ភ្នំពេញៈ សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​បើក​ជំនុំជម្រះ​លើ​សំណុំរឿង​ជន​ជាប់ចោទ​ ២ ​នាក់ ដែល​បាន​រំលោភ​ហើយ​សម្លាប់​នារី​វ័យក្មេង​ម្នាក់​នៅ​ភូមិ​តាពៅ ក្រុង​បាវិត ខេត្ត​ស្វាយរៀង​កាលពី​ឆ្នាំ​ ២០១៧ ហើយ​តុលាការ​ខេត្ត​បានសម្រេច​កាត់ទោស​ដាក់​គុក​ជន​ទាំង​ ២ ​នោះ​អស់​ ១ ​ជីវិត​។

សវនាការ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប្រហែល​ជា​ ១ ​ម៉ោង​ ដោយ​គ្រាន់តែ​សួរដេញដោល​ដោយ​ក្រុមប្រឹក្សា​ជំនុំជម្រះ​មិនទាន់​សម្រេច​សាលដីកា​ភ្លាមៗ​​នោះទេ​។

ជនជាប់ចោទ​ឈ្មោះ ឆើយ សុជាតិ អាយុ​ ៣៦ ​ឆ្នាំ​ បាន​ប្រាប់​ចៅក្រម​នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា រូបគេ​ជា​អ្នក​បើករថយន្ត​តាក់ស៊ី​ពី​រាជធានី​-​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង ហើយ​មុន​ប្រព្រឹត្ត​ខ្លួន​បាន​ដឹក​នារី​រងគ្រោះ​ឈ្មោះ សុវណ្ណ សុខដាលីន អាយុ​ ១៨ ​ឆ្នាំ​ ជា​បុគ្គលិក​កាស៊ីណូ Good Luck នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។ ​

លុះ​រូបគេ​បើក​រថយន្ត​ទៅដល់​ទីប្រជុំជន​អ្នក​លឿង​ក៏ត្រូវ​ឈ្មោះ ផ្លេក សូនី អាយុ ៣២ ​ឆ្នាំ ដែលជា​អ្នកបើករថយន្ត​តាក់ស៊ី​ដូចគ្នា​សួរថា មាន​ស្រី​ស្អាត​ទេ​? ​ហើយ​ខ្លួន​ឆ្លើយតប​វិញ​ថា​មាន​។ ពេល​នោះ​ឈ្មោះ ផ្លេក សូនី បាន​ប្រាប់​គាត់​ថា​នឹង​បើក​រថយន្ត​ទៅ​កាន់​ក្រុង​បាវិត​មុន​។

ជនជាប់ចោទ​បន្តថា ពេល​គាត់​បើក​រថយន្ត​ដាក់​ម៉ូយ​ចុះ​អស់ និង​បើករថយន្ត​ដល់​ផ្សារ​ជីភូ គឺ​នៅ​សល់​តែ​នារី​រងគ្រោះ​ម្នាក់ឯង​ទេ​ដែល​អង្គុយ​នៅ​កៅអី​ខាងក្រោយ​។ ពេល​នោះ​គាត់​ត្រូវបាន​ឈ្មោះ ផ្លេក សូនី ដែល​ឈរ​ចាំ​នៅ​ផ្សារ​ជីភូ​បាន​ហៅ​គាត់​ឲ្យ​ឈប់​រថយន្ត ហើយ ផ្លេក សូនី បាន​ឡើង​ជិះ​ក្នុង​រថយន្ត​ទៅ​ជាមួយ​គាត់​ដែរ​។ ប៉ុន្តែ​គាត់​មិន​បាន​បើករថយន្ត​ទៅ​តាម​ផ្លូវជាតិ​សំដៅ​ទៅ​ក្រុង​បាវិត​ដែល​ជា​គោលដៅ​នារី​រងគ្រោះ​ត្រូវ​ចុះ​នោះ​ទេ ដោយ​បើក​តាម​ផ្លូវលំ ហើយ​ដោយសារ​ស្ថានភាព​ផ្លូវ​រលាក់​ផង​នោះ​ឈ្មោះ ផ្លេក សូនី បាន​ចាប់​នារី​រងគ្រោះ​ច្របាច់ក និង​ខ្ទប់​មាត់​រំលោភ​នាង​នៅ​លើ​រថយន្ត​តែម្តង​។

ជនជាប់ចោទ ឆើយ សុជាតិ និយាយ​ថា​៖ «​ពេលនោះ​ខ្ញុំ​ប្រាប់​ សូនី ​ដែរ​ថា កុំ​ឲ្យ​ធ្វើ​បែប​នេះ​តែ​គេ​មិន​ស្តាប់​ខ្ញុំ បន្ទាប់​មក​ខ្ញុំ​មាន​អារម្មណ៍ ក៏​ឈប់​ឡាន ហើយ​រំលោភ​នាង​ដែរ​។ ពេល​ខ្ញុំ​រំលោភ​ហើយ​គេ​ជា​អ្នក​រុញ​នាង​ទៅ​ក្នុង​ទឹក និង​ដាក់​ដុំថ្ម​ពី​លើ​នាង​។ យ៉ាងណា​ខ្ញុំ​សុំ​ឲ្យ​តុលាការ​បន្ថយទោស​ខ្ញុំ​ និង​សុំ​សង​តែ​ ៥ ​ពាន់​ដុល្លារ​»​។

ជនជាប់ចោទ​ម្នាក់​ទៀត​ឈ្មោះ ផ្លេក សូនី បាន​ប្រាប់​ចៅក្រម​ពី​ម្សិលមិញ​ដែរ​ថា​កាលពី​ថ្ងៃទី​ ២ ​សីហា ឆ្នាំ ២០១៧ គាត់​ត្រូវ​បាន​ថៅកែ​រោងចក្រ​កាត់ដេរ​ជា​ជនជាតិ​ចិន​ទូរស័ព្ទ​ឲ្យ​គាត់​ដឹក​បុគ្គលិក​ជនជាតិ​ចិន​ ២ ​នាក់​មក​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង​។ ដល់​ម៉ោង​ប្រហែល​ ១២ ​ថ្ងៃ​ត្រង់​គាត់​បាន​បើក​រថយន្ត​ត្រឡប់​ទៅ​ខេត្ត​ស្វាយរៀង​វិញ​។ ពេល​ទៅ​ដល់​គាត់​បាន​បើករថយន្ត​ទៅ​ផ្ទះ​នៅ​ភូមិ​ព្រៃ​តាញ៉យ ឃុំ​ខ្សែត្រ ស្រុក​កំពង់រោទ៍ ខេត្តស្វាយរៀង​។

ពីមុន​មក​គាត់​ធ្លាប់​មាន​ទំនាស់​វាយ​គ្នា​ជាមួយ​ឈ្មោះ ឆើយ សុជាតិ និង ជាមួយ​បងប្អូន​របស់​គេ​ ២ ​ដង​រឿង​ដណ្តើម​ម៉ូយ​ជិះ​រថយន្ត​។

ផ្លេក សូនី និយាយថា​៖ «​រឿង​នេះ​ខ្ញុំ​មិនបាន​ចូលរួម​ប្រព្រឹត្ត​ទេ សូម​តុលាការ​ដោះលែង​ខ្ញុំ​វិញ​»​។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​អ្នកស្រី រឿន ស្រីឡូត ជា​ម្តាយ​របស់​នារី​រងគ្រោះ​បាន​ឡើង​ប្រាប់​ចៅក្រម​ថា នៅ​មុន​ពេល​កើតហេតុ​ថ្ងៃទី​ ២ សីហា ឆ្នាំ​ ២០១៧ នោះ​គាត់​បាន​ទូរស័ព្ទ​ទាក់ទង​ជាមួយ​កូនស្រី​របស់​គាត់​ជាប់​រហូត​លុះដល់​ម៉ោង​ប្រហែល​ ៦ ​ល្ងាច​គាត់​ទាក់ទង​ទូរស័ព្ទ​កូន​មិន​ចូល​។ ​នៅ​ថ្ងៃនោះ​គាត់​បាន​ទៅ​ខេត្ត​ស្វាយរៀង​ហើយ​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​។ បន្ទាប់ពី​ប្តឹង​បាន​ ២ ​ថ្ងៃ​សមត្ថកិច្ច​បាន​រកឃើញ​សព​កូនស្រី​របស់គាត់​។

អ្នកស្រី​ថា​៖ «​ខ្ញុំ​មិន​បាន​ប្តឹង​មក​សាលាឧទ្ធរណ៍​ទេ តែ​ខ្ញុំ​សុំ​ឲ្យ​តុលាការ​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង​នៅ​ដដែល​»​។

ជាមួយ​គ្នា​នេះ​ស្ត្រី​ម្នាក់​ឈ្មោះ យឿន ស៊ីគួន ក្នុង​ចំណោម​សាក្សី​ចំនួន​ ៥ ​នាក់​ ដែល​ចូលខ្លួន​ធ្វើជា​សាក្សី​ឲ្យ​ឈ្មោះ​ ផ្លេក សូនី បាន​និយាយ​ដូចគ្នា​ថា នៅ​ថ្ងៃទី​ ២ សីហា នោះ​ពួកគាត់​បាន​ឃើញ​ឈ្មោះ​ ផ្លេក សូនី ​បើករថយន្ត​ចូល​ដឹក​តុ​មួយ និង​កៅអី​ជ័រ​ចំនួន​ ១០ ​ពី​ផ្ទះ​អ្នកស្រី​។

តាម​កំណត់ហេតុ​តុលាការ​បង្ហាញ​ថា​ជន​ទាំង​ ២ ​នាក់​សាលាដំបូង​ខេត្ត​ស្វាយរៀង​​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៣ សីហា ឆ្នាំ​ ២០១៨ ផ្តន្ទាទោស​ជន​ទាំង ២ ​នាក់​ជាប់ពន្ធនាគារ​ ១ ​ជីវិត​តាម​មាត្រា ២០៥ ​នៃ​ក្រមព្រហ្មទណ្ឌ​ និង​បង្គាប់​រួមគ្នា​សង​ ៦ ​ម៉ឺន​ដុល្លារ​។

លោក ង៉ែត សារ៉ាត តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ផ្អែក​តាម​អង្គហេតុ និង​ចម្លើយ​របស់​ឈ្មោះ​ ផ្លេក សូនី បាន​យល់ឃើញ​ថា ករណី​នេះ​គួរតែ​ឈ្មោះ ​ឆើយ សុជាតិ ជា​អ្នក​រំលោភ​នារី​រងគ្រោះ​មុន​ព្រោះ​គាត់​ជា​ម្ចាស់​រថយន្ត​មិន​មាន​ឥទ្ធិពល​ណា​ហាម​ឈ្មោះ​ ផ្លេក សូនី ទេ​។ លោក​ថា​៖ «​ខ្ញុំ​សូម​ក្រុមប្រឹក្សា​ពិចារណា​លើ​ឈ្មោះ​ ផ្លេក សូនី ​ប៉ុន្តែ​ឈ្មោះ​ ឆើយ សុជាតិ ខ្ញុំ​តម្កល់​សាលក្រម​តុលាការខេត្ត​ស្វាយរៀង​ដដែល​»​។

លោកស្រី អ៊ុក ស៊ីសាកេត មេធាវី ការពារ​សិទ្ធិ​ឲ្យ​ម្តាយ​នារី​រងគ្រោះ​សន្និដ្ឋានថា ករណី​នេះ​តាម​អង្គហេតុ​ និង​ចម្លើយ​របស់​ជនជាប់ចោទ​ទាំង​ ២ ​នាក់​គឺ​ស៊ីចង្វាក់​គ្នា​នឹង​សាក្សី​។ ដូច្នេះ​ស្នើ​តុលាការ​សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ដដែល​។

លោក ឈី សម្បត្តិ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ឈ្មោះ ផ្លេក សូនី សន្និដ្ឋាន​ថា​កូនក្តី​របស់លោក​ត្រូវ​បាន​ឈ្មោះ​ ឆើយ សុជាតិ ឆ្លើយ​ដាក់​ហើយ​តុលាការ​បាន​យក​ចម្លើយ​នេះ​ដាក់​បន្ទុក​លើ​កូនក្តី​លោក​។ ដូច្នេះ​សូម​ចៅក្រម​សាលាឧទ្ធរណ៍​ដោះលែង​កូនក្តី​លោក​វិញ​ផង​។

លោក អ៊ាន សំអាត ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ឈ្មោះ​ ឆើយ សុជាតិ សន្និដ្ឋាន​ថា កូនក្តី​លោក​បាន​សារភាព​អស់ហើយ​។ ដូច្នេះ​សូម​តុលាការ​ឧទ្ធរណ៍​បន្ថយទោស​ដល់​គាត់​ផង​។

ក្រោយ​ជំនុំជម្រះ​លោក ស៊ិន វិសាល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី ១៩ កុម្ភៈ ខាង​មុខ​៕