ភ្នំពេញៈ សាលារាជធានីភ្នំពេញអំពាវនាវ និងអញ្ជើញញាតិមិត្តជិតឆ្ងាយរបស់ជនរងគ្រោះដែលស្លាប់ក្នុងឧបទ្ទវហេតុ រត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រកាលពី ខែវិច្ឆិកា ឆ្នាំ២០១០ មកចូលរួមក្នុងពិធីគម្រប់ខួប ៤ឆ្នាំ ប៉ុន្តែ គ្រួសារជនរងគ្រោះខ្លះថា នឹងមិនមកចូលរួមឡើយ។
អ្នកនាង ទូច រស្មី វ័យ ៤២ឆ្នាំ ដែលប្អូនស្រីរបស់នាងបានស្លាប់នៅលើស្ពានពេជ្រ កាលពី ៤ឆ្នាំ មុននិយាយថា នាងមិនមកចូលរួមពិធីបង្សុកូលឧទ្ទិសជូនវិញ្ញាណក្ខន្ធអ្នកស្លាប់ទេ ដោយសារវាធ្វើឲ្យនាងនឹកឃើញពីព្រឹត្តិការណ៍ដែលនាងក៏ស្ថិតនៅក្នុងគ្រោះថ្នាក់នោះដែរ ប៉ុន្តែសំណាងល្អ នាងមិនគ្រោះថ្នាក់ដល់ជីវិត។
អ្នកនាង រស្មី និយាយថា៖ «ខ្ញុំមិនចង់រំឭករូបភាពដ៏គួរឲ្យខ្លោចផ្សានេះឡើងវិញទេ ដូចនេះខ្ញុំនឹងមិនទៅចូលរួមឡើយ»។
តាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ កាលពីសប្តាហ៍មុនឲ្យដឹងថា ពិធីបង្សុកូលឧទ្ទិសកុសល ជូនជនរងគ្រោះនៅលើស្ពានពេជ្រនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២២ វិច្ឆិកា នេះ នៅស្តូបក្បែរស្ពាននាគនៃមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីអភិបាលរាជធានីភ្នំពេញ មន្រ្តីតាមបណ្តាខណ្ឌ និងប្រជាពលរដ្ឋផង ហើយពិធីនេះមានការរាប់បាតព្រះសង្ឃចំនួន ១០៨ អង្គទៀតផង។
អ្នកនាង ទូច រស្មី បានអះអាងថា គ្រួសារនាងនឹងរៀបចំពិធីខួបនេះជូនប្អូនស្រីដែលស្លាប់ក្នុងហេតុការណ៍នៃថ្ងៃអុំទូក ទី៣ ក្នុង ឆ្នាំ២០១០ នោះ នៅឯគេហដ្ឋាននាង ក្នុងស្រុកកំណើតក្នុង ខេត្តស្វាយរៀង។
សូមរំឭកថា ក្នុងឧបទ្ទវហេតុកើតឡើងក្នុងយប់ថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងអំឡុង ឆ្នាំ២០១០ នោះបានបណ្តាលឲ្យស្លាប់មនុស្សច្រើនជាង ៣៥០ នាក់ និងរបួសរាប់រយនាក់ទៀតផង ហើយដោយសារតែហេតុការណ៍នេះរដ្ឋាភិបាលបានផ្អាកការរៀបចំបុណ្យជាតិដ៏ធំមួយនេះអស់រយៈពេលបីឆ្នាំជាប់គ្នា ហើយទើបតែរៀបចំព្រះរាជពិធីបុណ្យនេះឡើងវិញនៅក្នុងឆ្នាំនេះទេ៕