ភ្នំពេញៈសាលា​រាជ​ធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ដល់​ប្រជា​ពលរដ្ឋ​ទាំ​ងអស់​ នៅក្នុង​រាជ​ធានី​ភ្នំពេញ​ដោយ​បាន​បដិសេធ​នូវ​ពាក្យ​ចចាម​អារ៉ាម​ ដែល​បំផុស​បំផុល​ប្រជា​ពលរដ្ឋ​ ឲ្យ​ធ្វើ​អត្ត​សញ្ញា​ណប័ណ្ណ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ ពីព្រោះ​បើ​ធ្វើ​នៅក្រោយ​ថ្ងៃ​បោះឆ្នោត​ នឹងត្រូវ​គិត​ថ្លៃ​សេវា។

តាម​រយៈ​សេចក្តី​ជូន​ដំណឹង ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​របស់​សាលា​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ពុធ​ បាន​លើក​ឡើង​ថា៖«មាន​បុគ្គល​មួយ​ក្រុម​តូច​ បាន​ដើរ​ផ្សព្វ​ផ្សាយ​តាម​មូលដ្ឋាន​ បំផុស​បំផុល ​អោយ​ប្រជា​ពលរដ្ឋ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ធ្វើ​អត្ត​សញ្ញា​ណប័ណ្ណ​ អោយបាន​មុនពេល​បោះ​ឆ្នោត​ ដោយ​បំភ្លៃ​ថា ក្រោយ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី ៦ នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ ឆ្នាំ ២០១៨​ ការធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​នឹងត្រូវ​គិតថ្លៃ​សេវា»។

ការ​ជូន​ដំណឹង​នោះ​ មិនបាន​បញ្ជាក់ថា​ ក្រុម​មួយណា​ ដែល​ត្រូវ​ទទួលខុសត្រូវ​ អំពី​ការ​បំផុស​បំផុល​ព័ត៌​មាន​នេះ​ទេ។ ចំណែកឯ​អភិបាល​រាជ​ធានី​ភ្នំពេញ​ លោក​ឃួ​ង​ ស្រេង​ បាន​ថ្លែងថា​ លោក​មិន​អាច​ប្រាប់​បានទេ​ថា​អ្នកណា​ជា​អ្នក​ដែល​នៅ​ពីក្រោយ​ការបង្កើត​ពាក្យ​ចចាម​អារ៉ាម​នេះ ​​ប៉ុន្តែលោក​ថា ​អា​ជ្ញាធរ​ ពាក់ព័ន្ធ​ត្រូវ​បាន​ណែនាំ​ឱ្យ​ចាប់ខ្លួន​បុគ្គល​ណា​ ដែល​បាន​ប្រ​ព្រ​ត្តិ​កំហុស​​បែបនេះ។

លោក​ថ្លែង​ថា​៖«នេះ​គឺ​ជា​ទង្វើ​មួយ​ ដែល​អាច​ចោទ​ប្រកាន់​ពួកគេ​ តាម​ផ្លូវច្បាប់​បាន។ យើង​មិនអាច​ប្រាប់​ថា​​មាន​ចំនួន​ប៉ុន្មាន​នាក់​ទេ ពី​ព្រោះ​វា​ជា​រឿង​សម្ងាត់​របស់​អាជ្ញាធរ»។

លោក​ស្រេង ​បាន​បន្ថែម​ទៀត​ថា ​រដ្ឋា​ភិបាល​ បានបញ្ជាក់​ច្បាស់​ហើយ​ថា​ ការធ្វើ​ឯកសារ​សំខាន់​ៗ ដូច​ជា​អត្ត​សញ្ញាណ​ប័ណ្ណ​ និង​សំបុត្រកំណើត​ ឬ​សំបុត្រ​អាពាហ៍​ពិពាហ៍​ គឺត្រូវធ្វើ​ដោយ​ឥត​គិត​ថ្លៃ​ ជូន​ដល់​ប្រជា​ពលរដ្ឋ​ហើយ​មិនមាន​ការផ្លាស់ប្តូរ​នៅ​ក្នុង​គោលនយោបាយ​នេះ​ទេ។

ខណៈដែល​ការ​ធ្វើ​អត្ត​សញ្ញាណប័ណ្ណ​នេះ​ ត្រូវបានធ្វើ​ជូន​ដោយ​ឥតគិតថ្លៃ​នោះ​ ក៏​ធ្លាប់​មាន​ការ​ត្អូញ​ត្អែរថា ​មន្ត្រី​មូល​ដ្ឋាន​បាន​គិតថ្លៃ​សេវា​ក្រៅផ្លូវការ​ ឬ​ពន្យារ​ពេលចេញ​ឯកសារ​នោះ​ ដល់​ប្រជា​ពល​រដ្ឋ​ផងដែរ។

លោក ប្រុក​ ម៉ៃ​ឧត្តម ​អគ្គនា​យក​រង នៃអគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​ថា៖​«មនុស្ស​មាន​គំនិត​អាក្រក់ បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនេះ​ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ មិនមាន​ការ​កើន​ឡើង​នៃ​ការធ្វើ​អត្ត​សញ្ញា​ណប័ណ្ណ​ទេ»។

លោក​បាន​មាន​ប្រសាសន៍​ថា៖«បច្ចុប្បន្ន​លំហូរ​ប្រជា​ពល​រដ្ឋ ​មក​ធ្វើ​អត្ត​សញ្ញា​ណប័ណ្ណ​ គឺ​ដូច​គ្នា​នឹង​ថ្ងៃ​ធម្មតា​ដែរ»៕ NS