ភ្នំពេញៈ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារទី ២៧ មីនានេះ បានតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលពន្យារការឃុំខ្លួនលោក កឹម សុខា រយៈពេល ៦ ខែទៀត ដោយមិនបានបញ្ជាក់ពីមូលហេតុបន្ថែមទេ បន្ទាប់ពីសវនាការដែលមានការរឹតបន្ដឹងខ្លាំងអស់រយៈពេលជាង ២ ម៉ោង ដោយគ្មានវត្តមាន លោក កឹម សុខា ។
លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោមមេធាវីទាំង៦រូបដែលបានចូលរួមការពារនៅព្រឹកនេះ បានថ្លែងថា៖ «សាលាឧទ្ធរណ៍គេសម្រេចតម្កល់ការសម្រេចការពន្យារពេលឃុំខ្លួនទុកជាបានការ បានន័យថាគេបន្តឃុំខ្លួនទៀត»។
ចំពោះអវត្តមានរបស់លោក កឹម សុខា លោក ទូច ថារិទ្ធិ ថ្លែងថាសាលាឧទ្ធរណ៍បានចេញលិខិតកោះហៅតាមនីតិវិធីហើយ។
សវនាការនៅព្រឹកមិញនេះ ជាសវនាការប្រឆាំងនឹងការសម្រេចរបស់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចបន្តឃុំខ្លួនលោក កឹម សុខារយៈពេល ៦ ខែទៀតដើម្បីបន្តការស៊ើបអង្កេត ប៉ុន្តែក្រុមមេធាវីលោកបានប្តឹងជំទាស់នឹងការឃុំខ្លួនបន្តនេះ។
ការសម្រេចបន្ដឃុំខ្លួនលោក កឹម សុខា នេះ ថ្វីបើសាលាឧទ្ធរណ៍មិនបានបញ្ជាក់ពីមូលហេតុបន្ថែមក្ដី ប៉ុន្តែបានកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងការមិនមានជំនឿថានឹងមានការដោះលែងមេក្បត់ជាតិ ខណៈលោកកំពុងធ្វើជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័អាស៊ីអឺរ៉ុប កាលពីព្រឹកមិញដូចគ្នា នៅវិទ្យស្ថានជាតិអប់រំ ។
លោក ហ៊ុន សែន ថ្លែងថា៖«ខ្ញុំមិនជឿថាព្រឹកនេះ សាលាឧទ្ធរណ៍នឹងដោះលែងអាមេក្បត់ជាតិ ព្រោះនេះជាអំពើក្បត់ជាតិ ប៉ុន្តែខ្ញុំគោរពសេចក្ដីសម្រេចរបស់តុលាការ ប្រសិនបើតុលាការដោះលែងឲ្យវានៅក្រៅឃុំ អាហ្នឹងខ្ញុំក៏មិនដឹងធ្វើម៉េច ប៉ុន្តែខ្ញុំមិនជឿទេថា តុលាការនឹងដោះលែងអាមេក្បត់ជាតិហ្នឹងទេ ហើយអ្នកដែលចាប់ខ្លួនដំបូង បញ្ជាចាប់ខ្លួនដំបូង គឺហ៊ុន សែន អ្នកបញ្ជា គ្មានអ្នកណាផ្សេងទេ បើគ្មានបទបញ្ជាពី ហ៊ុន សែន គ្មានអ្នកណាហ៊ានចាប់ទេ»។
លោក បានបន្តថា ៖«ប៉ុន្តែឥឡូវវានៅក្នុងដៃតុលាការ បើព្រឹកនេះតុលាការដោះលែងក៏ដោះលែងទៅ ដោះនៅក្រៅឃុំ ក៏ អាហ្នឹងជារឿងតុលាការអាហ្នឹងខ្ញុំត្រូវតែគោរព ប៉ុន្តែខ្ញុំមិនជឿថាតុលាការ ដើរទៅដល់ដំណាក់ការហ្នឹងទេ»។
យ៉ាងណាក្ដី ទិដ្ឋភាពនៅខាងក្រៅបរិវេណសាលាឧទ្ធរណ៍នៅថ្ងៃនេះ មានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង សូម្បីអ្នកសារព័ត៌មានក៏មិនត្រូវបានអនុញ្ញាតឲ្យចូលទៅជិតរបងសាលាឧទ្ធរណ៍ដែរ។
វីដេអូ ថតបានអ្នកគាំទ្រលោក កឹម សុខា ដែលមករង់ចាំខាងក្រៅសវនាការសាលាឧទ្ធរណ៍ព្រឹកមិញ ត្រូវបានប្រធានសន្តិសុខទះកំភ្លៀង ក្រោយបុរសរូបនេះ សរសេរលេខនៅលើផ្ហូវថ្នល់ 0+0=8 ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំមុន ហើយត្រូវបានចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមជាប់ពន្ធនាគារពី ១៥ ទៅ ៣០ ឆ្នាំ៕