ភ្នំពេញៈ សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​កាលពី​ម្សិលមិញ​លើ​សំណុំ​រឿង​ជួញដូរ​គ្រឿងញៀន​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​បុរស​ជនជាតិ​ឡាវ​ម្នាក់​ជាប់គុក​ ១ ​ជីវិត និង​ប្ដី​ប្រពន្ធ​វៀតណាម​ ២ ​នាក់​ជាប់គុក​ ២០ ​ឆ្នាំ​។

ក្រោយពី​សួរដេញដោល​ជនជាប់ចោទ​ទាំង​ ៣ ​នាក់​នៅក្នុង​សវនាការ​ប្រមាណ​ជា​ ២ ​ម៉ោង​រួចមក លោក​ ហ៊ាន រិទ្ធ តំណាង​មហាអយ្យការ​បានធ្វើការ​សន្និដ្ឋាន​ដោយ​យោង​តាមច្បាប់​ត្រួតពិនិត្យ​គ្រឿងញៀន​មាត្រា​ ៣៣ ​ថ្មី​ចែងថា គ្រឿងញៀន​ចាប់ពី​ ៣០០ ​ក្រាម​ឡើងទៅ​ត្រូវ​ផ្តន្ទាទោស​ពី​ ២០ ​ឆ្នាំ​ទៅ​ ៣០ ​ឆ្នាំ ឬ​ ១ ​ជីវិត​តែ​ចំពោះ​ជន​ជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ ២ ​នាក់ ​ត្រូវ​បាន​រកឃើញ​ចំនួន​គ្រឿងញៀន​លើស​ពី​ ៣០០ ​ក្រាម ដូច្នេះ​មិនអាច​បន្ថយទោស​តាម​ការស្នើសុំ​របស់​ជនជាប់ចោទ​បាន​ទេ ដោយ​តំណាង​មហាអយ្យការ​សូម​តម្កល់​សាលក្រម​នៅ​ដដែល ចំណែក​ជនជាប់ចោទ​ ២ ​នាក់​ផ្សេង​ទៀត​ទុក​ឲ្យ​ក្រុមប្រឹក្សា​ពិចារណា​តាមច្បាប់​។

នៅក្នុង​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍​ជនជាប់ចោទ​ឈ្មោះ ប៊ុន ណាក់លូត បាន​សារភាព​តាមរយៈ​អ្នកបកប្រែ​ភាសា​វៀតណាម​ថា​គាត់​ជា​ម្ចាស់​រថយន្ត​ម៉ាក​មែរស៊ើដេស​ពណ៌​ខ្មៅ​ហើយ​បាន​ឲ្យ​មិត្តភក្តិ​ខ្ចី​មិនដឹងថា​ក្នុង​រថយន្ត​នោះ​មាន​គ្រឿងញៀន​ទេ​ពេល​សង​វិញ​។

ជនជាប់ចោទ​ថ្លែងថា​៖ «​ខ្ញុំ​ទទួល​យក​កំហុស​នេះ​តែ​សូម​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ​ខ្លះ​ផង​ដើម្បី​ខ្ញុំ​មាន​ឱកាស​ចេញ​ទៅ​មើល​ម្តាយ​ចាស់ជរា​»​។

ខណៈ​ជនជាតិ​វៀតណាម​ ២ ​នាក់​ប្តី​ប្រពន្ធ​ក៏​បាន​សុំ​ឲ្យ​តុលាការ​ដោះលែង​ពួកគេ​។

ក្រោយ​ជំនុំជម្រះ​លោកស្រី​ចៅក្រម ចាន់ ម៉ាឌីណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ២៧ ​កក្កដា​។ សំណុំ​រឿងនេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១៣ ខែតុលា ឆ្នាំ​ ២០១២ ​ផ្តន្ទាទោស​ឈ្មោះ ប៊ុន ណាក់លូត ជនជាតិ​ឡាវ​ដាក់​ពន្ធ​នាគារ​ ១ ​ជីវិត និង​ពិន័យ​ប្រាក់​ ៦០ ​លាន​រៀល​ចោទ​បទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។

ឈ្មោះ​ ជឿង បាញ់លុង និង​ឈ្មោះ​ ឌីញ ធីថ័រ (​ប្ដី​ប្រពន្ធ​) ​ដាក់​ពន្ធនាគារ​ម្នាក់​ ២០ ​ឆ្នាំ និង​ពិន័យ​ប្រាក់​ម្នាក់ៗ​ ៤០ ​លាន​រៀល​។ ខណៈ​ម្នាក់ទៀត​កំពុង​លាក់ខ្លួន​ឈ្មោះ​ រ៉េត ចាន់ធា ​ដាក់​ពន្ធនាគារ​ ២៣ ​ឆ្នាំ និង ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​។ យោង​តាម​កំណត់ហេតុ​សាលាឧទ្ធរណ៍​បាន​ឲ្យ​ដឹងថា មន្ត្រី​នគរបាល​កាលពី​ថ្ងៃទី​ ១១ ខែ​មីនា ឆ្នាំ​ ២០១១ ​បាន​ចាប់ខ្លួន​ជន​ជាប់ចោទ​ទាំង​ ៣ ​នាក់​នៅក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​រឹបអូស​គ្រឿងញៀន​មេតំហ្វតាមីន​ជាង​ ២ ​គីឡូក្រាម​៕