​ជាយថាហេតុ​។

រថយន្ត កំពុង​បាញ់​ទឹកសាប៊ូ​នៅ​បរិវេណ​ខាងក្រៅ​ផ្សារ​អូរឫស្សី​កាលពី​ម្សិលមិញ​។ហ៊ាន រង្សី

លោក​ថា​៖ «​រដ្ឋបាល​រាជធានី-ភ្នំពេញ​មាន​ក្តីសង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អាជីវករ និង​អតិថិជន​ទាំងអស់​ដែល​ចេញ-ចូល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូរឫស្សី​មាន​ការយោគយល់​អធ្យាស្រ័យ​ និង​ចូលរួម​អនុវត្ត​សេចក្តី​ជូន​ដំណឹង​នេះ​»​។

អ្នកលក់​គ្រឿងក្រអូប​នៅក្នុង​ផ្សារ​អូរឫស្សី​អ្នកនាង​ វណ្ណារី ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិលមិញ​ថា ការបិទ​នេះ​ពិតជា​ប៉ះពាល់​ដល់​ចំណូល​ប្រចាំថ្ងៃ​របស់​នាង និង​អាជីវករ​ដទៃទៀត ប៉ុន្តែ​នាង​មិនប្រឆាំង​នឹង​ការបិទ​នេះ​ទេ ដោយសារ​អាជ្ញាធរ​គិតគូរ​ពី​សុខភាព​របស់​អាជីវករ​ទើប​បាន​ជា​ត្រូវ​បិទ​ផ្អាក​បណ្តោះអាសន្ន​។ «​ផលិតផល​ខ្ញុំ​មិនជា​ប៉ះពាល់​ខូចខាត​ទេ ហើយ​ខ្ញុំ​សង្ឃឹមថា ស្ថានភាព​នេះ​នឹង​មិន​ធ្វើឱ្យ​មាន​ការពន្យារពេល​យូរ​ជាង​ ១៤ ​ថ្ងៃ​ទៅ​ចុះ ដោយសារ​ម្នាក់ៗ​ពឹង​លើ​តែ​ប្រាក់ចំណូល​ពី​ការលក់ដូរ​រាល់ថ្ងៃ​តែ​ពេលនេះ កន្លែង​លក់ដូរ​របស់​យើង​បាន​បិទ​មួយរយៈ​សិន​»​។

ក្នុង​រយៈពេល​ ២ ​ថ្ងៃ​កន្លង​មក​នេះ​សាលា​រាជធានី​ភ្នំពេញ​បានចេញ​សេចក្ដី​ជូនដំណឹង​ពី​ការរកឃើញ​ករណី​វិជ្ជមាន​កូវីដ​ ១៩ ដោយបាន​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​អ្នកជំងឺ​ដែល​កាលពី​ថ្ងៃ​ម្សិលមិញ រដ្ឋបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​ឈ្មោះ​អ្នកជំងឺ​កូវីដ​ចំនួន​ ២៥ ​រូប ​ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ក្នុងនោះ​ក៏មាន​អាជីវករ​ផ្សារ​អូរឫស្សី​ផងដែរ​។

ជាមួយ​គ្នា​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​កូវីដ​ ១៩​ ទាំងអស់​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់​ និង​រួសរាន់​ទៅយក​សំណាក​នៅតាម​ទីតាំង​ដែល​បានកំណត់​។

ក្រសួង​សុខាភិបាល​ពី​ម្សិលមិញ​រកឃើញ​ឆ្លង​វីរុស​កូវីដ​ ១៩ ចំនួន​ ៤៤ ​នាក់​បន្ថែមទៀត​ ក្នុង​ចំណោម​នោះ​ម្នាក់​ជា​អ្នកដំណើរ​មកពី​បរទេស​ និង​ ៤៣ ​នាក់​ផ្សេងទៀត ជា​អ្នកឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ ដែល​ធ្វើឱ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​រហូតដល់​ ២ ១៥៩ ​នាក់​ និង​ស្លាប់​ ១៩ ​នាក់​។ ជាមួយ​គ្នា​នេះ អ្នកជំងឺ​កូវីដ​ ១៩​ ចំនួន​ ៦៨ ​នាក់ ​បាន​ព្យាបាល​ជាសះស្បើយ ក្នុងនោះ​មាន​ ៦៧ ​នាក់​ជា​អ្នកជំងឺ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។ អ្នក​ដែល​ឆ្លង​ថ្មី​នេះ​មាន​នៅ​រាជធានី​ភ្នំពេញ​ចំនួន​ ២៥ ​នាក់ ខេត្ត​ព្រះសីហនុ​ចំនួន​ ១៧ ​នាក់ និង​ខេត្ត​ស្វាយរៀង​ចំនួន​ ១ ​នាក់​។

អ្នកជំងឺ​ម្នាក់​ដែលជា​អ្នកដំណើរ​គឺជា​ជនជាតិ​ប៉ាគីស្ថាន​អាយុ​ ៤៦ ​ឆ្នាំ​ស្នាក់នៅ​រាជធានី​ភ្នំពេញ​ជា​អ្នកដំណើរ​មកពី​ប្រទេស​កូរ៉េ​ខាងត្បូង​ មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​ ២១ ខែមីនា ឆ្នាំ​ ២០២១ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​ស្ត្រី​រូបនេះ​លើក​ទី​២ ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​គឺ​វិជ្ជមាន​មេរោគ​កូវីដ​។ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ សរុប​ចំនួន ២ ៦៨៩ ​នាក់​អ្នកជា​សះស្បើយ​ចំនួន​ ១ ៦៥៣ ​នាក់ ​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ១ ០១២ ​នាក់ និង​អ្នកស្លាប់​ចំនួន​ ២០ ​នាក់​៕