ភ្នំពេញៈព្រះរាជអាជ្ញានៃមហាអយ្យការ អមសាលាឧទ្ធរណ៍ បានចេញដីកាកោះហៅ អ្នកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី ដែលទើបតែបានទៅរស់នៅប្រទេសអូស្ត្រាលី ឲ្យចូលទៅសាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការជំនុំជម្រះ ជនជាប់ចោទ ជួប សម្លាប់ ដែលនឹងធ្វើឡើងនៅថ្ងៃទី ៣ ខែមេសាខាងមុខ។
ក្នុងដីកាកោះ ចេញដោយព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា ចុះថ្ងៃទី ១៤ មីនា ២០១៨ បានបង្គាប់ឲ្យអ្នកស្រី ប៊ូ រចនា ដែលដីកានេះដាក់ថា ជាដើមបណ្ដឹងរដ្ឋប្បវេណី ឲ្យចូលទៅសាលាឧទ្ធរណ៍នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង ២ រសៀល នៅបន្ទប់ទី ២ ជាកំណត់។
ដីកានោះ ក៏បានសរសេរដែរថា បុគ្គលពាក់ព័ន្ធ ត្រូវបានកោះហៅក្នុងឋានៈជាជនរងគ្រោះ ហើយក្នុងវង់ក្រចកបានសរសេរថា «ការមិនចូលបង្ហាញខ្លួន នៅពេលសវនាការ ការមិនព្រមឆ្លើយឲ្យព័ត៌មាន ក្នុងឋានៈសាក្សី ឬ ការឆ្លើយឲ្យព័ត៌មានក្លែងក្លាយ ត្រូវផ្តន្ទាទោសតាមច្បាប់»។
ក៏ប៉ុន្តែ អ្នកស្រី ប៊ូ រចនា ដែលបច្ចុប្បន្ន កំពុងរស់នៅប្រទេសអូស្ត្រាលី ក្នុងនាមជនភៀសខ្លួនថ្លែងថា អ្នកស្រីមិនដែលបានដាក់ពាក្យបណ្ដឹង ឬ ក៏មានបំណងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការស្រុកខ្មែរម្តងណានោះទេ។
អ្នកស្រីបានសរសេរសារនៅលើហ្វេសប៊ុករបស់អ្នកស្រីថា៖ «នាងខ្ញុំសុំបញ្ជាក់ថា តាំងពីស្វាមីនាងខ្ញុំត្រូវបានឃាតករបាញ់សម្លាប់ រហូតមកដល់ពេលនេះ មានរយៈពេលជិត ២ ឆ្នាំហើយ កុំថាឡើយចង់ទៅដាក់ពាក្យបណ្តឹង សូម្បីតែគិតថា ទៅប្តឹងក៏មិនដែលគិតផង ពីព្រោះនាងខ្ញុំដឹងច្បាស់ហើយថា តុលាកានៅទីក្រុងភ្នំពេញ គ្មានសមត្ថភាពចាប់ឃាតករពិត និងរកយុត្តិធម៌ឲ្យខ្ញុំបានឡើយ»។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ នៅក្នុងហាងស្តាម៉ាតកាល់តិច ស្តុបបូកគោ ដែលមានមនុស្សច្រើនកុះករ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ មានមនុស្សតែម្នាក់គត់ ដែលអះអាងថា ខ្លួនឈ្មោះ ជួប សម្លាប់ ត្រូវបានចាប់ខ្លួនភ្លាមៗ និងកាត់ទោសដាក់ពន្ធនាគារមួយជីវិត។ ប៉ុន្តែមជ្ឈដ្ឋានជាច្រើនរួមទាំងភរិយាលោក កែម ឡី ផង មិនជឿថា ជួប សម្លាប់ គឺជាអ្នកសម្លាប់លោក កែម ឡី នោះទេ៕