ភ្នំពេញៈ សាលាឧទ្ធរណ៍​ពី​ម្សិលមិញ​បាន​ជំនុំជម្រះ​បុរស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន កូកាអ៊ីន​ចំនួន​ជាង​កន្លះ​គីឡូ​ដែល​បាន​លេប​ចូលក្នុង​ពោះ​នាំចូល​ពី​ប្រទេស​ប្រេស៊ីល ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ខែកញ្ញា ឆ្នាំ​ ២០១៧ ដែល​ជនជាប់ចោទ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ ១ ​ជីវិត​។

នៅ​ចំពោះមុខ​ចៅក្រម​ ៣ ​រូប​ ក្នុង​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍​ពី​ម្សិលមិញ​ជនជាប់ចោទ​ឈ្មោះ​ Blig NAUT CHAN អាយុ​ ២៧ ​ឆ្នាំ​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​តាមរយៈ​អ្នកបកប្រែ​ថា គាត់​បាន​ស៊ីឈ្នួល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ អូ ស្ទីន ជា​ជនជាតិ​ដូចគ្នា​ឱ្យ​គាត់​លេប​ម្សៅ​គ្រឿងញៀន​កូកាអ៊ីន​ចូលក្នុង​ពោះ​ប្រហែល​ ៥០ ​គ្រាប់ (​ម្សៅ​គ្រឿងញៀន​ញាត់​ក្នុង​សម្បក​ថ្នាំពេទ្យ​)​។ គាត់​បាន​ប្រើពេល​អស់​ ១ ​ម៉ោង​កន្លះ​ដើម្បី​លេប​គ្រាប់​ថ្នាំញៀន​ចូល​ក្នុង​ពោះ​អស់​។ ឈ្នួល​នៃ​ការរត់ពន្ធ​គ្រឿងញៀន​នេះ​គេ​ឱ្យ​សេវា​គាត់​ ៣ ​ពាន់​ដុល្លារ​។

បន្ទាប់ពី​គាត់​លេប​គ្រឿងញៀន​ចូលក្នុង​ពោះ​អស់​ហើយ​គាត់​បានចេញ​ដំណើរ​ពី​ប្រទេស​ប្រេស៊ីល​មក​ប្រទេស​កម្ពុជា​ដោយ​ឆ្លងកាត់​ទីក្រុង​ឌូបៃ ប៉ុន្តែ​គយ​ប្រចាំ​នៅ​ព្រលាន​យន្តហោះ​ក្រុង​ឌូបៃ​រក​មិនឃើញ​គ្រឿងញៀន​នៅក្នុង​ពោះ​របស់គាត់​ទេ​។

លុះ​នៅ​យប់​ថ្ងៃទី​ ១២ កញ្ញា ឆ្នាំ​ ២០១៧ គាត់​បាន​ជិះ​យន្តហោះ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ អ្វីៗ​ទាំងអស់​គឺជា​ការចាត់​ចែង​របស់ ឈ្មោះ អូ ស្ទីន ហើយ អូ ស្ទីន បាន​ប្រាប់​គាត់​ថា នៅពេល​គាត់​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​គឺ​គាត់​ត្រូវ​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​ (​មិន​ចាំ​ឈ្មោះ​) ​ហើយ​ឈ្មោះ អូ ស្ទីន ​នឹង​ណែនាំ​ឱ្យ​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​មក​ទទួល​យក​ថ្នាំញៀន​កូកាអ៊ីន​នោះ​បន្ត​ចូលទៅ​ប្រទេស​ថៃ​វិញ​។ តែ​គម្រោង​នេះ​ត្រូវ​បរាជ័យ​ដោយសារ​តែ​សមត្ថកិច្ច​ចាប់​គាត់​បាន​។

លោក CHAN និយាយ​ថា​៖ «​ដំបូង​ឡើយ​សមត្ថកិច្ច​ចម្រុះ​នៅក្នុង​ព្រលាន​ភ្នំពេញ​ឆែក​មើល​វ៉ាលិស​ខ្ញុំ​ដែរ​ហើយ​រក​មិនឃើញ​គ្រឿងញៀន​ទេ​។ តែ​ប្រហែល​ជា​ពួកគេ​សង្ស័យ​ក៏​ហៅ​ខ្ញុំ​ទៅ​ស្កេន​មើល​ក្នុង​ពោះ​ហើយក៏​ឃើញ​ថ្នាំ​ញៀន​តែម្តង​»​។

ជនជាប់ចោទ​និយាយ​ថា​៖ «​ខ្ញុំ​បានដឹង​ជា​មុន​ថា​ខ្ញុំ​លេប​គ្រឿងញៀន​នេះ​ជា​អំពើ​ខុសច្បាប់​តាំងពី​នៅ​ប្រទេស​ប្រេស៊ីល​មក​។ តែ​ខ្ញុំ​គ្មាន​លុយ​ក៏​សុខចិត្ត​ស៊ីឈ្នួល​គេ​ទៅ​។ ខ្ញុំ​សូមឱ្យ​តុលាការ​បន្ថយទោស​ខ្លះ​ដល់​ខ្ញុំ​»​។

លោក លឹម សុគន្ថា តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ជនជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ឃាត់ខ្លួន​ជាមួយ​វត្ថុតាង​ម្សៅ​ក្រាម​សថ្លា​ប្រភេទ​កូកាអ៊ីន​ជិត​ ៧៦០ ​ក្រាម​។ នៅក្នុង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ទោះជា​មិនបាន​ចែង​ពី​ការលាក់​លេប​គ្រឿងញៀន​ក្នុង​ពោះ​ក្តី​តែ​សកម្មភាព​របស់​ជនជាប់ចោទ​បានបង្ហាញ​ពី​អំពើ​ជួញដូរ​គ្រឿងញៀន​។ ការកំណត់​ក្នុង​ច្បាប់​គ្រឿងញៀន​គឺ​គ្រឿងញៀន​ដែលមាន​ទម្ងន់​ពី​ ៧០ ​ក្រាម​ឡើង​ទៅ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ២០ ​ឆ្នាំ​ទៅ​ ៣០ ​ឆ្នាំ​ ឬ​ជាប់ពន្ធនាគារ​ ១ ​ជីវិត​។

លោក នូ ចន្ថា ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​បាន​សន្និដ្ឋាន​ថា កូនក្តី​របស់​លោក​តែង​សារភាព​ជានិច្ច​។ ក្រោយ​ជំនុំជម្រះ​លោកស្រី​ចៅក្រម ចាន់ ម៉ាឌីណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែង​បិទ​សវនាការ​ថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ៣ វិច្ឆិកា​៕