សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​មិថុនា​​ បាន​ជំនុំជម្រះ​​បុរស​ម្នាក់ ដែល​ជាប់ចោទ​ ពី​បទ​​ចាប់​​​រំលោភសេពសន្ថវៈ​ក្មេង​ស្រី​ម្នាក់ ដែលប្រព្រឹត្ត​ នៅ​សង្កាត់​-​ក្រុង​-ខេត្ត ស្វាយរៀង​​ កាល​ពី​ឆ្នាំ​ ២០១៩ ​​ដែល​ត្រូវ​បាន​តុលាការខេត្ត​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ​១០ ឆ្នាំ​។​

លោក ចៅក្រម យន់ ណារ៉ុង ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ បាន​អាន​កំណត់​ហេតុ របស់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​​ នៅក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃ​ទី ២៩ ខែ​មិថុនា​​ ថា កាល​ពីថ្ងៃ​ទី ១៥​​ ខែ​ មេសា​ ឆ្នាំ ២០១៩​​ នៅ​វេលាម៉ោង​ ៨​ យប់​ ក្នុង​ភូមិ​​មេភ្លើង​ សង្កាត់ស្វាយរៀង ​ជន​ជាប់​ចោទ​​ឈ្មោះ ​ធុន ថាវ​ អាយុ ១៩​ ឆ្នាំ បាន​​​ចាប់​ក្មេង​ស្រីរង​គ្រោះ​ឈ្មោះ​ ​ វ.ច.ន​ អាយុ​ ១៣ ឆ្នាំ​ នាំ​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក សម្រាប់​បុរស នៅ​រោង​ភាព​យន្ត​ខេត្ត​ស្វាយ​រៀង រួច​​បិទទ្វារ​បន្ទប់​ ហើយ​ចាប់​​​​រំលោភនាង រហូត​​បាន​សម្រេច​មួយ​ដង​ ​ខណៈ​​ក្មេង​រងគ្រោះ ​ទៅ​នោម​នៅក្នុង​បន្ទប់​ទឹក។​ ក្រោយ​កើត​ហេតុ ក្មេង​ស្រីរង​គ្រោះ បាន​ទៅ​ប្រាប់​ឪពុក​របស់​នាង​ ឈ្មោះ ​សំ ​សុខជា ​ហើយ​បាន​ប្តឹង​ទៅ នគរ​បាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​រៀង ឲ្យ​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​តែម្តង​​។​

សំណុំ​រឿង​នេះ​ ត្រូវ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​​ ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ​៣១ ​ខែ​ តុលា​ ឆ្នាំ ២០១៩​ សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​​ដាក់​ពន្ធ​នា​គារ​ ១០ ឆ្នាំ​។​

ជនជាប់ចោទ​ ធន់​ ថាវ​ បានឆ្លើយប្រាប់​ចៅក្រម នៅ​​ក្នុងបន្ទប់​សវនាការ​ នៅ​ថ្ងៃ​ទី ២៩ ​ខែ​មិថុនា ​ថា​ គាត់មាន​មុខរបជា​អ្នក​លក់​ប៉េងប៉ោង​​ ហើយ​នៅ​យប់​កើត​ហេតុ​នោះ ​គាត់​បាន​ឃើញ​ក្មេង​ស្រីរ​ងគ្រោះ ​ដើរ​ចូល​ក្នុង​បន្ទប់​ទឹក​ ហើយ​រូបគាត់​ ក៏​ចាប់​នាងរំលោភ​​សេពសន្ថវៈ​ ប៉ុន្តែ មិន​បាន​​ស៊ី​ជម្រៅទេ​ ហើយ​រំលោភ​បាន​តែ​ម្តង​ប៉ុណ្ណោះ​។

ទោះ​យ៉ាង​ណា ​​លោក​ចៅ​ក្រម​ យន់ ណារ៉ុង ​ប្រាប់ទៅ​ជន​ជាប់ចោទ​​ថា​៖ ​«ប៉ុន្តែ​យោង​តាម​ចម្លើយ​សារភាព​របស់​ឯង​ នៅ​ដំណាក់​កាល​នគរ​បាល​ថា​ ឯង​បាន​​ចាប់​នាង​​រំលោភ​បាន ​៥​ ដង​»។​

ប៉ុន្តែ​ជន​ជាប់​ចោទ​​បាន​និយាយ​ថា​៖ «កាលណោះ​ខ្ញុំ​ភ័យ​ ហើយ​ចេះ​តែ​ឆ្លើយ​ទៅ​ តាម​ពិត​ខ្ញុំ​ចាប់​ក្មេងរងគ្រោះ​រំលោភ​បាន​តែ​​ម្តង​ទេ​។ ខ្ញុំ​សុំ​ឲ្យ​តុលា​ការ​​ បន្ថយ​ទោស​ដល់​ខ្ញុំ​ផង​»​។​

លោក តាន់ សេណារ៉ុង​ តំណាង​​មហាអយ្យការសន្និដ្ឋាន​ថា​ ឆ្លង​តាម​អង្គហេតុ​ និង​ស្តាប់​ការរៀបរាប់​របស់​ជន​ជាប់​ចោទ​ក្នុង​បន្ទប់​វនាការ​ឃើញថា​ ជនជាប់ចោទពិតជាបាន​ប្រព្រឹត្ត​លើក្មេង​ស្រីរង​គ្រោះ​មែន​។​ តែ​យ៉ាង​ណា​ លោក​ទុក​ជូន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ពិចារ​ណាចុះ​។

លោក ​អ៊ឹម​ ម៉ាច​ មេធាវី​ ការពារ​សិទ្ធិ​ឲ្យជន​ជាប់​ចោទ​ បាន​សន្និដ្ឋាន​ថា ​ក្នុង​រឿង​នេះ ​កូនក្តី​របស់លោក​មិនបាន​ប្រព្រឹត្ត​ដូចអ្វីដែល​តុលាការខេត្ត​ស្វាយ​រៀង​ចោទ​ប្រកាន់​នោះ​ទេ​ ហើយ​កូនក្តី​របស់​លោក​ ក៏មិនបាន​រួមភេទ​​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​ដែរ​ គឺ​គ្រាន់​តែ​បាន​ញុល​ប្រដាប់​ភេទ​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ​។

លោក​បន្ត​ថា​ ការចោទ​​ប្រកាន់លើ​​កូនក្តី​របស់​លោក​​ក្នុង​បទរំលោភ​សេពសន្ថវៈ​ គឺ​អយុត្តិធម៌​ណាស់​​ ព្រោះ​បើតាម​លិខិត​​កោល​សល្យវិច័យ​បង្ហាញថា​ កាលណោះ​មាន​វេជ្ជបណ្ឌិត ​៣ រូប​ នៃមន្ទីរ​ពេទ្យ​ខេត្ត​ស្វាយរៀង​ដែល​បាន​ចូល​រួម​ធ្វើ​កោស​ល្យ​វិច័យប្រដាប់​​ភេទក្មេង​ស្រីរង​គ្រោះ​ ​បាន​​បញ្ជាក់​​ក្នុង​លិខិត​កោសល្យវិច័យថា​ ​គ្មាន​ស្នាម​រលាត់​ ឬ​ក៏​ដាច់​រហែក​ប្រដាប់ភេទ​​ទេ​។​ ចំពោះ​ភាគី​ខាង​ក្មេងរងគ្រោះ​ ក៏បានដកពាក្យ​បណ្តឹង​វិញ​អស់​ហើយ​ដែរ​។​

លោក​បញ្ជាក់ប្រាប់​ចៅក្រមក្នុ​ងបន្ទប់​សវនាការ​ថា៖ ​«ខ្ញុំស្នើ​សុំ​​តុលាការ​សាលា​ឧទ្ធរណ៍​​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ​​ ហើយ​ខ្ញុំ​សុំ​តុលាការដោះលែង​កូនក្តី​ខ្ញុំ​ឲ្យ​មាន​សេរីភាព​វិញ​»​។

ក្រោយ​ជំនុំ​ជម្រះ ​លោក​ ចៅក្រម ​យន់ ណារ៉ុង បាន​ថ្លែង​ថា ​សាលដីកា​នៃ​សំណុំ​រឿង​នេះ ​តុលា​ការ​នឹង​លើក​ទៅ​ប្រកាស​នៅ​ថ្ងៃ​ទី ១៤​​ ខែ​ កក្កដា​​ ឆ្នាំ ២០២០​៕