ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំ​ពេញបាន​​អនុញ្ញាត​ឲ្យ​ទីតាំង​ចំនួន​ ២៣​ កន្លែង ​ដែល​ធ្លាប់​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​អ្នក​ឆ្លង​​កូវីដ​ ១៩ ​​បើក​ដំណើរ​ការឡើង​វិញ​ នៅ​ថ្ងៃអង្គារទី ០៩ ខែមីនា ឆ្នាំ​ ២០២១ នេះ បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ដំណើរការមួយ​រយៈ ខណៈ​ក្រសួង​សុខាភិបាល ​បាន​រក​ឃើញ​អ្នក​​វិជ្ជមានកូវីដ ១៩​ ចំនួន​ ៤៩ ​នាក់​បន្ថែម​ទៀត​ ដោយ​ក្នុង​នោះ​អ្នក​ឆ្លងក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ មាន​ចំនួន​ ៤៨​ នាក់។

ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ពី​ការ​ព្យាបាល​ជាសះ​ស្បើយ​អ្នក​ជំងឺកូវីដ​ ១៩​ ចំនួន​ ២១​ នាក់ផង​ដែរ ដោយ​ក្នុង​ចំណោម​នោះ​ មាន​អ្នក​ជំងឺ​ ២០​ នាក់​ ជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហ​គមន៍​ ២០​ កុម្ភៈ។

​ជា​មួយ​គ្នា​នេះ ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញបាន​​ចេញ​សេច​ក្តី​ជូន​ដំណឹង​មួយ​ថា ​ទីតាំង​អាជីវ​កម្ម​ចំនួន​ ២៣​ កន្លែង​ ត្រូវ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​ ប៉ុន្តែ​ទីតាំង​ទាំងនេះ​ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​និង​វិធាន​សុខាភិបាល។

លិខិត​នេះ​លើក​ឡើងថា៖ «រដ្ឋបាល​ខណ្ឌ​ ត្រូវ​ធ្វើ​កំណត់​ហេតុ​ជាមួយ​ម្ចាស់ទីតាំង​ ដោយ​ត្រូវ​ណែនាំ​ឲ្យ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា គោរព​វិធាន ​៣ កុំ ៣ ការ​ពារ, អនុវត្ត​វិធាន​របស់​ក្រសួង​សុខាភិបាល និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​គ្រប់​ពេល​វេលា ដោយ​ឥត​លក្ខ​ខណ្ឌ ដើម្បី​ការពារ និង​ទប់​ស្កាត់​ការ​រីករាល​ដាល​មេរោគ​កូវីដ ១៩»។

ចំណែក​ក្រសួង​សុខា​ភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១​៩​ ចំនួន​ ៤៩​ នាក់ ក្នុង​នោះអ្ន​ក​ដែល​បាន​ឆ្លង​ថ្មី​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍ ​២០ ​កុម្ភៈ មាន​ចំនួន​ ៤៨ ​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​នេះ​មាន​ចំនួន​​រហូត​ទៅដល់​ ៥៤៩ ​នាក់​។

អ្នក​ជំងឺ​ដែល​បាន​ឆ្លងក្នុង​ព្រឹត្តិការណ៍​សហ​គមន៍​ទាំងនោះ​ មាន​ជន​ជាតិ​ខ្មែរ​ចំនួន​ ១៩ ​នាក់ ជន​ជាតិ​ចិន​ចំនួន​ ២៨ ​នាក់ និង​ជន​ជាតិ​ឥណ្ឌូនេ​ស៊ី​ចំនួន​ ០១​ នាក់​។

គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ កម្ពុជា​មាន​អ្នក​មាន​វីរុស​កូវីដ​ ១៩​ ចំនួន​ ១ ០៦០​ នាក់ ក្នុង​នោះ​អ្នក​ដែល​បាន​ព្យាបាល​ជាសះ​ស្បើយ​មាន​ចំនួន ​៥៣៨​ នាក់ និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មាន​ចំនួន​ ៥២១​ នាក់៕