ភ្នំពេញៈ សាលាឧទ្ធរណ៍​បានសម្រេច​បន្ថយ​ទោស​ស្ត្រី​ជាប់​ចោទ​ម្នាក់​ចំនួន ១ ឆ្នាំ ជាប់​ចោទ​បទ​សញ្ចារ​កម្ម​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​បាន​បើក​កន្លែង​ម៉ាស្សា​បង្កប់​សេវា​រួម​ភេទ​ប្រព្រឹត្ត​កាល​ពី​ឆ្នាំ ២០១៥ នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

ការសម្រេច​នេះ​ធ្វើឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍​កា​លពី​ម្សិលមិញ​បាន​បើក​សវនាការ​ប្រកាស​សាល​ដីកា​ចំពោះ​មុខ​ស្ត្រី​ជាប់​ចោទ​ម្នាក់​ដោយ​បន្ថយ​ទោស​ពី​ជាប់​ពន្ធនាគារ ៦ ឆ្នាំ​មក​នៅ ៥ ឆ្នាំ​វិញ។ សវនាការ​ជំនុំ​ជម្រះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ១៥ មករា តែ​ពេល​នោះ​ពុំ​បាន​ប្រកាស​សាល​ដីកា​ភ្លាម​ទេ។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​លោកស្រី​ចៅក្រម​ ចាន់ ម៉ា​ឌី​ណា មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បន្ថយ​ទោស​ដល់​ស្ត្រី​ជាប់​ចោទ​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ទៅ​ស្ត្រី​ជាប់​ចោទ​ថា​តុលាការ​មិន​បាន​អាន​សំអាង​ហេតុ​ដល់​ជន​ជាប់​ចោទ​ទេ​ដោយ​គ្រាន់​តែ​អាន​សេចក្តី​សម្រេច​ជូន​ប៉ុណ្ណោះ។

លោកស្រី​ថ្លែងថា៖ «ស្ត្រី​ជាប់ចោទ​បើ​អ្នក​មិន​សុខ​ចិត្តនឹង​ការសម្រេច​សេចក្តី​របស់​សាលា​ឧទ្ធរណ៍​ទេ​អ្នក​អាច​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​បាន គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​សាល​ដីកា​នេះ ១ ខែ»។

យោងតាម​កំណត់ហេតុ​របស់​តុលាការ​បាន​ឲ្យ​ដឹងថា​ស្ត្រី​ជាប់ចោទ​ឈ្មោះ​ លឹម ណៃ​អន អាយុ ៣៨ ឆ្នាំ​បាន​បើក​កន្លែង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង​មាន​យីហោ​ឈ្មោះ ៩៩៩ ស្ថិត​នៅ​ក្នុង​ភូមិ-សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ហើយ​ត្រូវ​បាន​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជ​ធានី​ភ្នំពេញ​ចុះ​ឆែក​ឆេរ​និង​ឃាត់​ខ្លួន​នារី​ម៉ាស្សា​បាន​ចំនួន ៤ នាក់​កាល​ពី​រសៀល​ថ្ងៃទី ១០ ខែ​វិច្ឆិកា​ឆ្នាំ ២០១៥។ ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​នារី​បម្រើការ​ក្នុង​ហាង​ម៉ាស្សា​កោស​ជប់​នោះ​សរុប​ចំនួន ៥ នាក់​ប៉ុន្តែ​ក្រោយ​មក​សមត្ថកិច្ច​បាន​ដោះ​លែង​នារី​ម៉ាស្សា​ចំនួន ៤ នាក់​វិញ​ហើយ​បាន​ឃាត់​ខ្លួន​ស្ត្រី​ជាប់​ចោទ​ជា​ម្ចាស់​ហាង​ម៉ាស្សា​កោស​ជប់​នេះ។ ពេល​នោះ​សមត្ថកិច្ច​បាន​ឆែក​ឆេរ​ក្នុង​ហាង​ម៉ាស្សា​កើត​ហេតុ​និង​បាន​រក​ឃើញ​ស្រោម​អនាម័យ​ទាំង​ប្រើ​ហើយ​និង​មិន​ទាន់​ប្រើ​បាន​មួយ​ចំនួ​នធំ។

សំណុំ​រឿងនេះ​ត្រូវ​សាលា​ដំបូង​បើក​សវនាការ​កាល​ពី​ថ្ងៃ​ទី ២០ មីនា ២០១៦ និង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី ២៧ ខែ​មីនា​ឆ្នាំ ២០១៦ ដោយ​សម្រេច​ផ្តន្ទា​ទោស​ស្ត្រី​ជាប់​ចោទ​ដាក់​ពន្ធនាគារ ៦ ឆ្នាំ​ចោទ​បទ​សញ្ចារ​កម្ម​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ទាក់ទង​នឹង​ចារី​តាម​បញ្ញត្តិ​មាត្រា ២៧ ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​មាត្រា ២៨៨ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

កាលពី​ថ្ងៃ​ជំនុំជម្រះ​កន្លងមក​ស្ត្រី​ជាប់ចោទ​លឹម ណៃ​អនបាន​ប្រាប់​ចៅក្រម​ថា គាត់​ប្តឹង​មក​សាលា​ឧទ្ធរណ៍​ពេល​នេះ​ដោយសារ​គាត់​ចង់​ឲ្យ​សាលា​ឧទ្ធរណ៍​បន្ថយ​ទោស​ដល់​គាត់​ព្រោះ​មាន​កូន​តូច​នៅ​ក្នុង​បន្ទុក ៣ នាក់​គ្មាន​អ្នក​ថែទាំ​ហើយ​ពួកគេ​មិន​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ​ទេ។ ម្យ៉ាង​ម្តាយ​គាត់​ចាស់ ជរា​ហើយ​គាត់​បាន​ដឹង​ថា មាន​កំហុស​ហើយ៕