ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពីគម្រោងធ្វើផ្លូវក្រោមដីត្រង់ចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងវិទ្យាស្ថានភាសាបរទេស (IFL) ក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញដើម្បីសម្រួលចរាចរណ៍ ខណៈមន្រ្ដីជំនាញមកពីក្រសួងសាធារណការ និងមន្ត្រីសាលារាជធានីកំពុងសិក្សាលម្អិតមុននឹងស្ថាបនាក្នុងពេលឆាប់ៗនៅឆ្នាំនេះ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ផែនការស្ថាបនាផ្លូវនេះគឺដើម្បីរំដោះបញ្ហាកកស្ទះចរាចរណ៍របស់សិស្ស-និស្សិត និងពលរដ្ឋព្រោះចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) នាពេលបច្ចុប្បន្នមានការកកស្ទះជាខ្លាំង។
លោកថ្លែងថា៖ «យើងមិនទាន់អាចបង្ហាញពីថវិកាសរុប និងរយៈពេលជាក់លាក់ក្នុងការស្ថាបនាផ្លូវក្រោមដីនេះបាននៅឡើយទេ។ គ្រាន់តែក្នុងជំហានដំបូងយើងជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់បានដឹងជាមុនថា យើងនឹងស្ថាបនាផ្លូវក្រោមដីនៅចំណុចនេះ។ ប៉ុន្ដែបច្ចុប្បន្នមន្រ្ដីជំនាញយើងកំពុងសិក្សាលម្អិតលើគម្រោងស្ថាបនាផ្លូវនេះនៅឡើយ។ យើងនឹងខិតខំឱ្យមានការស្ថាបនាផ្លូវនេះក្នុងពេលឆាប់ៗ»។
លោក មាសភក្ដី បានឱ្យដឹងថា គម្រោងនេះគឺមន្រ្ដីជំនាញពីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្ដីជំនាញរបស់សាលារាជធានីភ្នំពេញជាអ្នកសិក្សាក្នុងនោះក៏មានការជួបពិភាក្សាជាមួយក្រុមនិស្សិតជំនាញផ្នែកសំណង់ស៊ីវិល និងរចនាប័ទ្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ ដើម្បីទទួលយកមតិ និងការឱ្យយោបល់របស់និស្សិត។
លោកបញ្ជាក់ថា៖ «ថវិកានៃការស្ថាបនាផ្លូវក្រោមដីនេះ ជាថវិការបស់រដ្ឋបាលរាជធានីភ្នំពេញជាថវិការបស់រដ្ឋ។ ប៉ុន្ដែយើងមិនទាន់អាចបង្ហាញពីចំនួនសរុបសម្រាប់ចំណាយនេះបានទេ»។
កាលពីថ្ងៃទី ៩ ខែមករាលោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញក៏បានដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញផងដែរដើម្បីពិភាក្សាលើគម្រោងនៃការស្ថាបនាផ្លូវក្រោមដីនេះ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញការស្ថាបនាផ្លូវក្រោមដីត្រង់ចំណុចទាំងនេះ គឺដើម្បីជួយសម្រួលការធ្វើដំណើររបស់សិស្សនិស្សិតដែលមកសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) ព្រមទាំងបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ ហើយបើតាមគម្រោងនឹងចាប់ផ្ដើមដំណើរការនាពេលឆាប់ៗខាងមុខនេះ។
លោក គីម គង់ សាស្រ្ដាចារ្យផ្នែកគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីម្សិលមិញបានសាទរចំពោះគម្រោងស្ថាបនាផ្លូវក្រោមដីនេះ។ ប៉ុន្ដែលោកលើកទឹកចិត្ដឱ្យសិក្សាពីផលប៉ះពាល់ឱ្យបានហ្មត់ចត់មុនពេលការស្ថាបនាចាប់ផ្ដើម។
លោកបានបញ្ជាក់ថា៖ «ក្នុងការងារអភិវឌ្ឍផ្លូវក្រោមដីរបស់រដ្ឋបាលរាជធានីភ្នំពេញនេះគឺជាសមិទ្ធផលមួយល្អមែនទែនសម្រាប់សង្គមជាតិយើង។ នៅទីតាំងដែលគ្រោងស្ថាបនានេះកន្លងមកមានបញ្ហាកកស្ទះចរាចរណ៍ ព្រោះកត្ដាកំណើននិស្សិត និងយានយន្ដ ពិសេសនៅម៉ោងសិស្សចេញ-ចូលរៀនគឺមានការកកស្ទះខ្លាំង» ៕