ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​នឹង​ផ្អាក​ជា​បណ្តោះអាសន្ន​មិន​ឲ្យ​រថយន្ត​ធុន​ធ្ងន់​ធ្វើ​ចរាចរណ៍​​តាម​បណ្តោយ​ផ្លូវ​ ៦០ ​ម៉ែត្រ​ បន្ទាប់ពី​មើលឃើញ​ថា រថយន្ត​ធុនធំ​ដែល​ដឹក​ដី​ដឹក​ខ្សាច់​ទាំងនេះ​បាន​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ និង​រងរបួស​ជា​ញឹកញាប់​។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​អង្គារ​ថា វិធានការ​នេះ​ត្រូវបាន​ដាក់​ឡើង​នៅក្នុង​អង្គប្រជុំ​ក្រុម​ការងារ​មួយ​ដែល​ដឹកនាំ​ដោយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ពេល​ថ្មីៗ​នេះ​។

លោក​បន្តថា ការដែល​រដ្ឋបាល​រាជធានី​សម្រេច​ដូច្នេះ ព្រោះ​តែ​សង្កេតឃើញ​ថា រថយន្ត​ធុន​ធ្ងន់​ទាំងនេះ​តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​នៅ​លើ​ផ្លូវ​ ៦០ ​ម៉ែត្រ​ហើយ​ថែមទាំង​បើកបរ​គ្មាន​សណ្តាប់ធ្នាប់​ទៀត​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​តែ​មើលឃើញ​ពី​កង្វះខាត​ពី​ម្ចាស់​រថយន្ត​ ឬ​តៃកុង​ឡាន​ (​ធំ​) ឧទាហរណ៍​ថា តៃកុង​ឡាន​ដែល​គាត់​បើកបរ​ឲ្យ​ក្រុមហ៊ុន​នេះ ដូច្នេះ​យើង​មិនអាច​បន្ទោស​ថា ក្រុមហ៊ុន​ខុស​ទេ​។ តៃកុង​ឡាន គាត់​បើក​លឿន គាត់​បើក​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន ហើយ​ច្រើនតែ​មាន​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ និង​បញ្ហា​អសកម្ម​មួយ​ចំនួន​ទៀត​។ ដូច្នេះ​ទើប​យើង​ត្រូវតែ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងនេះ​ឲ្យ​មាន​របៀបរៀបរយ​ក្នុង​ការដឹកជញ្ជូន​»​។

លោក ម៉េត មាសភក្តី លើកឡើង​ថា កន្លងមក​ឡានធំៗ​ដឹក​ដី និង​ដឹក​ខ្សាច់​តាម​បណ្តោយ​ផ្លូវ​ ៦០ ​ម៉ែត្រ​ហាក់​មិន​បាន​គោរព​តាម​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​បានល្អ​នោះទេ ដោយ​តែងតែ​បង្ក​ការរំខាន ដូចជា​បង្ក​ឲ្យ​មាន​ការស្ទះចរាចរណ៍ ការមិន​គ្រប​រថយន្ត​ដែល​នាំឲ្យ​ហុយ​ដី​ធ្លាក់​ដី​ ឬ​ភក់​រប៉ាត់រប៉ាយ​ធ្វើឲ្យ​រំខាន​ដល់​អ្នកដំណើរ​តាមផ្លូវ និង​ធ្វើឲ្យ​ខូច​សោភណភាព​ផ្លូវ​ជាដើម​។

លោក​ ឌី រ័ត្នខេមរុណ អភិបាលរង​ខណ្ឌមានជ័យ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការផ្អាក​មិន​ឲ្យ​មាន​រថយន្ត​ធុន​ធំ​ចរាចរ​នៅតាម​បណ្តោយ​ផ្លូវ​ ៦០ ​ម៉ែត្រ គឺ​សំដៅ​តែ​ទៅលើ​រថយន្ត​ដឹក​ខ្សាច់ និង​ដឹក​ដី​សម្រាប់​ការដ្ឋាន​ក្នុង​តំបន់​នេះ​ប៉ុណ្ណោះ ចំពោះ​រថយន្ត​ទូទៅ​នៅតែ​អាច​ចរាចរ​បាន​ជា​ប្រក្រតី​។

លោក​បន្តថា វិធានការ​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែ​សីហា​ទៅ​។ «​ផ្អាក​បណ្តោះអាសន្ន​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ដោយ​ទុក​រយៈពេល​ ១ ​ខែ​សម្រាប់​ការដ្ឋាន​នៅលើ​ផ្លូវ​ ៦០ ម៉ែត្រ​នេះ ដើម្បី​ឲ្យ​រៀបចំ​ផ្លាស់ប្តូរ​ការដឹកជញ្ជូន​ជា​ឡានធំៗ មក​ជា​ការ​បូម​តាម​បំពង់​ទុយោ​វិញ​។ ការ​ទុកពេល​ឲ្យ​ ១ ​ខែ​នេះ​គឺ​យើង​មើលឃើញ​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ទាំងនេះ​នឹង​អាច​ធ្វើ​បាន បើ​មិនបាន យើង​មើល​ទៅតាម​ជាក់ស្តែង​»​។

លោក​ ម៉េង វិមានតារ៉ា អធិការ​ខណ្ឌមានជ័យ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​ក្នុង​រយៈពេល​ ៥ ​ខែ​កន្លង​ទៅ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវ ៦០ ​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​ ៥ ​នាក់ របួសធ្ងន់​ ៧ ​នាក់ និង​ស្រាល​ ២ ​នាក់​។

លោក​ថា ភាគច្រើន​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​ ៦០ ម៉ែត្រ​នេះ​គឺ​ពិតជា​បាន​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​។ «​ព្រោះ​យើង​ដឹង​ហើយ ឡានធំ​បើកបរ​នៅក្នុង​តំបន់​ដែល​កំពុង​អភិវឌ្ឍន៍​ហ្នឹង​គឺ​ច្រើន​ស្អេកស្កះ​ណាស់ ដឹកដី ដឹកខ្សាច់​ក្នុង​ខែ​ភ្លៀង វា​ហូរ​តាម​ហ្នឹង ដែល​សុទ្ធតែ​ជា​កត្តា​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។ បើសិន​ជា​ថ្នាក់ដឹកនាំ​គាត់ គិតគូរ​ដល់​បញ្ហា វា​ជា​រឿង​ល្អ ហើយ​គ្រោះថ្នាក់​ក៏​អាច​កាត់បន្ថយ​បាន ព្រោះ​ផ្លូវ​នេះ​ធំ ហើយ​ការបើកបរ​ច្រើនតែ​លឿន​»៕

វីដេអូ៖