ភ្នំពេញៈ បន្ទាប់​ពី​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ​ជួញ​ដូរ​គ្រឿង​ញៀន ​ប្រ​ភេទ​មេតំ​ហ្វេតា​មីន ​ប្រ​មាណ​ជិត​មួយ​ម៉ោង​ នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា សាលា​ឧទ្ធរណ៍​បាន​សម្រេច​នឹង​ប្រ​កាស​សាល​ដីកា​នៅ​​ថ្ងៃ​ទី​ ១៩​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៨។​ នេះ​បើ​យោង​តាម​លោក​ ចៅ​ក្រម​ សេង​ ស៊ីវ​ត្ថា ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថ្លែង​មុន​ពេល​បញ្ចប់​ការ​ជំនុំ​ជម្រះ។

ជន​ជាប់ចោទ​ឈ្មោះ ​អន ​ខេន​ អាយុ​ ៦៧​ឆ្នាំ​ ជា​អ្នក​បក​ប្រែ​ឲ្យ​បុរស​ជន​ជាតិ​ថៃ​មនាក់​ឈ្មោះ ​កាន់​ ឆាយ​ ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​កាត់​ទោស ​ឲ្យ​ជាប់​គុក​ ២៣ ឆ្នាំ​ ពាក់ព័ន្ធ​ក្នុង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ទម្ងន់​ ៨៤៥,៥ ក្រាម​នៅ​ក្រុង​ប៉ោយ​ប៉ែត​កាល​ពី​ឆ្នាំ​ ២០១៦។​

កំណត់​ហេតុ​បរ​បស់​តុលាការ​បាន​ឲ្យ​ដឹង​ថា ​ជន​ជាប់ចោទ​ អន​ ខេន​ បាន​ស្គាល់​ស្ត្រី​ម្នាក់​ឈ្មោះ​ មុំ​ ជា​កម្លាំង​បង្កប់​របស់​សមត្ថ​កិច្ច​ បាន​ទាក់​ទង​ជន​ជាប់ចោទ ​ដើម្បី​ទិញ​ថ្នាំញៀន​ ហើយ​ជន​ជាប់ចោទ ​បាន​ទាក់​ទង​បុរស​ថៃ​នោះ។​ ក្រោយ​ពី​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ ​បុរស​ថៃ​នោះ បាន​លក់​ថ្នាំញៀន​ទម្ង​ន់​ ៨៤៥,៥​ ក្រាម​តម្លៃ ៨​០ ​ម៉ឺន​បាត ​ប៉ុន្តែ​តាម​រយៈ​ជន​ជាប់​ចោទ ​ស្ត្រី​ឈ្មោះ ​មុំ​ ឲ្យ​ថ្លៃ​ត្រឹម​ ៧០​ ម៉ឺន​បាត​ ហើយ​ក៏​មាន​ការ​ព្រម​ព្រៀង​គ្នា។​

លុះដល់​ថ្ងៃទី​ ១០ ​ខែ​មីនា​ ឆ្នាំ​ ២០១៦​ ស្ត្រី​ឈ្មោះ ​មុំ​ ក៏​ធ្វើការ​ណាត់​ដើម្បី​ដោះ​ដូ​រទំនិញ​ថ្នាំ​ញៀន​នោះ​ នៅ​ភូមិ​ក្បាល​ស្ពាន ​សង្កាត់​-​ក្រុង​ ប៉ោយ​ប៉ែត ​ហើយ​ក៏​ត្រូវ​សមត្ថ​កិច្ច​ព័ទ្ធ​ចាប់បាន​ទាំង​បុរស​ថៃ​និង​ជន​ជាប់ចោទសំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​ខេត្ត​ បន្ទាយ​មាន​ជ័យ​បើក​សវនា​ការ​និង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី​២៥ ​ខែ​មករា​ ឆ្នាំ ២០១៧ ​ផ្តន្ទា​ទោស​ម្នាក់​២៣ឆ្នាំ​ចោទ​ពីបទ​ជួញដូរ​គ្រឿង​ញៀន​ខុសច្បាប់​តាម​បញ្ញត្តិ​មាត្រា​៤០ច្បាប់​ស្តីពី​ការ​ត្រួត-​ពិនិត្យ​គ្រឿង​ញៀន។​ ប៉ុន្តែ​ក្រោយ​មក​បុរស​ថៃ​នោះ​មាន​ជំងឺ​ឈឺ​ស្លាប់​ហើយ​ត្រូវ​តុលាការ​រំលត់​បណ្តឹង​អាជ្ញា​ចោល។

ជនជាប់​ចោទ ​អន​ ខេន​ បាន​ឆ្លើយ​ក្នុង​សវនាការ​ពី​ម្សិល​មិញ​ថា៖«រឿង​នេះ​ខ្ញុំ​មិន​បាន​ជួញដូរ​គ្រឿង​ញៀន​ដូច​តុលាការ​ចោទ​ប្រកាន់​ទេ ​តែ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បកប្រែ​ភាសា​ឲ្យ​បុរស​ជន​ជាតិ​ថៃ​នោះ​តែប៉ុណ្ណោះ។​ ខ្ញុំ​ស្នើ​សុំ​ឲ្យ​តុលាការ​សាលា​ឧទ្ធរណ៍​ដោះ​លែង​ខ្ញុំ​ឲ្យ​មាន​សេរី​ភាព​វិញ​ផង»​។​

លោក​ អគ្គ​ព្រះរាជ​អាជ្ញា​រង​ ហ៊ាន ​រិ​ទ្ធ ​តំណាង​មហា​អយ្យការ​សន្និ​ដ្ឋាន​ថា​ យោង​តាម​អង្គ​ហេតុ​លោក​យល់-​ឃើញ​ថា នគ​រ​បាល​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ដោយ​សារ​គាត់​មាន​ទំនាក់​ទំនង​ជាមួយ​បុរស​ថៃ​នោះ។​ ត្បិត​គាត់​បដិសេធ​ពី​ការមិន​ពាក់ព័ន្ធ​គ្រឿង-​ញៀន​ក្តី ​ប៉ុន្តែ​គាត់​បាន​សម្រួល​តាម​រយៈ​ការ​បកប្រែ​ក្នុង​ការ​ទិញ​លក់​ថ្នាំញៀន​នេះ។​

លោក​ថ្លែង​ថា៖​«យោងតាម​អង្គហេតុ​និង​ចម្លើយ​របស់​បុរស​ថៃ​នោះ​ហើយនឹង​ចម្លើយ​សារ​ភាព​របស់​ជ​ន​ជាប់ចោទ​នៅ​ដំណាក់​កាល​នគរ​បាល​គឺ​វា​ស៊ី​សង្វាក់​គ្នា​ដូច​ដែល​តុលាកា​រ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចោទ​ប្រកា​ន់​មែន​ហើយ​តាម​ច្បាប់​​ជួញដូរ​គ្រឿង​ញៀន​ត្រង់​មាត្រា​៤០ថ្មី​កំណត់​ទណ្ឌកម្ម​ទោស​ពី២០​ទៅ​៣០ឆ្នាំ។​ ដូច្នេះ ​តុលាការ​ខេត្ត​ដាក់​ទោស​២៣​ឆ្នាំ​ដូចជា​សម​ល្មម​ហើយ​ ហើយ​ខ្ញុំ​សូម​តម្កល់​សាល​ក្រម​របស់​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ​ទុក​ដដែល»។​

លោក​ ស្រី ជាតិ​ សុខា ​ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​សន្និដ្ឋាន​ថា​ កូន​ក្តី​របស់​លោក​ស្រី​ត្រឹម​តែ​ជា​អ្នក​បកប្រែ​ភាសា​តែ​ប៉ុណ្ណោះ​រីឯ​ការទិញ​លក់​ថ្នាំ​យ៉ាង​ណា​នោះ​គាត់​មិនបាន​ពាក់ព័ន្ធ​ទេ។​ កូន​ក្តី​លោក​ស្រី​ប្តឹង​មក​ឧទ្ធរណ៍​នេះ​ក៏​ព្រោះតែ​គាត់​មិន​សុខចិត្ត​នឹង​ទោស​២៣​ឆ្នាំ។​

​លោក​ស្រី​បន្ត​ថា៖«​ក្នុង​រឿង​នេះ ​ខាង​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ​ក៏​ចេញ​លិខិត​១ច្បាប់​​ទៅ​តុលាការ​ខេត្ត​ សុំ​ឲ្យ​ដោះលែង​កូន​ក្តី​ខ្ញុំ​ដែរ​ព្រោះ​យល់​ថា​ តាម​រយៈ​កូន​ក្តី​ខ្ញុំ​នេះ​ហើយ​ទើប​អាច​ចូល​ជ្រៅ​ឈាន​​ទៅ​ចាប់​គ្រឿង​ញៀន​បាន។​ ដូច្នេះ​ខ្ញុំ​សូម​តុលាការ​ច្រាន​ចោល​សាល​ក្រម​​របស់​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​និង​សុំ​ដោះលែង​កូន​ក្តី​ខ្ញុំ​វិញ»​៕​