ភ្នំពេញៈ សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បានប្រកាស​សាលដីកា​កំបាំងមុខ លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ដោយ​សម្រេច​ផ្តល់​នីតិសម្បទា​ដល់​លោក​វិញ​ បន្ទាប់ពី​បុគ្គល​រូបនេះ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ១៨ ខែ​រួចរាល់​នៅ​ឆ្នាំ ២០១៧ ពាក់ព័ន្ធ​នឹង​ការប្រើ​កាំភ្លើង​បាញ់រះ​ទៅលើ​កម្មករ​ដែល​កំពុង​តវ៉ា​បណ្តាល​ឲ្យ​កម្មករ​ ៣ ​នាក់​រងរបួស​ធ្ងន់​កាលពី​ឆ្នាំ​ ២០១២​។

ចៅក្រម​សាលាឧទ្ធរណ៍​លោក សេង ស៊ីវុត្ថា បាន​ថ្លែង​ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា សំណុំ​រឿង​នេះ​មាន ឈ្មោះ ឈូក បណ្ឌិត ជា​ម្ចាស់​បណ្តឹងទាស់ ស្នើសុំ​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដែល​សំណុំ​រឿងនេះ​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៣ ខែ​កក្កដា ឆ្នាំ​ ២០២០​។ ប៉ុន្តែ លោក បណ្ឌិត មិនបាន​ចូល​ស្តាប់​ទេ ដូច្នេះ​តុលាការ​មិនបាន​អាន​សំអាង​ហេតុ​ទាក់ទង​នឹង​ការផ្តល់​នីតិសម្បទា​នេះ​លម្អិត​ទេ​។

លោក​ថ្លែងថា​៖ «​បណ្តឹង​ស្នើសុំ​ផ្តល់​នីតិសម្បទា​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​សម្រេច​ផ្តល់​នីតិសម្បទា​ដល់​លោក ឈូក បណ្ឌិត ​វិញ​ចាប់​ពីថ្ងៃ​ប្រកាស​សាលដីកា​នេះ​តទៅ​»​។

ពាក់ព័ន្ធ​នឹង​ការប្រកាស​សាលដីកា​នេះ ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​ស្វែងរក​មេធាវី​ការពារ​សិទ្ធិ​របស់​លោក បណ្ឌិត ដើម្បី​ពន្យល់​បានទេ​។ ប៉ុន្តែ​បើតាម​លោក មេធាវី យុង ផានិត ដែល​ជា​អ្នកច្បាប់​ ១ ​រូប​ពន្យល់​ថា ពាក្យ​ថា​ផ្តល់​នីតិសម្បទា​មាន​ន័យ​ថា កំហុស​ផ្នែក​ច្បាប់​ដែល​បុគ្គល​នោះ​មាន​ទាំង​ប៉ុន្មាន​គឺ ល្អ​ដូច​ដើម​វិញ​។ លោក​ពន្យល់ថា​៖ «​ការផ្តល់​នីតិសម្បទា​គឺជា​ការជួសជុល​ផ្នែក​ផ្លូវច្បាប់​ឲ្យ​ល្អ​ឡើងវិញ​។ កំហុស​ទាំង​ប៉ុន្មាន​ត្រូវ​បាន​បញ្ចប់​ទាំងអស់ ព្រោះ​បុគ្គល​នោះ​ក៏​បាន​អនុវត្ត​ទោស​ចប់​ហើយ​ដែរ​»​។

លោក​បន្ថែមថា​៖ «​បើ​តុលាការ​ផ្តល់​នីតិសម្បទា​វិញ​បញ្ជាក់​ថា គាត់​ជា​ពលរដ្ឋ​ធម្មតា​មាន​សិទ្ធិ​ពេញលេញ​អាច​ចូលរួម​គ្រប់​សកម្មភាព​ក្នុង​សង្គម​ការងារ​បាន​ទាំងអស់​»​។

លោក​ ឈូក បណ្ឌិត បាន​បាញ់រះ​ធ្វើឲ្យ​កម្មការិនី​នៃ​រោងចក្រ​ស្បែកជើង​កៅវ៉េ (Kaoway) ក្នុង​ក្រុង​បាវិត​ចំនួន ៣ ​នាក់​រងរបួស​ធ្ងន់​ក្នុងពេល​ពួកគេ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ដែល​កើតឡើង​កាលពី​ថ្ងៃទី​ ២០ ខែ​កុម្ភៈ ឆ្នាំ​ ២០១២​។ បន្ទាប់មក​លោក​បានគេច​ខ្លួន​ជាង​ ៣ ​ឆ្នាំ ប៉ុន្តែ​នៅ​ថ្ងៃទី​ ១៨ ខែសីហា​ឆ្នាំ​ ២០១៥ លោក ឈូក បណ្ឌិត បាន​ចូល​សារភាព ក្រោយពី​មាន​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​លោក​បណ្ឌិត​ដោយ​មាន​ការសហការ​ជាមួយ​ប៉ូលិស​អាំងទែរប៉ូល​ផង​។

លោក​ ឈូក បណ្ឌិត ​ត្រូវ​ចៅក្រម​សាលា​ដំបូង​ខេត្តស្វាយរៀង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ១៨ ​ខែ​ពី​បទ​បង្ក​របួសស្នាម​ដោយ​អចេតនា និង​បង្គាប់​ឲ្យ​សង​សំណង​ទៅ​ស្ត្រី​រងគ្រោះ​ទាំង ៣ ​នាក់​សរុប​ ៣៨ ​លាន​រៀល​។ លោក​បណ្ឌិត​បាន​អនុវត្ត​ទោស​ចំនួន​ ១៨ ខែ ក្នុង​ពន្ធនាគារ​ចប់ និង​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃទី​ ៩ ខែ​កុម្ភៈ ឆ្នាំ​ ២០១៧៕