ភ្នំពេញៈ ​សវនាការ​សំណុំ​រឿង ជួប សម្លាប់ ​ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ ដោយសារ​មន្ត្រី​ពន្ធនាគារ​មិន​បាន​នាំ​ខ្លួន​ជន​ជាប់ចោទ​មក​តុលាការ​តាម​ការបង្គាប់​ដោយ​អះអាង​ថា មិន​បាន​ទទួល​ដីកា​បង្គាប់​។

នៅ​រសៀល​ថ្ងៃ​អង្គារ​សាលាឧទ្ធរណ៍​បាន​លើក​យក​សំណុំរឿង​ឃាតកម្ម​លើ​លោក បណ្ឌិត កែម ឡី ដែល​មាន​ជនជាប់ចោទ​ឈ្មោះ​ អឿត អាង ហៅ​ ជួប សម្លាប់ ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​បទចោទ​ «​ឃាតកម្ម​គិត​ទុក​ជាមុន​» តាម​មាត្រា​ ២០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។ ប៉ុន្តែ​សវនាការ​នេះ​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​អវត្តមាន​របស់​ជនជាប់ចោទ ជួប សម្លាប់​។

លោក ចាយ ច័ន្ទតារាវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច​ពន្យារ​សវនាការ​ទៅ​ថ្ងៃ​ក្រោយ នៅពេល​លោក​មេធាវី​ការពារ​ក្តី​ឲ្យ​ ជួប ​សម្លាប់ ​បាន​ទាក់ទង​ទៅ​ពន្ធនាគារ​ព្រៃស​ហើយ​មន្ត្រី​ពន្ធនាគារ​អះអាង​ថា​ពន្ធនាគារ មិន​បាន​ទទួល​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​​ ជួប សម្លាប់ ឡើយ​។

លោក ច័ន្ទតារាវណ្ណ ថ្លែង​ថា​៖ «​កាលពី​ថ្ងៃទី​ ១៤ ​មីនា​ឆ្នាំ​ ២០១៨ ព្រះរាជអាជ្ញា​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ជន​ជាប់ចោទ​ហើយ​ដីកា​បង្គាប់​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ ចុះហត្ថលេខា​ទទួល​នៅ​ថ្ងៃទី​ ១៥ ​មីនា​ឆ្នាំ ២០១៨​។ ចំពោះ​ដើមបណ្ដឹង​រដ្ឋប្បវេណី យើង​ក៏​បាន​បញ្ចូន​ដីកា​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​ហើយ​ឮថា​លោកស្រី​ (​ប៊ូ រចនា​) ​បាន​ទៅ​ដល់​អូស្ត្រាលី​ហើយ​»​។

មេធាវី​ ជួប សម្លាប់ លោក​ ឡោ គីមហ្គិច ថ្លែង​ថា​លោក​បាន​ទៅ​ជួប​កូនក្តី​លោក នៅ​ពន្ធនាគារ​កាលពី​សប្តាហ៍​មុន​ដោយ​កូនក្តី​លោក​ថា «​គាត់​ថា​គាត់​ចង់​ចូលរួម​ក្នុង​សវនាការ​»​។

លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ល្បី​ឈ្មោះ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​ ១០ ខែ​កក្កដា​ឆ្នាំ​ ២០១៦ នៅ​ហាង​ស្តាម៉ាត​កាល់តិច ស្តុប​បូកគោ​។ ឈ្មោះ​ ជួប សម្លាប់ ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ ហើយ​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​សម្លាប់​លោក កែម ឡី ដោយសារ​តែ​លោក​ ឡី បាន​ជំពាក់​ប្រាក់​ខ្លួន​ ៣ ​ពាន់​ដុល្លារ​។ ប៉ុន្តែ​ភរិយា​លោក​ កែម ឡី និង​មជ្ឈដ្ឋាន​ជាច្រើន មិន​ជឿ​ថា ជួប សម្លាប់ ជា​អ្នក​សម្លាប់​លោក​ កែម ឡី នោះ​ទេ​៕