ភ្នំពេញៈ ​សាលា​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​ទទួល​ពាក្យ​សូម​ដេញថ្លៃ​ការប្រមូល​សំរាម​នៅ​ចុងខែ​កុម្ភៈ ឬ​នៅ​ដើមខែ​មីនា​ខាងមុខ ដើម្បី​ឲ្យ​បណ្តា​ក្រុមហ៊ុន​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ចូលរួម​ដាក់ពាក្យ​ដេញថ្លៃ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​របស់​ជប៉ុន​ក៏មាន​ចំណាប់​អារម្មរណ៍​ចូលរួម​ដេញថ្លៃ​ការប្រមូល​សំរាម​នេះ​ផងដែរ​។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សាលា​រាជធានី​ភ្នំពេញ​មិនទាន់​បាន​កំណត់​ពេលវេលា​ជាក់លាក់​នៃ​ការដាក់​ដេញថ្លៃ​ក្នុង​ការប្រមូល​សំរាម​នេះ​នៅឡើយ​ទេ ប៉ុន្តែ​នៅ​អំឡុង​ចុងខែ​កុម្ភៈ​នេះ​ ឬ​ដើមខែ​ក្រោយ សាលារាជធានី​នឹង​ប្រកាស​ផ្សព្វផ្សាយ​ទទួល​ពាក្យ​ពី​បណ្តា​ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​លើ​គម្រោង​នេះ​។

លោក​បញ្ជាក់ថា​៖ «​ក្រុមការងារ​យើង​បាន​ធ្វើ​ការងារ​នេះ​មក​ច្រើន​ហើយ​មកដល់​ពេល​នេះ​គឺ​យើង​កៀក​ហើយ​ប្រហែល​អាច​ក្នុងអំឡុង​ចុងខែ​នេះ​ ឬ​ដើមខែ (​ក្រោយ​) ដែល​យើង​នឹង​ចេញ​ការផ្សព្វផ្សាយ​នៃ​ការដាក់​ទទួល​ការដេញថ្លៃ ហើយ​ធ្វើការ​សិក្សា​ទៅលើ​ពាក្យ​ដែល​ពួកគាត់​ដាក់​មក​ឲ្យ​បាន​ល្អិតល្អន់​ជាមុនសិន​»​។

បើតាម​លោក ភក្តី ក្នុង​រយៈពេល​នៃ​ការសិក្សា​កន្លងមក​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​មានដូចជា​មកពី​ប្រទេស​ចិន កូរ៉េ និង​ជប៉ុន​ជាដើម​បាន​ចូលរួម​ធ្វើ​បទបង្ហាញ​ និង​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ក្នុង​គោលបំណង​ចូលរួម​ការដេញថ្លៃ​ប្រមូល​សំរាម​។

ដោយសារតែ​គម្រោង​នៃ​ការសិក្សា​ពី​ការគ្រប់គ្រង​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ​កំពុង​ដំណើរការ​លោក​ ភក្តី មិនទាន់​អាច​បញ្ជាក់​បានទេ​ថា​នឹង​ធ្វើ​ការបែងចែក​ដូចម្តេច​ដោយ​គ្រាន់តែ​អាច​បញ្ជាក់ថា នឹង​ធ្វើការ​បែងចែក​ជា ៣ តំបន់​សម្រាប់​ក្រុមហ៊ុន​ប្រមូល​សំរាម​យ៉ាង​តិច​ចំនួន ៣ ឲ្យ​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​។

លោក​រៀបរាប់​ថា​៖ «​ចន្លោះ​ពេលដែល​សម្តេច ហ៊ុន សែន បានសម្រេច​ដកសិទ្ធិ​ក្រុមហ៊ុន​ស៊ិនទ្រី ដែល​ធ្វើការ​គ្រប់គ្រង​តែមួយ​ក្រុមហ៊ុន តែឯង​ហ្នឹង ងាក​មករក​ក្រុមហ៊ុន​ឲ្យ​បាន ៣ ទៅ ៤ ​បន្ថែម​ទៀត ដើម្បី​កុំ​ឲ្យ​មួយ​ក្រុមហ៊ុន​ហ្នឹង ធ្វើការ​តែឯង​ដែល​វា​ច្រើន ព្រោះ​មើលទៅ​មិន​បាន​ល្អ​»​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា ការដាក់​ដេញថ្លៃ​រាប់​ចាប់ពី​នីតិវិធី​គ្រប់បែបយ៉ាង​គឺ​ស្ថិតក្នុង​ការសម្របសម្រួល​ដោយ​ក្រុម​ស្វយ័ត​មួយ​ដែល​គ្រប់គ្រង​ដោយ​សាលា​រាជធានី​ជាមួយ​នឹង​សមាសភាព​មកពី​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ លោក​បន្តថា​ ការប្រកាស​ដាក់​ឲ្យ​ដេញថ្លៃ​នឹង​បើកចំហ​ចំពោះ​ក្រុមហ៊ុន​វិនិយោគ​នានា ដែល​មាន​ការចាប់អារម្មណ៍​ក្នុងការ​ចូលរួម​ការដេញថ្លៃ​នេះ​ជា​សាធារណៈ ដោយ​គ្មាន​ការរើសអើង​ឡើយ​។

លោក​បាន​បន្តថា​៖ «​គឺ​យើង​ស្វាគមន៍​ទាំងអស់​រាល់​ការប្រកួតប្រជែង​ដោយ​ស្មើភាព តម្លាភាព​។ គ្រប់​ក្រុមហ៊ុន​ទាំងអស់​ទាំង​ក្នុងប្រទេស​ និង​ក្រៅ​ប្រទេស​គឺ​យើង​ទទួល​ទាំងអស់​ឲ្យ​តែ​ក្រុមហ៊ុន​ណា​មាន​សក្តានុពល​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​បច្ចេកទេស​របស់​ក្រុមការងារ​នោះ គឺ​នឹង​ទទួលបាន​សិទ្ធិ​»​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃ​ពុធ​ថា នៅពេល​នេះ​រាជធានី​ភ្នំពេញ និង​ក្រសួង​សេដ្ឋកិច្ច​កំពុងតែ​ដាក់​ការប្រមូល​សំរាម​នេះ ស្ថិតនៅក្នុង​អន្តរកាល​ព្រោះថា ក្រុមហ៊ុន​ចាស់​ពុំ​អាច​ទទួល​ការងារ​នេះ​បាន​ទៀត​ទេ ដោយសារ​ទីក្រុង​ភ្នំពេញ​មាន​ការរីក​ធំ​ពី​ប្រមាណ ៣០០ ​គីឡូម៉ែត្រ​ការ៉េ ទៅ ៦០០ ​គីឡូម៉ែត្រ​ការ៉េ​។

លោក​បន្តថា​៖ «​នៅពេល​ដ៏ខ្លី​ខាងមុខនេះ ស្ថាប័ន​ទាំង​ ២ ​គឺ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នឹង​ដាក់​ឲ្យ​ដេញថ្លៃ ដូច្នេះ​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​ចំណាប់អារម្មណ៍ គប្បី​ចូល​ដេញថ្លៃ ដើម្បី​ជួយ​ដល់​ការប្រមូល​សំរាម​នេះ​»​។

បើតាម​ការបង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់លោក ហ៊ុន សែន លោក មីកាមី ម៉ាសាហ៊ីរ៉ូ បាន​លើកឡើង​ថា ជប៉ុន​កំពុង​តែ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​លើ​បញ្ហា​សំរាម ដែល​ត្រូវបាន​ចាត់ទុកជា​កត្តាចាំបាច់​ស្រប​ពេល​ដែល​ប្រទេស​ជប៉ុន​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ចង់​ចូលរួម​ដេញថ្លៃ​ការប្រមូល​សំរាម​នឹង​មាន​ការចាប់​អារម្មរណ៍​ក្នុង​ការមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើកឡើង​ថា ករណី​នៃ​ការប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​ក្រុមហ៊ុន​ស៊ីនទ្រី​នេះ​គឺជា​រឿង​មួយ​ដែល​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ​មកហើយ ដែល​លោក​រំពឹង​ថា វិធានការ​នេះ​គឺជា​ការបើក​ទំព័រ​មួយ​ថ្មី​ដែល​សាលា​រាជធានី​ភ្នំពេញ​គួរតែ​បើកឱកាស​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​ដទៃទៀត​ទទួល​បាន​ការប្រកួតប្រជែង​ដោយ​តម្លាភាព​តាំងពី​ដំណាក់កាល​នីតិវិធី​ការដាក់​ដេញថ្លៃ​។

លោក​បាន​បញ្ជាក់ថា​៖ «​នេះ​ក៏​គួរតែ​ជាការ​បិទ​បញ្ចប់​នៃ​ការដាក់​ដេញថ្លៃ​ដែលមាន​ការ​ស៊ុមគ្រលុំ​ពាក្យ​ចចាមអារ៉ាម មិន​អស់​មិន​ហើយ​ដែល​យើង​ចង់ឃើញ​ការចាប់ផ្តើម​ពី​ពេលនេះ​តទៅ​ជាមួយ​នឹង​ការដោះស្រាយ​នូវ​ការយឺតយ៉ាវ និង​តួអង្គ​អ្នកប្រមូល​សំរាម​ឲ្យ​មាន​ប្រសិទ្ធភាព​»​។

បើ​តាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ចុងឆ្នាំ​មុន​បាន​ឲ្យ​ដឹងថា បរិមាណ​សំរាម​សរុប​ដែល​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ក្នុង​ ១ ​ថ្ងៃៗ​មាន​ជាង ១ ​ម៉ឺន​តោន​ដែល​បើ​គិត​សរុប​គឺ​ស្មើនឹង​ជិត ៤ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។

សំរាម​ទាំងនោះ ៦៥ ​ភាគរយ​ជា​សំណល់​សរីរាង្គ​ ២០ ​ភាគរយ​ជា​សំណល់​ថង់​ប្លាស្ទិក និង​នៅ​សេសសល់​គឺជា​សំណល់​រឹង និង​សំណល់​ផ្សេងទៀត ខណៈ​ដែល​គិត​សម្រាប់​តែ​រាជធានី​ភ្នំពេញ​ក្នុង​ ១ ​ថ្ងៃ​ សំរាម​ត្រូវបាន​បង្កើតឡើង​ប្រមាណ​ជា ៣ ពាន់​តោន​៕