ភ្នំពេញៈ ស្ត្រីជាប់ចោទម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២៩ ឆ្នាំ ក្នុង ១៣ សំណុំរឿង ពាក់ព័ន្ធការឆបោកជួលរថយន្តគេចំនួន ៤២ គ្រឿង។ រីឯសាលាឧទ្ធរណ៍ពីម្សិលមិញក៏បានលើក ១ សំណុំរឿងមកជំនុំជម្រះ ក្រោយពីជនជាប់ចោទប្តឹងជំទាស់មក ដែលបទល្មើសបានប្រព្រឹត្តនៅអំឡុងឆ្នាំ ២០១៨។
ក្នុងបន្ទប់សវនាការសាលាឧទ្ធរណ៍នៅចំពោះមុខលោកចៅក្រម ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះនោះស្ត្រីជាប់ចោទឈ្មោះ ឃាម រដ្ឋា អាយុ ៣៨ ឆ្នាំបានឆ្លើយប្រាប់ចៅក្រមថា គាត់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅថ្ងៃទី ១៨ កុម្ភៈ ឆ្នាំ ២០១៩ សម្រេចចោទបទរំលោភលើទំនុកចិត្តដោយក្នុង ១ បទចោទត្រូវបានតុលាការផ្តន្ទាទោសគាត់ឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ និង ២ ឆ្នាំកន្លះក្នុងចំណោម ១៣ បទចោទដូចៗគ្នា ហើយគាត់ត្រូវជាប់ពន្ធនាគារសរុប ២៩ ឆ្នាំ។
ស្ត្រីជាប់ចោទប្រាប់ចៅក្រមទៀត ថា រថយន្តដែលគាត់ជួលពីគេនោះ មានដូចជា រថយន្តឡិចស៊ីសម៉ាក RX300 ចំនួន ២ គ្រឿង ក្នុងរថយន្ត ១ គ្រឿង គាត់ជួលពីម្ចាស់ដើមតម្លៃ ៥០០ ដុល្លារ ក្នុង ១ ខែ ហើយក៏មិនបានធ្វើលិខិតជួលដែរ។ បន្ទាប់ពីគាត់ជួលគេហើយ គាត់ក៏យករថយន្តនោះទៅជួលបន្តឲ្យ អ្នកផ្សេងទៀតដោយរថយន្ត ១- គ្រឿងក្នុងតម្លៃ ៦០០ ដុល្លារ ក្នុង ១ ខែតែអ្នកទី ២ បានបោកគាត់។
ស្ត្រីជាប់ចោទបន្តថា ពាក់ព័ន្ធបទចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញនេះ គាត់ព្រមទទួលយកហើយគាត់មានទាំងអស់ ១៣ បទចោទ។ រីឯ រថយន្តឡិចស៊ិសចំនួន ២ គ្រឿង ដែលដើមបណ្តឹងចោទថាឆបោកនោះ គឺមិនពិតទេ ឯការពិតនោះគាត់បានជួលរថយន្តគេមែនប៉ុន្តែអ្នកជួលបន្តបានយករថយន្តនោះទៅបាត់។
ស្ត្រីជាប់ចោទប្រាប់ចៅក្រមថា៖ «ខ្ញុំប្តឹងមកសាលាឧទ្ធរណ៍ពេលនេះ គឺគ្រាន់តែសុំតុលាការបន្ថយទោសដល់ខ្ញុំ ព្រោះទាំង ១៣ បទចោទនោះ ខ្ញុំព្រមទទួលយកឆាប់បានសាលដីកាស្ថាពរដើម្បីខ្ញុំសុំស្រូបទោសទាំង ១៣ សំណុំរឿងបញ្ចូលគ្នាតែម្តង»។
កញ្ញា ទីវ គឹមកល្យាណ តំណាងមហាអយ្យការបានធ្វើសេចក្តីសន្និដ្ឋានថា ស្ត្រីជាប់ចោទបានសារភាពទទួលកំហុស និងទទួលយកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញហើយ។ កញ្ញាស្នើសុំថា៖ «ដូច្នេះខ្ញុំសូមស្នើដល់ក្រុមប្រឹក្សាជំនុំជម្រះសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល»។
ក្រោយជំនុំជម្រះលោកចៅក្រម ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងថា សាលដីកានៃសំណុំរឿងនេះនឹងប្រកាសនៅថ្ងៃទី ៨ កុម្ភៈ ខាងមុខ។
យោងតាមអង្គហេតុបង្ហាញថា ស្ត្រីជាប់ចោទ និងបក្ខពួក ២ នាក់ទៀត (ស្រីប្រុស) ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួន ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនពួកគេកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨។
ជនរងគ្រោះដែលសមត្ថកិច្ចបានរកឃើញចំនួន ១៦ នាក់ដែលត្រូវបានជនទាំង ៣ នាក់ជួលរថយន្តឡិចស៊ិស និងរថយន្តកាមរីហើយយកទៅបញ្ចាំបន្តចំនួន ៣៤ គ្រឿង ។
កាលពីថ្ងៃឃាត់ខ្លួន ស្ត្រីជាប់ចោទប្រាប់សមត្ថកិច្ចថា រថយន្តដែលពួកគេជួលទាំងអស់មានចំនួន ៤២ គ្រឿង។ ចំពោះកន្លែងពួកគេដាក់បញ្ចាំ គឺនៅ ម្តុំវិមានឯករាជ្យ ផ្សារកណ្តាល នៅសំណង់ ១២ នៅអគារផាកវេ និងនៅកន្លែងផ្សេងទៀតក្នុងរាជធានីភ្នំពេញ៕