
ភ្នំពេញៈ សាលារាជធានីបានប្រគល់រូបសំណាកព្រះបដិមាធ្វើពីលង្ហិនដែលមាន កម្ពស់០,៧ម៉ែត្រ និងទំហំ០,៤៩ម៉ែត្រ x ០,៣៧ម៉ែត្រមានទម្ងន់៦៦គីឡូក្រាម ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រាប់ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិ ។
លោកស្រី ទូច សារ៉ុម អភិបាលរងសាលារាជធានីមានប្រសាសន៍នៅឯពិធីប្រគល់រូបសំណាក ក្នុងសារមន្ទីរជាតិ ក្បែរព្រះបរមរាជវាំងថា រូបព្រះពុទ្ធប្បដិមា ដែលមានអាយុប្រមាណ២០០ឆ្នាំនេះ ជាការប្រទានពីព្រះចៅអធិការវត្តសំបួរមាស ដើម្បីយកមករក្សាទុកក្នុងសារមន្ទីរជាតិ បន្ទាប់ពីរូបព្រះពុទ្ធមួយអង្គនេះ ត្រូវចោរលួចយកចេញពីវត្តជាច្រើនលើក។ អ្នកស្រីបន្តថា៖«យើងរំពឹងថារូបសំណាកនេះ នឹងរក្សាទុកបានគង់វង្សនៅក្នុងសារមន្ទីរជាតិ សម្រាប់ទុកឲ្យអ្នកទេសចរទស្សនា»។
ព្រះតេជគុណ កុង ពិសី ព្រះចៅអធិការវត្តសំបួរមាស ដែលស្ថិតនៅខណ្ឌដង្កោ មានថេរដីកាថា កាលសម្រេចប្រគល់រូបសំណាកព្រះពុទ្ធប្បដិមាមកសាលារាជធានី ក៏ព្រោះតែបារម្ភខ្លាច ចោរចិត្តមារ លួចពីវត្តម្ដងទៀត។
ព្រះ អង្គរំឭកថា ព្រះពុទ្ធប្បដិមានេះត្រូវចោរលួចបីបួនដង ប៉ុន្តែត្រូវអ្នកភូមិរកឃើញវិញ នៅតាមវាលស្រែ ក្បែរព្រៃដំបូក។ ក្រោយមក ព្រះអង្គបានឲ្យគេលាបថ្នាំពណ៌ស្លាទុំពីលើ ដើម្បីការពារការលួច តែនៅតែត្រូវគេលួច តែសំណាងបានអ្នកភូមិរកឃើញទៀត។
ព្រះអង្គបន្តថា៖«ពីមុន ម្រាមមេដៃបដិមានេះ ស្រោបមាសនិងដាំត្បូង ប៉ុន្តែ ក្រោយពីត្រូវចោរលួច មាសនិងត្បូងនោះក៏ត្រូវបានគេចៀរយកបាត់អស់ដែរ» ។
លោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរជាតិកម្ពុជាប្រមាណថា រូបសំណាកនេះទំនងត្រូវបានកសាងក្នុងចន្លោះសតវត្សរ៍ទី១៨និងទី ២០។ លោកថ្លែងថា៖«យើងបានចុះបញ្ជីការ ព្រះពុទ្ធប្បដិមានេះ នៅក្នុងបញ្ជីដើម្បីធានាការបាត់បង់នឹងដាក់តាំងនៅក្នុងសារ មន្ទីរឲ្យភ្ញៀវទស្សនា និងសិក្សា»៕