ភ្នំពេញៈ សាលា​រាជធានី​ភ្នំ​ពេញ បដិសេធ​ការស្នើសុំ​ការ​ប្រមូល​ផ្តុំ​​របស់​សមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ក្នុង​ការ​ទាមទារ​ឲ្យ​មា​ន​ការ​ដោះលែង​​ថ្នាក់ដឹកនាំ​​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​​រក្សាប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ខណៈដែល​អង្គការ​ការ​ពារ​សិទ្ធិ​​មនុស្ស​អាដហុកបាន​ចេញ​សេច​​ក្តីថ្លែង ការណ៍បង្ហាញ​ពី​ការ​ព្រួ​យ​​បារម្ភ​ ពី​​ការធ្លាក់ចុះ​សិទ្ធិ​ប្រមូល​ផ្តុំ និង​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។

កាលពី​ថ្ងៃ​អង្គារ​តំណាង​សមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ចំនួន ៣ រូប បានដាក់​លិខិត​ជូន​លោក ឃួ​ង ស្រេង អភិបាល​​រាជធានី​ភ្នំពេញ ដើម្បី​ជូនដំណឹង​ពី​ការប្រមូលផ្ដុំ​សម្ដែ​ង​​មតិ ដោយមាន​អ្នក​ចូលរួម​យ៉ា​ង​តិច​ជាង ៧០ នាក់ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១៥ ខែ សី​ហា​ នៅមុខ​សាលា​ដំបូង​រាជធានី។

លោកស្រី អ៊ុក ឆា​យ៉ា​វី ប្រធា​ន​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​​រាជ្យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការ​ប្រមូល​ផ្តុំ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​​លែង​លោក កឹម សុខា និង​លើ​ក​លែងទោស​លោក សម រ​ង្ស៊ី​។ លោកស្រី​ថ្លែង​ថា លោក​ស្រី​បារម្ភ​ជុំវិញ​ការ​បាត់បង់ EBA ក្នុងពេល​ខាងមុខ ព្រោះតែ​រដ្ឋា​​​ភិបាល មិនបាន​ធ្វើ​អ្វី​ជា​ដុំ​កំ​ភួន​ ដើម្បី​ឆ្លើយតប​ទៅនឹង​សហភាព​​អឺរ៉ុប​នោះ​ទេ។

លោកស្រី​បញ្ជា​ក់​ថា៖ «ដូច្នេះ​ក្នុងនាម​ជា​ពលរដ្ឋ​កម្ពុជាដែល​បារម្ភ​ពី​ការ​បាត់​ប​ង់ EBA ខ្ញុំ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ជាថ្មី ដោយ​ធ្វើយ៉ាង​ណា​រក្សា EBA ឲ្យ​បានហើយ​មិន​ត្រូ​វ​​បណ្តោយ​ឲ្យ​អត្ថប្រយោជន៍​ទាំង​នេះបាត់បង់​នោះទេ។ ព្រោះបញ្ហា​នេះ ប៉ះពាល់​មិនមែន​តែ​ខ្ញុំ​​ម្នាក់ទេ គឺ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ទូទាំង​ ប្រទេសអ៊ីចឹង​ចង់​ឲ្យ​ខ្មែរនិង​ខ្មែរ​ហ្នឹង​ចេះ​អធ្យាស្រ័យ​នឹង​គ្នា»។

លោក រ៉ុង ឈុ​ន ប្រធាន​សម្ព័ន្ធ​សហភាព​សហជីព​កម្ពុ​ជា និង​ជា​តំណាង​មួយរូប​ដែល​បា​ន​ចូល​រួម​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ បាន​លើកឡើង​ដែរ​ថា នៅ​ពាក់កណ្តាល​ខែសីហា​ខាង​មុខនេះ សហគមន៍​អឺរ៉ុបនឹង​បិទ​បញ្ចប់​របា​យការណ៍​របស់​ខ្លួនក្នុងការ​វាយតម្លៃ​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មុន​នឹង​ឈាន​ទៅដល់​នីតិវិធី​នៃ​ការ​សម្រេច​ក្នុង​ការដកឬ​រក្សា EBA នេះ។

លោកថ្លែង​ថា​ លោក​ពិត​ជា​មានការ​ព្រួយបារម្ភ​ជុំវិញ​ការ​បាត់បង់​ EBA ​ពី​ព្រោះថា វា​នឹង​ខាតបង់​អត្ថប្រយោជន៍​យ៉ាង​ធំ និង​ប៉ះពាល់​ខ្លាំង​ទៅលើ​វិស័យ​វាយ​នភណ្ឌ កាត់​ដេរដែល​វិសាលភាព​នៃ​ការប៉ះពាល់​នេះ ក៏​ជះ​ឥ​ទ្ធិពល​ទៅដល់​សេដ្ឋកិច្ច​កម្ពុជា​ស្ទើរ​ទាំងមូល​ផងដែរ។

លោក​បញ្ជាក់ថា៖ «វិបត្តិ​នៅ​កម្ពុជា​ក្នុង​ពេលនេះ រដ្ឋាភិបាល​មិន​ទាន់​បាន​ដោះ​ស្រាយ​ចាប់​​តាំងពី​ពាក់កណ្តាលឆ្នាំ​ ២០១​៧ ​មកបន្ទាប់ពី​មានការ​ចាប់​លោក កឹម សុខា និង​ការរំលាយ​គណ​​បក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប និង​អាមេរិក ថ្កោលទោស​មកលើ​រដ្ឋាភិបាល​កម្ពុជា»។

លោក​បន្តថា៖ «សូម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ស្តារ​ឲ្យ​បាន​ពេញលេញ នូវ​ការ​គោរ​ព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ​ដែល​គេ​មាន​ភ្ជា​ប់​ចំណុ​ច​​ដូចជា​ការដោះលែង​លោក កឹម សុខា​ ផ្តល់​សិទ្ធិ​នយោបាយ ទៅ​​ដល់​អ្នកនយោបាយហើយ​ទា​ម​​ទារ​ឲ្យ​មានការ​ដំណើរ​ការ​គណបក្ស​ឡើងវិញ»។

លោក ម៉េ​ត មាស​ភក្តី អ្នក​​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​​ថា សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូលផ្តុំ​តាម​ការស្នើសុំ​នេះ​ទេ ព្រោះតែ​មើលឃើញថា វា​ប៉ះពាល់​ដល់​ដំណើរការ​ការងារ​រប​ស់​ស្ថាប័ន​តុលាការ។ ជាមួយនឹង​ការ​បដិ​​សេធ​នេះ លោក​ព្រមាន​ថា អ្នក​ប្រព្រឹត្ត​ល្មើស​ពី​ការ​សម្រេច​នេះ នឹងត្រូវ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់។​​

លោកស្រី មូរ សុ​ខ​ហួ​រ អនុ​​ប្រធាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិបាន​ថ្លែង​ថា ការស្នើ​របស់​ប្រជាពលរដ្ឋក្នុងការ​​ធ្វើការ​ប្រមូលផ្តុំ​នេះ គឺ​ស្របទៅនឹង​ច្បាប់។ «វា​គឺជា​សិទ្ធិ​ពេញ​លេ​ញ​របស់​ពួកគេហើយ​អាជ្ញាធរ ត្រូវ​តែ​គោរព​នូវ​សិទ្ធិ​បញ្ចេ​ញ​មតិ សិទ្ធិ​នៃ​ការ​ប្រមូល​ផ្តុំ ដែលមាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ»។

ប៉ុន្តែលោក ផៃ ស៊ី​ផាន អ្នក​​នាំ​ពាក្យ​រដ្ឋាភិបាលបាន​ចាត់​ទុ​ក​គម្រោង​ចង់​ប្រមូលផ្តុំ​របស់​សមា​គម​គ្រូបង្រៀន​ក្នុង​ពេល​នេះ​ថា ធ្វើឡើង​ក្នុង​ចេតនា​អា​ក្រក់ដែល​នៅ​ពីក្រោយ​​​សកម្ម​​ភាព របស់​អតីត​គ​ណ​បក្ស​​សង្គ្រោះ​ជាតិ។

លោកថា៖ «ការ​ជួប​ប្រជុំ​គ្នាគឺ​គ្រាន់តែ​ជា​ឧបករ​ណ៍​បំព​ង​សំឡេង​បន្ត​របស់​ក្រុម​បរទេស​តែប៉ុណ្ណោះ។ ពីព្រោះ​ក្រុម​គាត់​ហ្នឹង ដែល​ធ្វើ​យុទ្ធនា​ការមិន​ឲ្យ​គេ​ទិញ​របស់របរ​របស់​ក​ម្ពុ​ជា ហើយ​គាត់​ហ្នឹងហើយដែល​រៀ​ប​ចំ​ឲ្យ​មាន​ស្ថានភាព​របៀប​ហ្នឹង។ ហេតុ​ដូច្នេះ​ហើយមិន​បា​ច់​​ភូតភរ​ប្រជា​ពលរដ្ឋ​ថាគាត់​យ​ក​ចិត្ត​ទុក​ដាក់កម្មករ​នោះ​ទេដែ​ល​​ជា​រឿង​ប្រឌិត​មួយ​អាក្រក់​ណាស់»។

កាលពី​ម្សិល​មិ​ញ សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​សម្តែង​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​បន្ត​រឹតត្បិតសកម្ម​ភាព​ការជួបជុំ រប​ស់​អង្គការ​សង្គម​ស៊ីវិល សហ​គម​ន៍​មូល​ដ្ឋាន និង​សកម្មជ​​​ន​គណ​​បក្ស​នយោបាយពី​សំណា​ក់​​​កង​កម្លាំង​ប៉ូលិស និង​អាជ្ញាធរនៅ​តាម​មូល​ដ្ឋាន​មួយ​ចំនួន។

អាដ​ហុកបញ្ជាក់​នៅ​ក្នុង​សេ​ច​​ក្ដី​ថ្លែង​ការ​ណ៍​ថា៖ «ទោះបី​កាលពី​ចុងឆ្នាំ ២០១៨ និង​ ដើម​ឆ្នាំ ២០១៩ រាជរដ្ឋាភិបាល ពិសេស​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​នូវ​ឆន្ទៈ ក្នុង​ការបើក​លំហ​សេរីភាពនៃ​ការជួបប្រជុំ របស់​អង្គការ​សង្គម​ស៊ីវិល និង​សហ​គមន៍​មូល​ដ្ឋាន រៀបចំ​វេទិកា​ភាពជា​ដៃគូ​រវាង​រាជ​រដ្ឋាភិបា​លជាមួយ​អង្គការ​សង្គមស៊ីវិ​ល យ៉ាងណាក៏ដោយ ក៏​សមាគម​ ពិតជា​មានការ​ព្រួយ​បារម្ភ​យ៉ា​ង​ ខ្លាំង ចំពោះ​ការបន្ត​រឹតត្បិត​សកម្មភាព​ការជួបជុំ​របស់​អង្គ​​​ការ​សង្គម​ស៊ីវិល សហ​​គមន៍​មូល​ដ្ឋាននិង​សកម្ម​ជន​គណ​បក្សនយោបាយ​ពី​សំណាក់ កងកម្លាំង​ប៉ូលិស និង​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​មួយ​ចំនួន»។

ការលើក​ឡើង​ពី​ការធ្លាក់ចុះ​នៃ​សកម្មភាព​ការជួបជុំ​នេះគឺ​​ផ្អែក​តា​ម​រយៈ​ការតាម​ដាននិង​ឃ្លាំ​​មើល​មកលើ​សកម្ម​ភាពនៃ​ការ​ជួបជុំ របស់​សមាគម​អាដ​ហុក​ចំនួន​ ៣០ ករណី និង ៤១ ករណី​ផ្សេង​ទៀត​ តាមដាន​ និង​ឃ្លាំ​មើ​ល​ទៅលើ​ការជួបជុំរបស់​សហគ​ម​ន៍​មូលដ្ឋាន សកម្ម​ជន នៃ​គណ​​បក្ស​នយោ​បាយ និង​អង្គការ​សង្គ​ម​ស៊ីវិល​ដទៃ​ផ្សេង​ទៀត ដោយ​អាជ្ញា​ធរ​បាន​ទាមទារ​រ​ក​លិខិត​អនុ​ញ្ញាត ការដាក់​កម្លាំង​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ចូល​ស្តាប់​ការប្រជុំ អាជ្ញា​ធរ​បាន​ចេញ​លិខិត​កោះ​ហៅ​តំណាង​សហគមន៍​ទៅ​ជួប​ផ្ទាល់ឬ​សា​ក​​​សួរ​តាម​ទូរស័ព្ទ នៅពេល​ពួក​​​​​​គេ​ត្រឡប់​ពី​ការជួបប្រជុំ​ជាមួយ​អង្គការ ឬ​សមាគម​ផ្សេងៗ។