ភ្នំពេញៈ សាលាឧទ្ធរណ៍​តំបន់​ចំនួន ៣ ស្ថិត​នៅក្នុង​ខេត្ដ​ព្រះសីហនុ ខេត្ដ​បាត់ដំបង និង​ខេត្ដ​ត្បូងឃ្មុំ​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ដាក់​ឲ្យ​បើក​ដំណើការ​ជំនុំជម្រះ​រឿងក្ដី​ចាប់ពី​ថ្ងៃទី​ ១ ខែ​ មេសា ឆ្នាំ​ ២០២០ តទៅ​ដែល​ការបង្កើត​សាលាឧទ្ធរណ៍​តំបន់​នេះ គឺ​ដើម្បី​សម្រួលការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​ដំណើរ​ និង​ការបន្ត​នីតិវិធី​នៃ​ការប្ដឹងតវ៉ា ដោយ​មិន​ចាំបាច់​ឡើង​មក​ភ្នំពេញ​ដូច​កាលពីមុន​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា សាលាឧទ្ធរណ៍​ចំនួន ៣ ដែល​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ដាក់​ឲ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ១ ខែ​មេសា​ ខាងមុខ​នេះ​ គឺ​ស្ថិតក្នុង​គម្រោង​ដែល​រាជរដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​នាពេល​កន្លងមក​ក្នុង​គម្រោង​បង្កើត​ឲ្យ​មាន​សាលាឧទ្ធរណ៍​តំបន់​ចំនួន ៧ នៃ​ខេត្ដ​គោលដៅ​ទូទាំង​ប្រទេស​។

លោក​ថ្លែងថា​៖ «​ការបង្កើត​សាលាឧទ្ធរណ៍​តំបន់​ថ្មី​ ៣ ​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​ដំណើរ និង​ការបន្ត​នីតិវិធី​នៃ​ការប្ដឹងតវ៉ា​ព្រោះ​ពី​មុនពេល​ពលរដ្ឋ​ចង់​ប្ដឹង​ឧទ្ធរណ៍ គឺ​ត្រូវ​ឡើង​មក​រាជធានី​ភ្នំពេញ​ដែល​ពលរដ្ឋ​នៅ​ខេត្ដ​ឆ្ងាយ​មាន​ការ​លំបាក​។ ឥឡូវ​យើង​បង្កើត​ឧទ្ធរណ៍​តំបន់​នេះ​អាច​សម្រួល​ការលំបាក​ពលរដ្ឋ សន្សំ​ពេលវេលា និង​ថវិកា​ដល់​ពួកគាត់​ និង​បង្ខិត​សេវា​យុត្តិធម៌​នេះ​ទៅ​ឲ្យ​ជិត​ប្រជាពលរដ្ឋ​តែម្ដង​»​។

តាម​ព្រះរាជក្រឹត្យ​ស្ដីពី​ការដាក់​ឲ្យ​ដំណើរការ​សាលាឧទ្ធរណ៍​តំបន់​នេះ​បាន​បញ្ជាក់ថា សាលាឧទ្ធរណ៍​តំបន់​ទាំង​ ៣ ​នេះ​ចាប់ផ្តើម​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ១ ​ខែ​ មេសា ឆ្នាំ​ ២០២០ ​តទៅ​។ នៅ​អម​សាលាឧទ្ធរណ៍​នីមួយៗ​មាន​មហាអយ្យការ​មួយ​ស្របតាម​បទប្បញ្ញត្ដិ​ដូច​មានចែង​នៅក្នុង​ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​តុលាការ និង​ច្បាប់​ជា​ធរមាន​ពាក់ព័ន្ធ​ដទៃ​ផ្សេងទៀត​។

ព្រះរាជក្រឹត្យ​បញ្ជាក់ថា​៖ «​សាលាឧទ្ធរណ៍​តំបន់​មាន​សមត្ថកិច្ច​ជំនុំជម្រះ​រឿងក្ដី​ដែល​ស្ថិត​នៅក្នុង​សមត្ថកិច្ច​របស់​ខ្លួន​ចាប់ពី​ថ្ងៃទី​ ១ ខែ​មេសា ឆ្នាំ​ ២០២០ ​តទៅ​។ ចំពោះ​សំណុំរឿង​ទាំងឡាយ​ដែល​ស្ថិតក្រោម​សមត្ថកិច្ច​ដែនដី​របស់​សាលាឧទ្ធរណ៍​តំបន់ ប៉ុន្ដែ​សាលាឧទ្ធរណ៍​ភ្នំពេញ​បានទទួល​ជា​សមត្ថកិច្ច​នៅមុន​ថ្ងៃទី​ ១ ខែ​មេសា ឆ្នាំ​ ២០២០ ត្រូវ​កំណត់​ជា​សមត្ថកិច្ច​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​ដោយ​អនុលោម​តាមច្បាប់​ និង​បទប្បញ្ញត្ដិ​ជា​ធរមាន​។ វិធាន​ដែល​មាន​ចែង​ក្នុង​មាត្រា​នេះ​ត្រូវ​យកមក​អនុវត្ដ​ដូចគ្នា​ផងដែរ​ចំពោះ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​»​។

ព្រះរាជក្រឹត្យ​ដដែល​បញ្ជាក់​ទៀត​ថា ក្នុងករណី​ដែល​សាលាឧទ្ធរណ៍​តំបន់​ណាមួយ​មិន​អាច​ដំណើរការ​បាន​សមត្ថកិច្ច​ជំនុំជម្រះ​រឿងក្ដី​ដែល​ស្ថិត​នៅក្នុង​សមត្ថកិច្ច​ដែនដី​នៃ​សាលាឧទ្ធរណ៍​តំបន់​នោះ​ត្រូវ​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​សាលាឧទ្ធរណ៍​ផ្សេង​។ រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​ត្រូវ​ចេញ​ប្រកាស ដើម្បី​កំណត់​អំពី​ការមិនអាច​ដំណើរការ​បាន​នៃ​សាលាឧទ្ធរណ៍​តំបន់​នេះ​។

ព្រះរាជក្រឹត្យ​បញ្ជាក់ថា​៖ «​ប្រសិន​បើ​សាលាឧទ្ធរណ៍​តំបន់​ណាមួយ​មាន​ចៅក្រម​មិន​គ្រប់គ្រាន់ ឬ​ខ្វះខាត​ចៅក្រម​ដោយ​មូលហេតុ​វិសមិតភាព​ជាអាទិ៍​ប្រធាន​សាលាឧទ្ធរណ៍​តំបន់​នោះ​ត្រូវ​ស្នើសុំ​ទៅ​រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌ ដើម្បី​ចាត់តាំង​ចៅក្រម​ពី​សាលាឧទ្ធរណ៍​ផ្សេងទៀត​មក​បំពេញ​សមាសភាព​»​។

លោក ជិន ម៉ាលីន បញ្ជាក់​បន្ថែមថា​៖ «​សាលាឧទ្ធរណ៍​តំបន់​នីមួយៗ​បាន​គ្រប់​ដណ្ដប់​លើ​ខេត្ដ ៤-៥ ដែល​ជា​ខេត្ដ​នៅ​ជុំវិញ​នោះ ដូច្នេះ​ពលរដ្ឋ​អាចដាក់​បណ្ដឹង​ទៅ​សាលាឧទ្ធរណ៍​នៅ​តំបន់​ដែល​ពួកគាត់​ឋិត​នៅ​។ សាលាឧទ្ធរណ៍​តំបន់​នេះ​ក៏បាន​ជួយ​រំដោះ​នូវ​ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ​ផងដែរ ព្រោះ​ពី​មុន​សាលាឧទ្ធរណ៍​មាន​តែ​មួយ ហើយ​គ្រប់​សំណុំរឿង​ពី​រាជធានី-ខេត្ដ​គឺ​សម្រុក​មក​តែ​ ១ ​កន្លែង វា​មាន​ការលំបាក​ដែរ​»​។

យោងតាម​ព្រះរាជក្រឹត្យ​ដដែល​បញ្ជាក់ថា សាលាឧទ្ធរណ៍​ព្រះសីហនុ​មាន​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ និង​មាន​សមត្ថកិច្ច​ជំនុំជម្រះ​រឿងក្ដី​ដែល​ស្ថិត​នៅក្នុង​សមត្ថកិច្ច​ដែនដី​ដែល​គ្របដណ្ដប់​លើ​ខេត្ដ​ព្រះសីហនុ​ខេត្ដ​កោះកុង ខេត្ដ​កំពត​និង​ខេត្ដ​កែប​លើកលែង​តែ​រឿងក្ដី​ទាំងឡាយ​ដែល​ច្បាប់​ប្រគល់​សមត្ថកិច្ច​ទៅ​ឲ្យ​តុលាការ​ផ្សេងទៀត​។

ចំណែក​សាលាឧទ្ធរណ៍​បាត់ដំបង​មាន​ទីតាំង​ស្ថិត​នៅក្នុង​ខេត្ដ​បាត់ដំបង និង​មាន​សមត្ថកិច្ច​ជំនុំជម្រះ​រឿងក្ដី​ដែល​ស្ថិតនៅក្នុង​សមត្ថកិច្ច​ដែនដី​ដែល​គ្របដណ្ដប់​លើ​ខេត្ដ​បាត់ដំបង ខេត្ដ​ពោធិ៍សាត់ ខេត្ដ​ប៉ៃលិន ខេត្ដ​បន្ទាយមានជ័យ ខេត្ដ​ឧត្ដរមានជ័យ និង​ខេត្ដ​សៀមរាប​លើកលែង​តែ​រឿងក្ដី​ទាំងឡាយ​ដែល​ច្បាប់​ប្រគល់​សមត្ថកិច្ច​ទៅ​ឲ្យ​តុលាការ​ផ្សេងទៀត​។

រីឯ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​មាន​ទីតាំង​ស្ថិត​នៅក្នុង​ខេត្ដ​ត្បូងឃ្មុំ និង​មាន​សមត្ថកិច្ច​ជំនុំជម្រះ​រឿងក្ដី​ដែល​ស្ថិតក្នុង​សមត្ថកិច្ច​ដែនដី​ដែល​គ្របដណ្ដប់​លើ​ខេត្ដ​ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ដ​មណ្ឌលគិរី លើកលែង​តែ​រឿងក្ដី​ទាំងឡាយ​ដែល​ច្បាប់​ប្រគល់​សមត្ថកិច្ច​ទៅ​ឲ្យ​តុលាការ​ផ្សេងទៀត​។

ព្រះរាជក្រឹត្យ​បន្តថា សាលាឧទ្ធរណ៍​ភ្នំពេញ​មាន​សមត្ថកិច្ច​ជំនុំជម្រះ​រឿងក្ដី ដែល​ស្ថិត​នៅក្នុង​សមត្ថកិច្ច​ដែនដី​ដែល​គ្របដណ្ដប់​លើ​រាជធានី​ភ្នំពេញ​ខេត្ដ​កណ្ដាល ខេត្ដ​កំពង់ឆ្នាំង ខេត្ដ​កំពង់ស្ពឺ ខេត្ដ​តាកែវ ខេត្ដ​ព្រៃវែង និង​ខេត្ដ​ស្វាយរៀង ព្រមទាំង​រឿងក្ដី​ដែល​មិន​ស្ថិត​នៅក្រោម​សមត្ថកិច្ច​របស់​សាលាឧទ្ធរណ៍​តំបន់ លើកលែង​តែ​រឿងក្ដី​ទាំងឡាយ​ណា​ដែល​ច្បាប់​ប្រគល់​សមត្ថកិច្ច​ទៅ​ឲ្យ​តុលាការ​ផ្សេងទៀត​៕