ភ្នំពេញៈ សាលា​ឧទ្ធរណ៍​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​មេដឹក​នាំ​សហជីព​ចំនួន ៦ រូប​ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​ហិង្សា​នៅ​លើ​ផ្លូវ​វេងស្រេង ​កាល​ពី​អំឡុង​ចុង​ឆ្នាំ ២០១៣ និង​ដើម​ឆ្នាំ ២០១៤ ខណៈ​ពួកគេ ​បង្ហាញ​ការ​សាទរ​ចំពោះ​សេចក្តី​សម្រេច​នេះ​ និង​ចង់​ឃើញ​តុលាការ​ពិនិត្យ​លើក​ការ​ចោទ​ប្រកាន់ទាំង​អស់​លើ​ថ្នាក់​ដឹក​នាំ​សហ​ជីព​ ដែល​កំពុង​ជាប់​បណ្តឹង​​នៅ​តុលា​ការ​។​

​ចៅ​ក្រម​នៃ​សាលា​ឧទ្ធរណ៍ ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ​បាន​បើក​សវនា​ការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​មេ​ដឹក​នាំ​សហ​ជីព ​៦ រូប រួមមាន​ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ លោក​ ជា​ មុន្នី​ ប្រធាន​សហ​ជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​លោក​ស្រី ​យ៉ាង​ សោ​ភ័​ណ្ឌ ​ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា​ លោក​ ប៉ាវ​ ស៊ី​ណា ​ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជា​ លោក​ រ៉ុង ឈុន ប្រធាន​សហ​ភាព​សហ​ជីព​កម្ពុជា ​និង​លោក​ស្រី​ ម៉ម​ ញឹម ប្រធាន​សហ​ព័ន្ធ​សហ​ជីព​ជាតិ​នៃ​ឧស្សា​ហក​ម្ម​វាយ​ន​ភណ្ឌ ​ក្រោយ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ សម្រេច​ផ្តន្ទា​ទោស​​ឲ្យ​ពួ​ក​គេ​ជាប់​ពន្ធ​នា​គារ​ក្នុង​ម្នាក់​ ២ ​ឆ្នាំ​ ៦ ​ខែ​ និង​ពិន័យ​ជា​ប្រាក់​សរុប​ទាំង ​៦ នាក់ ​៣៥ លាន​រៀល​ ទៅ​ដល់​ជន​រង​គ្រោះជុំវិញ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង។​

​បើ​តាម​សេច​ក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ​ក្រោយ​ពី​បញ្ចប់​ការ​សួរ​ដេញ​ដោល​ បាន​សម្រេច​បដិ​សេធ​ចោល​នូវ​សាល​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​និង​ឲ្យ​មេដឹក​នាំ​សហ​ជីព ​និង​សមា​គម​ទាំង​ ៦ រូ​ប​នេះ​ រួច​ខ្លួន​ពីបទ​ចោទ​ទាំង​នោះ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ ប៉ាវ​ ស៊ីណា ​ប្រធាន​សហ​ភាព​ចលនា​កម្មករ​កម្ពុជា​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ។​

​ប្រ​ធាន​សហ​ភាព​រូ​ប​នេះ​ បាន​បន្ត​ថា​៖​ ​«​នេះ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​រីករាយ​បំផុត​ ចំពោះ​ការ​សម្រេច​ទម្លាក់​បទ​ចោទ​ប្រ​កាន់​មក​លើ​ខ្ញុំ ​ក៏​ដូច​ជា​តំណាង​សហជីព​ផ្សេង​ទៀត។​ អ្វី​ដែល​សំខាន់​ ពួក​យើង ​មិន​បា​ន​ប្រព្រឹត្ត​អ្វីដូច​ការ​ចោទ​ប្រកាន់រ​បស់​សាលា​ដំបូង​នោះ​ទេ»។​

ជា​មួយ​នឹង​ការ​សម្រេច​នេះ ​លោក​ចង់​ឃើញ​រដ្ឋាភិ​បាល​ បើក​ឱកាស​ឲ្យ​បាន​ពេញ​លេញ​ដល់​សហជីព​បាន​ធ្វើ​ការងារ​របស់​ខ្លួន​ជួយ​ដល់ក​ម្មករ​នៅ​កម្ពុជា​ ដោយ​មិន​រង​ការ​គំរាម​កំហែង​​ពី​ប្រព័ន្ធ​តុលា​ការ​ ឬ​អាជ្ញាធរ​បន្ត​ទៀត​ ដើម្បី​បង្ហាញ​ថា សិទ្ធិ​សេរី​ភាព​របស់​សហជីព ​មាន​ភាព​ល្អ​ប្រ​សើរ​ជាង​នេះ។​

​មិន​ខុស​គ្នា​នេះ​ដែរ​ លោក​ រ៉ុង​ ឈុន​ ប្រធាន​សហ​ភាព​សហជីព​កម្ពុជា​ ក៏​បាន​បង្ហាញ​ការសាទរ​របស់​ខ្លួន​ ចំពោះ​សេច​ក្តី​ម្រេច​នេះ​​ផង​ដែរ។​ ប៉ុន្តែ​លោក​ អំពាវ​នាវ​ឲ្យ​តុលា​ការ​គួរ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ណា ​ដែល​សម្រេច​មិន​ត្រឹម​ត្រូវ​ ទៅ​លើ​មេដឹក​នាំ​សហ​ជីព​ដទៃ​ទៀត​ ដើម្បី​បង្ហាញ​ពី​ឯក​រាជភាព​របស់​តុលាការ​ និង​បង្ហាញ​ថា​ តុលាកា​រពិត​ជា​គ្មាន​ទទួល​គំនាប​ណា​មួយ​ពី​ថ្នាក់​ដឹ​ក​នាំ​រដ្ឋាភិបាល​នោះ​ទេ។​

​លោក​បញ្ជាក់​ថា​៖​​ «​ខ្ញុំ​ចង់​ឲ្យ​ប្រព័ន្ធ​តុលាការ​ប្រកាន់​នូវ​យុត្តិធម៌​បន្ត​ទៀត​ដោយ​ឈរ​លើ​វិជ្ជា​ជីវៈ​ ហើយ​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ផ្សេងៗ​ទៀត​ ដូច​ជា​ជន​រង​គ្រោះ​ដោយ​សារ​ដីធ្លី ​សកម្ម​ជន​ និង​សកម្ម​ជន​នយោបាយ​ ជា​ពិសេស​ដូច​ជា​ករណី​ លោក រ៉ាត់​ រ័ត្ន​មុនី​ ដែល​ត្រូវ​សវនា​ការ​នៅ​ព្រ​ហ​ស្ប​តិ៍​នេះ ​ដោយ​ពួក​គាត់​មិន​មាន​កំហុស​ឆ្គង​ដូច​អ្វី​ដែល​​បាន​ចោទ​ប្រកាន់​​នោះ​ទេ»។​

​ពាក់​ព័ន្ធ​នឹង​ករណី​នេះកាល​ពី​ឆ្នាំ ២០១៨​ ​ ​កន្លង​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ បាន​លើកទឹក​ចិត្ត​ឲ្យ​មេដឹក​នាំ​សហ​ជីព​ទាំង​នោះ​ប្តឹង​ឧទ្ធរណ៍ ​និង​ឲ្យ​តុលា​ការ​ពិចារ​ណា​លើ​សេច​ក្តី​សម្រេច​នេះ​ឡើង​វិញ​ផងដែរ។​ ​

​​លោក​ ផៃ​ ស៊ី​ផាន​ អ្នក​នាំពាក្យ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ បាន​និយាយ​ថា​ គ្មាន​កិច្ច​អន្តរាគម​ន៍​ណា​មួយ​ដែល​មាន​សិទ្ធិ​លូកលាន់​លើ​កិច្ច​ការ​របស់​តុលាការ​នោះ​ទេ ​រួម​ទាំង​លោក​នាយ​ករដ្ឋមន្ត្រី​ផង​ដែរ​ ហើយ​ការ​សម្រេច​នេះ​ គឺ​ជា​សិទ្ធិ​ របស់​តុលា​ការ​ ដែល​លោក​មានកាត​ព្វ​កិច្ច​ពិ​ចារ​ណា​ដោយ​ខ្លួន​ផ្ទាល់។​ ជាមួយ​គ្នានេះ​ លោក​ ផៃ​ ស៊ី​ផាន ក៏​អះអាងថា ការ​សម្រេច​របស់​តុលាការក៏​មិន​អាច​ឲ្យ​បុគ្គល​ណាបក​ស្រាយ​ស្រេច​តែ​ចិត្ត​នោះ​ដែរ។

​លោក​បញ្ជាក់​ថា៖​ «​សូម​កុំ​ធ្វើ​ការ​ប​ក​ស្រាយ​ ក្រៅ​ពី​ការ​វិនិ​ច្ឆ័យ​របស់​តុលាកា​រ ពីព្រោះ​មាន​តែ​អង្គ​តុលា​ការ​មួយ​ទេដែល​មាន​កា​តព្វ​កិច្ច​អាជ្ញា​សិទ្ធិ​ក្នុង​ការ​សម្រេច​ ឈរ​ទៅ​លើ​អង្គ​ហេតុ​ និង​អង្គ​ច្បាប់​ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី ​គ្រាន់​តែ​ឲ្យ​ព​ន្លឿ​ន​ការ​វិនិ​ច្ឆ័យ​ ដូច្នេះ​នីតិ​វិធី​ជួន​កាល​គេ​ទុក​ជន​សង្ស័យ​ដើម្បី​ស្វែង​រក​ភ័ស្តុ​តាង​ជា​ក់​ស្តែង​។​ ​ការ​​អំពាវ​នាវ​ណា​មួយ​របស់​ពួក​គេ​ គឺ​ជា​ឆន្ទៈ​របស់​ពួក​គេ​ ក៏​ប៉ុន្តែ​តុលាការ​ មាន​ហេតុ​ផល​ ដែ​ល​ជា​អំណាច​ផ្ទាល់​របស់​ចៅ​ក្រម​ដែល​គាត់​អាច​ចាត់​វិធាន​ការ​តាម​អង្គ​ហេតុ​ ដែល​ប្រព្រឹត្ត​ទៅ»៕​