The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​ក្រុង​ហាម​ការ​ហែ​ក្បួន​តែ​ឲ្យ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ

សាលា​ក្រុង​ហាម​ការ​ហែ​ក្បួន​តែ​ឲ្យ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ

សាលា​ក្រុង​ហាម​ការ​ហែ​ក្បួន​តែ​ឲ្យ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ

ភ្នំពេញៈ សាលា​រាជធានី​ហាម​ការ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក និង​ទិវា​គ្រូ​បង្រៀន​ពិភពលោក នៅ​ថ្ងៃ ទី៥ និង ទី៦ ខែ​តុលា ខាង​មុខ​ឡើយ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្តុំ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ។

កាល​ពី​ម្សិល​មិញ សាលា​រាជធានី សម្រេច​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្តុំ​អ្នក​ចូល​រួម​ត្រឹម ១២០០ នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក ខួប​លើក ទី២៩ ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃ ទី៦ ខែ​តុលា។ អ្នក​នាំ​ពាក្យ​សាលា​រាជធានី លោក ឡុង ឌីម៉ង់ បាន​ថ្លែង​ថា៖ «មួយ​រយៈ​នេះ ការ​ស្នើ​សុំ​រៀបចំ​ទិវា​នានា​ច្រើន​ពេក យើង​មិន​អាច​ឲ្យ​មាន​ការ​ហែ​ក្បួន​ទេ ព្រោះ​វា​អាច​នាំ​ឲ្យ​ស្ទះ​ចរាចរណ៍ និង​ខូច​សណ្តាប់​ធ្នាប់​សង្គម»។

នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​កាល​ពី​ម្សិល​មិញ​បាន​សម្តែង​ការ​ខក​ចិត្ត ដោយ​ចាត់​ទុក​ថា ជា​ការ​រឹត​ត្បិត​សេរីភាព​របស់​ពលរដ្ឋ។

លោក​បាន​បន្ត​ថា ការ​ប្រមូល​ផ្តុំ​គ្នា ១២០០ នាក់​ក្នុង​ទិវា​អន្តរជាតិ​នេះ គឺជា​សិទ្ធិ​របស់​អ្នក​ចូល​រួម មិន​មែន​ជា​បាតុកម្ម លើស​ពី ២០០ នាក់​ដែល​ទាម​ទារ​ឲ្យ​សុំ​គោល​ការណ៍​ពី​ក្រសួង​មហាផ្ទៃ​នោះ​ទេ។

លោក​និយាយ​ថា៖ «ក្នុង​កិច្ច​ប្រជុំ​យើង​ជជែក​គ្នា​ច្រើន​ពី​រឿង​នេះ តែ​គេ​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្តុំ​លើ​ទី​លាន​ប្រជាធិបតេយ្យ និង​ចាត់​តាំង​តំណាង​មក​ទទួល​យក​ញត្តិ​របស់​យើង​វិញ»។

ក្រោម​ហេតុ​ផល​ដូច​គ្នា​នេះ ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ជុំវិញ​ការ​ស្នើ​សុំ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក នៅ​ថ្ងៃ ទី៥ ខែ​តុលា សាលា​រាជធានី ក៏​បាន​បដិសេធ​សំណើ​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ធ្វើ​ការ​ហែ​ក្បួន​ដែល​មាន​អ្នក​ចូល​រួម ៦០០ នាក់​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ដាក់​ញត្តិ​ទៅ​ក្រសួង​អប់រំ និង​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្រ្តី ដោយ​អនុញ្ញាត​ឲ្យ​គ្រូ​បង្រៀន ២៥ នាក់​យក​ញត្តិ​ទៅ​ដាក់ ហើយ​អ្នក​ផ្សេង​ទៀត​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​លោក រ៉ុង ឈុន បាន​ថ្លែង​ថា លោក​នឹង​រក្សា​ជំហរ​ហែ​ក្បួន​ជាមួយ​នឹង​អ្នក​ចូល​រួម ៦០០ នាក់​ដើម្បី​បង្ហាញ​ពី​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​អប្បបរមា ១ លាន​រៀល​ក្នុង ១ ខែ។ «យើង​នៅ​តែ​រក្សា​ជំហរ​ហែ​ក្បួន​នេះ ដោយ​សន្តិវិធី ដើម្បី​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ»។

លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​ថា លោក​នៅ​តែ​មាន​គម្រោង​ធ្វើ​បាតុកម្ម​រយៈ​ពេល ៥ ថ្ងៃ​ដើម្បី​ទាម​ទារ​មន្រ្តី​ស្ថាតទូត​វៀតណាម សុំទោស​ចំពោះ​ការ​ថ្លែង​កាឡៃ​ប្រវត្តិ​សាស្ត្រ។

តាម​គម្រោង​មហា​បាតុកម្ម​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ ទី៤ ដល់ ទី៨ ខែ​តុលា ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ ២០០០ នាក់។ បាតុកម្ម​នឹង​ប្រមូល​ផ្តុំ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ ហើយ​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្រ្តី ស្ថានទូត​បារាំង អង្គការ​សហ​ប្រជាជាតិ ដើម្បី​ទាម​ទារ​ឲ្យ​កោះ​ហៅ​ប្រមុខ​ការទូត​កម្ពុជា​ឆ្លើយ​បំភ្លឺ​ក្នុង​រដ្ឋសភា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តាច់​ចំណង​ការ​ទូត​ជាមួយ វៀតណាម ជា​បណ្តោះ​អាសន្ន និង​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ឈប់​ប្រើ​ប្រាស់​ផលិត​ផល​វៀតណាម​រហូត​ដល់​មាន​ការ​សុំទោស​ជា​សាធារណៈ៕

អត្ថបទគួរចាប់អារម្មណ៍