ភ្នំពេញៈ បើទោះបីជាសាលារាជធានីភ្នំពេញបានធ្វើការបដិសេធក្នុងការជួបជុំដង្ហែក្បួនដាក់ញត្តិ ទៅកាន់ក្រសួងពីរក្នុងទិវាបរិស្ថានពិភពលោកក៏ដោយ ក៏ក្រុមបណ្តាញយុវជនកម្ពុជាដែលនៅតែអះអាងថា ពួកគេនៅធ្វើតាមការគ្រោងទុកដោយមានអ្នកចូលរួមប្រមាណជា ៥០០ នាក់។
លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជាឲ្យដឹងថាលោកបានជួបប្រជុំជាមួយនឹងលោក អភិបាលរងសាលារាជធានីភ្នំពេញ ដើម្បីបញ្ជាក់ពីគោលបំណងរបស់បណ្តាញ យុវជនកម្ពុជាក្នុងការប្រារព្ធទិវាបរិស្ថានពិភពលោក និងពីការជួបជុំហែក្បួនដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ប៉ុន្តែត្រូវបានសាលារាជធានីភ្នំពេញធ្វើការបដិសេធពីសំណើរបស់លោក។
លោកថ្លែងថា៖ «សាលារាជធានីភ្នំពេញបានស្នើឲ្យពួកយើងរង់ចាំប្រារព្ធទិវានេះរួមគ្នាតែម្តងនៅថ្ងៃទី១១ ប៉ុន្តែពួកខ្ញុំមិនអាចរង់ចាំធ្វើរហូតដល់ពេលនោះបានទេ។ ពួកយើងនៅតែធ្វើការជួបជុំគ្នានៅថ្ងៃស្អែកនេះដដែល បើទោះបីជាសាលារាជធានីភ្នំពេញមិនអនុញ្ញាតក៏ដោយ»។
លោកបន្តថា សាលារាជធានីភ្នំពេញយកលេសថា ការជួបជុំ និងការហែក្បួននៅទីសាធារណៈនេះបណ្តាលឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនិងស្ទះចរាចរណ៍។
លោកថា៖«តាមទម្លាប់សាលារាជធានីភ្នំពេញតែងតែរឹតបន្តឹងមិនដែលអនុញ្ញាតឲ្យយើង ធ្វើការជួបជុំ ឬហែក្បួនទេ ប៉ុន្តែយើងគិតថា នៅឆ្នាំនេះ ទោះបីជាសាលារាជធានីភ្នំពេញ ឬក៏រាជរដ្ឋាភិបាលមិនឲ្យក្រុមយុវជនជាច្រើនទៀតក៏យើងនៅតែធ្វើ ដោយសារយើងចង់ផ្សព្វផ្សាយឲ្យមានការថែរក្សាបរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិ»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបាននិយាយថា ក្រុមបណ្តាញយុវជនកម្ពុជាអាចធ្វើការជួបជុំគ្នានៅតាមទីស្នាក់ការឬជួលទីតាំងឯកជនដើម្បីប្រារព្ធទិវានេះ។
លោកថ្លែងថា៖ «ការជួបជុំ ការហែក្បួននៅតាមទីសាធារណៈបង្កឲ្យមានការប៉ះពាល់ដល់ចរាចរណ៍ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងជួនកាលពេលខ្លះទៀតអាចប្រឈមមុខថ្នាំងថ្នាក់ជាមួយនឹងអាជ្ញាធរ»។
លោកបានបន្តទៀតថា ប្រសិនបើសាលារាជធានីភ្នំពេញអនុញ្ញាតឲ្យមានការហែក្បួន នោះអង្គការឬសមាគមផ្សេងៗទៀតដែលស្រឡាញ់បរិស្ថាននឹងនាំគ្នាធ្វើដែរ។ ដូចនេះទិវាបរិស្ថានពិភពលោកនឹងក្លាយទៅជាទិវានៃការស្ទះចរាចរណ៍ ដែលនេះគឺជាបញ្ហា។
លោកថា៖ «ខ្ញុំមិនទាន់ អាចនិយាយបានយ៉ាងម៉េចទេ ដោយសារតែយើងមិនទាន់ឃើញពីសកម្មភាពជាក់ស្តែងរបស់គាត់ ប៉ុន្តែអាជ្ញាធរនឹងមានសមត្ថកិច្ចក្នុងការទប់ស្កាត់បើសិនជាពួកគេ មិនព្រមគោរពតាមការបញ្ជាក់របស់សាលារាជធានីភ្នំពេញ»៕