
ភ្នំពេញៈ ពីរឆ្នាំ បន្ទាប់ពីការប្តេជ្ញាចិត្ត នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ឆ្នាំ ២០១៥ ឲ្យមានលទ្ធភាព ទទួលបានការអប់រំជាសកល កម្ពុជា នៅតែទទួលរងការយាយី ដោយការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសាលារៀន រួមទាំងការខ្វះខាតថ្នាក់រៀន និងអគារចាស់ៗ ដែលគំរាមកំហែងដល់សុវត្ថិភាពសិស្សានុសិស្ស។
លោក សន ជ័យ ស្ថាបនិក និងជានាយក នៃវិទ្យាស្ថាន ខ្មែរ ដើម្បីអភិវឌ្ឍន៍ជាតិ បានថ្លែង ថា៖ «អគារសាលា ជាពិសេស នៅតំបន់ដាច់ស្រយាល នៅមានលក្ខណៈអន់ថយនៅឡើយដូចជាបង្អួច ទ្វារ បាក់បែក និងគ្មានទឹកស្អាត។ ដរាបណាអគារទាំងនោះ មិនទទួលបានការយកចិត្តទុកដាក់ឲ្យបានល្អសាលារៀនមិនអាចបង្កើតបាននូវបរិយាកាសអនាម័យល្អបាននោះទេ»។
នៅ សាលាបឋមសិក្សា ស្លក្រោម ខេត្ត បាត់ដំបង គ្រូនិងសិស្ស មានការភ័យខ្លាចថា ដំបូលអគារអាចនឹងបាក់នៅពេលណាមួយ។
លោក សុភា លីម នាយកប្រតិបត្តិ នៃអង្គការ ពុទ្ធិកុមារ ដែលជាអង្គការមើលថែកុមារ នៅខេត្ត បាត់ដំបង បានថ្លែងថា៖ «នៅពេលមេឃភ្លៀង ឬខ្យល់ខ្លាំង ពួកគេនាំគ្នាគេចចេញពីថ្នាក់រៀន ឬយកក្មេងៗចេញក្រៅ។ ដំបូលអាចបាក់លើពួកគេ»។ «មានសាលាយ៉ាងហោចណាស់ចំនួនបួន ឬប្រាំ ដែលស្ថិតក្នុងស្ថានភាពស្រដៀងៗគ្នានេះ ប្រសិនបើខ្ញុំមានកូននៅតំបន់នោះខ្ញុំមិនចង់ឲ្យកូនទៅសាលាទេ»។
បាត់ដំបង មិនមែនជាខេត្តតែមួយទេ ដែលប្រឈមមុខនឹងស្ថានភាពសាលាទ្រុឌទ្រោម។ ការសិក្សាស្រាវជ្រាវសូចនាករ និងស្ថិតិអប់រំឆ្នាំ ២០១២‑២០១៣ របស់ក្រសួង អប់រំ បានបង្ហាញថា មួយភាគប្រាំ នៃសាលារដ្ឋទាំងអស់ខ្វះ «ជញ្ជាំងល្អ» ហើយស្ទើរតែពាក់កណ្តាល នៃសាលាទាំងនោះ ខ្វះទឹកម៉ាស៊ីន និងជិតមួយភាគបី មិនមានបង្គន់។
នៅខេត្ត រតនគិរី ដែលជាខេត្តមានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍតិចតួចបំផុត គឺថា ៧៣ ភាគរយ នៃសាលារៀនមិនមានទឹក។ ការសិក្សាស្រាវជ្រាវដោយអង្គការក្រៅរដ្ឋាភិបាលមួយក្នុងឆ្នាំ ២០១២ បានរកឃើញថា មានតែ ១៧ ភាគរយ នៃសិស្សចំនួនជាង ២២០០ នាក់ ដែលឆ្លើយសំណួរ បាននិយាយថា សាលារបស់ពួកគេមានអគ្គិសនី។
លោក សន ជ័យ បានថ្លែងថា៖ «បច្ចុប្បន្ន បញ្ហាប្រឈម ដែលយើងឮ ពីនាយកសាលា និងគ្រូ គឺថា ពួកគេមិនមានថវិកាគ្រប់គ្រាន់ ដើម្បីជួសជុលសាលា ឬធ្វើការជួសជុលអគារណាមួយទេ»។ «ថវិកាដែលបែងចែកទៅសាលា គឺមានកម្រិតណាស់»។
មន្ត្រីក្រសួង អប់រំបានបដិសេធ ចំពោះសំណើជាដដែលៗ ដែលសុំសម្ភាស អំពីចំណែកនៃថវិកាចំនួន ៧៨ លានដុល្លារ ដែលជាថវិកាជាតិ សម្រាប់ជួសជុលសាលា ឆ្នាំ ២០១៣‑២០១៤ នោះទេ។ ការសិក្សាស្រាវជ្រាវ របស់ក្រសួងបង្ហាញថា សាលាថ្មីចំនួន ១៣៧៧ ត្រូវបានសាងសង់ សម្រាប់ឆ្នាំសិក្សា ២០១២‑២០១៣។
ទោះយ៉ាងណាលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែងថា៖ «រដ្ឋាភិបាលសាងសង់សាលាថ្មី នៅកន្លែងមួយចំនួន ប៉ុន្តែយើងនៅតែមិនឃើញមានការសាងសង់ ឬជួសជុលសាលា នៅក្នុងតំបន់ដាច់ស្រយាល»។ ដោយមានសិស្សជាង ៣ លាននាក់ ដែលស្វែងរកការអប់រំពីសាលារដ្ឋ និងមានសាលាជាង ១១ ០០០ កន្លែង សូម្បីតែមានការសាងសង់ថ្មី ក៏វានៅតែគ្មានថ្នាក់រៀនគ្រប់គ្រាន់ដែរ។ ដោយមានថ្នាក់រៀនច្រើនជាងបន្ទប់ គ្រូបង្រៀនត្រូវបង្ខំចិត្តធ្វើការពីរវេន ឬក៏បីវេន។
លោកស្រី ឡេង ធាវី អ្នកសម្របសម្រួលតស៊ូមតិ និងយុទ្ធនាការ NEP បានថ្លែងថា៖ «យើងរកឃើញថា សាលា ៣ ភាគ ៤ ដំណើរការពីរវេន»។
អ្នកតស៊ូមតិ ដើម្បីសាលារៀនមួយចំនួន បានអះអាងថា កង្វះអគារសាលារៀន និងថ្នាក់រៀន សិស្សច្រើនពេក បានធ្វើឲ្យមានអត្រាលះបង់ការសិក្សាខ្ពស់ នៅក្នុងប្រទេស គឺសិស្សជិត ៦០ ភាគរយ មិនបានបញ្ចប់ថា្នក់អនុវិទ្យាល័យ (ថ្នាក់ ទី៧ ដល់ ទី៩)។
លោក សន ជ័យ បានថ្លែងថា៖ «ពេលសិស្សទៅសាលា ហើយគេឃើញថា វាមិនស្អាតជាងផ្ទះរបស់ខ្លួន ហើយមិនមានអនាម័យល្អ គេអាចយល់ថា នៅផ្ទះល្អជាងទៅសាលា»។
លោក អ៊ូច ណាត គ្រូបង្រៀនម្នាក់ នៅវិទ្យាល័យ ហ៊ុន សែន ដូន ទន់ នៅស្រុក ឆែប ខេត្ត ព្រះវិហារ បានថ្លែងថា សាលារបស់លោក បានប្រើព្រៃគម្ពោតជាបង្គន់ ប្រុស-ស្រី ដែលអាចធ្វើឲ្យសិស្សស្រីនៅផ្ទះ មិនមកសាលា ដោយសារតែភាពខ្មាសអៀន។ «យើងមិនមានបង្គន់ អគ្គិសនី ឬទឹកទេ។ ខ្ញុំអាណិតសិស្សស្រីដែលប្រើព្រៃគម្ពោតជាបង្គន់ គេខ្មាសអៀនពេលនៅក្បែរសិស្សប្រុស»។
អ្នកតស៊ូមតិថ្លែងថា ត្រូវចាត់វិធានការ ដើម្បីកុំឲ្យកង្វះសាលាថ្នាក់រៀន និងបង្គន់ធ្វើឲ្យសិស្សបាត់បង់លទ្ធភាពទទួលបានការអប់រំ ថ្នាក់មូលដ្ឋាន៕ PS/TK