ភ្នំពេញៈ សាលាឧទ្ធរណ៍នៅថ្ងៃទី ៩ ខែកក្កដា បានជំនុំជម្រះជនជាប់ចោទចំនួន ៨ នាក់ ក្នុងចំណោម ១១ នាក់ ពាក់ព័ន្ធប្លន់ផ្ទះអ្នកលក់ស្រូវ និងបាញ់ស្លាប់មនុស្សម្នាក់ នៅភូមិព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញកាលពីឆ្នាំ ២០១៧ ដែលតុលាការថ្នាក់ក្រោមផ្តន្ទាទោសម្នាក់ៗពី ២០ ទៅ ២៣ ឆ្នាំ។
លោកស្រីចៅក្រម គឹម ដានី ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានអង្គហេតុនៅចំពោះមុខជនជាប់ចោទទាំង ៨ នាក់ និងនៅចំពោះមុខមេធាវី ជនជាប់ចោទក្នុងបន្ទប់សវនាការ នៅថ្ងៃទី ៩ ខែកក្កដា ថា ជនជាប់ចោទដែលបានប្តឹងទាស់ មកសាលាឧទ្ធរណ៍មានទី ១-ឈ្មោះ អ៊ី សុភ័ណ្ឌ ទី២-ឈ្មោះ ស៊ុន ប៊ុនធឿន, ទី៣-ឈ្មោះ សាត ធឹម ទី៤-ឈ្មោះ អឿន សុផា, ទី៥-ឈ្មោះ ហម ហាន ទី៦-ឈ្មោះ ស៊ុន សុភ័ណ, ទី៧-ឈ្មោះ ស្វាយ តាក់ និងទី៨-ឈ្មោះ មាស ធី ។
លោកស្រីអានតាមអង្គហេតុថា មុនពេលធ្វើសកម្មភាពប្លន់ផ្ទះជនរងគ្រោះខាងលើ ក្រុមជនសង្ស័យបានប្រមូលផ្តុំគ្នាផឹកស៊ីនៅភ្នំពេញ ហើយក្រោយពីផឹកស៊ីចប់គ្នីគ្នាជនជាប់ចោទមួយចំនួន បានជិះម៉ូតូឌុបគ្នាដើរមើលភូមិសាស្រ្ត ដើម្បីកំណត់គោលដៅទុកធ្វើសកម្មភាពប្លន់។
លុះដល់វេលាម៉ោងជាង ៧ យប់ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៦ មានក្រុមជនជាប់ចោទមានគ្នាចំនួន ១១ នាក់ បានធ្វើសកម្មភាពចូលប្លន់ផ្ទះអ្នករកស៊ីកិនស្រូវលក់ ដែលប្ដីឈ្មោះ កែម កន អាយុ ៤២ ឆ្នាំ និងប្រពន្ធ ឈ្មោះ ភី ធឿន អាយុ ៣៨ ឆ្នាំ ស្ថិតនៅក្នុងភូមិព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកស្រីអានបន្តថា ក្នុងសកម្មភាពប្លន់នោះ ក្រុមជនជាប់ចោទ បានចាប់ជនរងគ្រោះទាំង ២ នាក់ប្ដីប្រពន្ធ និងកូនប្រុស-ស្រី ២ ចងស្លាបសេក និងយកស្កុតបិទមាត់មិនឲ្យស្រែក រួចយកកាំភ្លើងភ្ជង់កកូនស្រីរបស់ជនរងគ្រោះ ឲ្យនាំពួកគេដើរ ប្រមូលយកទ្រព្យសម្បត្តិ មានលុយចំនួន ៤០០ ដុល្លារ ខ្សែកប្លាទីនចំនួន ៥ ជីកន្លះ ក្រវិល ១ ជីកន្លះ និងកងដៃ ២ តម្លៃ ១៥០ ដុល្លារ ហើយក្រុមជនជាប់ចោទបានបាញ់ចំនួន ៥ គ្រាប់ ហើយបានត្រូវប្រជាពលរដ្ឋស្លាប់ម្នាក់នៅក្បែរផ្ទះកើតហេតុ។
បន្ទាប់មកបានប៉ុន្មានថ្ងៃ គឺនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៧ ក្រុមជនជាប់ចោទបានរៀបចំគម្រោងប្លន់ផ្ទះដូរលុយវីងមួយកន្លែងទៀត នៅម្តុំវត្តស្លែងក្នុងសង្កាត់ពងទឹក តែត្រូវបែកការណ៍ដល់សមត្ថកិច្ចនគរបាលតាមរយៈទូរស័ព្ទដែលក្រុមជនជាប់ចោទ និយាយទាក់ទងគ្នា និងស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់។
សំណុំរឿងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅថ្ងៃទី ៣១ តុលា ឆ្នាំ ២០១៧ ផ្តន្ទាទោសឈ្មោះ ហម ហាន និងឈ្មោះ អឿន សុផា ជាប់ពន្ធនាគារ ២០ ឆ្នាំ។ ឈ្មោះសាត ធឹម, ស៊ុន សុភ័ណ ស្វាយ តាក់ និងឈ្មោះ មាស ធី ជាប់ពន្ធនាគារម្នាក់ៗ ២៣ ឆ្នាំ និងឈ្មោះ អ៊ី សុភ័ណ្ឌ, និងឈ្មោះ ស៊ុន ប៊ុនធឿន ជាប់ពន្ធនាគារម្នាក់ៗ ២៥ ឆ្នាំ។ រីឯជន ៣ នាក់ទៀត តុលាការបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួន។
ជនជាប់ចោទឈ្មោះ អ៊ី សុភ័ណ្ឌ, សាត ធឹម, ស៊ុន ប៊ុនធឿន, ហម ហាន, ឈ្មោះ ស៊ុន សុភ័ណ, ស្វាយ តាក់ ទាំង ៦ នាក់ បាននិយាប្រាប់ចៅក្រមសាលាឧទ្ធរណ៍ដូចៗគ្នាថា នៅថ្ងៃកើតហេតុនោះ ពួកគេពិតជាបានប្រព្រឹត្តមែន។
ជនជាប់ចោទឈ្មោះ អ៊ី សុភ័ណ្ឌ និយាយថា ពេលធ្វើសកម្មភាពខ្លួនបានកាន់កាំភ្លើង AK ស្វាយបត់ ១ ដើម ប៉ុន្តែខ្លួនមិនបានបាញ់ជនរងគ្រោះស្លាប់ទេ គឺគ្រាន់តែភ្ជង់គំរាមសមាជិកគ្រួសារជនរងគ្រោះប៉ុណ្ណោះ។ ដូច្នេះសូមតុលាការបន្ថយទោសដល់ពួកគេផង។
ជនជាប់ចោទឈ្មោះ សាត ធឹម និយាយថា៖ «ខ្ញុំសូមតុលាការតម្រឹមទោសដល់ខ្ញុំត្រឹម ១៥ ឆ្នាំបានហើយ»។
លោក អ៊ឹម សុផាន តំណាងមហាអយ្យការសន្និដ្ឋានថា ករណីនេះ បើពិនិត្យតាមអង្គហេតុបង្ហាញថា ម្ចាស់ផ្ទះដែលក្រុមជនសង្ស័យប្លន់នោះ មិនបានស្លាប់ទេ តែជនរងគ្រោះម្នាក់ដែលក្រុមចោរបាញ់ត្រូវនោះជាពលរដ្ឋនៅក្បែរផ្ទះរងគ្រោះទេ។ ដូច្នេះតុលាការថ្នាក់ក្រោម ចោទបទលួចមានស្ថានទម្ថន់ទោសធ្វើឲ្យមរណៈភាពជនរងគ្រោះមិនត្រូវទេ ព្រោះការស្លាប់នោះមិនមែនម្ចាស់ផ្ទះ។
លោកបន្តថា ចំណែកឈ្មោះ ហម ហាន ជាអ្នកភូមិនៅក្បែរផ្ទះកើតហេតុគាត់ថា ជាញឹកញាប់គាត់ទៅទិញកន្ទក់នៅផ្ទះកើតហេតុ គាត់មិនបានចូលរួមប្លន់ទេ។ ឯឈ្មោះ មាស ធី គាត់ឆ្លើយថា មិនបានចូលរួមដែរតែគាត់បានទូរស័ព្ទខ្ចីលុយឈ្មោះ សាត ធឹម ។
លោកថ្លែងប្រាប់ចៅក្រមប្រឹក្សាជំនុំជម្រះថា៖ «ករណីនេះសូមក្រុមប្រឹក្សាជំនំជម្រះពិចារណា នៅក្នុងការសម្រេចសេចក្តីពាក់ព័ន្ធជនជាប់ចោទទាំងអស់នេះ»។
លោក លឹម អេងរតនៈ ជាមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទទាំង ៨ នាក់ សន្និដ្ឋានថា កូនក្តីលោក ៦ នាក់បានសារភាពថា ពួកគាត់បានចូលរួមប្លន់។ ដូច្នេះសូមតុលាការបន្ថយទោសដល់ពួកគាត់ផង ហើយសូមតុលាការ ដោះលែងកូនក្តីឈ្មោះហម ហាន និងឈ្មោះ មាស ធី។
ក្រោយជំនុំជម្រះ លោកស្រីចៅក្រម គឹម ដានី ថ្លែងថា សាលដីកា នេះ នឹងត្រូវប្រកាសនៅថ្ងៃទី ២៧ ខែកក្កដា៕