ភ្នំពេញៈ សាលា​ឧទ្ធរណ៍​ នៅ​ថ្ងៃ​ទី ​២៧​ ខែ​កក្កដា​ បាន​ប្រកាស​សាល​ដីកា​កំបាំង​មុខអតីតប្រធានមន្ទីរ​សុរិយោ​ដី​ខេត្ត​ពោធិ៍​សាត់​ ឈ្មោះ លៀម ​​ប៊ុនរឿន ឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំដដែល ពាក់ព័ន្ធ​​នឹងអំពើពុករលួយ​ ទាម​ទារ​ប្រាក់​​ដោយ​ខុស​ច្បាប់​ចំនួន ​១០​ ម៉ឺន​ដុល្លារ ពី​ម្ចាស់​ដី​ម្នាក់ ជា​ថ្នូរ​នឹងការ​ចេញ​ច្បាប់​សាង​សង់​។

​​នៅក្នុង​បន្ទប់​សវនាការ​ នៅ​ថ្ងៃ​ទី ២៧​ ខែ​កក្កដា​ លោក ប្លង់ សំណាង​ អនុប្រធាន​សាលាឧទ្ធរណ៍​និង​ជា​ប្រធានចៅក្រមជំនុំជម្រះ​ បាន​អានសាលដីកា​កំបាំងមុខ​ជនជាប់ចោទ ​និង​នៅចំពោះមុខ​ក្រុមការងារ ​ថតវីដេអូ​របស់អង្គភាពប្រឆាំងអំពើពុករលួយ​ថា​ ក្រោយពីសាលា​ឧទ្ធរណ៍​ បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​របស់​ជនជាប់ចោទ​ ឈ្មោះ​ លៀម ​​ប៊ុនរឿន ​មក​ ក្រុមប្រឹក្សាជំនុំជម្រះ​ យល់ឃើញថា​ កាល​ពីថ្ងៃជំនុំជម្រះ​​ថ្ងៃទី ២១​ ខែ​កក្កដា​ ជនជាប់ចោទ​ បានស្នើសុំ​តុលាការ ​ឲ្យបន្ថយទោស​ ដល់ខ្លួន​ចំនួន ៤ ឆ្នាំ​ ខណៈដែល​សាលាដំបូង​រាជធានីភ្នំពេញ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំ​ និង​សុំឲ្យតុលាការ​ សាលាឧទ្ធរណ៍លុបប្រាក់​ពិន័យ​ចូល​ថវិកា​រដ្ឋ​ចំនួន​ ៨ លានរៀល​។​

លោកចៅក្រម​ថ្លែងថា៖​«ជនជាប់ចោទសុំបន្ថយទោស និងសុំលុបចោល​ការរឹបអូស​ទ្រព្យសម្បត្តិ​​តែតុលាការ មិនអាច​ពិចារណា​បានទេ​ ព្រោះជនជាប់ចោទ​ជាប់ ៣ ​បទចោទ​។ ដូច្នេះសាលាឧទ្ធរណ៍​តម្កល់​​ទណ្ឌកម្មទោស​ និង​ការរឹបអូស​ទ្រព្យសម្បត្តិ​​ តាមសាលក្រមតុលាការថ្នាក់ក្រោមនៅ​ដដែល»។

នៅ​ថ្ងៃ​ទី ​២៧ ​ខែ​កក្កដា​ ​ភ្នំពេញប៉ុស្តិ៍​ មិនអាចស្វែងរក​ជួបមេធាវី​ការពារសិទ្ធិ​ឲ្យជនជាប់ចោទ​ ដើម្បីសុំការ​​បកស្រាយ​ពាក់ព័ន្ធ​នឹងការសម្រេច​របស់សាលាឧទ្ធរណ៍​​​នេះ​បាន​ទេ ដោយសារ​មេធាវីអវត្តមាន​ក្នុង​ពេលប្រកាសសាលដីកា​។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​ លោកចៅក្រម​ ប្លង់ ​សំណាង​ បាន​មានប្រសាសន៍​ថា​ ការសម្រេច​សេចក្តី​របស់​សាលា​ឧទ្ធរណ៍​​ពេលនេះ​​ នឹង​ទុកសិទ្ធិ​ឲ្យជនជាប់ចោទ​ចំនួន​ ១ ​ខែ​ ចាប់​ពី​ថ្ងៃ​ប្រកាសសាលដីកានេះ​ទៅ​ ដើម្បី​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​បាន​។​

តាមកំណត់ហេតុ​​របស់សាលាឧទ្ធរណ៍​បង្ហាញថា​ ជនជាប់ចោទ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​ តាម​បណ្តឹង​របស់ជនរងគ្រោះម្នាក់​ ពាក់ព័ន្ធ​​នឹងអំពើពុករលួយ​ ទាម​ទារ​ប្រាក់​​ដោយ​ខុស​ច្បាប់​ចំនួន ​១០ ​ម៉ឺន​ដុល្លារ ពី​ម្ចាស់​ដី​​ម្នាក់ ជា​ថ្នូរ​នឹងការ​ចេញ​ច្បាប់​សាង​សង់​។

បន្ទាប់​​មក​សមត្ថកិច្ច​​ បាន​ឃាត់​ខ្លួន​ឈ្មោះ ​ជាង​ វុទ្ធី​ ដែល​កាល​នោះ​ ជា​​​អនុប្រធានមន្ទីរសុរិយោដី​ខេត្តពោធិ៍សាត់​​ និង​ឈ្មោះ ​តែ ​ប៊ុន​ថេង​ អតីត​មន្រ្តីច្រកចេញ​​ចូលតែមួយ​ នៅ​សាលា​ខេត្តពោធិ៍សាត់​។​

សំណុំរឿងនេះ​ ត្រូវបាន​សាលាដំបូងរាជធានី​ភ្នំពេញ​ ប្រកាស​សាលក្រម​នៅថ្ងៃទី ​២៧ ​​ខែ ​កុម្ភៈ ​ឆ្នាំ​ ២០២០​ សម្រេច​ផ្តន្ទាទោស​ឈ្មោះ ​លៀម​ ប៊ុនរឿន​​ ដាក់ពន្ធនាគារ​ ៨ ឆ្នាំ​ ចោទ​ពី​បទ​​វិតិក្រម​ បទរំលោភ​​អំណាច​ និង​បទ​សម្អាតប្រាក់​ និង​ពិន័យប្រាក់​ចំនួន​ ៨ លានរៀល​ចូលថវិការដ្ឋ​។​

ដោយឡែក​ឈ្មោះ​ ជា​ង​​ វុទ្ធី​ ដាក់​ពន្ធនាគារ​រយៈពេល ​៣ ​ឆ្នាំ ​និង​ពិន័យជាប្រាក់​ចំនួន​ ៥ លាន​ រៀល​ ​ឈ្មោះ​តែ ​ប៊ុនថេង ​ដាក់ពន្ធនាគារ​រយៈពេ​ល​ ២ ឆ្នាំ កន្លះ​​ និង​ពិន័យជា​ប្រាក់​ចំនួន​ ៥ លាន​ រៀលដែល​ពួកគេ​​ចោទ​ពីបទ​វិតិក្រមដូចគ្នា​​។

​កំណត់ហេតុ​​បន្តថា ​ជនជាប់​ចោ​ទឈ្មោះ​លៀម​ ប៊ុនរឿន​ មាន​ផ្ទះ​នៅ​បុរីប៉េង​ហួត​ប៉ុស្តិ៍វិ​ទ្យុ​ស្ទឹ​ង​មានជ័យ​ រាជធានីភ្នំពេញ​ចំនួន​ ១​ ផ្ទះ​ នៅខេត្តពោធិ៍សាត់​ចំនួន ២​ និងមាន​រថយន្ត​ចំនួន ២ គ្រឿង ​​ម៉ាក​ Lexus​ 570​​ ពណ៌មាស​ សេរីឆ្នាំ​ ២០១០ ​១​ គ្រឿង ​រថយន្តម៉ាក ​​KIA​ Morning​ ពណ៌ស ​សេរីឆ្នាំ​ ២០១២ ​មួយ​គ្រឿង៕