ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំ​ពេញ អំពាវ​នាវ​ដល់​ម្ចាស់​មជ្ឈ​មណ្ឌល​អគារ​ ភោជ​នីយដ្ឋា​ន ទីតាំង​សម្រាប់​ជួលរៀប​ចំ​ពិធី​អាពាហ៍​ពិពាហ៍ ឬ​កម្មវិធី​កម្ម​វិធី​ផ្សេងៗ រួម​ទាំង​ម្ចាស់​សម្អាង​ការ​ផ្សេងៗ សូម​កុំយក​ប្រាក់​ពីម្ចាស់​កម្មវិ​ធី ដែល​បាន​ជួល​ឬកក់​លុយ​រួច​ ហើយ​រំសាយ​កម្មវិធី ឬ​លើក​ពេល​វិញ ដើម្បីការពារ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩។

លោក ម៉េត មាស​ភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំ​ពេញបាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​ ២​ ខែ ​ធ្នូ​ ថា​ ការអំពាវ​នាវ​នេះ គឺជា​ការ​ជាការ​ចូល​រួម​ចំណែក​ជាមួយ​គ្នា ក្នុង​ការការ​ពារកុំ​ឲ្យមាន​ការឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ ​១៩។

លោក ភក្តី​ថ្លែង​ថា ៖«ពាក្យ​ថា អំពាវ​នាវ​មិន​មែន​ជាការ​ចាប់​បង្ខំ​ទេ មិន​មែន​ជាការ​តម្រូវ​ទេ គ្រាន់​តែយើង​អំពាវ​នាវ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​បាន​យល់ ហើយ​ខ្ញុំ​ជឿថា មិន​មាន​បាតុ​ភាព​អ្វីទេ ក្នុងការ​អំពាវ​នាវ​នេះ​ ពោល​គឺ មាន​តែ​អ្នក​ចូល​រួម​សាទរ​» ។

សេចក្តី​អំពាវ​នាវ​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំ​ពេញ នៅ​ថ្ងៃទី​ ១ ខែធ្នូ បាន​ឲ្យដឹង​ថា ការ​អំពាវនាវ​កុំ​ឲ្យកាត់​លុយ​ ឬ​ទាម​ទារ​​សំណង ពីម្ចាស់​សំអាង​ការ ឬ​អគារ​ភោជនីយ​ដ្ឋាន គឺ​ដើម្បី​ជាការ​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន ប្រជា​ពលរដ្ឋ​ដែល​ជាម្ចាស់​កម្មវិធី​ទាំង​អស់ ដែល​បាន​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​ តាម​ការ​ណែនាំ​របស់​នាយក​រដ្ឋ​មន្ត្រី។

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​បាន​ស្នើ​សុំម្ចាស់​មជ្ឈ​មណ្ឌល​អគារ ភោជ​នីយដ្ឋា​ន ទីតាំង​សម្រាប់​​ជួលរៀប​ចំកម្មវិធី ទាំង​អស់ ម្ចាស់​សម្អាង​ការ ម្ចាស់​អាជីវកម្ម​ចុង​ភៅ ម្ចាស់​អាជីវ​កម្ម​លក់ ភេស​ជ្ជៈ ផ្កា និង​សម្ភារ​នានា ក៏ដូច​ជា​ក្រុមហ៊ុន ផ្តល់​សេវា​ផ្សេងៗ ដល់​ការ​រៀបចំ​កម្មវិ​ធី​ទាំង​អស់ យោគ​យល់​អធ្យា​ស្រ័យ ​កុំកាត់​លុយ ឬយក​លេស​ទាម​ទា សំណង​នៃ​ការ​ខាត​បង់​ពីម្ចាស់​កម្មវិធី​ដែល​បាន​កក់​ប្រាក់ ព្រម​ទាំង​ចៀស​វាង​ការយ​ក​ឱកាស​នេះ ដើម្បី​កេង​ចំណេញ​ពីប្រជា​ពលរ​ដ្ឋ​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម ក្នុង​ការ​បង្ការ និង​ទប់ស្កាត់ការ​រីក​រាល​ដាល នៃមេរោគ​កូ​រ៉ូណា​ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​ ២៨ វិច្ឆិកា នៅ​រាជ​ធានី​ភ្នំពេញ​ ។

ម្ចាស់​សំអាង​ការ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ យល់​ឃើញថា​ ការអំពាវ​នាវ​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំ​ពេញ​ជារឿង​ល្អ ដើម្បី​ចូល​រួម​ក្នុ​ង​ការការ​ពារកា​រ​រីករាល​ដាល​ជំងឺកូវីដ​១៩​ ហើយ​សម្រាប់​សំអាង​ការរ​បស់​លោក ​គឺតែង​តែមាន​ការ​អធ្យា​ស្រ័យ​សល់​ភ្ញៀវ​ជានិច្ច​មិនថា កូវីដ ​១៩ ដែល​កើតក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​ ២៨​ វិច្ឆិកា ដែល​ទើប​កើត​ឡើង​នេះ​ទេ។

ម្ចាស់​សំអាង​ការ​រូប​នេះ​​បាន​ថ្លែង​ថា​៖«តាំង​ពី​កូវីដ​កើត​ដំបូង​មក​ម្លេះ ខ្ញុំ​អត់​មាន​ដក​លុយ​កក់ពី​ភ្ញៀវទេ​ ប៉ុន្តែ​បើភ្ញៀវ​លើក​ពេល​ទៅ​ណា ខ្ញុំ​លើក​ទៅដល់​ពេល​ណា ខ្ញុំ​បន្ត​ឲ្យ​ពេល​ហ្នឹង លុយ​កក់​ហ្នឹង​ណា៎ ​ហើយ​ឥឡូវ​គាត់​លើក​ទៀត ខ្ញុំ​លើក​ឲ្យ​គាត់​ដដែល​ហ្នឹង អត់​ដែល​មាន​បញ្ហា​អីជា​មួយ​ភ្ញៀវ​ទេ​»​ ។

លោក សែន ថារិទ្ធិ ម្ចាស់​សំអាការ​អប្សារា​ទេវី​ហ្គោល បាន​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​ របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំ​ពេញ ដោយ​លោក​យល់​ឃើញ​ថា នេះ​ជា​រឿង​សម​ហេតុ​សម​ផល និង​ស្រប​តាម​កាលៈ​ទេសៈ​ ព្រោះបើ​សិន​ជា​មាន​ការ​ជួប​ជុំអាច​នាំ​ឲ្យមាន​ការ​ចម្លង​ជា​សហគមន៍​កាន់​តែធ្ងន់​ធ្ងរ។ យ៉ាង​ណា​ក្តី​ លោក ថារិទ្ធិ​ បញ្ជាក់​ថា មាន​បញ្ហា​កើត​ឡើងខ្លះ​ៗដែរ ចំពោះ​ការ​លើក​ពេល​ក្នុង​ការ​រៀប​អាពាហ៍​ពិពាហ៍​របស់​ភ្ញៀវ​។

លោកថ្លែងថា៖ «ធម្មតា​យើង​ចេញ​រោង​ការ​អីចឹង តែង​តែ​ហៅខាង​ក្រុម​ផ្សេងៗ​មក​ចូល​រួម​ដែរ ដូច​ជា​តន្ត្រី ខាង​ចុង​ភៅ អីចឹង​ទៅ មាន​ការ​លើក​ពេល​ធ្វើឲ្យ​ពិបាក​ដែរ ក្នុង​ការ​ប្រាប់​គេ​វិញ​» ៕

វីដេអូ៖