ភ្នំពេញៈ សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​ជំនុំជម្រះ​បុរស​វ័យ​ចំណាស់​ជា​គ្រូខ្មែរ​ម្នាក់​ពាក់ព័ន្ធ​ការព្យាបាល​នារី​ជំទង់​ដែលមាន​ជំងឺ​ហើយ​បាន​ចាប់​នាង​រំលោភ​សេពសន្ថវៈ​បានសម្រេច​ចំនួន​ ៤ ​លើក​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ទួលវិហារ ឃុំ​ចាន់សែន ស្រុក​ឧដុង្គ​កាលពី​ថ្ងៃទី​ ២៧ ខែកញ្ញា ឆ្នាំ​ ២០១៥ ។

ជនជាប់ចោទ​បាន​និយាយ​ក្នុង​សវនាការ​កាលពី​ម្សិលមិញ​ថា ករណីនេះ​គាត់​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ​ហើយ​គាត់​សុំ​ចៅក្រម​សាលាឧទ្ធរណ៍​ដោះលែង​។

ជនជាប់ចោទ​ឈ្មោះ​ ផន ខឿន បាន​ថ្លែង​ទៅកាន់​តុលាការ​ថា​៖ «​ខ្ញុំ​មាន​ជំងឺ​ប្រចាំកាយ​ហើយ​ខ្ញុំ​សុំ​តុលាការ​ដោះលែង​ខ្ញុំ​វិញ​»​។

តាម​កំណត់ហេតុ​របស់​តុលាការ​បាន​បង្ហាញថា ជន​ជាប់ចោទ​ឈ្មោះ ផន ខឿន អាយុ​ ៦៣ ​ឆ្នាំ​រស់នៅ​ភូមិ​ទួលវិហារ ជា​គ្រូព្យាបាល​ជំងឺ​ដែល​អ្នកភូមិ​តែងតែ​ទៅ​ទទួល​ការព្យាបាល​ជំងឺ​ពី​លោកគ្រូ​ម្នាក់​នោះ​ហើយ​គាត់​ក៏​ជា​គ្រូមន្តអាគម​ចេះ​ដោះ​អំពើ​អំព័ន្ធ​អ្នកជំងឺ​ផងដែរ​។ គ្រា​ដែល​ល្បី​ថា​មាន​គ្រូ​ចេះ​ព្យាបាល​ជំងឺ​ពូកែ​ហើយ​គាប់​ជួន​ស្ត្រី​ម្នាក់​ដែល​កូន​កំពុងមាន​ជំងឺ​ប្រចាំកាយ​ដែល​ធ្លាប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ​គ្រូពេទ្យ​ប្រាប់ថា ​រលាក​ស្រោមខួរ​តែ​ព្យាបាល​មិនជា​សះស្បើយ​ឡើយ​។ ​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​យក​កូនស្រី​របស់ខ្លួន​អាយុ​ ១៤ ​ឆ្នាំទៅ​ឲ្យ​គ្រូខ្មែរ​ម្នាក់​នោះ​ព្យាបាល​។ កំណត់ហេតុ​បង្ហាញ​បន្តថា ពេលនោះ​ម្តាយ​ក្មេងស្រី​រងគ្រោះ​ឲ្យ​គ្រូខ្មែរ​ម្នាក់​នោះ​មើល​គន់គូរ​ទៅ​ស្រាប់តែ​លោកគ្រូ​ខ្មែរ​នោះ​ប្រាប់ថា កូនស្រី​របស់គាត់​ត្រូវ​អំពើ​គេ​ហើយ​ហើយ​បង្គាប់​ឲ្យ​ដាក់​ទ្រនឹប​ចំនួន​ ១៥ ​ម៉ឺន​រៀល​ក៏ត្រូវ​ម្តាយ​ក្មេងស្រី​រងគ្រោះ​ជូន​លុយ​តាម​ការបង្គាប់​របស់លោក​គ្រូ​នោះ​។ ​ម្យ៉ាង​ដោយមាន​ការជឿទុកចិត្ត​ទៅលើ​លោកគ្រូ​ខ្មែរ​ម្នាក់​នោះ​ផង​ម្តាយ​ក្មេងរងគ្រោះ​ក៏បាន​ទុក​កូនស្រី​ឲ្យ​នៅ​ដេក​ព្យាបាល​នឹង​ផ្ទះ​របស់​លោកគ្រូ​ខ្មែរ​នោះ​។

កំណត់ហេតុ​បង្ហាញ​ទៀតថា បន្ទាប់ពី​ក្មេងស្រី​រងគ្រោះ​បាន​ស្នាក់នៅ​ព្យាបាល​នៅផ្ទះ​របស់លោក​គ្រូខ្មែរ​ម្នាក់​នោះបាន​ប៉ុន្មាន​ថ្ងៃ​ហើយដោយ​មើលឃើញ​ពី​ស្ថានភាព​ជំងឺ​របស់​កូន​ហាក់​មិនទាន់មាន​អ្វី​ប្រែប្រួល​ម្តាយ​ក្មេងរងគ្រោះ​បាន​យក​កូន​ទៅផ្ទះ​វិញ​មួយរយៈ​។ ក្រោយមក​ម្តាយ​ក្មេងរងគ្រោះ​ក៏​នាំ​កូនស្រី​ឲ្យ​ទៅ​ស្នាក់នៅ​ព្យាបាល​ជំងឺ​ជាមួយ​លោកគ្រូ​ខ្មែរ​នោះ​ម្តងទៀត​។ លុះ​នៅក្នុង​អំឡុង​ខែសីហា និង​ខែកញ្ញា ឆ្នាំ​ ២០១៥ លោកគ្រូ​ខ្មែរ​នោះបាន​នាំ​ក្មេងរងគ្រោះ​ទៅក្នុង​ព្រៃ​ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​ហើយ​បាន​ចាប់​នាង​រំលោភ​បានសម្រេច​ហើយ​លោកគ្រូ​នោះបាន​ប្រព្រឹត្ត​ទៅលើ​ក្មេងស្រី​រងគ្រោះ​ជា​បន្តបន្ទាប់​ទៀត​។

កំណត់ហេតុ​បន្តថា លុះ​នៅវេលា​រសៀល​ថ្ងៃទី​ ២៧ ខែកញ្ញា ឆ្នាំ​ ២០១៥ ​លោកគ្រូ​ខ្មែរ​ម្នាក់​នោះបាន​ចាប់​ក្មេងស្រី​រំលោភ​ម្តងទៀត​ជា​លើក​ទី​ ៤ ​ហើយ​ក្មេងរងគ្រោះ​ត្រូវ​ម្តាយ​នាំយក​ទៅផ្ទះ ស្រាប់តែ​ឃើញ​សម្លៀកបំពាក់​កូន​មាន​ប្រឡាក់​ដី​ក៏​សួរ​ក្មេងរងគ្រោះ​ថា​ទើប​មកពីណា​។ ​គ្រានោះ​ក្មេងស្រី​រងគ្រោះ​ឆ្លើយថា​៖ «​បើ​ម៉ែ​ចង់ដឹង​ច្បាស់​ទៅ​សួរ​លោកតា​ជា​គ្រូ​ព្យាបាល​ខ្ញុំ​ទៅ​»​។

កំណត់ហេតុ​បង្ហាញ​បន្តថា បន្ទាប់ពី​កូនស្រី​ប្រាប់​ពី​រឿងរ៉ាវ​នេះ​មក ម្តាយ​បាន​នាំ​ក្មេងស្រី​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ហើយ​ខាង​មន្ទីរពេទ្យ​បានចេញ​លិខិត​បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ​មាន​ស្នាម​ដាច់​រលាត់​ប្រដាប់​ភេទ​។ បន្ទាប់មក​ម្តាយ​ក្មេងរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ចាន់សែន​ដោយ​ទារ​សំណង​ចំនួន​ ៥ ​ពាន់​ដុល្លារ​ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​លោកគ្រូ​ខ្មែរ​នោះ​តែម្តង​។

សំណុំ​រឿងនេះ​ត្រូវ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ១០ ​ឆ្នាំ​ចោទ​បទ​រំលោភ​សេពសន្ថវៈ​តាម​មាត្រា​ ២៤១ ​នៃ​ក្រមព្រហ្មទណ្ឌ​ជន​ជាប់​ចោទ​មិន​សុខចិត្ត​បាន​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​។

លោក នាង ហៃ មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​បាន​សន្និដ្ឋាន​ថា កូនក្តី​របស់​លោក​ធ្លាប់​ឆ្លើយ​នៅ​តុលាការខេត្ត និង​នៅ​ដំណាក់កាល​នគរបាល​ខេត្តកំពង់ស្ពឺ​ថា គាត់​មិនបាន​ប្រព្រឹត្ត​ទៅលើ​ក្មេងស្រី​នោះទេ​។ រីឯ​សាក្សី​ក៏​គ្មាន​ដែរ​។

លោក​ថ្លែងថា​៖ «​កូនក្តី​ខ្ញុំ​គាត់​ចាស់ជរា​ហើយ​បើ​ឃុំខ្លួន​គាត់​បន្តទៀត​គាត់​អាច​នឹងមាន​ជំងឺសរសៃប្រសាទ​ហើយ​បើ​គាត់​មាន​ជំងឺសរសៃប្រសាទ​អាច​បង្ក​ការអុកឡុក​ដល់​អ្នក​ជាប់​ឃុំ​។ ដូច្នេះ​សូម​តុលាការ​ដោះលែង​គាត់​ផង​»​។

លោក ង៉ែត សារ៉ាត់ តំណាង​មហាអយ្យការ​សន្និដ្ឋានថា ចម្លើយ​របស់​ជនរងគ្រោះ​ក៏ដូចជា​ម្តាយ​របស់​ក្មេងរងគ្រោះ​ជាដើម​បណ្តឹង​បង្ហាញថា ពិតជា​មាន​ករណី​រំលោភ​សេពសន្ថវៈ​ពី​ជនជាប់ចោទ​មែន​។ នៅ​ចំពោះមុខ​តុលាការ​ក៏ដូចជា​នៅ​នគរបាល​គឺ​ជនជាប់ចោទ​តែងតែ​បដិសេធ​។

លោក​ថា​៖ «​យ៉ាងណា​ពេល​ព្យាបាល​អ្នកជំងឺ​គាត់​តែង​រក​កន្លែង​ស្ងាត់​បើតាម​មាត្រា​ ២៤១ ​នេះ​កម្រិត​ទោស​ពី​ ៧ ​ទៅ​ ១៥ ​ឆ្នាំ​។ ​ដូច្នេះ​សូម​ក្រុមប្រឹក្សា​ពិចារណា​តាម​ឆន្ទានុសិទ្ធិ​ចុះ​»​។ ក្រោយ​ជំនុំជម្រះ​លោកស្រី ចាន់ ម៉ាឌីណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ២៧ ​មីនា​៕