ភ្នំពេញៈ កាលពី​ម្សិលមិញ​សាលាឧទ្ធរណ៍​បើកសវនាការ​ជំនុំជម្រះ​ឡើងវិញ​តាម​បង្គាប់​របស់​តុលាការ​កំពូល ដើម្បី​ផ្ទៀងផ្ទាត់​សំណុំរឿង​គ្រឿងញៀន​ជនជាប់ចោទ​ ២ ​នាក់ ​ដែល​ត្រូវ​បាន​សម្រេច​ដាក់​ពន្ធនាគារ​ ២០ ​ឆ្នាំ​។

លោក​ ប្លង់ សំណាង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​កំណត់ហេតុ​នៅ​ចំពោះមុខ​ជនជាប់ចោទ​ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា​ជនជាប់ចោទ​ក្នុង​រឿងនេះ​មាន​ឈ្មោះ​ សេន ដាយូសា ហៅ​ បូ ភេទ​ប្រុស អាយុ ២៩ ​ឆ្នាំ​ជា​ជនជាតិខ្មែរ និង​ឈ្មោះ​ យ៉ុង ចាន់ហ៊ុយយ៉ុង អាយុ​ ៣៨ ​ឆ្នាំ​ជា​ជនជាតិ​វៀតណាម​។ សំណុំ​រឿងនេះ​ជា​ការបង្វិល​មកពី​តុលាការ​កំពូល​ឱ្យ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​ឡើងវិញ​ពីព្រោះ​តុលាការ​កំពូល​មិន​យល់​ស្របតាម​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ត្រង់ចំណុច​ខ្លះ​។

លោក សំណាង ថ្លែង​ថា​៖ «​តុលាការ​កំពូល​បង្គាប់​ឱ្យ​សាលាឧទ្ធរណ៍​ផ្ទៀងផ្ទាត់​ម្តងទៀត​ព្រោះ​ឈ្មោះ​ យ៉ុង ចាន់ហ៊ួយ៉ុង ​ឆ្លើយ​ដាក់​ជនជាប់ចោទ​ឈ្មោះ​ សេន ដាយូសា ហើយ​តាម​​អង្គហេតុ​គឺ​គ្មាន​ភ័ស្តុតាង​ដាក់បន្ទុក​លើ​ឈ្មោះ​នេះ​»​។

ជនជាប់ចោទ​ឈ្មោះ​ សេន ដាយូសា និយាយប្រាប់​ចៅក្រម​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​ថា គាត់​ស្គាល់​ឈ្មោះ​ យ៉ុង ចាន់ហ៊ួយ៉ុង ដោយសារ​គាត់​ទិញ​ថ្នាំញៀន​មក​ជក់​។ ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​នៅផ្ទះ​ យ៉ុង ចាន់ហ៊ួយ៉ុង គឺ​គាត់​មិន​បាន​ដឹង​ទេ​។

ជនជាប់ចោទ សេន ដាយូសា ថ្លែង​ទៅកាន់​អង្គសវនាការ​ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​ប្រើប្រាស់​គ្រឿងញៀន​មែន​តែ​មិន​បាន​ចូលរួម​ផលិត​គ្រឿងញៀន​ទេ​។ សូម​តុលាការ​ដោះលែង​ខ្ញុំ​ផង​»​។

ដោយឡែក​ជនជាប់ចោទ យ៉ុង ចាន់ហ៊ួយ៉ុង ​និយាយប្រាប់​ចៅក្រម​ថា ករណី​ផលិត​គ្រឿងញៀន​នេះ​ឈ្មោះ​ សេន ដាយូសា មិនបាន​រួមគំនិត​ទេ​តែ​ពេល​សមត្ថកិច្ច​ចាប់​ សេន ដាយូសា ​បាន​ឆ្លើយ​ដាក់​គាត់​ដូច្នេះ​គាត់​ក៏​ខឹង​ទើប​គាត់​ឆ្លើយ​ទម្លាក់​កំហុស​ទៅ​ សេន ដាយូសា​។

លោក ប៉ែន សារ៉ាត តំណាង​មហាអយ្យការ​សន្និដ្ឋានថា​សំណុំ​រឿងនេះ​ជាការ​បង្វិល​ពី​តុលាការ​កំពូល​មកវិញ​ដូច្នេះ​លោក​ទុក​ជូន​ក្រុមប្រឹក្សា​ធ្វើការ​ពិចារណា​តាមច្បាប់​។

លោក មេធាវី នូ ចន្ថា ការពារ​សិទ្ធិ​ឱ្យ​ជន​ជាប់ចោទ​ឈ្មោះ​ សេន ដាយូសា បាន​សន្និដ្ឋាន​តាម​អង្គហេតុ​គឺ​កូនក្តី​របស់​លោក​គ្រាន់តែ​ប្រើប្រាស់​គ្រឿងញៀន និង​ទិញ​ពី​ឈ្មោះ​ យ៉ុងចាន់ហ៊ួយ៉ុង ​តែ​ប៉ុណ្ណោះ​។ ករណីនេះ​ឈ្មោះ​ យ៉ុង ចាន់ហ៊ួយ៉ុង ​បាន​ឆ្លើយ​ទម្លាក់កំហុស​មក​កូនក្តី​លោក​ទេ​។

លោក​ថ្លែងថា​៖ «​កូនក្តី​ខ្ញុំ​ទទួល​យកតែ​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ទេ សូម​តុលាការ​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​វិញ​ផង​»​។

តាម​កំណត់ហេតុ​របស់​សាលាឧទ្ធរណ៍​បង្ហាញថា​កាលពី​ថ្ងៃទី​ ៤ ខែ​ធ្នូ ២០១៦ ​ប្រហែល​ជា​ម៉ោង ៣ ​ទៀបភ្លឺ នគរបាល​ខណ្ឌ​ឫស្សីកែវ​បាន​ឃាត់ខ្លួន​ឈ្មោះ សេន ដាយូសា ហៅ​ បូ ភេទ​ប្រុស អាយុ ២៩ ​ឆ្នាំ​ដោយ​បាន​ដកហូត​គ្រឿងញៀន​ចំនួន​ ២ ​កញ្ចប់​ខណៈ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​។

ក្រោយពី​ឃាត់ខ្លួន​ឈ្មោះ​ សេន ដាយូសា ប្រាប់​សមត្ថកិច្ច​ថា​គ្រឿងញៀន​មេតំហ្វេតាមីន​ ២ ​កញ្ចប់​តូច​នេះ​គឺ​គេ ទិញ​ពី​ឈ្មោះ​ យ៉ុង ចាន់ហ៊ុយយ៉ុង ​ដូច្នេះ​សមត្ថកិច្ច​បាន​តាម​ឃាត់ខ្លួន ឈ្មោះ យ៉ុង ចាន់ហ៊ួយ៉ុង ភេទ​ប្រុស អាយុ ៣៨ ​ឆ្នាំ ជនជាតិ​វៀតណាម​បាន​ម្នាក់ទៀត​នៅ​ភូមិ​ចំរើនផល​១ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។ ក្នុងនោះ​សមត្ថកិច្ច​រកឃើញ​ប្រភេទ​ថ្នាំញៀន​មួយចំនួន​ធំ ដូចជា​សារធាតុ​ម៉េតាណុល​ចំនួន ១៤ ​ដប​, សារធាតុ​ផ្សំ និង​កែច្នៃ​ជា​សារធាតុ​ញៀន​មួយចំនួន​, ម្សៅ​ក្រាម​ពណ៌ស​ថ្លា ចំនួន​ ២ កញ្ចប់​ធំ​, ថ្នាំពេទ្យ​សម្រាប់​កែច្នៃ​ធ្វើជា​សារធាតុ​ញៀន​មួយចំនួនធំ​, សារធាតុ​ញៀន​ជា​គ្រាប់​ចំនួន​ ៣ ​កញ្ចប់​ធំ​, សារធាតុ​ដែល​ផលិត​រួច​សម្រាប់​ប្រើ​មួយចំនួន​, ថ្នាំ​ប្រភេទ​ ខេ (​សម្រាប់​ហិត​), ប្រភេទ​ថ្នាំ​គ្រាប់​ (​គ្រវី​), ប្រភេទ​ wy (​យ៉ាម៉ា​), ប្រភេទ​ថ្នាំ​ផ្សំ​រួច​ (​មេតំហ្វេតាមីន​មួយចំនួន​), ម្សៅ​កែច្នៃ​​ជា​សារធាតុ​ញៀន​មួយចំនួន​, ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​ ១, ឧបករណ៍​សម្រាប់​ជក់​ថ្នាំញៀន​មួយ​ចំនួន​ព្រម​ទាំង​ឧបករណ៍​សម្រាប់​កែច្នៃ​សារធាតុ​ញៀន​មួយចំនួន​ទៀត​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ប្រកាស​សាលក្រម​ខែ​មិថុនា ឆ្នាំ​ ២០១៧ ផ្តន្ទាទោស​ឈ្មោះ យ៉ុង ចាន់ហ៊ួយ៉ុង ​និង​ឈ្មោះ​ សេន ដាយូសា ដាក់​ពន្ធនាគារ​ម្នាក់ៗ​ ៣០ ​ឆ្នាំ​។ ដោយ​មិន​សុខ​ចិត្តនឹង​សាលក្រម​នេះ​ជនជាប់ចោទ​ទាំង​ ២ ​នាក់​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​តែ​ត្រូវ​ឧទ្ធរណ៍​តម្កល់​ទោស​ ៣០ ​ឆ្នាំ​ខណៈ​ឈ្មោះ​ សេន ដាយូសា បន្ថយ​មក​ត្រឹម ​២០ ​ឆ្នាំ​វិញ​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម ប្លង់ សំណាង ​ថ្លែង​ថា​សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ១៩ ខែ​តុលា​៕