ភ្នំពេញៈ ព្រះ​មហាក្សត្រ​ខ្មែរ​ចេញ​ព្រះរាជ​ក្រឹត្យ​ប្រកាស​ដំណើរការ​សាលា​ឧទ្ធរណ៍​ចំនួន ​៣ បន្ថែម​ទៀត ​ខណៈ​មាន​សាលា​ឧទ្ធរណ៍ ​១ ​ស្រាប់​ហើយ​នៅ​រាជធានី​ភ្នំពេញ ​ដោយ​ធ្វើ​ការ​បែង​ចែក ​និង​គ្រប់គ្រង​សំណុំ​រឿង​ទៅ​តាម​តំបន់​ដែល​បាន​កំណត់ ​ចាប់​ពី​ខែ មេសា ​ឆ្នាំ ២០២០ ត​ទៅ។

សាលា​ឧទ្ធរណ៍​ទាំង ៤ នោះ​ រួម​មាន​សាលាឧទ្ធរណ៍​តំបន់​ត្បូង​ឃ្មុំ ​សាលា​ឧទ្ធរណ៍​តំបន់​បាត់ដំបង​ សាលា​ឧទ្ធរណ៍​តំបន់​ព្រះសីហនុ ​និង​សាលា​ឧទ្ធរណ៍​តំបន់​ភ្នំពេញ។ នេះ​បើតាម​ព្រះ​រាជក្រឹត្យ​ចំនួន ​៤ ច្បាប់​ផ្សេង​គ្នា​ ដែល​ឡាយ​ព្រះហស្ត​លេខា​ដោយ​ ព្រះ​បាទ​ សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី ​នៅ​ពាក់ក​ណ្តាល​ខែ​សីហា​នេះ។

យោង​តាម​ព្រះរាជ​ក្រឹត្យ​ទាំង​នេះ ​សម្រាប់​សាលា​ឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​នឹង​ទទួល​ដោះស្រាយ​បណ្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​នានា​របស់​សាលា​ដំបូង​ខេត្ត​កំពង់ចាម ​ខេត្ត​កំពង់ធំ ​ព្រះវិហារ ​ក្រចេះ ​ស្ទឹងត្រែង ​រតនគិរី ​មណ្ឌលគិរី ​ព្រៃវែង ​ស្វាយរៀង ​និង​ខេត្ត​ត្បូងឃ្មុំ ​ឬ​ករណី​សំណុំ​រឿង​ដែល​តុលាការ​កំពូល​បាន​បង្វិល​មក​វិញ។

ចំណែក​សាលា​ឧទ្ធរណ៍​តំបន់​បាត់ដំបង ​មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង ​ដែល​នឹង​ទទួល​ដោះស្រាយ​បណ្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​នានា​របស់​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង​ ពោធិ៍សាត់ ​បាត់ដំបង ​ប៉ៃលិន ​បន្ទាយមានជ័យ ​ឧត្តរមានជ័យ ​និង​ខេត្ត​សៀមរាប ​ឬ​ករណី​សំណុំ​រឿង​ដែល​តុលាការ​កំពូល​បាន​បង្វិល​មក​វិញ។

សាលា​ឧទ្ធរណ៍​តំបន់​ព្រះសីហនុ ​មាន​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ ​នឹង​ទទួល​ដោះស្រាយ​បណ្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​នានា​របស់​សាលា​ដំបូង​ខេត្ត​តាកែវ ​កំពត ​កំពង់ស្ពឺ ​កោះកុង ​និង​ខេត្ត​ព្រះសីហនុ ឬ​ករណី​សំណុំ​រឿង​ដែល​តុលាការ​កំពូល​បាន​បង្វិល​មក​វិញ។

សម្រាប់​សាលា​ឧទ្ធរណ៍​តំបន់​ភ្នំពេញ​ គឺ​ស្ថិត​នៅ​ទីតាំង​ដដែល ​​នឹង​ត្រូវ​ទទួល​ដោះស្រាយ​បណ្តឹង​ឧទ្ធរណ៍​សម្រាប់​តែ​សេចក្តី​​សម្រេច​នានា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កណ្តាល ​ឬ​ករណី​សំណុំ​រឿង​ដែល​តុលាការ​កំពូល​បាន​បង្វិល​មក​វិញ​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ ព្រះរាជ​ក្រឹត្យ​ក៏​បាន​បញ្ញត្តិ​បន្ថែម​ថា​៖ «សំណុំ​រឿង​ទាំងឡាយ​ណា​ដែល​ឧទ្ធរណ៍​ និង​មហា​អយ្យការ​អម​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​ទទួល​ជា​សមត្ថកិច្ច​ ត្រូវ​បន្ត​ចាត់​ការ​សំណុំ​រឿង​ទាំង​អស់​នោះ ​ដោយ​អនុលោម​តាមច្បាប់ ​និង​បទប្បញ្ញត្តិ​ជា​ធរមាន។ ក្នុង​ករណី​សាលា​ឧទ្ធរណ៍​តំបន់​ណា​មួយ​ មិន​ទាន់​អាច​ដំណើរការ​ទៅ​បាន ​បណ្តឹង​ឧទ្ធរណ៍​ក្នុង​តំបន់​នោះ​ត្រូវ​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ»។

តាម​គម្រោង​សាលា​ឧទ្ធរណ៍​ចំនួន ​៣ នេះ​ គឺ​ស្ថិត​ក្នុង​គម្រោង​របស់​រដ្ឋាភិបាល ​ដែល​ធ្លាប់​បាន​ប្រកាស​ថា ​នឹង​បង្កើត​តុលាការ​ឧទ្ធរណ៍​តំបន់​ចំនួន ​៧ បន្ថែម​ទៀត​នៅ​ទូទាំង​ប្រទេស។

លោក ​ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ សាលា​ឧទ្ធរណ៍​តំបន់​ទាំង​នេះ ​នឹង​ចូលរួម​បង្ខិត​សេវា​យុត្តិធម៌​កាន់​តែ​ជិត​​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​មិន​ចាំបាច់​ឡើង​មក​ភ្នំពេញ​ទៀត​នោះ​ទេ ​គឺ​អាច​ទៅ​ឧទ្ធរណ៍​តំបន់​ដែល​បាន​បង្កើត​ឡើង​ក្នុង​ការ​ជួយ​សន្សំ​សំចៃ​ពេលវេលា ​និង​ថវិកា។

លោក​បន្ត​ថា​៖ «ក្នុង​នោះ​ក៏​ធានា​នូវ​សិទ្ធិ​ទទួល​បាន​នូវ​យុត្តិធម៌​របស់​ពលរដ្ឋ ​ដែល​កន្លង​ទៅ​មាន​ពលរដ្ឋ​មួយ​ចំនួន ​បាន​បោះបង់​សិទ្ធិ​ក្នុង​ការ​តវ៉ា​ ដោយសារ​បញ្ហា​ថវិកា ​និង​ពេល​វេលា​នេះ។ ​ម្យ៉ាង​ទៀត ​ក៏​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំ​រឿង ​ដែល​នាំ​ឲ្យ​មាន​ការ​កក​ណែន​ពន្ធនាគា​ផង​ដែរ​ ព្រោះ​បើ​មាន​ឧទ្ធរណ៍​ច្រើន គឺ​ជួយ​រំលែក​បណ្តឹង​ដែល​មាន​នៅ​ឧទ្ធរណ៍​ក្នុង​ពេល​បច្ចុប្បន្ន»។

លោក ​ជិន ម៉ាលីន ​បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​ពេល​នេះ ​ទាំង​ការ​រៀបចំ​រូបវន្តបុគ្គល ​និង​ធនធាន​មនុស្ស​ផ្សេងៗ ​បាន​ដំណើរការ​ជិត​រួច​រាល់​ហើយ ​ដោយ​ក្នុង​នោះ​ចំពោះ​ទីតាំង​សាលា​ឧទ្ធរណ៍​ទាំង​អស់ ​គឺ​នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ។

លោក​បន្ត​ថា ​ដោយសារ​តែ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នឹង​ក្លាយ​ទៅ​ជា​សាលា​ឧទ្ធរណ៍​តំបន់​ភ្នំពេញ ​ដែល​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្រាប់​ ដូច្នេះ​នឹង​មិនមាន​ការ​កែប្រែ ឬ​ផ្លាស់ប្តូរ ​បង្កើត​ថ្មី​ ដូច​ទៅ​នឹង​សាលា​ឧទ្ធរណ៍​តំបន់​ចំនួន ​៣ ផ្សេង​ទៀត​នោះ​ទេ។

លោក ម៉ាលីន បាន​បញ្ជាក់​ថា​៖ «​ចំពោះ​ការ​តែងតាំង​រចនា​សម្ព័ន្ធ​ថ្មី​សម្រាប់​ឧទ្ធរណ៍​ទាំង ៣ នេះ​ គឺ​ក្នុង​ឧទ្ធរណ៍​តំបន់​នីមួយៗ​ អាច​មាន​មន្ត្រី​ចៅក្រម​ ចន្លោះ​ពី ៤ ​ទៅ ៥ នាក់​ និង​ព្រះរាជ​អាជ្ញា​ចន្លោះ​ពី ៤ ​ទៅ ៥ នាក់ ​ព្រម​ទាំង​មន្ត្រី​រដ្ឋបាល​ ក្រឡា​បញ្ជី​ប្រមាណ​ជាង ១០ នាក់​ផង​ដែរ ​ដោយ​អាស្រ័យ​ទៅ​លើ​ការ​តែងតាំង​ជាក់​ស្តែង»​។

ទោះ​យ៉ាង​ណា លោក ​អំ សំអាត​ ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ បាន​និយាយ​ថា ​ការ​ដំណើរការ​សាលា​ឧទ្ធរណ៍​ទាំង​នេះ ​គឺ​មាន​ទាំង​រឿង​វិជ្ជមាន​ និង​រឿង​អវិជ្ជមាន ​បើទោះ​ជា​វា​ពិត​ជា​អាច​ចូល​រួម​ចំណែក​បាន​ច្រើន​ក្នុង​ការ​កាត់​បន្ថយភាព​រាំង​ស្ទះ​ និង​ផលវិបាក​ដែល​​តុលាការ​កំពុង​ជួប​ប្រទះ​ក៏​ដោយ​។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​៖ «អ្វី​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ និង​សង្ឃឹម​ថា​មាន​ជំនឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​នោះ ​យើង​នឹង​មើល​លើ​ការ​អនុវត្ត​ជាក់​ស្កែង។ ទោះ​បី​ថា​យើង​មាន​សាលា​ឧទ្ធរណ៍​ច្រើន ​ប៉ុន្តែ​បើ​ការ​អនុវត្ត​ជាក់​ស្តែង​ហ្នឹង ​វា​មាន​ស្តង់ដា ​២ ​និង​មាន​អំពើ​ពុក​រលួយ ​មាន​បញ្ហា​ផ្សេងៗ​ទៀត​កើតឡើង ​មាន​ន័យថា​អត់​អាច​ស្តារ​ជំនឿ​ទុក​ចិត្ត​បាន​ដដែល»៕