ភ្នំពេញៈ សាលាឧទ្ធរណ៍ពីម្សិលមិញបានជំនុំជម្រះជនជាប់ចោទ ២ នាក់ ដែលត្រូវសាលាដំបូងខេត្តរតនគិរីផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៨ ឆ្នាំ ពាក់ព័ន្ធប្រើកាំភ្លើង AK ភ្ជង់ប្លន់ជនរងគ្រោះ ២ នាក់ប្រព្រឹត្តនៅភូមិជ្រី សង្កាត់បឹងយក្សឡោម ក្រុងបានលុង ខេត្តរតនគិរីកាលពីឆ្នាំ ២០១៧។
លោកចៅក្រម អ៊ិន វ៉ាន់វិបុល ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានអង្គហេតុ នៅចំពោះមុខជនជាប់ចោទក្នុងសវនាការពីម្សិលមិញថា សំណុំរឿងនេះមានជនជាប់ចោទឈ្មោះ សេង សែម អាយុ ៥៦ ឆ្នាំ និង ប៉ាវ តឿន អាយុ ៤៧ ឆ្នាំ។ កាលពីវេលាម៉ោង ១២ យប់ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៧ ជនសង្ស័យ ២ នាក់នេះ រួមជាមួយបក្ខពួកម្នាក់ទៀតបានយកកាំភ្លើង AK 47 មួយដើមភ្ជង់ប្លន់ ២ នាក់ ប្តីប្រពន្ធនៅភូមិ-សង្កាត់ខាងលើហើយយកបានលុយ ២ លាន ១៥ ម៉ឺនរៀល។
លោកបន្តថា ក្រោយកើតហេតុជនរងគ្រោះបានប្តឹងនគរបាលប៉ុស្តិ៍សង្កាត់បឹងយក្សឡោម ហើយសមត្ថកិច្ចបានស្រាវជ្រាវរកអត្តសញ្ញាណជនល្មើសតាមការប្រាប់ពីជនរងគ្រោះក្នុងពាក្យបណ្តឹង និងក្រោយមកបានចាប់ជន ២ នាក់នេះ ខណៈជនឈ្មោះ និន ម៉ុន រត់គេចខ្លួន។
សាលាដំបូងខេត្តរតនគិរីកាលពីថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០១៨ បានផ្តន្ទាទោសដាក់ពន្ធនាគារជន ២ នាក់នេះម្នាក់ៗ ៨ ឆ្នាំ ចោទពីបទកំហែងយកមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធខុសច្បាប់។
ជនជាប់ចោទ ប៉ាវ តឿន ឆ្លើយប្រាប់ចៅក្រមក្នុងបន្ទប់សវនាការពីម្សិលមិញថា នៅមុនថ្ងៃកើតហេតុគាត់បានអង្គុយផឹកស្រាជាមួយ សេង សែម។ ពេលនោះ និន ម៉ុន បានជិះម៉ូតូមកហៅពួកគាត់ឲ្យទៅជាមួយហើយពេលជិះម៉ូតូដល់ព្រៃចម្ការកៅស៊ូចម្ងាយប្រហែល ១៧០ ម៉ែត្រពីផ្ទះជនរងគ្រោះឈ្មោះ និន ម៉ុន បានយកកាំភ្លើង AK ១ ដើមពីព្រៃកៅស៊ូ និងពិល ២ ហើយជិះម៉ូតូឌុបគាត់ និងឈ្មោះ សេង សែម សំដៅទៅផ្ទះជនរងគ្រោះ។
ជនជាប់ចោទ ប៉ាវ តឿន បាននិយាយថា៖ «លុយប្លន់នោះ ឈ្មោះ និន ម៉ុន បានឲ្យខ្ញុំ ៦០ ម៉ឺនរៀល។ ខ្ញុំប្តឹងមកសាលាឧទ្ធរណ៍ចង់សុំតុលាការបន្ថយទោសបានប៉ុន្មានក៏យកដែរ។ ខ្ញុំដឹងកំហុសហើយ»។
ចំណែកជនជាប់ចោទឈ្មោះ សេង សែម ឆ្លើយក្នុងសវនាការដែរថា គាត់ធ្វើស្រែលំបាកពេក គាប់ជួនឈ្មោះ និន ម៉ុន បបួលគាត់ក៏ទៅតាម ហើយពេលប្លន់បានលុយឈ្មោះ និន ម៉ុន ឲ្យគាត់ ៨០ ម៉ឺនរៀលដែរ។ «ខ្ញុំជាប់គុក ៣ ឆ្នាំពិបាកណាស់ហើយខ្ញុំប្តឹងមកឧទ្ធរណ៍ក៏សុំតុលាការឲ្យបន្ថយទោសដែរ»។
លោក ង៉ែត សារ៉ាត់ តំណាងមហាអយ្យការ សន្និដ្ឋានថាតាមការសួរដេញដោលជនជាប់ចោទបានសារភាពពីកំហុសដែលស៊ីចង្វាក់នឹងចម្លើយរបស់សាក្សីជាជនរងគ្រោះ។ ដូច្នេះសាលាដំបូងខេត្តរតនគិរី ផ្តន្ទាទោសម្នាក់ៗ ៨ ឆ្នាំនេះត្រឹមត្រូវតាមច្បាប់ហើយ។ លោកថ្លែងថា៖ «តែយ៉ាងណាជនជាប់ចោទទទួលកំហុស ដូច្នេះសូមក្រុមប្រឹក្សាពិចារណា។ ប៉ុន្តែខ្ញុំសុំក្រុមប្រឹក្សាជំនុំជម្រះបន្ថយទោសតែ ៦ ខែឲ្យពួកគេបានហើយ»។
លោក ឃុន លឹម សៀ មេធាវី ការពារសិទ្ធិឲ្យជនជាប់ចោទទាំង ២ នាក់សន្និដ្ឋានថា កូនក្តីលោកបានសារភាព និងដឹងកំហុសហើយ ប៉ុន្តែពួកគាត់សុំបន្ថយទោស។ ដូច្នេះសូមចៅក្រម ពិចារណាសម្រាលទោសដល់គាត់ទាំង ២ នាក់ផង។
ក្រោយពីជំនុំជម្រះលោក ចៅក្រម អ៊ិន វ៉ាន់វិបុលថ្លែងថា សាលដីកានេះនឹងត្រូវប្រកាសនៅថ្ងៃទី ២៣ ខែធ្នូ៕