The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​រាជធានី​ភ្នំពេញ​ដាក់​ឲ្យ​ដំណើរការ​រថយន្ត​ក្រុង​ខ្សែ ទី២

សាលា​រាជធានី​ភ្នំពេញ​ដាក់​ឲ្យ​ដំណើរការ​រថយន្ត​ក្រុង​ខ្សែ ទី២

សេវា​រថយន្ត​ក្រុង​សាធារណៈ​ខ្សែ ទី២ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​កាល​ពី​​ម្សិលមិញ។ រូបថត ហុង មិនា​
សេវា​រថយន្ត​ក្រុង​សាធារណៈ​ខ្សែ ទី២ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​កាល​ពី​​ម្សិលមិញ។ ហុង មិនា

សាលា​រាជធានី​ភ្នំពេញ​ដាក់​ឲ្យ​ដំណើរការ​រថយន្ត​ក្រុង​ខ្សែ ទី២

ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ បាន​ដាក់​ឲ្យ​ដំណើរ​ការ​សេវា​រថយន្ត​ក្រុង​សាធារណៈ​ខ្សែ ទី២ ដែល​មាន​រថយន្ត ៩ គ្រឿង ជា​ប្រភេទ​រថយន្ត​ក្រុង​ទ្វារ ២ ប្រើ​ដោយ​ហ្គាស ដែល​មាន ៦៨ ចំណត​ដោយ​ចេញ​ដំណើរ​ពី​ផ្សារ​រាត្រី រហូត​ដល់​រង្វង់​មូល តា​ខ្មៅ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ឲ្យ​ដឹង​ថា ខ្សែ ទី២ នេះ នឹង​ដំណើរ​ការ​ដោយ​រថយន្ត​ចំនួន ១៨ គ្រឿង​សម្រាប់​ថ្ងៃ​ធម្មតា ប៉ុន្តែ​សម្រាប់​ថ្ងៃ​អាទិត្យ​ដាក់​ឲ្យ​ដំណើរ​ការ​ចំនួន ៩ គ្រឿង​ប៉ុណ្ណោះ។

មុន​ពីរ​ថ្ងៃ​នៃ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៃ​ខ្សែ ទី២ នេះ គឺ​នៅ​ថ្ងៃ ទី៥ និង ទី៦ ខែ​កញ្ញា មន្ទីរ និង​រដ្ឋាករ​ដឹក​ជញ្ជូន​រថយន្ត​ក្រុង បាន​សហការ​គ្នា បើក​ការ​បណ្តុះ​បណ្តាល​សាក​ល្បង​ចំនួន ២ លើក​ដល់​ភ្នាក់ងារ​លក់​សំបុត្រ​ចំនួន ៣២ នាក់ ដោយ​បរ​រថយន្ត​ក្រុង​តាម​តម្រាយ​ខ្សែ ទី២ និង​ឈប់​តាម​ចំណត​នីមួយៗ ដោយ​បើកបរ​ឆ្លាស់​គ្នា និង​ប្រើ​រថយន្ត​ក្រុង​ចំនួន ៤ គ្រឿង។

លោក​បន្ថែម​ថា៖ «ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​ចូល​រួម​ប្រើ​ប្រាស់​សេវា​រថយន្ត​ក្រុង​សាធារណៈ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះ​ថា្នក់​ចរាចរណ៍​នានា»។

ចំណែក​ឯ​ដំណើរ​ការ​រថយន្ត​ក្រុង​ខ្សែ ទី៣ គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ ទី១៥ ខែ​កញ្ញា នោះ នឹង​ចេញ​ពី​ចំណត​ផ្សារ​រាត្រី រង្វង់​មូល ចោមចៅ និង​ត្រលប់​វិញ។ ខ្សែ​នេះ​មាន ៤៩ ចំណត។

ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ កាល​ពី ខែ​កក្កដា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា រាជ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បង្កើត​រដ្ឋាករ​ដឹក​ជញ្ជូន​សាធារណៈ​របស់​ក្រុង ដោយ​នឹង​ជួយ​ទំនុក​បម្រុង​ឧបត្ថម្ភ​តាម​រយៈ​ការ​មិន​យក​ពន្ធ​លើ​ការ​នាំ​ចូល រថយន្ត​ក្រុង​ដឹក​ជញ្ជូន​ទាំង​នេះ។

លោក​ក៏​បាន​បញ្ជា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ត្រៀម​ទុន​បម្រុង​ទុក​សម្រាប់​ថ្លៃ​ខាត​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​រថយន្ត​ក្រុង ដើម្បី​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​នេះ​ទទួល​បាន​ជោគ​ជ័យ កុំ​ឲ្យ​បាត់បង់​ទៅ​វិញ។

តម្លៃ​ក្នុង​ការ​ចំណាយ​សម្រាប់​ជិះ​រថយន្ត​ក្រុង គឺ ១៥០០ រៀល​ក្នុង​ម្នាក់​ប៉ុន្តែ ព្រះ​សង្ឃ ជន​ពិការ មនុស្ស​ចាស់ និង​សិស្ស​សាលា នឹង​មិន​ត្រូវ​យក​ថ្លៃ​សម្រាប់​ការ​ប្រើ​ប្រាស់​សេវា​ដឹក​ជញ្ជូន​នេះ​ឡើយ។

កាល​ពី ឆ្នាំ​២០០១ កម្ពុជា​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​សេវា​នេះ​ម្តង​រួច​មក​ហើយ តែ​បរាជ័យ​ទៅ​វិញ ដោយ​សារ​ការ​មិន​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ធ្វើ​ដំណើរ​និង​ខ្វះ​ខាត​បចេ្ចកទេស៕

អត្ថបទគួរចាប់អារម្មណ៍