ភ្នំពេញៈ សាលា​ឧទ្ធរ​ណ៍​នៅថ្ងៃទី ៦ ខែ ធ្នូ នេះ ​បាន​បើក​សវ​នា​កា​រលើសំណុំ​រឿង​ជម្លោះ​រវាង​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​នៅ​ព្រះ​សីហនុ​និង​ប្រ​ធាន​សហ​ជីព​ប្រជា​ធិ​បតរ​យ្យ​មូល​ដ្ឋាន​បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​សម្រេច​ឲ្យ​ភាគីសហ​ជីព​សង​ក្រុម​ហ៊ុន​៣​ពាន់​ដុល្លារករណី​ធ្វើ​កូ​ដ​កម្ម​កាល​ពី​ឆ្នាំ ​២០១៦​ តែ​ចុង​ចោទ​ប្ដឹង​ឧទ្ធ​រណ៍។

នៅ​ក្នុង​បន្ទប់​សវ​នា​ការ​លោក​ ខែម ម៉ៅ ជា​ប្រ​ធាន​សហ​ជីព​ក្នុង​រោង​ចក្រ​ស្រា​បៀរ​អង្គរ​ដែល​ជា​ដើម​បណ្តឹងរដ្ឋ​ប្ប​វេណី​ (នៅ​សា​លា​ឧ​ទ្ធរណ៍) បាន​ឆ្លើយ​ប្រាប់​ចៅ​ក្រម​ថា​មូល​ហេតុ​ដែល​លោក​ប្ដឹងមកឧ​ទ្ធរណ៍នេះគឺ​ដោយ​សារ​កាល​ពី​ថ្ងៃ​ ២០ ខែ សីហា ​ឆ្នាំ ​២០១៦ ​មាន​កម្ម​ករ​ជាង ​១០០ ​នាក់​នៅ​រោង​ចក្រ​នេះ​បាន​ធ្វើ​កូ​ដ​កម្ម​នៅ​មុខ​រោង​ចក្រ​​។

លោក​បន្ត​ថា ​តាម​ពិត​កូ​ដ​កម្ម​នោះ​ធ្វើនៅ​​ម៉ោង​៦​ព្រឹក​ ប៉ុន្តែ​លោក​បាន​ចូល​ធ្វើការ​នៅ​ម៉ោង​៧​ព្រឹក ​ដូច្នេះ​ កូ​ដកម្ម​នោះ ​ធ្វើ​មុន​ចូល​ធ្វើ​ការ​១​ម៉ោង​ ​ដើម្បី​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​យក​ប្រ​ធាន​ពួក​គេ​ឈ្មោះ ​លឹម​ រ័ត្ន ឲ្យ​ចូល​ធ្វើកា​រ​វិញ​ បន្ទាប់​ពី​ម្ចាស់​រោង​ចក្រ​បណ្តេញ​ចេញ​។

លោក​ថា ដោយ​ចង់​សម្រុះសម្រួល ​លោក​បាន​ចូល​ជួប​ភាគី​រោង​ចក្រ​និង​ប្រធាន​មន្ទីរ​ការងារ​ខេត្ត តែ​ផ្សះ​ផ្សា​មិន​ត្រូវ​គ្នា ហើយ​ក៏​បន្ត​​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​។បន្ទាប់​មក​ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ក៏​សម្រួល​ឲ្យ​ក្រុម​កម្មករ​បាន​ចូល​ធ្វើការ​វិញ ប៉ុន្តែ​ភាគី​រោង​ចក្រ​មិន​បាន​អនុ​ញ្ញាត​ឲ្យ​លោក លឹម​ រ័ត្ន ​ចូល​ធ្វើការ​ទេ ​។ ដោយ​ហេ​តុ​នោះ​ហើយ​ទើប​ក្រុម​កម្មករ​បន្ត​ធ្វើកូដ​កម្ម​នៅ​ថ្ងៃទី​ ២១​ ដល់​ថ្ងៃ​ ២៤ ​សីហា ។

លោក ​ខែម ម៉ៅ ​បញ្ជាក់​ប្រាប់​ចៅ​ក្រម​ថា៖ «រឿង​ធ្វើ​កូ​ដកម្ម​នោះ​មិន​មែន​ខ្ញុំ​ជា​អ្ន​កដឹកនាំ​ទេ​ តែ​គឺ​ពួក​គេ​កម្មករ​ខឹង​ខាង​រោង​ចក្រ​បញ្ឈប់​លោក លឹម រ័ត្ន​ ជា​មេ​របស់​គេ ​។ ឯ​ខ្ញុំ​មាន​បំណង​ចូល​រួម​ សម្រុះ​សម្រួល​ប៉ុណ្ណោះ​។ ចំពោះ​សំណង​៣​ពាន់​ដុល្លារ​ខ្ញុំ​គ្មាន​លទ្ធ​ភាព​សង​​ក្រុម​ហ៊ុន​ទេ​ ព្រោះ​ខ្ញុំ​ត្រឹម​តែ​ជា​កម្មករ​ប៉ុណ្ណោះ​។​ ម្យ៉ា​ង​ក្រុមហ៊ុន​ដូច​ជា​ ឪ​ពុក​ ខ្ញុំ​ដូច​ជា​កូន​ ដូច្នេះ​មិន​ដែល​មាន​ឪ​ពុក​ប្តឹង​កូន​ទេ»។

បើ​តាម​លោក ​ខែម ម៉ៅ បញ្ហា​នេះ​ខាង​រោង​ចក្រ​ចោទ​ថា​ ដោយ​សារ​មាន​កូ​ដកម្ម​ទើប​ធ្វើ​ឲ្យ​ស្ទះ​ចង្វាក់​ផលិត​កម្ម​ហើយ​ថា​បណ្តាល​មក​ពី​លោក រួចក៏​ប្តឹង​ទៅ​សា​លា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ទាម​ទារ​សំណង​៦​ម៉ឺន​ដុល្លារ​ ប៉ុន្តែ​ខាង​សា​លាដំ​បូង​ខេត្ត​ បាន​សម្រេច​ឲ្យ​សង​ការ​ខូច​ខាត​ត្រឹម​ ៣ ​ពាន់​ដុល្លារ​កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ តុលា ឆ្នាំ ​២០១៧ ​តែ​លោក​មិន​សុខ​ចិត្ត​ទើប​ប្តឹង​មក​ឧទ្ធរ​ណ៍​ទៀត​។

លោក​ ហុង​ សម្បត្តិ​ ជា​មេ​ធាវី​ការ​ពារ​សិទ្ធិ​ឲ្យ​លោក​ ខែម ម៉ៅ បាន​សន្និ​ដ្ឋាន​ថា៖ « ដូច​លោក ខែម ម៉ៅ លើក​ឡើង​ថា​ កូ​ដកម្ម​នោះ​ធ្វើ​នៅ​ម៉ោង​៦​ព្រឹក ​មុន​លោកចូល​ធ្វើការ ហើយ​វត្ត​មាន​របស់​គាត់​ពេល​បន្ទាប់​នោះ​ គ្រាន់​តែ​ចូល​រួម​ជួយ​ដោះស្រាយ​វិវាទ​ប៉ុណ្ណោះ។ ដូច្នេះ ក្រុម​កម្មករ​ធ្វើ​កូ​ដ​កម្ម​នោះ​ដើម្បី​ទាម​ទារ​ឲ្យ​លោក លឹម រ័ត្ន ចូល​ធ្វើ​ការ​វិញ​ តែ​ប៉ុណ្ណោះ​ » ។

លោក ស ម៉ូ​រ៉ា ប្រធាន​សហ​ជីព​ចំណី​អា​ហារ​និង​សេវា​កម្ម​កម្ពុជា​ដែល​មាន​វត្ត​មាន​ក្នុង​សវនាការ​​ដែរ​នោះបាន​​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​ រឿង​នេះ​មុន​ដំបូង​ ខាង​រោង​ចក្រ​បាន​ប្តឹង​លោក​ដែរ ដោយ​ទារ​សំណង​រួមគ្នា​​៦​ម៉ឺន​ដុល្លារ​ ព្រោះ​គិត​ថា ​សហ​ជីព​របស់​លោក​ ខែម ម៉ៅ​ ជា​សមា​ជិក​របស់​សហជីព​លោកដែរ​។ ប៉ុន្តែ​ពេល​ជំនុំ​ជម្រះ ​ចៅ​ក្រម​ បាន​ទម្លាក់​បទ​ចោទ​លោក​ចោល​ ព្រោះ​យល់ថា ​នៅ​ថ្ងៃកើត​ហេតុ​នោះ​ លោក​នៅ​ក្រៅ​ប្រ​ទេស​ ។

ទោះ​យ៉ាង​ណា លោក​ ជាវ​ តុលា​ មេធាវី​ការ​ពារ​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន បាន​សន្និ​ដ្ឋាន​ថា​ នៅ​ថ្ងៃកើត​ហេតុ​នោះ​ លោក​ទទួល​ស្គាល់​ថា ក្រុម​កម្មករ​បាន​ធ្វើ​នៅ​ម៉ោង​៦ព្រឹ​ក​មុន​លោក ខែម ម៉ៅ ចូល​ធ្វើការ​មែន ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ៗ​មក​គឺ ​លោក​ ខែម ​ម៉ៅ​ បាន​ចូល​រួម​និង​មាន​ទាំង​កាន់​មេ​ក្រូ​ទៀត​ផង ​។

លោក​ថា​ មូល​ហេតុ​ដែល​រោងចក្រ​ប្តឹង​ទារ​សំណង​ ៦ ​ម៉ឺន​ដុល្លារ​នោះ ​ព្រោះ​ក្រុម​កម្មករ​ដែល​តវ៉ា​ធ្វើ​នៅ​កន្លែង​ផលិត​វត្ថុ​ធាតុ​ដើម ​ហើយ​បើ​ស្ទះ​ គឺ​វា​ស្ទះ​បន្តប​ន្ទាប់​គ្នា ។

លោក​បញ្ជាក់​ប្រាប់​ចៅក្រម​ថា៖ «ពេល​នោះ​មាន​ស្រែក​គំរាម​ឲ្យ​កម្មករ​នៅ​ក្នុង​រោង​ចក្រ​ឲ្យ​ចេញ​មក​ជួយ​ស្រែក​ត​វ៉ា​ផង​ ដោយ​ថា​ ប្រសិន​បើ​ពួកគេ​មិន​ចេញ​មក​ទេ ​គឺ​បើ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​ គេ​មិន​ជួយ​ទេ។ ចំពោះ​វត្ថុតាង​ មាន​វីដេ​អូ​ឃ្លិប ​ជា​តឹក​តាង ​ផង​ដែរ »។

យ៉ាង​ណា លោក​ចៅ​ក្រម ងួន អ៊ី​ម ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ពន្យល់​ដល់​ភាគី​ទាំង​ ២​ ថា បញ្ហា​នេះ​លោក​ចង់​ឲ្យ​មានការ​ស្រុះស្រួល​គ្នា​បញ្ចប់​ត្រឹម​ប៉ុ​ណ្ណឹង​ ហើយ​បើ​ខាង​ក្រុម​ហ៊ុន​ធ្វើ​បាន​ក៏​ល្អ ​គួរតែ​ឲ្យ​លោក ​ខែម​ ម៉ៅ ធ្វើលិខិត​សុំទោស​ ឬ​យ៉ាង​ណា។ ប៉ុន្តែ​លោ​ក ខែម ម៉ៅ​ ប្រាប់​ចៅ​ក្រម​ថា រឿងនេះ​ចាំ​លោក​ពិភាក្សា​ជា​មួយ​ក្រុម​ការ​ងារ​សិន​ ហើយ​លោក​នៅ​តែ​បដិ​សេធ​ថា​ មិន​បាន​ចូល​រួម​ទេ​ តែ​គឺ​ជា​ក្រុម​របស់​លោក​ លឹម រ័ត្ន​ ។

ក្រោយ​ជំនុំ​ជម្រះ​លោក​ចៅ​ក្រម ​ងួន អ៊ី​ម បាន​ថ្លែង​ថា​ សាល​ដីកា​នៃ​សំណុំ​រឿង​នេះ​នឹងត្រូវ​ប្រ​កាស​នៅ​ថ្ងៃ​ទី​ ២៧ ខែ ធ្នូ​ ខាង​មុខ​នេះ៕