ភ្នំពេញៈ សាលារាជធានីភ្នំពេញបានធ្វើបទបង្ហាញប្រាប់ដល់ក្រុមហ៊ុនឯកជនជាង ៣០ ពីនីតិវិធីនៃការដាក់ដេញថ្លៃក្នុងការទទួលបានសិទ្ធិលើការផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងនៅភ្នំពេញ ខណៈគិតត្រឹមថ្ងៃទី ១២ ខែមីនាមានក្រុមហ៊ុនចំនួន ២០ បានមកទទួលពាក្យ។
សន្និសីទដែលចាប់ផ្តើមកាលពីម្សិលមិញ ហើយនឹងបន្តមកធ្វើនៅថ្ងៃនេះទៀតគឺក្នុងគោលបំណងផ្តល់នូវព័ត៌មានសំខាន់ៗជុំវិញស្ថានភាព និងបច្ចុប្បន្នភាពនៃការគ្រប់គ្រងសំរាម នីតិវិធី និងកាលវិភាគនៃដំណើរការដេញថ្លៃតាមដំណាក់កាលនីមួយៗរួមទាំងការណែនាំពីបច្ចេកទេស និងលក្ខខណ្ឌនៃការចូលរួមដេញថ្លៃផងដែរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងក្នុងសន្និសីទបង្ហាញពីនីតិវិធីនៃការដេញថ្លៃការប្រមូលសំរាមក្នុងរាជធានីដែលធ្វើឡើងនៅសាលារាជធានីថា បញ្ហាសំរាម សំណល់រឹង គឺជាបញ្ហាប្រឈមសំខាន់មួយក្នុងចំណោមបញ្ហាប្រឈមចំនួន ៣ ដែលរាជធានីភ្នំពេញកំពុងជួបប្រទះ ដូចជា បញ្ហាស្ទះចរាចរណ៍ លូ និងសំរាម។
លោកបានបន្តថា៖ «រាជធានីភ្នំពេញបាននិងធ្វើការបែងចែកជា ៣ តំបន់សម្រាប់ឲ្យក្រុមហ៊ុនធ្វើការជ្រើសរើសក្នុងការផ្តល់សេវាប្រមូលសំរាម និងដឹកជញ្ចូនសំរាម សំណល់រឹងទៅតាមតំបន់ទាំង ៣ នេះផ្សេងៗគ្នា ហើយចំពោះដំណើរការ និងនីតិវិធីលទ្ធកម្មនេះនឹងត្រូវឆ្លងកាត់ជា ២ ដំណាក់កាល។ ទី ១ ការវាយតម្លៃលើបុរេសមត្ថភាព និងលក្ខណសម្បត្តិរបស់ក្រុមហ៊ុន។ ទី ២ គឺការវាយតម្លៃជ្រើសរើសក្រុមហ៊ុនចំនួន ៣ ក្នុងការផ្តល់សេវាតាមតំបន់ដែលបានកំណត់»។
បន្ថែមពីនេះលោកបន្តថាបញ្ហាអនាម័យជាបញ្ហាសំខាន់មួយដែលរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ ប៉ុន្តែចំពោះបញ្ហាចន្លោះប្រហោងនៅតែមានដោយចៀសមិនផុត ដែលរដ្ឋបាលរាជធានីភ្នំពេញនឹងទទួលយកការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានី ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតលើការធ្វើអនាម័យនេះ។
លោកថា៖ «ការដាក់ដេញថ្លៃគឺចាប់ផ្តើមទទួលពាក្យសុំចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ១៦:០០។ ដូច្នេះសូមបណ្តាក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចូលរួមដេញថ្លៃទាំងអស់មេត្តារួសរាន់បំពេញរាល់ឯកសារឲ្យបានត្រឹមត្រូវតាមនីតិវិធីដែលបានកំណត់»។
លោក ហួត ហៃ អភិបាលរង និងជាប្រធានរដ្ឋបាលរាជធានីភ្នំពេញថ្លែងនៅក្នុងសន្និសីទថា បន្ទាប់ពីបើកដំណើរការការទទួលពាក្យ និងផ្តល់ពាក្យដាក់ដេញថ្លៃការប្រមូលសំរាមមកត្រឹមថ្ងៃទី ១២ ខែមីនាម្សិលមិញមានក្រុមហ៊ុនចំនួន ២០ ហើយដែលបានមកយកពាក្យដេញថ្លៃប្រមូលសំរាម។ លោកថា៖ «នៅពេលខាងមុខយើងរៀបចំការប្រមូលសំរាមជា ៣ តំបន់ក្នុងខណ្ឌទាំង ១៤ ក្នុងរាជធានីដោយក្នុង ១ តំបន់មាន ១ ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ»។
យោងតាមឯកសាររបស់សាលារាជធានីបានឲ្យដឹងថា តំបន់ដែលត្រូវបែងចែកជា ៣ នោះ រួមមានតំបន់ទី ១ មានខណ្ឌទួលគោក ឫស្សីកែវ សែនសុខ ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ តំបន់ទី ២ មានខណ្ឌដង្កោ ពោធិ៍សែនជ័យ កំបូល ដូនពេញ ខណ្ឌ៧មករា។ ចំណែកតំបន់ទី ៣ មានខណ្ឌចំការមន មានជ័យ ច្បារអំពៅ និងខណ្ឌបឹងកេងកង។
កាលពីថ្ងៃទី ២២ ខែតុលាឆ្នាំមុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដកសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រីដែលជាក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញមកឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការគ្រប់គ្រងបណ្តោះអាសន្នមុននឹងរកក្រុមហ៊ុនថ្មីមកជំនួស ក្រោមហេតុផលថា ក្រុមហ៊ុនស៊ិនទ្រីមិនមានសមត្ថភាពក្នុងការប្រមូលសំរាម។
សំរាមដែលបានបង្កើតឡើងនៅកម្ពុជាក្នុង ១ ថ្ងៃៗមានជាង ១ ម៉ឺនតោន បើសរុបគឺស្មើនឹងជិត ៤ លានតោនក្នុង ១ ឆ្នាំ។
ក្នុងចំណោមសំរាមទាំងនោះមាន ៦៥ ភាគរយជាសំណល់សរីរាង្គ ២០ ភាគរយជាសំណល់ថង់ប្លាស្ទិក និងនៅសេសសល់គឺជាសំណល់រឹង និងសំណល់ផ្សេងទៀត។
សម្រាប់រាជធានីភ្នំពេញសំរាមត្រូវបានបង្កើតឡើងប្រមាណជា ៣ ពាន់តោនក្នុង ១ ថ្ងៃ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ផ្សព្វផ្សាយកាលពីចុងឆ្នាំមុន៕