The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​ឧទ្ធរណ៍​ព្យួរទោស ៣ ឆ្នាំ​ដល់​ក្មេង​ស្រី​ម្នាក់​រឿង​ជួញ​គ្រឿង​ញៀន

សាលា​ឧទ្ធរណ៍​ព្យួរទោស ៣ ឆ្នាំ​ដល់​ក្មេង​ស្រី​ម្នាក់​រឿង​ជួញ​គ្រឿង​ញៀន

សាលា​ឧទ្ធរណ៍​ព្យួរទោស ៣ ឆ្នាំ​ដល់​ក្មេង​ស្រី​ម្នាក់​រឿង​ជួញ​គ្រឿង​ញៀន

ភ្នំពេញៈ ក្មេងស្រី​ម្នាក់​ដែល​បងថ្លៃ​ប្រើ​ឲ្យ​យក​គ្រឿងញៀន ១០១,៩ ក្រាម ទៅ​ឲ្យ​ម៉ូយ​នៅ​ក្រុង​ប៉ោយប៉ែត​កាល​ពី​ឆ្នាំ ២០១៧ ហើយ​ត្រូវ​សាលា​ដំបូង​ខេត្ត​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ៥ ឆ្នាំ​នោះ ត្រូវ​បាន​ឧទ្ធរណ៍​ប្រកាស​សាល​ដីកា​កាល​ពី​ម្សិលមិញ​ឲ្យ​អនុវត្ត​ទោស​តែ ២ ឆ្នាំ​ទេ ចំណែក​ទោស​នៅ​សល់​ត្រូវ​ព្យួរ បន្ទាប់​ពី​បើក​សវនាការ​កាល​ពី​ថ្ងៃ​ទី ២៧ ធ្នូ។

ដោយបាន​អាន​សាលដីកា​នៅ​ចំពោះមុខ​ក្មេងស្រី​ជាប់​ចោទ​ក្នុង​បន្ទប់​សវនាការ​កាល​ពី​ម្សិលមិញ លោកស្រី​ចៅក្រម គឹម ដានី ថ្លែង​ថា សំណុំ​រឿង​ដែល​មាន​ជន​ជាប់​ចោទ​ជួញ​ដូរ​គ្រឿង​ញៀន ឈ្មាះ​ស.ស.ណ​អាយុ ១៧ ឆ្នាំ នេះ ក្រោយ​ពី​បើក​សវនាការ​រួច​មក ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តែ ២ ឆ្នាំ​វិញ ចំណែក​ទោស​នៅ​សល់ ៣ ឆ្នាំ​ទៀត​ត្រូវ​ព្យួរ។

រីឯ​ប្រាក់​ពិន័យ​ចំនួន ៨ លាន​រៀល​នោះ គឺ​តុលាការ​សម្រេច​រក្សាទុក​នៅ​ដដែល​ដូច​ការ​បង្គាប់​របស់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ដែរ។

លោកស្រី​ចៅក្រម ថ្លែងប្រាប់​ក្មេងស្រី​ជាប់​ចោទថា ៖ «ហេតុដែល​តុលាការ​សម្រេច​ឲ្យ​នាង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តែ ២ ឆ្នាំ​នេះ​ដោយសារ​យល់​ថា​កាល​ពី​ថ្ងៃ​នាង​ប្រព្រឹត្ត​បទ​ល្មើស​គឺ​នាង​ទើប​មាន​អាយុ ១៦ ឆ្នាំ​ទេ ដូច្នេះ​នាង​ជា​អនីតិជន​ហើយ​គ្រឿង​ញៀន​ដែល​នៅ​ជាប់​នឹង​ខ្លួន​នាង​មាន​កម្រិត​សារ​ធាតុ​សុទ្ធ​តែ ៧៤ ក្រាម ដែល​កម្រិត​នេះ​នាង​ត្រូវ​ជាប់​ទោស​តែ​ពាក់​កណ្តាល​នៃ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ។ នាង​បាន​ជាប់​ទោស​ជាង ១ ឆ្នាំ​មក​ហើយ ហើយ​នឹង​ជិត​ចេញ​ពី​ពន្ធនាគារ​ផង ប៉ុន្តែ​ពេល​នាង​ចេញ​ទៅ​វិញ​កុំ​ប្រព្រឹត្តអ្វី​ខុស​ទៀត ព្រោះ​បើ​នាង​ធ្វើ​អ្វី​ខុស​ទៀត​នោះ​នាង​នឹង​ត្រូវ​ជាប់​ទោស​ពី​បទ​មិន​រាង​ចាល។ ម្យ៉ាង​នាង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នាំ​ទៅ​ចាប់​ខ្លួន​ជន ២ នាក់​ដែល​ជា​បង​បង្កើត​របស់​នាង​នឹង​បងថ្លៃ ទើប​តុលាការ​សម្រេច​ឲ្យ​នាង​អនុវត្ត​ទោស​តែ ២ ឆ្នាំ​បែប​នេះ»។

តាម​កំណត់ហេតុ​តុលាការ​បានបង្ហាញ​ថា ក្មេងស្រី​ជាប់ចោទ​រូប​នេះ កំព្រា​ឪពុក​និង​ជា​អតីត​សិស្ស​រៀន​ថ្នាក់​ទី ៨។ មុន​កើត​ហេតុ​វេលា​ម៉ោង ១២ ថ្ងៃ​ត្រង់​ថ្ងៃទី ៣០ កញ្ញា​ឆ្នាំ ២០១៧ ក្មេង​ជាប់​ចោទ​ត្រូវ​បាន​បុរស​ឈ្មោះ ហែម ឃុន អាយុ ៤០ ឆ្នាំ ត្រូវ​ជា​បងថ្លៃ​និង​ជា​ប្តី​ស្ត្រី​ឈ្មោះ សៀង ចាន់​ទ្រា បាន​ហុច​កាបូប​ស្ពាយ​មួយ​ឲ្យ​នាង​យក​ទៅ​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​ចែ ណៃ នៅ​ភូមិ​ក្បាល​កោះ សង្កាត់​ក្រុង​ប៉ោយប៉ែត។ប៉ុន្តែ​មិន​ទាន់​ទាំង​បាន​ប្រគល់ឲ្យ​ទៅ​ស្ត្រី​ឈ្មោះ​ចែ​ណៃ នោះ​ផង​ក៏ត្រូវ​មន្ត្រី​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់​ខ្លួន​ហើយ​ឆែក​ឃើញ​ថ្នាំ​ញៀន​មេតំហ្វេតាមីន ១០១,៩ ក្រាម មាន​សារ​ធាតុ​សុទ្ធ ៧៤,៦៨ ភាគរយ។

បើតាម​កំណត់ហេតុ​ដដែល ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​នាំ​ក្មេងស្រី​សង្ស័យ​ទៅ​ផ្ទះ​ឈ្មោះ​ហែម ឃុន ហើយ​ឆែក​រក​ឃើញ​ថ្នាំញៀន​មេតំ​ហ្វេតាមីន WY ចំនួន ៤០៩០ គ្រាប់​បន្ថែម​ទៀត។ ប៉ុន្តែ​ឈ្មោះ​ហែម ឃុន និង​សៀង ចាន់​ទ្រា រត់​គេច​ខ្លួន។

សំណុំ​រឿងនេះ​ត្រូវ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បើក​សវនាការ​កំបាំង​មុខ​ជន​សង្ស័យ ២ នាក់ តែ​ចំពោះ​មុខ​ក្មេង​ជាប់​ចោទ​និង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ ២៨ ឧសភា ឆ្នាំ​មុន ផ្ទន្ទា​ទោស​ក្មេង​ស្រី​ជាប់​ចោទ​ដាក់​ពន្ធនាគារ ៥ ឆ្នាំ និង​ពិន័យ​ប្រាក់ ៨ លាន​រៀល។ ចំណែក ឈ្មោះ ហែម ឃុន និង​ប្រពន្ធ​ឈ្មោះ សៀង ចាន់​ទ្រា ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ២៥ ឆ្នាំ និង​ពិន័យ​ប្រាក់​ម្នាក់ៗ​ចំនួន ២០ លាន​រៀល។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ ក្មេងស្រី​ជាប់ចោទ​បាន​ថ្លែង​ទាំង​ទឹកភ្នែក​ថា នាង​គ្មាន​ឪពុក​ទេ​និង​រស់​នៅ​ជាមួយ​បងស្រី​ហើយ​គាត់​បាន​ប្រើ​នាង​ឲ្យ​យក​កាបូប​នោះ ទៅ​ឲ្យ​ស្ត្រី​ឈ្មោះ​ចែ​ណៃ ប៉ុន្តែ​នាង​មិន​បាន​ដឹង​ថា ក្នុង​កាបូប​នោះ​មាន​គ្រឿង​ញៀន​ទេ៕

អត្ថបទគួរចាប់អារម្មណ៍