The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​មួយ​បណ្តុះ​បណ្តាល​មេ​ដឹក​នាំ​ទៅ​ថ្ងៃ​មុខ

សាលា​មួយ​បណ្តុះ​បណ្តាល​មេ​ដឹក​នាំ​ទៅ​ថ្ងៃ​មុខ

សាលា​មួយ​បណ្តុះ​បណ្តាល​មេ​ដឹក​នាំ​ទៅ​ថ្ងៃ​មុខ

131209_8
គ្រូកំពុងពន្យល់សិស្សក្នុងថ្នាក់រៀន អំពីមនុស្សយន្តកាលពីថ្ងៃចន្ទសប្តាហ៍មុន

ភ្នំពេញៈ ​នៅ​កន្លែង​មួយ​ដែល​មាន​ដើម​ឈើ​បៃ​តង​​ចម្ងាយ​ ១២ គីឡូម៉ែត្រ​ ប៉ែក​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ​ កុមារ​ដែល​នឹង​ដឹក​នាំ​កម្ពុ​ជា​ នៅ​ថ្ងៃ​មួយ​​នោះ កំពុង​តែ​បំប៉ន ឬ​​យ៉ាង​ហោច​ណាស់ គឺ​ជា​អ្វី​ដែល​មូល​និធិ​​មនុស្ស​ធម៌​មួយ​សង្ឃឹម ដោយ​អង្គ​ការ​នោះ​ បាន​​វិនិយោគ​ប្រាក់​រាប់​លាន​ដុល្លារ​ ​លើ​គម្រោង​ពិសេស​រយៈ​ពេល​វែង​។ ​

ក្មេង​ស្រី ម៉ាយ៉ា ​អាយុ ១២ ឆ្នាំ ដែល​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម ២០ នាក់​នៅ​មជ្ឈមណ្ឌល​សិក្សា Liger ​នៅ​ភ្នំពេញ​ជា​សាលា​ខុស​ពី​សាលា​ដទៃ​ទៀត​នៅ​កម្ពុ​ជា បាន​ថ្លែង​ថា​​៖«​ពេល​ខ្ញុំ​នៅ​សា​លា​​រដ្ឋ ខ្ញុំ​រៀន​តែ​គណិត​​វិទ្យា និង​វិទ្យា​សាស្រ្ត។ ប៉ុន្តែ​នៅ​ទីនេះ ខ្ញុំ​រៀន​អំពី​​អាជីវកម្ម​សង្គម និង​ថាម​ពល​ក​កើត​ថ្មី»។ ​សិស្ស​ជំនាន់​ទី១ ដែល​បាន​មក​ដល់​​​ខែ​សីហា​ កាល​ពី​ឆ្នាំ​មុន ហើយ​បច្ចុប្បន្ន​ កំពុង​សិក្សា​ក្នុង​ឆ្នាំ​ទី ២ ​​ត្រូវ​បាន​ជ្រើស​រើស​ពី​ទូទាំង​ប្រទេស​បន្ទាប់​ពីឆ្លង​កាត់​ដំណើរ​ការ ​ជ្រើស​រើស​យ៉ាង​តឹង​រ៉ឹង​។ ពួកគេ​នឹង​ទទួល​​បាន​ការ​អប់​រំ​​ពិសេសដែល​​​មាន​គោល​ដៅបង្កើត​​​សហ​គ្រិន​ កម្ពុ​ជា​និង​អ្នក​ដោះ​ស្រាយ​បញ្ហា​​ជំនាន់​ក្រោយ។ ​ក្រៅ​ពី​កម្ម​វិធី​សិក្សា​ដែល​ផ្អែក​លើ​ការ​អនុវត្ត ​ដែល​សង្កត់​ធ្ងន់​​លើ​​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត បច្ចេក​វិទ្យា ​វិស្វកម្ម និង​​គណិ​ត​វិទ្យា​ ព្រម​ទាំង​ភាសា​អង់​គ្លេស និង​ខ្មែរ ​​សា​លា​​បាន​ផ្តល់​អាទិភា​ព​លើ​ការ​សិក្សា​​ពី​បទ​ពិសោធផ្ទាល់ ​និង​​​ធ្វើ​ឲ្យ​​សិស្ស​​​​ប្រឈម​នឹង​បញ្ហាដែល​​អ្នក​បង្កើតគោល​​នយោ​បាយ​ កម្ពុជានិង​អាជីវ​ករ​នឹង​ត្រូវ​ដោះ​ស្រា​យ​ក្នុង​រយៈ​ពេល​ច្រើន​ទសវត្សរ៍​ទៀត។

សិស្ស​មាន​អាយុ​ពី​ ៩ ដល់ ១២ ឆ្នាំ។ ក្នុង​​​វគ្គ​នេះ ​ពួកគេ​​​​បោះ​ជំរំ​នៅ​តំបន់​សីមា ខេត្ត​មណ្ឌល​គិរី ដោយ​សិក្សា​អំពី​​ប្រព័ន្ធ​ធម្ម​ជាតិ ​​​ផលិត​​ឯក​សារ​ ស្តីពី​​ផ្លូវ​ទឹក​​អង្គរ​ហើយ​ធ្វើ​ការ​លើ​គម្រោង​ឡ​ដុត​ជីវ​ឧស្ម័ន​ ​ជាមួយ​នឹង​សហគមន៍​កសិ​ករ នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។ នៅ​ថ្ងៃ​មួយ ដែល​ភ្នំពេញ ប៉ុស្តិ៍ ចុះ​ទៅ​ទី​នោះ ​ថ្នាក់​រៀន​មួយ​សិ​ក្សា​​អំពី​​មនុស្ស​យន្តនិង​ថ្នាក់​មួយ​ទៀ​ត​សិក្សា​ អំពី​​មីក្រូ​ហិរញ្ញវត្ថុ ចំណែក​ឯ​ក្មេង​មួយ​ក្រុម​ទៀត​ សិក្សា​អំពី​ស្ថាបត្យ​កម្ម។ ​នៅ​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ថ្មី​នេះ​ម្តង​ក្នុង​មួយ​សប្តាហ៍ កុមារ​ត្រូវ​បាន​ទុក​ឲ្យ​នៅ​ក្នុង​បន្ទប់​មួយ ដែល​មាន​ឧប​ករណ៍ និង​​របស់​សាង​សង់​ហើយ​ជា​មូ​ល​​ដ្ឋាន គឺ​គេ​ទុក​កុមារ ជាមួយ​នឹង​ឧប​ករណ៍​​ផ្ទាល់​របស់​ពួកគេដើ​ម្បី​ច្នៃ​ប្រឌិត និង​សាងសង់។ ​

លោក Dominic Sharpe នាយក​ប្រចាំ​ប្រទេស​ ជន​ជាតិ​អូស្រ្តា​លី ដែល​មាន​សក់​វែង ​នៅ​មូល​និធិ​​មនុស្ស​ធម៌ Liger ​​ដែល​បាន​បង្កើត​សាលានេះ ​ថ្លែង​ថា៖ «​នៅ​ថ្ងៃ​ផ្សេង​ទៀត ​ពួកគេ​បាន​សាង​សង់​ទីលាន​វាយ​កូន​ហ្គោល​តូច​មួយ​»។ ​ប៉ុន្តែ បើ​ទោះ​បី​បាន​លើក​ឡើង​នូវ​ពាក្យ «លើក​ទឹក​ចិត្ត» និង​ «​ការ​រុក​រក​» ដើម្បី​រៀប​រាប់​កម្ម​វិធី​របស់​ពួកគេ​ក៏​ដោយ ប៉ុន្តែ​បុគ្គលិក​សាលា​បាន​ថ្លែង​ថា ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ។ ​លោកបន្ត​ថា៖ «​វា​មិន​មែនជា​សាលា​លេង​ៗ​ទេ។ គេ​នឹង​ត្រូវ​ប្រឡង​វិញ្ញាសា​ទាំង​អស់​ដូច​កុមារ​កម្ពុជា​ដទៃ​ទៀត​ដែរ។

លោក Jeffrey Holte​ អ្នក​សម្រប​សម្រួល​ការ​សិក្សា​របស់ Linger ​បាន​ថ្លែង​ថា កម្មវិធី​សិក្សា​ដែល​ផ្លាស់​ប្តូរ​ជាប់​ មិន​​បាត់​បង់​នូវ​គោល​ដៅ​ចម្បង​ឡើយ បើ​ទោះ​បី​ជា​សកម្មភាព​និង​ថ្នាក់​រៀន​ជា​ច្រើន​សិស្ស​បាន​ចូល​រួមមាន​ លក្ខណៈ​ចម្រុះ​ដែល​សកម្ម​ភាពទាំង​អស់​ហាក់​បី​ដូច​ជា​ត្រូវ​បាន​ជ្រើស ​រើស​ដោយ​គ្មាន​ព្រាង​ទុក​ក៏ដោយ​។ ​ខណៈ​ដែល​លោក​ដើរ​ក្នុង​ទីធ្លា​សាលា​ទំហំ ១,២ ហិកតា នៅ​ខណ្ឌ​មាន​ជ័យ​ ដែល​មាន​ដើម​ស្វាយ ​​ចេក និង​ខ្នុរ​ លោក​បាន​បន្ត​ថា៖ «​យើង​មាន​គោលដៅ​ជាក់​លាក់​អំពី​កន្លែង​ដែល​យើង​ចង់​ឲ្យ​កុមារ​យើង ទៅ... ហើយ​យើង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ថា​ តើ​យើង​ទៅ​ដល់​ទី​នោះ​ដោយ​របៀប​ណា?»។ «​យើង​ចង់​ឲ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​វិនិយោគ និង​អ្នក​ដឹក​នាំ​ប្រទេស​នៅ​ថ្ងៃ​អនាគត។ គ្រប់​យ៉ាង​គឺ​ត្រៀម​ឆ្ពោះ​ទៅ​គោលដៅ​នោះ ដោយ​ផ្លាស់​ប្តូរ​ជីវិត​​មនុស្ស​នៅ​ទី​នេះ ធានា​ថា ពួក​គេ​ផ្សារ​ភ្ជាប់​នឹង​ប្រទេស​របស់​ខ្លួន ហើយ​ធ្វើ​ការ​កែប្រែ»។

គន្លឹះ​សំខាន់​នៃ​ការ​កែ​ប្រែ​ដែល​កុមារ​ទាំង​នេះ​អាច​ធ្វើ​ ហាក់​ដូច​ជា​ ឆ្ពោះ​ទៅ​សហ​គ្រិនភាព និង​អាជីវកម្ម​។ ​ដោយ​ពន្យល់​អំពី​មូលហេតុ​បង្កើត​សាលា​ គេហទំព័រ​របស់​មូលនិធិ​នេះ បាន​អះអាង​ថា ប្រសិន​បើ​ក្មេង​រាប់​សិប​នាក់​នៃ​ក្មេង ១០០ នាក់ បាន​ឆ្លង​កាត់​ Liger ​ដោយ​ទទួល​ជោគ​ជ័យ​ខាង​អាជីព ក្រុម​ក្មេង ៥០ នាក់​បន្ទាប់​ នឹង​មក​ដល់​នៅ​ឆ្នាំ ២០១៥ ​គឺជា​ការ​ចូល​រួម​​របស់​ក្មេង​ពេញ​វ័យ​ដែល នឹង​ជួយ​មនុស្ស​រាប់​ពាន់​នាក់​។ ​គេហ​ទំព័រ​បាន​បន្ត​ថា៖«​ប្រសិន​បើ​គ្រាន់​តែ​ក្មេង​ម្នាក់​បង្កើត​ក្រុម​ ហ៊ុន​បាន​ជោគ​ជ័យ គាត់​អាច​ផ្លាស់​ប្តូរ​ជីវិត និង​លើក​កម្ពស់​ជីវភាព មនុស្ស​រាប់​ម៉ឺន​នាក់​»។

លោក Trevor Gile​ ជន​ជាតិ​អាមេរិក ​ដែល​បាន​បង្កើត​មូលនិធិ​មនុស្ស​ធម៌ Liger ​ជាមួយ​នឹង​ភរិយា AgnieszkaTynkiewicz-Gile បាន​ដំណើរ​ការ​ក្រុមហ៊ុន​វិនិយោគ​មួយ និង​ផ្តល់​ប្រាក់​ចំណេញ ៣០ ភាគ​រយ​​​ដល់​មូល​និធិ​។ ​ដូច្នេះ ការ​កសាង​អាជីវកម្ម​ ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម គឺជា​អាទិភាព​សំខាន់​នៃ​សាលា​សម្រាប់​សិស្ស។

នៅ​ដើម​ឆ្នាំ​នេះ ថ្នាក់​​​មួយ​​បាន​បង្កើត​​អាជីវកម្ម​លក់​ថង់ហៅ​ថា «Carry It!» ជាផ្នែក​​នៃ​​ការ​រុក​រក​សហ​គ្រិន​ភាព​។ ​​ជា​ផ្នែក​នៃ​អាជីវកម្ម ពួកគេ​បាន​បង្កើត​​ផែន​ការ​ពាណិជ្ជកម្ម ​ខ្ចី​កម្ចី​ ២៧០ ដុល្លារ​ពី Liger រចនា​ថង់ ​ហើយ​​ផលិត​ថង់​នៅ​សហករណ៍​សិប្បកម្ម​ជន​ពិការ​មួយ ហើយ​អាច​បញ្ចុះ​បញ្ចូល​សណ្ឋាគារ​ជា​ច្រើន​ឲ្យ​លក់​ថង់​។

ក្មេង ប្រុស​ឈ្មោះ​សីហា អាយុ ១០ ឆ្នាំ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ម្នាក់ បាន​ថ្លែង​ថា៖ «យើង​រៀន​សូត្រ​អំពី​ការ​ធ្វើ​អាជីវកម្ម និង​ដំណើរ​ការ​ចាប់​ផ្តើម និង​បញ្ចប់​អាជីវកម្ម​ផ្សេងៗ​។ យើង​យល់​ដឹង​ច្រើន​អំពី​ការ​ចាប់​ផ្តើម​ពាណិជ្ជកម្ម និង​ការ​បរាជ័យ​»។ ​ក្មេង​ប្រុស​រូប​នេះ​បាន​បន្ថែមថា Carry It! រក​បាន​ប្រាក់​ចំណេញ ​ដែល​ប្រាក់​មួយ​ចំនួន​នឹង​រក្សា​ទុក​ដោយ​សិស្ស និង​មួយ​ចំនួន​យក​ទៅ​ទិញ​សៀវ​ភៅ និង​សម្ភារ​សិក្សា​សម្រាប់​កុមារ​ នៅ​កន្លែង​ក្មេង​កំព្រា និង​ប្រាក់​នៅ​សល់​ត្រូវ​យក​មក​វិនិយោគ​ក្នុង​ក្រុម​ហ៊ុន​ឡើង​វិញ។ ​កម្ម​វិធី​នៅ​សាលារៀន​ដែល​មាន​មហិច្ឆតា​នេះ​ហាក់​ដូច​ជា​​ច្រើន​បន្តិច​ សម្រាប់​ក្មេង ពេល​ពួកគេ​មិន​ចុះ​​ទៅ​មូល​ដ្ឋាន ថ្នាក់​រៀន​​ចាប់​ផ្តើម​ពី​ម៉ោង ៨ ព្រឹកដល់​ម៉ោង៤ រសៀល​។

ក្មេង​ ស្រី ដាលីន ​អាយុ ១០ ឆ្នាំ ​មក​ពី​ខេត្ត​ស្វាយ​រៀង បាន​ថ្លែង​ថា៖«ខ្ញុំ​មិន​នឿយ​ហត់​ទេ​។ ខ្ញុំ​ចង់​ធ្វើ​សកម្ម​ភាព​ថែម​ទៀត​»​។

មូលនិធិ​បាន​សន្យា​ឧបត្ថម្ភ​កុមារ​១០០ នាក់​រហូត​ដល់​ទទួ​ល​បាន​ការ​អប់​រំ​នៅ​សាកល​វិទ្យា​ល័យ​ក្រៅប្រទេស។

លោក Sharpe ​បាន​ថ្លែង​ថា ជាមួយ​នឹង​ប្រាក់​ជួយ​ពួកគេ​នេះ ​ព្រម​ទាំង​ឱកាស​​រស់​នៅ​ និង​សិក្សា​នៅ​សាលា ​​ក្រោម​ការ​ណែនាំ​របស់​គ្រូ​បរ​ទេស មាន​កុំ​ព្យូទ័រ​យួរ​ដៃ​​គ្រប់​សិស្សទាំង​អស់ អាង​ហែ​ល​ទឹក និង​​កន្លែង​ផ្សេងៗ​ទៀ​ត គឺ​ជា​អ្វី​ដែល​កុមា​រ​កម្ពុជា​ធម្មតា​អាច​នឹក​ស្រមៃ​។

បើ​ទោះ​បី​ជា​​សា​លា​នេះ ​មាន​លក្ខណៈ​ប្រណីត បើ​ធៀប​នឹង​សាលា​ភាគ​ច្រើន​ក៏​ដោយ​ក៏​កន្លែង​ស្នាក់​នៅ​របស់​សិស្ស​បាន​យក​គំរូតាម​បែប​ប្រពៃណី​ កម្ពុជា។ ​គេ​មាន​​​មេ​ផ្ទះ​កម្ពុជាប្រើ​បង្គន់​អង្គុយ ​និង​ផ្តិល​ងូត​ទឹក​ ហើយ​និយាយ​ភាសា​ខ្មែរ។

លោក Sharpe ​បាន​ថ្លែង​បន្ត​ថា ​ក្មេង​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ពេល​វិស្សមកាល ហើយ​អាច​ទូរស័ព្ទ​ទៅ​ផ្ទះ​បាន​រៀង​រាល់​ថ្ងៃ​។

លោក​បន្ត​ថា៖ «​យើង​ត្រូវ​រក​គ្រួសារ​​ដែល​ដឹង​អំពី​អំណោយ​នៃ​ការ​អប់​រំ​ដែល​យើង​កំពុង​ចែក​រំលែក​»។

គេហ​ទំព័រ​មូលនិធិ​បាន​សរសេរ​ថា បើ​ទោះ​បី​ជា​មហិច្ឆតា​ធំ​របស់​ខ្លួន ​មិន​បាន​បំពេញ ហើយ​គ្មាន​ក្មេង​ណា​ម្នាក់​ ក្លាយ​ជា​មេ​ដឹក​នាំ ឬ​សហគ្រិន​ជោគជ័យ​ការ​វិនិយោគ​របស់​មូលនិធិ​នឹង​​ផ្តល់​ការ​ជំរុញ​ដល់​ កុមារ​រាប់​រយ​នាក់​ក្នុង​ជីវិត​ផង​ដែរ។ ​ប៉ុន្តែ​​ យោង​តាម​ក្រុម Liger បន្ទាប់​ពី​រៀន​នៅ​សាលា​រយៈ​ពេល ១ ឆ្នាំ ​សារ​នោះ​គឺ​ហួស​សម័យ​ហើយ។​

លោក​ Sharpe ​បានថ្លែង​ថា៖ «​អ្នក​មិន​ទាន់​ច្បាស់​ទេ។ ច្បាស់​ណាស់​នេះ​អាច​មាន​លទ្ធភាព​កែប្រែ​កម្ពុជា​បាន​»៕ TK

អត្ថបទគួរចាប់អារម្មណ៍