សៀមរាបៈ សាលា​បឋម​សិក្សា​វត្ត​បូព៌ ត្រូវ​បាន​ក្រសួង​អប់​រំ មាតា បិតា​សិស្ស និង​មជ្ឈ​ដ្ឋាន​ជា​ច្រើន​លើក​សរសើ​រថា ​​ជា​សា​លា​​​គំរូ ​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ឲ្យ​មាន​ចំណេះមាន​ឥរិយា​បថ​ថ្លៃ​​ថ្នូរ​ ទាំង​សីលធម៌​ និង​សុជីវ​ធម៌ ព្រម​ទាំងមាន​​វិន័យ ហើយ​សាលា​នេះ​ មាន​បរិស្ថាន​ល្អ​ស្អាតគ្មាន​សំរាម​​ ខុស​ប្លែក​ពីសាលា​ដទៃ។

សាលា​វត្តបូព៌ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិវត្ត​បូព៌ សង្កា​ត់​​សាលា​កំរើក ក្រុង​សៀម​រាប នៅ​ក្នុង​ឆ្នាំ​សិក្សា ២០១​៨​-២០១៩ នេះ ​​មាន​គ្រូ​បង្រៀន​ចំនួន ១២៦ រូប​​ និង​មា​ន​​សិស្ស​ចំនួន ​៦ ៤៤៤ រូប​។

លោក ពឹង គិមឆេន នាយក​សាលា​បឋមសិក្សា​វត្តបូព៌ ដែល​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​ក្នុង​ជីវិត​តាំង​ពី​កុមារ​មក​នោះ ​មិន​ចង់​ឱ្យ​កូនខ្មែរ​ ជួបការលំបាកដូចរូបលោក​ឡើយ​។ ចាប់​តាំង​ពី​​ឡើង​ធ្វើ​ជា​នាយក​សាលា​បឋម​សិក្សា​​វត្ត​បូព៌កាល​ពី​ ២៥ ឆ្នាំ​មុន​មក​ម្ល៉េះ លោក គិមឆេន មាន​ឆន្ទៈមោះ​មុត​​ គឺ​ចង់ធ្វើកំណែទម្រង់ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​បុគ្គ​ល​ម្នាក់ៗដែល​ជា​​អ្នក​បង្រៀន និ​ង​អ្នក​រៀនដើម្បី​​ឱ្យ​មាន​​ឥរិ​យា​​ប​ថ​ថ្លៃថ្នូរ​ទាំង​សុជីវ​ធម៌ ទាំង​សីល​ធម៌ និង​ទាំង​គុណធម៌។

លោក គិម​ឆេន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ពេល​សង្គម​កម្ពុជា​បាត់បង់​ឥរិយាបថ​ ដែ​ល​​មាន​ទាំង ៣ នេះហើយ សង្គម​កម្ពុជានឹង​ច្របូក​ច្របល់ទោះ​បី​ជា​ពលរដ្ឋ​មាន​ចំណេះ​ដឹង​ខ្ពង់​​ខ្ពស់​ក៏​ដោយ។ នាយក​សាលា​ដែល​មាន​វ័យ ៥៨ ឆ្នាំរូបនេះ បញ្ជាក់​ថា៖ «​អ្វី​ដែល​សំខាន់​ គឺការ​ត្រូវការ​ជាក់​ស្តែង​របស់​យើង។ ឥឡូវ​យើង​ត្រូវការ​ស្អី យើង​ខ្វះអី យើង​ត្រូវ​មើល​ឱ្យ​ឃើញ។ ឥឡូវ យើង​កំពុង​ឈឺអី បើយើងប្រៀប​ធៀបទៅ​បណ្តា​ប្រ​ទេស​ជិតខាង​របស់​យើង​ តើ​យើង​ខ្វះអី? អន់​ជាង​គេនៅ​កន្លែ​ង​ណា។ អ៊ីចឹង​ យើងរក​អាហ្នឹង​ឱ្យឃើញ។ ទើប​យើង​ធ្វើការ​កែប្រែ​នៅ​កន្លែង​នោះ»។

លោក គិមឆេន បាន​ធ្វើ​ជា​នាយក​សាលា​វត្តបូព៌តាំង​ពីឆ្នាំ ១៩៩៤ ដែល​គិត​រហូត​មក​ដល់​ពេល​នេះ ​គឺមានរយៈ​ពេល​ ២៥​ ឆ្នាំ​មកហើយ។

តាម​ទស្សនៈ​របស់​លោក ដើម្បី​ក្លាយជាអ្នកដឹកនាំ​ដែល​ល្អ​ គឺត្រូវ​ប្រតិបត្តិ​នូវអ្វីដែល​លោ​ក​ហៅថា «១ មិន ៥ មាន»​ដែល​​ជា«វិញាណ​នៃអ្នក​ដឹក​នាំ»។ «១ មិន» គឺ​មិន​អាត្មា​និយម ចំណែក​ឯ «៥​ មាន» គឺ ត្រូវ​មាន​ឆន្ទៈ មាន​ការ​អត់​ធ្មត់ មាន​ការព្យា​យាម មាន​ភាព​ស្មោះ​ត្រង់ និង​មាន​ការ​លះ​បង់​។

ដោយ​សារ​តែ​មាន​ឆន្ទៈ​​ក្នុង​ការចង់​ធ្វើកំណែទម្រង់​សាលា​រៀន​នេះ​ ក្នុង​រយៈពេល ២៥ ឆ្នាំ​កន្លង​មក​ លោក ​គិមឆេន បាន​ជួប​ព្យុះ ៤។ ​ព្យុះទី១ គឺថ្នាក់លើ​ មិន​យល់ពី​នយោ​បាយ​ធ្វើ​កំណែទម្រង់ និង​ចក្ខុវិស័​យ​របស់​លោក។ ថ្នាក់​លើ​តែង​តែ​ប្រឆាំង និង​មិន​គាំទ្រនូវ​ទង្វើ​របស់​លោក។ ព្យុះទី២ គ្រូ​បង្រៀន​នៅសាលា​រៀន​នេះ ​គិតថា ប្រាក់​ខែ​គ្រូ​បង្រៀន​តិច ហេតុអ្វី​​ធ្វើ​កំណែ​ទម្រង់ខ្លាំង​ជាង​សាលា​ដទៃ។ ព្យុះ​ទី៣ គឺឪពុកម្តាយ​សិស្ស ដែល​មិន​យល់​ជ្រួតជ្រាបពីកំណែ​ទម្រង់​របស់​លោក​ និង​ព្យុះទី៤ គឺ​នៅ​ពេល​ដែល​ភរិយា​របស់​លោក​ ចេញ​ទៅ​ខាងក្រៅ​ផ្ទះ បាន​ឮ​អ្នក​ដទៃ​និយាយ​ដើម​ពី​លោក​​ថា​ មិន​ល្អ។

យ៉ាង​ណា​ក៏​ដោយ ​រហូត​មក​ដល់​ពេល​នេះ សាលាបឋម​សិក្សា​វត្តបូព៌ បាន​ក្លាយ​ជា​សាលាគំរូមួយ ដែល​ត្រូវបាន​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ ​ក្នុង​ចំណោម​សាលា​គំរូ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ កម្ពុជា។

សាលាវត្តបូព៌​ ត្រូវ​បាន​ឪ​​ពុក ម្តាយ​ និង​អាណា​ព្យា​បាល​សិស្ស​ទទួល​ស្គាល់​ថា បាន​អប់រំ​សិស្ស​ឱ្យ​ក្លាយ​​ជា​មនុស្ស​​ល្អ ដែល​មិនឲ្យឪពុក​ មា្តយ ឬ​អាណា​ព្យា​បាល​ពិបាកចិត្ត​​ឡើយ ខណៈ​ដែល​​សាលា​រៀន​នេះ​​ពុំ​មាន​ការ​បង្រៀន​កួរ ការ​យក​ភាស៊ី​កង់ម៉ូតូ ឬគ្រូ​បង្រៀន​លក់​នំ​ឲ្យ​សិស្ស​នៅក្នុង​​ថ្នាក់​រៀន​ដូច​សាលា​រដ្ឋ​មួយ​ចំនួន​ទៀត​នោះ​ឡើយ​ហើយ​ទាំង​សិស្ស​ទាំង​គ្រូ​គឺ​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ​។ លក្ខណៈ​ពិសេ​ស​​មួយ​ទៀត​នោះ គឺ​សិស្ស​ត្រូវ​ទុក​ដាក់​សំរាម​ដោយ​ខ្លួន​ឯង​ ​យក​ទៅ​ដាក់​នៅក្នុង​ធុង​សំរាម ទើប​ធ្វើ​ឲ្យសាលា​នេះ​មាន​បរិស្ថាន​ស្អាត​ល្អពុំ​ឃើញ​មាន​សំរាម​។

បើ​តាម​លោកគិមឆេន សា​​លា​​ថែម​ទាំង​បាន​ជួយ​សិស្ស​ដែល​ជួបការលំបាកឱ្យ​មាន​លទ្ធភាព​រៀនសូត្រ​បាន​ដូច​សិស្សដទៃ​ទៀត​ផង​ដែរ។ លោកបញ្ជាក់ថា សិស្សដែល​ជួបការ​លំបាកនោះ​ គឺ​មក​ពី​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ ហើយ​មិន​មាន​លទ្ធភាព​មក​រៀន​ ហើយ​ជួនកាល​បញ្ញា​សមា​ធិ​របស់​ពួកគាត់​ ក៏ជួប​ការ​លំបាកដែរ។

លោកបញ្ជាក់ថា៖ «ដោយ​ខ្ញុំ​បាន​ជួយ​រក​អ្នក​ជួយ​ទំនុក​បម្រុង​តាម​រយៈ​មូលនិធិ ១​​ ជួយ​បាន​ ៥០០ (ទៅ) ៦០០ ​នាក់ផង​ដែរ។ ក្រៅពី​នោះ​ យើ​ង​ក៏រៀបចំ​តាមរយៈ​ការ​អំពាវ​នាវ​ឱ្យ​សិស្សា​នុសិស្ស​របស់​យើង​ដែល​គេមាន​លទ្ធភាព ជួយ​ចែក​រំលែក​នូវ​អ្វី​ដែល​គេមាន​ទៅ​ដល់​អ្នក​ដែល​គ្មាន»។

លោក គិម​ឆេន បន្តថា សា​​លា​មិនតម្រូវ​ឱ្យ​សិស្ស​បង់​ប្រា​ក់​នោះ​ទេ​ ហើយ​ការ​បង់​ប្រាក់​សម្រាប់​គ្រូ​ក៏មិន​មាន​ដែរ។ លោកថា៖ «អត់​មាន​ទេ មាន​តែ​យើង​ជួយ​គេវិញ។ កូន​អ្នក​ដែល​ជួបការ​លំបាក​ គឺ​យើង​ជួយគាត់​ឱ្យ​មាន​លទ្ធភាព​មក​រៀន​ដូចគេ​ដូចឯង​បាន​ដោយ​គ្មានការ​យកលុយ​ យក​អី ១ ឆ្នាំ​ម្ត​ង ឬក៏មាន​រៃអង្គាសអី អត់​មាន​ទេ។ មាន​លុយ​ថ្លៃទឹក​ថ្លៃ​ភ្លើង​អី អត់​​មាន​ទេ»។

សម្ភារ​ដែល​សាលា​ជួយដល់​សិស្ស​ដែល​ជួប​ការ​លំបាកមាន​ដូចជា ស្បែក​ជើង ខោអាវ និង​សម្ភារ​សិក្សា (​ប៊ិច សៀវ​ភៅ កា​តាប ជា​ដើម)។

លោក​ថា៖ «នៅ​សាលា​រៀន​វត្តបូព៌ មាន​ឯក​សណ្ឋាន​ដូច​គ្នា អ្នកមាន​ក៏ស្លៀ​ក​​ប៉ុណ្ណឹង អ្នកក្រ​ក៏ស្លៀក​ប៉ុណ្ណឹង អ្នក​មធ្យម​ក៏ស្លៀក​ប៉ុណ្ណឹង ដូច​គ្នា​។ មិន​មែន​មក​ឡូយ​ឆាយ​អីក្រៅ​ពីឯកសណ្ឋាន​សាលា​​បាន​ទេ»។

សិស្ស​សាលា​វត្តបូព៌​តម្រូវ​ឱ្យ​មាន​ឯកសណ្ឋាន​ដូចៗ​គ្នា​ទាំ​ង​​អស់ សូម្បីតែ​ស្រោម​ជើងត្រូវ​មាន​ពណ៌​ដូចគ្នា ហើយ​ម៉ាក​ក៏​ដូចគ្នា​ទៀត ហើយ​ស្បែក​ជើង​ក៏ដូចគ្នាដែរ។ លោក គិមឆេន ថ្លែង​​ថា នៅ​សាលា​របស់​លោ​ក ទាំង​គ្រូទាំង​សិស្ស​ ប្រហែ​ល​ជា​មាន​វិន័យ និង​សណ្តាប់​ធ្នាប់​ជាង​សាលា​ដទៃ។ សាលា​​វត្ត​បូព៌​មាន​ឯកសណ្ឋាន ​២ គឺ ពណ៌ខៀវ និងស និងខោ​អាវ​កីឡា​។ សិស្ស​ដែល​ស្លៀក​ពាក់​ឯកសណ្ឋាន​កីឡា​បាន​គឺនៅ​ថ្ងៃចន្ទសម្រាប់​សិស្ស​ថ្នាក់ទី២ ​ថ្ងៃអង្គារសិស្ស​ថ្នាក់​ទី៣​ ​ថ្ងៃពុធ​សិស្ស​ថ្នាក់​ទី៤​ ថ្ងៃ​ព្រហស្បតិ៍​សិស្ស​ថ្នាក់​ទី៥ ថ្ងៃ​សុក្រសិស្ស​ថ្នាក់​ទី៦ និង​ថ្ងៃ​សៅរ៍​សិស្ស​គ្រប់ថ្នាក់​ទាំង​អស់​។

ចំពោះ​គ្រូ​បង្រៀន​វិញ លោក​ គិម​ឆេន បាន​ថ្លែង​ថា លោក​បាន​ព្យាយាម​ធ្វើ​ឱ្យ​គ្រូ​បង្រៀន​ មាន​សមត្ថភាព​ ៣ ពេញលេញ​សំខាន់​ រួមមាន សមត្ថភាព​រៀន និង​បង្រៀន។ គ្រូ​បង្រៀន​ម្នាក់​ៗ ​ចាំបាច់​ត្រូវ​តែ​មាន​ចំណេះ​ដឹង។ រហូត​មក​ដល់​ពេល​នេះ​គ្រូចំនួន ១០១ ​រូប ​​មាន​បរិញ្ញា​បត្រ​។ មួយ​វិញ​ទៀត គ្រូ​ត្រូវមាន​សមត្ថភាព​ខាង​ផ្នែក​ព័ត៌មាន ទំនាក់​ទំនាក់ និង​បច្ចេក​វិទ្យា (ICT)។ គ្រូ​ត្រូវ​ចេះ​ប្រើប្រាស់​កុំព្យូ​ទ័រ បច្ចេក​វិទ្យា​ព័ត៌មាន។​ គ្រូ​ម្នាក់​ចាំ​បាច់​ត្រូវ​តែ​មាន​កុំព្យូទ័រ​យួរ​ដៃ (Lap​​top) ១ ​គ្រឿង។​ រាល់​ឯក​សារ​ ការ​ទំនាក់​ទំនង ពិន្ទុ​ព័ត៌មាន ​និង​របាយ​ការណ៍​ផ្សេងៗ ត្រូវ​បញ្ចូន​តាម​អុីមែល (Email)។ ក្រៅ​ពីនេះ គ្រូត្រូវ​ចេះ ​២ ភាសា​យ៉ាង​តិច​ ទាំង​ភាសា​ខ្មែរ និង​ភាសា​បរទេស​។

លោក​ ពឹង គិម​ឆេន ប្រាប់ថា​៖​ «នេះ​គឺ​ជាការ​ហ្វឹក​ហាត់​ធន​​ធាន​មនុស្ស​របស់​យើង​ដើម្បី​ឱ្យ​រួមចំណែក​ជួយ​ដល់​ការ​ងារ​បង្រៀ​នកូនៗ​របស់​យើង​ដើម្បី​ឱ្យ​គាត់​មាន​សមត្ថភាព​ពេញ​លេញ​។ ខ្ញុំ​គិត​ថា បើ​សិន​ជាគ្រូ​យើង​គ្មាន​សមត្ថភាព ប្រហែល​ជាសិស្ស​យើង​ក៏មិន​អាច មិន​ដឹង​ថា​ ទៅ​រៀន​ពីកន្លែងណា​បាន​ដែរ។ អ៊ីចឹងហើយ​បាន​ជា​អ្វីដែល​ចាប់​ផ្តើម គឺ​ចាប់​ផ្តើម​ពីយើង នៅ​ទីនេះ​គឺ​គ្រូ​បង្រៀន​យើង​នោះ​ឯង»។

លោក បន្តថា បើការ​បង្រៀន​សិស្ស​មិន​មាន​​សម្ភារប្រើ​​ប្រាស់​មានន័យ​ថា​ វាហាក់​ដូចជា​មិន​ទទួល​បាន​លទ្ធផល​ល្អនោះទេ​។ លោកបាន​ចាប់​ផ្តើម​ឱ្យ​គ្រូមាន​កុំព្យូទ័រមុន ហើយ​បន្ទាប់​មក​គ្រូ​បង្ហាត់​បង្រៀន​សិស្ស​ឱ្យចេះ​ប្រើ​​ប្រាស់​បច្ចេក​វិទ្យា​ផ្សេងៗ​ នៅ​ក្នុង​កុំព្យូ​ទ័រ​នេះ។

​សាលារៀន​វត្តបូព៌​បង្រៀន​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់​រំ ប៉ុន្តែ​សាលា​នេះក៏​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ការ​​បង្រៀន​​អប់រំ​ផ្នែក​បញ្ញា អប់រំ​កាយ (កីឡា) សិល្បៈតន្ត្រី ពលកម្ម (សម្អាត​បរិស្ថាន) ឲ្យ​ស្អាត​ ក្រៅ​ពី​នេះ សាលា​បាន​អប់រំ​សិស្ស​ឱ្យ​ចេះ​កាត់​បន្ថយ​ និង​គ្រប់គ្រង​សំរាម​ដែល​ខ្លួន​ឯង​បាន​បង្កើត​ឡើង។

អ្នក​គ្រូ ម៉ា ផល្លា បង្រៀន​នៅ​សាលា​វត្ត​បូព៌​បាន​ប្រាប់​ភ្នំពេ​ញ​ប៉ុស្តិ៍ថា អ្នក​គ្រូ ត្រូវ​គោរព​ពេល​វេលា​បង្រៀន​ រៀបចំ​ខ្លួនឱ្យ​ស័ក្តិ​សម​ដូច​ជា​ស្លៀកពាក់​ឱ្យ​បាន​សមរម្យ មាន​អាវុធ​បង្រៀន​ គឺ​កិច្ច​តាក់​តែង​ការ​បង្រៀន សម្ភា​រ​​​បង្រៀន។

អ្នក​គ្រូ​ បញ្ជាក់​ថា​៖ «គោល​ការណ៍​សំខាន់​របស់​ខ្ញុំមួយ​ទៀត​ គឺ​ត្រូវ​បង្កើន​ចំណេះ​​ដឹង​ខ្លួន​ឯង ​ឱ្យ​បាន​ខ្ពង់ខ្ពស់ ហើយ​ឱ្យ​បាន​ចេះ​ដឹង​ច្រើន ទាំង​ផ្នែក IT (បច្ចេក​វិទ្យា) ភាសា​បរទេស​»។

អ្នក​គ្រូ​បញ្ជាក់​ថា ប្រសិន​បើ​មាន​បុគ្គ​លិក​ណា​ម្នាក់​ មក​បង្រៀន​មិន​ទាន់​ពេល​វេលា លោក​នាយក​សាលា​ បាន​ធ្វើ​ការ​ណែ​នាំ និង​ដាស់​តឿនដែ​ល​​ធ្វើ​ឱ្យ​បុគ្គ​លិក​ទាំង​អស់​គ្នាទទួ​ល​​​​យក​នូវអ្វី​ដែល​បាន​ក្រើន​រំឭក​នេះ​ដោយ​រីក​រាយ។

​អ្នក​គ្រូ​ តូច បណ្តូល គ្រូ​បង្រៀ​ន​នៅ​សាលាវត្តបូព៌​ម្នាក់​ទៀត​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​គោរ​ព​វិន័យ​សាលាគឺ​ជា​រឿង​សំខាន់​មួយ​សម្រាប់​​អ្នក​គ្រូ ដែល​តែង​តែ​យកចិត្ត​ទុកដាក់ ដើម្បី​អប់រំ​សិស្ស​​ ​ឱ្យ​គោរព​ច្បាប់ និង​វិន័យ​និង​ទម្លាប់​របស់​សាលា​រៀន។

លោក ពឹង គិមឆេន នាយកសាលា​បឋម​សិក្សា​វត្ត​បូព៌។ សហការី

ទាំង​គ្រូ និង​សិស្ស​ចាំបាច់​​ត្រូវគោរព​វិន័យ​សាលា។ អ្នក​គ្រូបញ្ជាក់​ថា៖ «បើសិន​ជា​មនុ​ស្ស​អត់​មាន​វិន័យ វា​ដូចជា​អ្នក​ធ្វើ​ដំណើរ​ប្រសេច​ប្រសាច​ពេញ​ផ្លូវអ៊ី​ចឹង អត់​គោរព​ច្បាប់​ចរាច​រណ៍។ អ៊ីចឹង យើង​អត់​អាច​ដឹង​ថា តើ​យើង​អាច​ដឹកនាំ​ថ្នាក់​រៀន​យើង​បាន​យ៉ាង​ម៉េច​ទេ»។

លោក​នាយ​កសាលា ​តែងតែ​មាន​គោលការណ៍​មួយ​របស់​សាលា គឺគ្រូ​បង្រៀន​ត្រូវធ្វើ​យ៉ាងម៉េច​ គោរព​ពេល​វេលា​បង្រៀន និង​គោរព​ភារកិច្ច​​តួនាទី​របស់​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​។ អ្នក​គ្រូ​បន្ត​ថា៖ «គាត់ ​(នាយក​សាលា) តែង​​តែ​លើក​ឡើង​ថា ធ្វើ​យ៉ាង​ម៉េច​ខ្លួនឯង​ជា​គ្រូបង្រៀន​តើថា​​ មាន​សីលធម៌ វិជ្ជាជីវៈ​បែប​ណា​ខ្លះ មាន​ន័យ​ថា​ មាន​កាតព្វ​កិច្ច​អ្វី​ខ្លះត្រូវ​ស្គាល់​ពី​ខ្លួន​ឯង​អ៊ីចឹង​»។

លោក​ស្រី អ៊ុក ឆាយ៉ាវី ប្រធា​ន​​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា សាលា​បឋម​សិក្សា​វត្ត​បូព៌គឺ​ជា​សាលា​គំរូ​មួយ ដែល​​​មួយ​ផ្នែក​គឺ​ដោយ​សារ​តែ លោក​ ពឹង គិម​ឆេន ឱ្យ​តម្លៃ​គ្រូបង្រៀន​ខ្ពស់​ជាង សាលារៀន​នានា លោកស្រីថា៖ «សាលាដទៃ​ ឱ្យ​តែធ្វើ​ធំ មាន​តែអញ»។

លោ​ក​ស្រី​បន្ត​ថា លោក គិមឆេ​ន ​ចេះ​បន្ទាប​ខ្លួន​ក្នុង​នាម​ជា​ថ្នាក់​ដឹក​​នាំ ដែល​ជា​នាយក​សាលា និង​បាន​យកចិត្ត​ទុកដាក់​​លើ​​សុខ​ទុក្ខ​របស់​គ្រូ​បង្រៀន ។ លោ​ក​ស្រី ឆាយ៉ាវី បន្ថែម​ថា ដើម្បី​ធ្វើ​ឱ្យ​វិស័យ​អប់រំ​កាន់តែ​មាន​គុណភាព​ថ្នាក់​​ ​ដឹក​នាំ​ក្រសួ​ង ក៏ដូចជា​រដ្ឋាភិបាល​មិន​ត្រូវឱ្យ​ការអប់រំ​ស្ថិត​នៅ​ក្រោម​និន្នាកា​រ​គណ​បក្ស​នយោ​បាយណា​មួួ​យ​​នោះ​ទេ ហើយ​​ត្រូវ​​សិក្សា​ពី​បញ្ហាជីវភាព​គ្រូ​បង្រៀន លុប​បំបាត់​អំពើ​ពុករលួយ និ​ង​ពង្រឹង​សិស្សា​នុសិស្ស​ឱ្យ​ទុកចិត្ត​ទៅ​លើ​ការ​អប់រំរបស់​រដ្ឋ​។

អ្នក​ស្រី គង់ សាន្ត​រតនា ម្តាយ​សិស្ស​ម្នាក់ រៀន​នៅ​សាលា​បឋម​សិក្សា​វត្តបូ​ព៌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា កាល​ពី​មុន​កូនអ្ន​កស្រី ៣ នាក់រៀន​នៅ​សាលា​ ឯកជន​ទាំង​អស់។

ដោយ​ឃើញ​​សាលា​វត្តបូព៌​​អនុវត្ត​វិន័យនិង​បង្រៀន​បាន​ល្អ ហើយ​សិស្ស​មាន​របៀបរបប​អ្នកស្រី​ក៏សម្រេច​ចិត្ត​បញ្ឈប់​កូនទាំង ៣ នាក់ ពី​សាលា​ឯក​​ជន មក​ឱ្យចូល​រៀន​នៅ​សាលា​រៀន​វត្ត​បូព៌​នេះ​វិញ។​ អ្នកស្រី​បញ្ជាក់​ថា៖ «ពី​មុន​ខ្ញុំ​អត់​ដែល​បាន​ចាប់អារម្មណ៍​សា​​លា​វត្តបូព៌​ទេ។ ដល់​ពេល​មាន​ថ្ងៃ​មួ​យ​​នោះ​ ខ្ញុំទៅលេងទេ ដោយ​សារ​មីងខ្ញុំ​គាត់​នៅហ្នឹង ក៏ទៅលេង ដល់​ពេល​ខ្ញុំ​ទៅ​លេង​ ខ្ញុំ​មើល​តាំង​ពីការ​រៀបចំ​នៅ​ក្នុ​​ង​សាលា ហើយ​កូនសិស្ស​មាន​របៀ​ប ចេះ​គោរព ចេះ​សំពះ ចេះ​ដោះ​ស្បែក​​ ​ជើង»។

អ្នក​ស្រី​បាន​និយាយ​ដោយ​សំឡេងសើចរីក​រាយ​ថា៖ «និយាយ​ទៅ​ក្នុង​សាលា​អត់​មានសំរាម​តែម្តង។ ខ្ញុំ​មើល​អ៊ីចឹង។ ណា​មួយ​ទៀត​គឺ ពេល​ចូលរៀន​ គឺគេ​អត់​ឱ្យចេញ​ក្រៅ​រញ៉េ​​រញ៉ៃ​ទេ។ តាម​ធម្មតា អ៊ីចឹង​មាន​តែ​សាលា​ឯក​ជន ដែល​គេ​ធ្វើ​អ៊ីចឹង​»។

ក្រៅ​ពី​នេះ អ្នក​ស្រី សាន្តរតនា ​មើល​ឃើញ​ថា គ្រូ​នៅ​សាលា​វត្តបូព៌ ​មាន​ចំណេះ​ដឹង និង​មាន​បច្ចេកទេស​ក្នុង​ការ​បង្រៀន​បាន​ល្អ។ អ្នក​ស្រី អ៊ូ សុខវ៉ាន់ធី ម្តាយ​សិស្ស​ម្នាក់​​ទៀត​ ក៏​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ដែរ​ថា អ្នក​ស្រី​មើលឃើញថា​ សាលា​រៀនវត្ត​បូព៌​ គ្រូ​បង្រៀន​មាន​វិជ្ជាជីវៈ មានវិន័យ និង​បាន​ផ្តល់​ការ​អប់រំ​ដល់​សិស្ស​មាន​គុណភាព​ ព្រម​ទាំង​មាន​វិន័យ​តឹង​តែង​ចំពោះ​សិស្សដែល​ធ្វើ​ឱ្យ​កូនអ្នក​ស្រី​ក្លាយទៅជា​ធនធាន​មនុស្សល្អ។

អ្នក​ស្រី បានបញ្ជាក់​ថា៖ «​អ៊ីចឹង​បាន​​កូនក្តី ក្មួយក្តី ខ្ញុំណែ​នាំ​ឱ្យ​ទៅ​​រៀន​នៅ​សាលា​ហ្នឹង​ទាំងអស់។ បើសិន​មាន​កូន​ ៥ នាក់​ទៀត ​ឱ្យទៅ​រៀន​នៅ​ហ្នឹង​ទៀត។ ខ្ញុំ​មាន​អារម្មណ៍​ដក់ជាប់​ខ្លាំង​ នៅ​ពេល​ដែល​ឃើញ​មា​ន​កា​រ​គោរព​ទង់​ជាតិឬ​ក៏ទាក់​ទង​នឹង​ពិ​ធី​បុណ្យ​រំឭក​គុណគ្រូ ឬក៏អី​ផ្សេងៗ គឺ​សា​​លា​មាន​បង្ហាញ​ពី​អរិយធម៌​ជាតិ​ច្រើន ទាំង​ភ្លេង​ផ្សេងៗ បទ​ចម្រៀង​ផ្សេងៗ ការ​ដែល​ឱ្យ​ក្មេងៗ​ទៅ​រៀន​នៅ​ហ្នឹង​គាត់​ចេះ​លេង​ភ្លេង គាត់​​វាយ​ភ្លេង​ឱ្យ​យើង​ស្តាប់​»។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ បាន​​ថ្លែង​ថា ក្រសួង​អប់​រំ​ស្វាគមន៍​ចំពោះ​ភាព​រីក​ចម្រើន​របស់​សាលា​បឋម​សិក្សាវត្ត​បូព៌។ សាលា​រៀន​នេះ​ជា​សាលា​រៀន​មួយនៅ​ក្នុង​ចំណោ​ម​សាលា​រៀន​មួយ​ចំនួ​ន ដែល​មាន​សក្តានុ​ពល​ខ្ពស់​ក្នុង​ការ​ផ្តល់​ការ​អប់​រំ​ទៅ​ដល់​សិស្ស​។ លោក​ឲ្យ​ដឹង​ថា សាលាបឋម​សិក្សា​វត្តបូព៌​ បាន​ចែក​រំលែក​បទ​ពិសោធ​វិជ្ជ​មាន​ ជូន​សា​​លា​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

លោក សុវាចា បញ្ជាក់​ថា៖ «ជាទូ​ទៅ សាលា​រៀន​ជោគ​ជ័យ​បាន ដោយសារ​មាន​ការ​ចូល​រួម​ពីគ្រប់ភាគី​ពាក់​ព័ន្ធ ជាពិសេស​ពីសំណាក់​គណៈ​គ្រប់​គ្រង​សាលា និង​គ្រូបង្រៀន​ដែល​ប្រតិបត្តិ​ភាព​ជាអ្នក​ដឹក​នាំ និង​មាន​វិធីសាស្រ្ត​បង្រៀន​​តាម​បែប​សតវត្ស​រ៍ទី​២១​»។

ចំពោះ​លោក គិមឆេន បាន​ប្តេជ្ញា​យ៉ាង​មោះ​មុត​ថា លោក​ព្យាយាម​ខិត​ខំ​ធ្វើ​យ៉ាងណា​​ឱ្យ​ការ​អប់រំ​នៅ​សាលាវត្ត​បូព៌នេះមាន​ស្តង់ដា​​ពេញ​ទៅ​ដោយ​គុណ​ភាព ដូច​សាលា​នៅ​បណ្តា​ប្រទេស​អាស៊ាន៕​