ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ជាថ្មី​ទៀត​ទៅ​ដល់​កម្មករនិយោជិត​របស់​ក្រុមហ៊ុន ស៊ីនទ្រី ឱ្យ​ចូល​ធ្វើការ​វិញ ដោយ​បញ្ឈប់​ការធ្វើ​កូដកម្ម​ខុសច្បាប់​បន្ត​ទៀត​ដែល​នាំឱ្យ​បាត់បង់​នូវ​ប្រាក់​អត្ថប្រយោជន៍​នានា ដែល​ច្បាប់​បានកំណត់​។

សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​ការធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត​ក្រុមហ៊ុន​ស៊ីនទ្រី​កាលពី​ថ្ងៃ​ម្សិលមិញ​​ ដោយ​បាន​លើកឡើង​ថា កម្មករ​ផ្នែក​បើកបរ និង​ផ្នែក​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ខុសច្បាប់​មិន​ចេញ​ប្រមូល​សំរាម​នៅឡើយ លើកលែង​តែ​កម្មករ​ផ្នែក​បោសសម្អាត​ផ្លូវ​ប៉ុណ្ណោះ ដែល​បាន​ចូល​ធ្វើការ​វិញ​កាលពី​ថ្ងៃទី​ ១០ ខែតុលា ឆ្នាំ​ ២០២០​។

សេចក្តី​ជូនដំណឹង​បាន​បន្តថា​៖ «​ក្នុងករណី​បងប្អូន​ចូល​បម្រើការងារ​វិញ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​ធានា​ដដែល​នូវ​ខ្លឹមសារ​ដែល​មាន​នៅក្នុង​កំណត់​ហេតុ​អង្គប្រជុំ​កាលពី​ថ្ងៃទី​ ៧ ខែ​តុលា ឆ្នាំ​ ២០២០ កន្លងមក​»​។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិង​កំពុង​ចាត់វិធានការ​ដោយ​ប្រើប្រាស់​កម្លាំង​អាជ្ញាធរ​តាម​ខណ្ឌ​នីមួយៗ និង​មធ្យោបាយ​ផ្សេងៗ​ជា​បន្តបន្ទាប់​ដើម្បី​ប្រមូល​សំរាម​ដែលមាន​ការកកស្ទះ​នៅ​រាជធានី​ភ្នំពេញ​ឱ្យ​អស់ពី​សមត្ថភាព និង​លទ្ធភាព​ដែលមាន​។

ជាមួយ​គ្នា​នេះ​ដែរ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៩ ខែតុលា​ដោយបាន​ផ្តាំផ្ញើ​ទៅកាន់​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ីនទ្រី ដែល​ភាគច្រើន​នៅ​បន្ត​ធ្វើការ​តវ៉ា​ថា សាលាក្រុង​អាច​គ្រប់គ្រង​ក្នុង​ការប្រមូល​សំរាម​បាន​បើទោះបី​ជា​អ្នកប្រមូល​សំរាម​ថ្មី​ទាំងនេះ មិនមាន​បទពិសោធ​ក្នុង​ការបំពេញការងារ​នេះ​យ៉ាងណា​ក៏ដោយ​។

លោក​ថ្លែងថា នៅ​ថ្ងៃ​ដំបូង​ដែល​កម្លាំង​នៃ​សាលា​រាជធានី​ភ្នំពេញ​ចេញ​ធ្វើការ​ប្រមូល និង​ដឹក​សំរាម​បាន​តែ​ប្រមាណ​ ៣០០ ​តោន​ប៉ុណ្ណោះ ដោយសារ​កម្លាំង​ទាំងនេះ សុទ្ធតែ​អ្នកថ្មី ពួកគាត់​មិនមាន​ជំនាញ​ក្នុង​ការបើកបរ​រថយន្ត​ដឹក​សំរាម​ឡើងទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម ដែល​ខ្ពស់​ហើយ​រអិល​។

លោក​អភិបាលក្រុង​បន្ថែម​ថា៖ «​ជា​មធ្យម​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ជាង ២ ៨៨៥ ​តោន​ក្នុង​ ១ ​ថ្ងៃ ហើយ​អ្នកប្រមូល​ និង​ដឹក​សំរាម​បាន​រហូតដល់​ ២០០០ ​តោន​នៅ​ថ្ងៃ​បន្តបន្ទាប់​។ ដូចនេះ​ខ្ញុំ​លែង​សូវ​មាន​ការបារម្ភ​ទៀតហើយ​ហើយ​នៅតាម​ខណ្ឌ​ទាំង​ ១៤ និង​ ១០៥ ​សង្កាត់​ក្នុង​ក្រុងភ្នំពេញ​ក៏​មាន​អ្នកចូលរួម​ប្រមូល​សំរាម​យ៉ាង​សស្រោកសស្រាំ ដោយសារ​ពួកគាត់​មាន​ការយល់​ពី​បញ្ហា​បរិស្ថាន​នៅក្នុង​ទីក្រុង​»​។

កាលពី​ប្រមាណ​ជា​ ៣ ​ខែ​មុន​សាលា​រាជធានី​ភ្នំពេញ​បាន​ផ្តល់​ម៉ូតូ​បែន​ដែល​ផលិត​នៅ​ប្រទេស​ចិន​ទៅ​ ១០៥ ​សង្កាត់​ទូទាំង​ ១៤ ​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ដែល​ ១ ​សង្កាត់​ទទួល​បាន​ ២ ​ម៉ូតូ​បែន សម្រាប់​ត្រៀម​បង្ការ​ក្នុងការ​ប្រមូល​សំរាម​នៅតាម​ផ្លូវ​តូចៗ​។ ការផ្តល់​ម៉ូតូ​នេះ ដោយសារ​លោក ឃួង ស្រេង ​ដឹង​មុន​ថា ថ្ងៃ​ណា​ ១ កម្មករ​ប្រមូល​សំរាម​នឹង​ធ្វើការ​តវ៉ា​ដែល​លោក​ត្រូវតែ​ត្រៀម​ការពារ​ជា​មុន​រួចជាស្រេច​។ នេះ​បើតាម​ការលើក​ឡើង​របស់លោក​អភិបាល​ក្រុង​។

ជាមួយ​គ្នា​នេះ​កាលពី​ថ្ងៃទី​ ១១ ខែតុលា សាលា​រាជធានី​បានទទួល​រថយន្ត​ដឹក​សំរាម​ចំនួន​ ៦ ​គ្រឿង​ដែលជា​អំណោយ​របស់​ទីក្រុង Osaka ប្រទេស​ជប៉ុន តាមរយៈ​លោក អ៊ឹង រចនា ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​សរសេរ​លើ​បណ្តាញ​សង្គម​របស់ខ្លួន​ថា៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានទទួល​អំណោយ​ពី​មិត្ត​ជប៉ុន នូវ​រថយន្ត​ដឹក​សំរាម​ចំនួន​ ៦ ​គ្រឿង ដើម្បី​បន្ថែម​លើ​ប្រតិបត្តិការ​ដែល​កំពុងតែ​មមាញឹក​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​មិត្ត​ជប៉ុន​ដែល​បានផ្ដល់​អំណោយ​ទាំងនេះ​»​។

លោក​ ម៉ី ផាន អគ្គលេខាធិការ​នៃ​សហជីព​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា កម្មករ​នៅតែ​ប្រកាន់​ជំហរ​មិន​ចូលធ្វើ​ការងារ​វិញ​ទេ ទោះបី​ជា​សាលាក្រុង​អំពាវនាវ​ជា​លើក​ទី​ ២ ​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​កម្មករ​នៅតែ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ចំនួន​ ២ ​ចំណុច គឺ​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​ដំណាច់​ឆ្នាំ ដោយ​កំណត់​នូវ​ថ្ងៃ​ជាក់លាក់​បើក​ជូន​ពួកគាត់​»​។ លោក ម៉ី ផាន ​បញ្ជាក់ថា កម្មករ​ធ្វើការ​ទាមទារ ​៥ ​ចំណុច ប៉ុន្តែ​មកដល់​ពេល​នេះ​ពួកគាត់​ទាមទារ​សុំ​តែ​ ២ ​ចំណុច​វិញ​ទេ​បើ​ក្រុមហ៊ុន​ព្រម កម្មករ​នឹង​ចូល​ធ្វើការ​វិញ​។

លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​ដឹងថា កម្មករ​ប្រមូល​សំរាម​នៅតែ​បន្តធ្វើ​ការតវ៉ា​ដដែល​កាលពី​ម្សិលមិញ ហើយ​លោក​ក៏បាន​ស្នើសុំ​ឱ្យ​កម្មករ​ទាំងអស់​ចូលធ្វើការ​វិញ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏​ស្នើសុំ​ទៅ​អភិបាលក្រុង​ភ្នំពេញ​ដោយ​ធ្វើយ៉ាងណា​គោរព​ទៅតាម​អ្វីដែល​បាន​ជជែក​គ្នា​ក្នុង​កំណត់ហេតុ​។ ចំពោះ​រឿង​ដែល​កម្មករ​កើតទុក្ខ​មិន​សុខចិត្ត ហើយ​បន្ត​ការតវ៉ា​ទៀត​នោះ​គឺជា​សិទ្ធិ​របស់​ពួកគាត់​»​។

យោងតាម​កំណត់ហេតុ​ប្រជុំ​ស្តីពី​ការសម្របសម្រួល​ដោះស្រាយ​ករណី​កូដកម្ម​របស់​កម្មករ​ក្រុមហ៊ុន ស៊ីន ទ្រី កាលពី​ថ្ងៃទី​ ៧ ខែតុលា បាន​សម្រេច​ថា ចំពោះ​សំណើ​របស់​កម្មករ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា​ក្រុមហ៊ុន​ទទួល​ដោះស្រាយ​តាមច្បាប់​ស្តីពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ជា​អ្នក​ទទួល​ខុសត្រូវ​។ ចំពោះ​ការងារ​របស់​កម្មករ​និយោជិក​ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធានា​មិនឱ្យ​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៊ីនទ្រី​ដេញ​ថ្លៃ​ជាប់​ ឬ​មិន​ជាប់​ក៏ដោយ​៕

វីដេអូ៖