ភ្នំពេញៈ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌​ដែល​ទើប​ឡើង​កាន់តំណែង​ថ្មី បានប្រកាស​ពន្យារពេល​ការដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​សាលាឧទ្ធរណ៍​តំបន់​ស្ថិត​នៅ​ខេត្ដ​ព្រះសីហនុ ដោយសារ​តែ​អគារ​សម្រាប់​ធ្វើការ​នៃ​សាលាឧទ្ធរណ៍​ថ្មី​នេះ​មិន​ទាន់​សាងសង់​រួចរាល់ ខណៈ​សាលាឧទ្ធរណ៍​តំបន់​ចំនួន​ពីរ​ទៀត​គឺ​បាត់ដំបង និង​ត្បូងឃ្មុំ​ត្រូវ​បើក​ដំណើរការ​ជំនុំជម្រះ​រឿងក្ដី​ផ្លូវការ​ចាប់ពី​ថ្ងៃទី ១ ខែ​មេសា​នេះ​តាម​ការគ្រោងទុក​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា តាម​ការគ្រោងទុក​ក្រសួង​នឹង​ដាក់ឱ្យ​ដំណើរការ​សាលាឧទ្ធរណ៍​តំបន់​ទាំង​ ៣ តាម​ការ​ត្រាស់បង្គាប់​ដាក់​ឲ្យ​ដំណើរការ​របស់​ព្រះមហាក្សត្រ​ចាប់ពី​ថ្ងៃទី​ ១ ខែ​មេសា​។ ក៏ប៉ុន្ដែ​ឥឡូវ​នេះ​ដាក់​ដំណើរការ​បានតែ​សាលាឧទ្ធរណ៍​តំបន់​តែ​ ២ ​ប៉ុណ្ណោះ​គឺ​សាលាឧទ្ធរណ៍​តំបន់​ក្នុង​ខេត្ដ​បាត់ដំបង និង​ខេត្ដ​ត្បូងឃ្មុំ​។

ចំណែក​សាលាឧទ្ធរណ៍​ខេត្ដ​ព្រះសីហនុ​គឺ​ត្រូវ​ពន្យារពេល​សិន «​ដោយសារ​តែ​ដំណើរការ​នៃ​ការសាងសង់​ (​អគារ​) ​មិន​ទាន់​រួចរាល់ មាន​ការយឺតយ៉ាវ​ព្រោះតែ​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បណ្ដាល​ឱ្យ​មាន​ការរាំងស្ទះ​ដំណើរការ​នៃ​ការសាងសង់​បាន​ជា​ត្រូវ​ធ្វើការ​ពន្យារ​នេះ​នឹង​ត្រូវដាក់​ដំណើរការ​នៅពេល​ក្រោយ​។ ក៏ប៉ុន្ដែ​សាលាឧទ្ធរណ៍​តំបន់​ ២ ​ទៀត​នៅ​ដាក់​ដំណើរ​ការធម្មតា​ដូច​ការគ្រោងទុក​»​។

តាម​ព្រះរាជក្រឹត្យ​ស្ដីពី​ការដាក់​ឲ្យ​ដំណើរការ​សាលាឧទ្ធរណ៍​តំបន់​កាលពី​ថ្ងៃទី​ ១៩ ខែ​ កុម្ភៈ ឆ្នាំ​ ២០២០ កន្លង​ទៅបាន​បញ្ជាក់ថា​សាលាឧទ្ធរណ៍​តំបន់​ទាំង​ ៣ ​ខាងលើ​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ១ ខែ​មេសា ឆ្នាំ​ ២០២០ តទៅ ដើម្បី​សម្រួលការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​ដំណើរ និង​ការបន្ត​នីតិវិធី​នៃ​ការប្ដឹងតវ៉ា​ដោយ​មិនចាំបាច់​ឡើងមក​ភ្នំពេញ​ដូច​កាលពីមុន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្ដិធម៌​ចុះ​ហត្ថលេខា​ដោយ​លោក កើត រិទ្ធ កាលពី​ថ្ងៃទី​ ៣១ ​ខែ​មីនា ​ស្ដីពី​ការពន្យារពេល​នៃ​ការដាក់ឱ្យ​ដំណើរការ​សាលាឧទ្ធរណ៍​តំបន់​ខេត្ដ​ព្រះសីហនុ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​មាន​សំណើ​ពី​ប្រធាន​ស្ដីទី​សាលាឧទ្ធរណ៍ និង អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​តំបន់​ខេត្ដ​ព្រះសីហនុ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​សរសេរ​ថា តាម​ការគ្រោងទុក​សាលាឧទ្ធរណ៍​ព្រះសីហនុ​នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី ១ ខែ​ មេសា ឆ្នាំ​ ២០២០​។ ប៉ុន្ដែ​ដោយ​យោង​តាម​សំណើ​របស់​សាលាឧទ្ធរណ៍​ព្រះសីហនុ​ចុះ​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២០ ដែល​បាន​ស្នើសុំ​ពន្យារពេល​នៃ​ការដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នេះ​មួយរយៈ​ដោយ​មូលហេតុ​អំពី​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​ធ្វើឱ្យ​ការសាងសង់​អគារ​សាលាឧទ្ធរណ៍​ព្រះសីហនុ​មិន​បាន​រួចរាល់​ជា​ស្ថាពរ​តាម​ពេលវេលា​ដែល​គ្រោងទុក​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា​៖ «​ក្រសួង​យុត្ដិធម៌​សូម​ធ្វើការ​ពន្យារពេល​នៃ​ការដាក់ឱ្យ​ដំណើរការ​សាលាឧទ្ធរណ៍​ព្រះសីហនុ​មួយរយៈ​រហូត​ដល់​មាន​ការជូនដំណឹង​ជាថ្មី​។ ចំពោះ​សមត្ថកិច្ច​ជំនុំជម្រះ​រឿងក្ដី​ដែល​ស្ថិតនៅក្នុង​សមត្ថកិច្ច​ដែនដី​នៃ​សាលាឧទ្ធរណ៍​ព្រះសីហនុ​ត្រូវ​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ដោយ​អនុលោម​តាម​មាត្រា​ ៤ នៃ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ១៩ ខែ កុម្ភៈ ឆ្នាំ​ ២០២០ ស្ដីពី​ការដាក់​ឱ្យ​ដំណើរការ​សាលាឧទ្ធរណ៍​តំបន់​»​។

តាម​ព្រះរាជក្រឹត្យ សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ​មាន​សមត្ថកិច្ច​ជំនុំជម្រះ​រឿងក្ដី​ដែល​ស្ថិតនៅក្នុង​ដែនដី​ដែល​គ្របដណ្ដប់​លើ​ខេត្ដ​ព្រះសីហនុ​ខេត្ដ​កោះកុង ខេត្ដ​កំពត និង​ខេត្ដ​កែប​លើកលែង​តែ​រឿងក្ដី​ទាំងឡាយ​ដែល​ច្បាប់​ប្រគល់​សមត្ថកិច្ច​ទៅ​ឲ្យ​តុលាការ​ផ្សេងទៀត​៕