ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រូបង្រៀន​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ដើមខែ​ក្រោយ​ជាមួយ​នឹង​ការព្រមាន​ឲ្យ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ បើសិន​ជា​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង និង​មិនត្រូវ​អនុញ្ញាត​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​ហាម​ធ្វើ​នយោបាយ​ចូលរួម​ក្នុង​ពិធី​នេះឡើយ​។

កាលពី​ថ្ងៃ​ចន្ទ អាជ្ញាធរ​រាជធានី​ដឹកនាំ​ដោយ​លោក មាន ចាន់យ៉ាដា អភិបាលរង​បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​ស្នើ​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ក្រោម​ប្រធានបទ «​ការលើក​កម្ពស់​សិទ្ធិ​គ្រូបង្រៀន​» នៅ​ថ្ងៃទី​ ៥ ខែ​តុលា​ចាប់ពី​ម៉ោង ៨ ព្រឹក​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​មាន​អ្នកចូលរួម​ចន្លោះ​ពី​ ១៥០ ​ដល់ ២០០ ​នាក់​។

នៅក្នុង​កំណត់ហេតុ​ក្រោយ​អង្គប្រជុំ​របស់​សាលា​រាជធានី​ចុះ​ថ្ងៃទី ២៣ ខែ កញ្ញា​ សរសេរ​ថា​អង្គប្រជុំ​បាន​សម្រេច​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ដោយ​មិនត្រូវ​មានការ​ដង្ហែ​ក្បួន​តាមផ្លូវ​សាធារណៈ​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នោះ​ទេ​។

ការដាក់​ញត្តិ​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ចាត់​តំណាង​ចំនួន​ពី ៨ ទៅ ១០ ​នាក់ ជិះ​រថយន្ត​ទេសចរណ៍​ធុន​តូច​ចំនួន ២ គ្រឿង ​យក​ញត្តិ​ទៅ​ដាក់​តាម​ទីតាំង​ខាងលើ ហើយ​ធានា​ថា​គ្មាន​ការជួបជុំ​គ្នា​នៅមុខ​ទីតាំង​ណាមួយ​ឡើយ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា​តំណាង​សាលា​រាជធានី​នឹង​សម្របសម្រួល​ជាមួយ​ស្ថាប័ន​ទាំង​ ២ ដើម្បី​មក​រង់ចាំ​ទទួល​ញត្តិ​។

បន្ថែម​ពីនេះ​សាលា​រាជធានី​បាន​សង្កត់​ធ្ងន់​ថា ក្នុងករណី​អ្នកចូលរួម​ពិធី​មាន​ចំនួន​លើស​ពី​ការស្នើសុំ​រហូត​ដល់ ៣០០ ​នាក់​ ឡើង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ជួប​ជាមួយ​ម្ចាស់​សំណើ​ពិភាក្សា​លើ​ការប្រព្រឹត្ត​ទៅ​នៃ​ដំណើរការ​រៀបចំ​ពិធី ហើយ​ចំពោះ​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ផ្ទៃក្នុង​នៃ​ការរៀបចំ​ពិធី អ្នករៀបចំ​ជា​អ្នក​ទទួល​ខុសត្រូវ​ទាំងស្រុង ចំណែក​សមត្ថកិច្ច​ទទួល​ខុសត្រូវ​ការពារ​ពី​ខាងក្រៅ ហើយ​ក្នុង​ករណី​មាន​ជនសង្ស័យ​ត្រូវ​រាយការណ៍ជូន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​ឲ្យ​បាន​ទាន់ពេលវេលា​។

កំណត់ហេតុ​បញ្ជាក់ថា​៖ «(​សមាគម​ត្រូវ​) ​ផ្សព្វផ្សាយ​ក្រមសីលធម៌​ដល់​សមាជិក​ចូលរួម ដើម្បី​កុំឱ្យ​យក​វេទិកា​នេះ​ធ្វើ​សកម្មភាព​វាយប្រហារ​ដល់​ព្រះមហាក្សត្រ ឥស្សរជន​ជាន់ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល ប្រទេស​ជិតខាង ឬ​បំផុស​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​កើតជា​អំពើហិង្សា​ផ្ទុយ​ពី​ខ្លឹមសារ និង​គោលបំណង​នៃ​ការរៀបចំ​ពិធី​នេះ ឬ​បំបែក​បំបាក់​សាមគ្គីភាព​ជាតិ ឬ​ប្រើ​សារ​នយោបាយ និង​ប្រាសចាក​ពី​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ក្រៅពី​ការណែនាំ​នេះ​អាជ្ញាធរ​រាជធានី​តម្រូវ​ឲ្យ​សមាគម​ត្រូវ​ពិនិត្យ និង​ទទួល​ខុសត្រូវ​លើ​ខ្លឹមសារ​បដា​របស់​ខ្លួន និង​ហាម​មិនឱ្យ​មាន​ការចូលរួម​ពិធី​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​ហាម​ធ្វើ​នយោបាយ ហើយ​ក្នុង​ករណី​សមាគម​មិន​គោរព​តាម​ខ្លឹមសារ​ដែល​បាន​ឯកភាព​គ្នា​នេះ តំណាង​សមាគម​ត្រូវ​ទទួល​ខុសត្រូវ​​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការអនុញ្ញាត​នេះ​មាន​លក្ខណៈ​រឹតត្បិត ប៉ុន្តែ​យ៉ាងណា វា​មាន​លក្ខណៈ​ល្អប្រសើរ ព្រោះ​ថា​ការសម្រេច​របស់​អាជ្ញាធរ​លើក​នេះ​ខុស​ពី​លើក​មុនៗ​ដែល​តែងតែ​បដិសេធ​រាល់​ការស្នើសុំ​របស់​សហគមន៍​។

ប៉ុន្តែ​ទោះ​យ៉ាងណា​លោកស្រី នៅតែ​ទទូច​ឲ្យ​អាជ្ញាធរ​បន្ត​ផ្តល់​សិទ្ធិ​សេរីភាព ដែល​មានចែង​ក្នុង​ច្បាប់ និង​គោរព​ឲ្យ​បាន​ពេញលេញ​សម្រាប់​សេរីភាព​ទាំងនេះ​នៅក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ក្នុង​ពេល​ខាងមុខ ដោយ​លោកស្រី​សង្កត់ធ្ងន់​ថា បើ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​នោះ​មាន​ភាព​មិនប្រក្រតី​ណា​កើតឡើង នោះ​គឺជា​ការបង្កឡើង​ដោយ​ជន​ឆ្លៀតឱកាស​។

លោកស្រី​បន្ត​ថា​៖ «​ទិវា​គ្រូបង្រៀន​ពិភពលោក​នេះ យើង​ដឹង​ណាស់​ថា សមាសភាព​ចូលរួម​គឺ​សុទ្ធតែ​ជា​មនុស្ស​ស្លូតត្រង់ ដូច្នេះ​បើ​មាន​ករណី​មិន​ប្រក្រតី​កើតឡើង​បាន​ន័យ​ថា ជា​ពពួក​ដែល​ឆ្លៀត​ឱកាស​ហ្នឹង​ទេ ដែល​ជា​អ្នកប្រព្រឹត្ត​សកម្មភាព​។ ប៉ុន្តែ​ឲ្យ​យើង​មាន​ភាពភ័យខ្លាច​គឺ​យើង​អត់​ភ័យខ្លាច​ទេ ព្រោះ​អ្វី​ដែល​យើង​ធ្វើ គឺ​ធ្វើ​ទៅ​តាមច្បាប់​»​។

បើ​តាម​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ការជួបជុំ​ប្រារព្ធ​ទិវា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ត្រូវ​ផ្តល់​សម្ភារ​ពិសោធន៍ សម្ភារ​ឧបទ្ទេស​កុំព្យូទ័រ សៀវភៅ​មេរៀន សម្រាប់​សិស្ស និង​គ្រូបង្រៀន​ដល់​គ្រឹះស្ថានសិក្សា និង​សាលារៀន​គ្រប់​កម្រិត និង​ត្រូវ​ផ្តល់ប្រាក់​ឧបត្ថម្ភ​បុណ្យ​ជាតិ​នីមួយៗ​ជូន​គ្រូបង្រៀន​បន្ថែម (​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ​) ​និង​ស្នើ​ឲ្យ​មាន​ការដំឡើង​ប្រាក់ខែ​គោល​អប្បបរមា​ជូន​គ្រូបង្រៀន​ឲ្យ​អាច​រស់នៅ​បាន​ក្នុង​កម្រិត​ជីវភាព​សមរម្យ​។

ជាមួយ​នឹង​សំណើ​នេះ​លោកស្រី អ៊ុក ឆាយ៉ាវី រំពឹង​ថា​សំណើ​ដែល​ក្រុម​គ្រូបង្រៀន​បានស្នើ​ឡើង​នេះ​នឹង​ត្រូវបាន​យកចិត្ត​ទុកដាក់​ពី​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ប្រមុខ​រដ្ឋាភិបាល​ក្នុង​ការជួយ​លើកកម្ពស់​ជីវភាព​គ្រូបង្រៀន គុណភាព​អប់រំ​នៅ​កម្ពុជា​៕