ភ្នំពេញៈ សាលាឧទ្ធរណ៍​ពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​ជា​អសាធារណៈ ដោយ​ច្រានចោល​បណ្តឹងសុំ​នៅ​ក្រៅឃុំ​របស់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ១០ ​រូប​ដោយ​លើក​ហេតុផល​ថា ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​។ នេះ​បើតាម​លោក​ សំ សុគង់ មេធាវី​ជន​ត្រូវ​ចោទ​ទាំង​ ១០ ​នាក់​។

ការប្រកាស​សាលដីកា​នេះ​បាន​ធ្វើ​ឡើង ក្រោយពី​តុលាការ​បាន​ពិភាក្សា​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​បើកសវនាការ​ជំនុំជម្រះ​ជន​ត្រូវ​ចោទ​ទាំង​ ១០ ​នាក់​ ពាក់ព័ន្ធ​នឹង​បទចោទ រួមគំនិត ក្បត់ និង​ញុះញង់​ឲ្យ​មាន​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ញុះញង់​មិន​ឲ្យ​យោធា​ស្តាប់​បង្គាប់​រដ្ឋាភិបាល​ប្រព្រឹត្ត​ក្នុង​អំឡុង​ខែ​មីនា និង​ខែមេសា ឆ្នាំ​ ២០២០​។

លោក​មេធាវី សំ សុគង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ក្រៅ​បន្ទប់​សវនាការ បន្ទាប់ពី​ស្តាប់​ការប្រកាស​សាលដីកា​ថា ក្នុង​ការប្រកាស​សាលដីកា​នោះ លោក​ចៅក្រម សួស សំអាត បាន​អាន​សាលដីកា​ថា ករណី​ជន​ត្រូវ​ចោទ​ទាំង​ ១០ ​នាក់​ដែល​បាន​ប្តឹង​ទាស់​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ​គឺ​សាលាឧទ្ធរណ៍​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​ក្រៅ​ឃុំ​ទេ​ ដើម្បី​រក្សា​ពួកគេ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​។

លោកមេធាវី ថ្លែង​តាម​សម្តី​ចៅក្រម​ថា​៖ «​តុលាការ​តម្កល់​ដីកា​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ និង​រក្សា​សាលក្រម​ទុកជា​បាន​ការ​ដដែល និង​បង្គាប់​ឲ្យ​ឃុំខ្លួន​ពួកគេ​នៅក្នុង​ពន្ធនាគារ​បន្តទៀត​»​។

លោក​ សំ សុគង់ បាន​ថ្លែង​ថា​លោក​នឹង​ជួប​កូនក្តី​របស់​លោក ដើម្បី​ពិគ្រោះ​យោបល់​ពី​ការបន្ត​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​។ លោក​បញ្ជាក់​ថា​៖ «​ការសម្រេច​បន្ត​ឃុំខ្លួន​ដល់​កូនក្តី​ខ្ញុំ​ទាំង​ ១០ ​រូប​នេះ​ជា​រឿង​មួយ​អយុត្តិធម៌ ហើយ​ខ្ញុំ​តំណាង​ឲ្យ​កូនក្តី​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល ដើម្បី​ឲ្យ​តុលាការ​ពិនិត្យ​ឡើងវិញ​»​។

ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​ត្រូវចោទ​ឈ្មោះ​ ឃឹម ភាណា ដែលជា​អតីត​ចៅសង្កាត់​ផ្សារដេប៉ូ​ទី ៣ នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​នៅ​ក្រៅ​បន្ទប់​សវនាការ​ថា ការដែល​សាលាឧទ្ធរណ៍​មិន​ឲ្យ​ប្តី​របស់​អ្នកស្រី​នៅ​ក្រៅ​ឃុំ ក៏ដូចជា​ជន​ត្រូវ​ចោទ ៩ ​នាក់​ទៀត​នេះ គឺជា​រឿង​មួយ​អយុត្តិធម៌ ​ពីព្រោះ​ប្តី​អ្នកស្រី​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​ទេ​។

អ្នកស្រី​បានបញ្ជាក់​ថា​តាំងពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​រំលាយ​មក ប្តី​របស់​អ្នកស្រី​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទេ​។ ប្តី​របស់​អ្នកស្រី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោយពី​មាន​ការប្រកាស​របស់​លោក សម រង្ស៊ី ​ពី​ការវិល​ចូល​ប្រទេស​កម្ពុជា​វិញ​។ អ្នកស្រី​បន្ត​ថា​៖ «​ខ្ញុំ​មានកូន ៣ ​នាក់ ហើយ​កូន​ ២ ​នាក់​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ​។ ប្តី​ខ្ញុំ​ជា​ចន្ទល់​ទ្រទ្រង់​ក្នុង​គ្រួសារ បើ​ខ្ញុំ​បាត់បង់​អ្នក​រកចំណូល​ផ្គត់ផ្គង់​គ្រួសារ​ដូចនេះ ខ្ញុំ​មិន​ដឹង​រក​ពាក្យ​អ្វី​មក​និយាយ​បានទេ​»​។

បើ​តាម​លោក សំ សុគង់ កូនក្តី​របស់​លោក​ទាំង ១០ នាក់ ​ទី​១- ​ឈ្មោះ សុខ ចាន់ថា​ ​ទី​២- ​ញ៉ែម វាន ទី​៣- ជុំ ចាន់​ ទី​៤- ​ឃឹម ភាណា ទី​៥- ឃុត ច្រឹក ទី​៦- ​ងិន ឃាង ទី​៧- ​ឡុង ផារី ទី​៨- ​កែវ ថៃ ទី​៩- ​ថៃ គន្ធា និង​ទី​១០- យឹម សារ៉េត​។ អ្នកទាំងនេះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ និង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​អំឡុង​ខែមីនា និង​ខែមេសា ឆ្នាំ ២០២០​។

បើតាម​លោក សំ សុគង់ នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ រូបលោក និង​សហមេធាវី លោក ឡោ ជុនធី ​បាន​ស្នើសុំ​ឲ្យ​សាលាឧទ្ធរណ៍​ដោះលែង​កូនក្តី​របស់​លោក​ទាំង ១០ នាក់​ ឲ្យ​មាន​សេរីភាព​បាន​នៅ​ក្រៅឃុំ​ជា​បណ្តោះអាសន្ន ដោយ​មាន​លក្ខខណ្ឌ​ដែល​មានចែង​នៅក្នុង​ច្បាប់​។

លោក​ សុគង់ បាន​ថ្លែង​ទៅកាន់​ចៅក្រម​ថា​៖ «​កូនក្តី​ខ្ញុំ​ទាំង​ ១០ ​នាក់ ​សុទ្ធ​តែមាន​ជំងឺ​លើសឈាម​ទឹកនោមផ្អែម​លើស​ជាតិ​អាស៊ីត ឈឺធ្ងន់ធ្ងរ នៅក្នុង​ពោះ ឬ​ជំងឺ​ឈឺ​ជើង​ធ្ងន់ធ្ងរ ដែល​ត្រូវការ​ព្យាបាល​ដោយ​គ្រូពេទ្យ​។ ដូច្នេះ​សុំ​ (​តុលាការ​ឲ្យ​) ​ពួកគេ​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​»​។

លោក​មេធាវី សំ សុគង់ ​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ជាប់ឃុំ​ក្នុង​ពន្ធនាគារ បាន​ប្រមាណ​មួយខែ កូនក្តី​របស់​លោក​បាន​ពឹងពាក់​លោក និង​លោក​មេធាវី ឡោ ជុនធី ឲ្យ​ប្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ ទើប​លោក​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​៕