ភ្នំពេញៈ គ្រឹះស្ថានសិក្សា​ឯកជន​នៅ​តាម​បណ្ដា​រាជធានី-ខេត្ដ​ចំនួន​ ១៣ ​កំពុង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ចាប់ពី​ថ្ងៃទី​ ៣ ដល់​ថ្ងៃទី​ ៤ ខែសីហា​ នេះ​ ដោយ​អនុវត្ដ​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា ក្នុងនោះ​មាន​មណ្ឌល​ប្រឡង​សរុប​ចំនួន​ ១៣៨ ​មណ្ឌល​ស្មើនឹង ៦៤៦ បន្ទប់​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ដើម្បី​អាច​ប្រព្រឹត្ត​ទៅ​នៃ​ការប្រឡង​នេះ​បាន​គ្រឹះស្ថាន​សិក្សា​ឯកជន បាន​ដាក់​ពាក្យស្នើសុំ​រៀបចំ​ការប្រឡង​មក​ក្រសួង​អប់រំ​តាមរយៈ​មន្ទីរអប់រំ​រាជធានី-ខេត្ដ​ ចាប់​តាំងពី​មុន​ដំណាច់​ខែកក្កដា ឆ្នាំ​ ២០២០ មក​ម្ល៉េះ ដើម្បី​អាច​ឱ្យ​ក្រសួង​អប់រំ ពិនិត្យ និង​ទទួលស្គាល់​ចំពោះ​ការប្រឡង​នេះ​។

លោក​ថ្លែងថា​៖ «​គ្រឹះស្ថានសិក្សា​ឯកជន​នីមួយៗ​ត្រូវ​រៀបចំ​មណ្ឌល​ប្រឡង និង​បញ្ជូន​មក​ក្រសួង​អប់រំ​តាមរយៈ​មន្ទីរអប់រំ ដើម្បី​ក្រសួង​ពិនិត្យ និង​សម្រេច​។ ការប្រឡង​នេះ​ក្នុង​​ ១ ​បន្ទប់​ប្រឡង​គឺ​ត្រូវ​មាន​បេក្ខជន​ពី​ ១០ ​ទៅ​ ១៥ នាក់ ដើម្បី​ធានា​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​»​។

កាលពី​ម្សិលមិញ​លោក សុវាចា នៅ​មិនទាន់​អាច​បង្ហាញ​ទិន្នន័យ​សិស្ស​នៃ​ការប្រឡង​ឌីប្លូម​សម្រាប់​ឆ្នាំនេះ​បាន​នៅ​ឡើយ​ទេ​។ ប៉ុន្ដែ​ដើម្បី​ធានា​គុណភាព​នៃ​ការប្រឡង​លោក​បញ្ជាក់​ថា ក្រសួង​អប់រំ និង​មន្ទីរអប់រំ​បាន​ចុះ​ទៅ​ពិនិត្យ​ការប្រឡង​តាម​មណ្ឌល​ប្រឡង តាម​ការចាំបាច់​។

សិស្ស​នៅ​សាលា​សុវណ្ណភូមិ​ក្នុង​ខណ្ឌដូនពេញ​ពី​ម្សិលមិញ​។ ហេង ជីវ័ន

យោងតាម​ប្រកាស​របស់​ក្រសួង​អប់រំ​ស្ដីពី​ការកំណត់​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន​នេះ បានឱ្យ​ដឹងថា មាន​ខេត្ដ​ចំនួន ១៣ ​ដែល​កំពុង​រៀបចំ​ប្រព្រឹត្ត​ទៅ​នៃ​ការប្រឡង​នេះ​ក្នុងនោះ​មាន​ខេត្ដ​បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពត កណ្ដាល ក្រចេះ មណ្ឌលគិរី ភ្នំពេញ រតនគិរី សៀមរាប ព្រះសីហនុ ស្ទឹងត្រែង និង​ខេត្ដ​តាកែវ​។ ក្នុង​ចំណោម​ខេត្ដ​ទាំង ១៣ ​នេះ​មាន​គ្រឹះស្ថាន​ឯកជន​ដែល​រៀបចំ​ការប្រឡង​សរុប​មាន ១៣៨ មណ្ឌល ស្មើនឹង ៦៤៦ ​បន្ទប់​ប្រឡង​។

លោក ប៉ិច បូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​រៀបចំ​ការប្រឡង​ដោយ​ខ្លួនឯង​បែបនេះ​គឺជា​ជំហាន​ដ៏ល្អ​មួយ ដើម្បី​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន ពង្រឹង​សមត្ថភាព​ទាំង​ការរៀបចំ​ការប្រឡង ការរៀន និង​ការបង្រៀន​។

លោក​បាន​ថ្លែង​​ថា​៖ «​នៅ​ថ្ងៃ​ខាងមុខ​ក្រសួង​អប់រំ​អាច​ចង់​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន គ្រប់គ្រង ទទួល​ខុសត្រូវ​ទៅ​លើ​គុណភាព​អប់រំ​នេះ ពាក់ព័ន្ធ​ទៅ​នឹង​ការរៀបចំ​ការសិក្សា​ដោយ​ខ្លួនឯង​ជាដើម​»​។ លោក ប៉ិច បូឡែន​បាន​ឱ្យដឹង​ទៀតថា គ្រឹះស្ថានសិក្សា​ឯកជន​នានា​ដែល​កំពុង​រៀបចំ​ការប្រឡង​នេះ​គឺ​បាន​អនុវត្ដ​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ​។ ចំណែក​សាលារៀន​វេស្ទឡាញ​របស់​លោក​ផ្ទាល់​ដែលមាន ៨ ​សាខា​នៅក្នុង​រាជធានី​ភ្នំពេញ ក៏មាន​សិស្ស​កំពុង​ប្រឡង​សរុប ជិត​ ៥០០ ​នាក់​ផងដែរ​។

លោក ឃឹម ផុន ប្រធាន​នាយក​ប្រតិបត្តិ​សាលារៀន​សុវណ្ណភូមិ​ក៏បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា ការរៀបចំ​ការប្រឡង​នេះ​គឺ​ធ្វើ​ឡើង​ដោយ​គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួង​អប់រំ និង​មន្ទីរអប់រំ រាជធានី-​ខេត្ដ​។ ក្នុងនោះ​មាន​ដូចជា​ការរៀបចំ​ក្រុមការងារ​ពិនិត្យ​លើ​ការប្រឡង ក្រុម​អនុរក្ស និង​ការអនុវត្ដ​ការថែរក្សា​សុខភាព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ជាដើម​។

លោក​ថ្លែងថា​៖ «​ខាង​មន្ទីរអប់រំ​រាជធានី-ខេត្ដ​ក៏​បាន​ចាត់​តំណាង​មក​ពិនិត្យ​ការប្រឡង​នេះ​នៅ​តាម​មណ្ឌល​ប្រឡង​ដែរ​។ ក្នុងចំណោម​សិស្ស​យើង​ដែល​ត្រូវ​ប្រឡង​សរុប ១១៤៦ ​នាក់​ក្នុង​នោះ​មាន​សិស្សស្រី ៥៩៧ នាក់​គឺ​បាន​មក​ចូលរួម​ប្រឡង​ទាំងអស់​គ្នា មិនមាន​អ្នក​អវត្ដមាន​ទេ​»​។

បើ​តាម​លោក ឃឹម ផុន វិញ្ញាសាប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ចំណេះដឹង​ទូទៅ​រយៈពេល ២ ​ថ្ងៃនេះ​មាន​ចំនួន ១១ ​វិញ្ញាសា​គឺ​សម្រាប់​ថ្ងៃទី​ ៣ ខែសីហា ពេលព្រឹក​មាន​វិញ្ញាសា​តែងសេចក្ដី គីមីវិទ្យា ផែនដី និង​បរិស្ថាន​។ នៅពេល​រសៀល​រួមមាន​វិញ្ញាសា រូបវិទ្យា ភូមិវិទ្យា និង​សីលធម៌​ពលរដ្ឋ​វិជ្ជា​។ ចំណែក​វិញ្ញាសា​សម្រាប់​ថ្ងៃទី​ ៤ ខែសីហា វិញ រួមមាន ពេលព្រឹក គណិតវិទ្យា និង​ការសរសេរ​តាម​អាន និង​ពេល​រសៀល ជីវវិទ្យា ប្រវត្ដិវិទ្យា និង​ភាសាបរទេស​៕